អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទិវា​ឯករាជ្យជាតិ​​​​ទី​៧៥​ លោកម៉ូឌី ប្រកាស​ពី​មហិច្ឆតា ​ចង់ឲ្យ​​ឥណ្ឌា​ក្លាយ​ជា​​មហាអំណាច​​ទី៣​​​នៃ​​​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​១៥សីហា​ គឺជាទិវាឯករាជ្យជាតិឥណ្ឌា។ អស់រយៈពេល​៧៥ឆ្នាំកន្លងមកនេះ ឥណ្ឌាបាន​ងើបចេញពី​របបទាសភាព នៃអាណានិគមរបស់អង់គ្លេស ហើយ​បាន​កសាងខ្លួន​បន្តិចម្តងៗ ក្លាយជាមហាអំណាច​អាស៊ីមួយ​ដ៏សំខាន់។ ជាមួយនឹងចំនួនប្រជាជន ដែលនឹងឡើងលើសចិន ពោលគឺប្រមាណ​​១៤០០លាននាក់ នៅរវាងប៉ុន្មានឆ្នាំខាង​មុខនេះ​ ឥណ្ឌាគឺជាទីផ្សារសេដ្ឋកិច្ច​មួយដ៏ធំ នៃពិភពលោក​។  តែទន្ទឹមគ្នានេះ ទំនោរនយោបាយ​ផ្ទៃក្នុង បែបជាតិ​និយម​ជ្រុល ដែល​ដឹកនាំ​​ដោយ​លោក​នាយករដ្ឋមន្ត្រី​ណារិន្ទ្រ ម៉ូឌី កំពុងតែធ្វើ​ឲ្យ​គេព្រួយបារម្ភជាខ្លាំងផងដែរ។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី ក្នុងឱកាសប្រារព្ធទិវា​ខួបឯករាជ្យជាតិលើកទី​៧៥ របស់ឥណ្ឌា ។ វិមានប្រហម ក្រុងញូដេលី ថ្ងៃទី ១៥ សីហា ២០២២
លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី ក្នុងឱកាសប្រារព្ធទិវា​ខួបឯករាជ្យជាតិលើកទី​៧៥ របស់ឥណ្ឌា ។ វិមានប្រហម ក្រុងញូដេលី ថ្ងៃទី ១៥ សីហា ២០២២ AP - Pankaj Nangia
ផ្សាយពាណិជ្ជកម្ម

អង់គ្លេសបានចាប់ផ្តើម​មានវត្តមាននៅឥណ្ឌា តាំងតែពីដើមសតវត្សទី​១៧ម្លេះ តាមរយៈវត្តមាន​របស់​ក្រុម​ហ៊ុន East India Company (La compagnie des Indes orientales) ដែលធ្វើជំនួញ​​​​នាំចេញគ្រឿងទេសរបស់ឥណ្ឌា នាំយកមកលក់នៅអឺរ៉ុប។ បន្តិចម្តងៗ ក្រុមហ៊ុននេះ​បានក្លាយ​​ជាអាណចក្រក្រុមហ៊ុនដ៏ធំ និងមានឥទ្ធិពលបំផុត​នៅឥណ្ឌា។ ជាផ្លូវការ​ អ្នកប្រវត្តិសាស្ត្របាន​ចាត់ទុក​ព្រឹត្តិការណ៍​ប្រយុទ្ធគ្នា រវាង​កងកម្លាំងរបស់ក្រុមហ៊ុន​ East India Company ជាមួយនឹងកងទាហានរបស់​​ស្តេច​តំបន់បង់ហ្កាល់ នៅឆ្នាំ១៧៥៧ ថា​ជាពេលដែល​អង់គ្លេស បាន​ចាប់ផ្តើម​ដាក់អាណានិគម​លើ​ឥណ្ឌា។​ បន្តបន្ទាប់មកទៀត កងទ័ពចក្រភពអង់គ្លេស បាន​វាយ​ដណ្តើម​គ្រប់គ្រងឧបទ្វីបឥណ្ឌាទាំងស្រុង។​

ដូចយើងដឹងហើយ ឥណ្ឌាធំណាស់ ហើយ​មានប្រជាជន​ច្រើនក្រុម ដែលកាន់សាសនាផ្សេងៗគ្នា ភាគច្រើនគឺសាសនា​ហិណ្ឌូ សាសនាអ៊ីស្លាម សាសនាស៊ីក្ខ  និង​ពុទ្ធសាសនាជាដើម។ ព្រឹត្តិការណ៍បះបោរ​ នៅ​ឆ្នាំ​១៨៥៧ អាចចាត់ទុកបាន ថាជា​ការរើបម្រះ​លើកដំបូងបង្អស់របស់​ប្រជាជនឥណ្ឌា ប្រឆាំង​នឹងការជិះជាន់​នៃ​របបអាណានិគម​អង់គ្លេស។​ ទាហាន​អង់គ្លេសបានកាប់សម្លាប់​ប្រជាជនឥណ្ឌា អ្នកតស៊ូរើបំរះ​ជាច្រើនម៉ឺននាក់ កាលជំនាន់នោះ។ សោកនាដកម្មនេះ ហាក់បានធ្វើ​ឲ្យ​ប្រជាជនឥណ្ឌាបាក់ស្បាត មួយរយៈធំ ហើយត្រូវទ្រាំរស់ក្រោមនឹម​អាណានិគម​តទៅទៀត។

ទាមទារឯករាជ្យ​​ដោយ​​អហិង្សា

ផ្នត់គំនិត​ស្នេហាជាតិ ជាតិនិយមឥណ្ឌា បានរីកដុះដាលបន្តិចម្តងៗ នៅរវាងឆ្នាំ​ចុង​សតវត្សទី​១៩ ជាមួយ​​នឹង​​ការបង្កើត​​ចលនា​​នយោបាយ​​មួយ ឈ្មោះ​ថា “គណបក្ស​ខុនហ្ក្រេសឥណ្ឌា” នៅឆ្នាំ១៨៨៥។ ចលនានយោបាយ​ជាតិនិយមនេះ​ រួមគ្នាដោយ​ក្រុម​អ្នកចេះដឹង ​ទាំងខាងអ្នកកាន់សាសនាអ៊ីស្លាម និង​អ្នកកាន់សាសនាហិណ្ឌូ ហើយដែលក្នុងនោះ មានលោកណេរូ និង​លោក​ម៉ាហាត្មៈ ហ្កាន់ធី ជាសមាជិកដ៏សំខាន់។

គឺលោក​ម៉ាហាត្មៈ ហ្កាន់ធី​ ដែល​​បាន​​ផ្តួចផ្តើម​​បង្កើត​ទ្រឹស្តី​ ក៏​ដូចជា​ចលនារើបំរះបែបថ្មី ដែល​មិនប្រើហិង្សា ពោលគឺធ្វើសកម្មភាព​ដោយ​​សន្តិវិធី​។ លោកម៉ាហត្មៈ ហ្កាន់ធី បានស្រង់គំនិត ដែលមាន​ក្នុង​ប្រពៃណីជំនឿសាសនា របស់ប្រជាជនឥណ្ឌា ដូចជាការធ្វើសមាធិ ការដើរធម្មយាត្រា ដើរសមាទានធុត្តុង្គ ពីកន្លែងមួយទៅកន្លែងមួយ ដើម្បី​ប្រជាជនឥណ្ឌា បាន​ដឹងឮ និងចូលរួម​ក្នុ​ងការតស៊ូ ទាមទារឯករាជ្យដោយអហិង្សា​។ វាជួន​ចំពេល​ដែល ចក្រភពអង់គ្លេសបានចុះខ្សោយកម្លាំងជាខ្លាំង បន្ទាប់ពីចប់សង្គ្រាមលោកលើកទី​២ ទើបធ្វើឲ្យ​អង់គ្លេសសម្រេចចិត្ត​ដកខ្លួន​ចេញពីឥណ្ឌា នៅឆ្នាំ​១៩៤៧។

លោក ម៉ាហាត្មៈ ហ្កាន់ធី (Mahatma Gandhi) ចាប់ផ្តើមដឹកនាំចលនារើបំរះដោយ​អហិង្សា នៅទីក្រុង Madras រវាងឆ្នាំ​១៩១៥។
លោក ម៉ាហាត្មៈ ហ្កាន់ធី (Mahatma Gandhi) ចាប់ផ្តើមដឹកនាំចលនារើបំរះដោយ​អហិង្សា នៅទីក្រុង Madras រវាងឆ្នាំ​១៩១៥។ © Keystone-France/Gamma-Keystone via Getty Images

បានឯករាជ្យ តែត្រូវពុះចែកទឹកដី​

បើតាមឯកសារប្រវត្តិសាស្ត្រខ្លះអះអាងថា អង់គ្លេសចង់បញ្ចៀសកុំឲ្យ​មានសង្គ្រាម​ស៊ីវីល រវាង​ក្រុមអ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់សាសនាហិណ្ឌូ នៅពេល​ដែលខ្លួនចាកចេញទៅ។ ហេតុដូច្នេះហើយ គេបានស្នើឲ្យ​ពុះឥណ្ឌាជា២ មួយគឺឥណ្ឌាហិណ្ឌូ មួយទៀតគឺឥណ្ឌាអ៊ីស្លាម ដែលគេដាក់ឈ្មោះថ្មីហៅថា បាគីស្ថាន​។​ ឥណ្ឌាឯករាជ្យ ​នៅកណ្ដាល ​​មានប្រជាជន​កាន់សាសនាហិណ្ឌូភាគច្រើន ចំណែក​ថ្មី ឈ្មោះ​ប្រទេសប៉ាគីស្ថាន កាន់សាសនាអ៊ីស្លាម មានពីរផ្នែក គឺប៉ាគីស្ថានខាងលិច និង​ប៉ាគីស្ថានខាងកើត ដែលបច្ចុប្បន្នគឺប្រទេស​​បង់ក្លាដែសនេះឯង ដែលបានប្រកាស​ឯករាជ្យ​នៅឆ្នាំ​១៩៧១។​

ការពុះចែក​ឥណ្ឌាជាចំរៀក នៅឆ្នាំ​១៩៤៧នេះ គឺជាប្រវត្តិសាស្ត្រឈឺចាប់ខ្លាំងណាស់ ព្រោះវាបានបង្កឲ្យ​មានជម្លោះបែងចែក​ពូជសាសន៍​និងសាសនា រវាង​អ្នកកាន់សាសនាហិណ្ឌូ និ​ងសាសនាអ៊ីស្លាម។ ប្រជាជនត្រូវ​បែងចែកគ្នា បែកបងបែកប្អូន ធ្វើចំណាក​ស្រុក​​រើផ្ទះ​សំបែង ព្រោះ​ត្រូវជ្រើសរើស ថាត្រូវ​ទៅនៅខាងណា ខាងប៉ាគីស្ថាន ឬខាងឥណ្ឌា​។ ជម្លោះហិង្សារវាងអ្នកកាន់សាសនាទាំង២នេះ បានសម្លាប់មនុស្ស​យ៉ាងហោច១លាននាក់ នៅក្នុងអំឡុងពេលនោះ។

យ៉ាងណាមិញ លោកម៉ាហាត្មៈ ហ្កាន់ធី បានជំទាស់នឹងការពុះចែក​ប្រទេសបែបនេះ។ លោក​បានថ្លែងថា វាផ្ទុយពីគំនិត​តស៊ូ​ទាមទារ​សិទ្ធិសេរីភាព និងឯករាជ្យរបស់ប្រជាជនឥណ្ឌាទាំងមូល ដែលចង់​រួមរស់ក្នុងមហាគ្រួសារតែមួយ មាន​​ភាព​ម្ចាស់ការ​ខ្លួនឯង តែទីបំផុត ឥណ្ឌាបាន​ឯករាជ្យ តែ​បែរជាបែកបាក់បងប្អូនខ្លួនឯងទៅវិញ។ ហេតុដូច្នេះហើយ បានជាគេមិនឃើញមានរូបលោក ក្នុងរូបថតផ្លូវការជាមួយថ្នាក់ដឹកនាំឥណ្ឌា នៅថ្ងៃប្រកាសឯករាជ្យ ១៥សីហា​១៩៤៧​ទេ  ព្រោះលោកមហាត្មៈ ហ្កាន់ធី បានបដិសេធមិនទៅចូលរួម។ លោក​បានសម្រេចចិត្តទៅធ្វើសមាធិ និង​​បង្អត់អាហារ​ខ្លួនឯង នៅ​ក្រុង​កាល់គូតា រហូតទាល់តែ​មាន​​ជនហិណ្ឌូជាតិនិយមជ្រុលម្នាក់ បានសម្លាប់​លោក​នៅថ្ងៃ​​ទី​​៣០​មករា១៩៤៨ ដោយ​ចោទថាលោក កាន់ជើងអ្នកកាន់សាសនាអ៊ីស្លាមជ្រុលពេក។

លោកណារិន្ទ្រ ម៉ូឌី លើកដៃសំពះ ស្វាគមន៍​មហាជនដែលមកចូលរួម​កម្មវិធី​បុណ្យជាតិ​ នៅវិមានក្រហម ក្រុងញូដេលី ថ្ងៃទី ១៥ សិហា ២០២២
លោកណារិន្ទ្រ ម៉ូឌី លើកដៃសំពះ ស្វាគមន៍​មហាជនដែលមកចូលរួម​កម្មវិធី​បុណ្យជាតិ​ នៅវិមានក្រហម ក្រុងញូដេលី ថ្ងៃទី ១៥ សិហា ២០២២ AP - Pankaj Nangia

លោកម៉ូឌី៖ ឥណ្ឌាគឺជា​អនាគត​មហាអំណាចលំដាប់ទី​៣

៧៥ឆ្នាំកន្លងមកនេះ ឥណ្ឌាបាន​ប្រឹងប្រែងខិតខំកសាងខ្លួន រហូតក្លាយជាតួអង្គដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី។នៅក្នុងសុន្ទរកថា ពីវិមាន​ក្រហម ​កណ្តាល​ក្រុង​ញូដេលី នៅថ្ងៃទី១៥សីហា លោកណារិន្ទ្រ ម៉ូឌី បាន​យកឱកាសនេះ ថ្លែងសារបំផុតគំនិតស្នេហាជាតិ ឲ្យ​​ប្រជាជនឥណ្ឌា ជាពិសេសយុវជន ឲ្យ​រួមគ្នានៅពីក្រោយគាត់ រួមកម្លាំងពួតដៃគ្នា​កសាង​ឥណ្ឌា។ លោកប្រកាសថា ក្នុងរវាង​២៥ឆ្នាំទៀត ឥណ្ឌាត្រូវតែក្លាយជាប្រទេស​អភិវឌ្ឍន៍ មានឧស្សាហកម្ម​នាំមុខ។ លោកម៉ូឌី បាន​ប្រកាសថា រដ្ឋាភិបាលលោកនឹងរៀបចំបង្កើតឲ្យ​មាន​ការប្រកួតប្រជែង ផ្ទៃក្នុង ​រវាងរដ្ឋមួយ​ទៅរដ្ឋមួយរបស់ឥណ្ឌា ដើម្បីបំផុស និង​ជ្រោង​គំនិតឆ្នៃប្រឌិត ក៏ដូចជា​​​ការអភិវឌ្ឍន៍​ មិនថាក្នុងវិស័យថាមពល វិស័យ​ឧស្សាហកម្ម និង​​បច្ចេកវិទ្យា​អេឡិចត្រូនិក​ជាដើម។​

ជាការពិត នេះគឺជាសុន្ទរកថាមានខ្លឹមសារនយោបាយ ដែលលោកណារិន្ទ្រ ម៉ូឌីចង់ឲ្យ​ប្រជាជនឥណ្ឌាទាំងអស់គាំទ្រ​និងកោតសរសើរលោក។ ក៏ប៉ុន្តែ សេដ្ឋកិច្ចឥណ្ឌាកំពុងបោះពួយខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ននេះ ឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចអាស៊ីលំដាប់ទី៣ ហើយលំដាប់ពិភពលោកគឺទី៦។ បន្តិចទៀត ប្រជាជនឥណ្ឌានឹងឡើងដល់ ១៤០០លាននាក់ លើសចិន ក្លាយជាប្រទេសធំមានទីផ្សារធំបំផុត។ បើតាមអ្នកវិភាគ​បរទេសជាច្រើន គឺថាជាការពិតនៅរវាង​ឆ្នាំ​២០៥០ ឥណ្ឌាអាចនឹងឡើង ក្លាយជា​មហាអំណាចសេដ្ឋកិច្ចលំដាប់ទី​៣ បន្ទាប់ពីអាមេរិក និងចិន។

យោងតាម​តារាងរបស់ធនាគារពិភពលោក បច្ចុប្បន្ននេះ ឥណ្ឌាស្ថិតនៅក្នុងចំណោម​ប្រទេស ដែលមានចំណូលដុលមធ្យម ពោលគឺ ចន្លោះពី១០៨៦ ដល់ ៤២៥៥ដុល្លារ សម្រាប់ប្រជាជនម្នាក់។ តាមការព្យាការណ៍ សេដកិច្ចឥណ្ឌាឆ្នាំ​២០២៣នេះ​ អាចមានកំណើនដល់ទៅ​៧% ដែលជាកំណើនខ្ពស់បំផុត ប្រៀបធៀបទៅប្រទេសសេដ្ឋកិច្ចនាំមុខទាំងអស់។ តែយ៉ាងណា ទំហំសេដ្ឋកិច្ចឥណ្ឌាអាចរីកចម្រើនខ្លាំង ក្លាយជាមហាអំណាចទី៣មែន តែចំណូលដុល​របស់​​ប្រជាជន​អាចមិនមានខ្ពស់ ដូចប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតទេ។

លាងជម្រះភាពអាម៉ាស់នៃប្រវត្តិសាស្ត្រ​

ទំនោរជាតិនិយមជ្រុល បែបផ្តាច់ការ របស់​លោកណារិន្ទ្រ ម៉ូឌីនេះ គឺមិនមែន​ប្រទេសធំៗផ្សេងទៀត នៅអឺរ៉ុប ឬសហរដ្ឋអាមេរិក មើល​មិនឃើញនោះទេ។ តែសម្រាប់ពេលនេះ គេត្រូវការឥណ្ឌា ដើម្បីយកកម្លាំងមកទប់ឥទ្ធិពលរបស់ចិន។ ឥណ្ឌាក្រោមការដឹកនាំរបស់​លោកណារិន្ទ្រ ម៉ូឌី មិនមែនប្រឹងតែ​លើវិស័យសេដ្ឋកិច្ចទេ តែឥណ្ឌា​ថែមទាំងចង់ក្លាយ​ជាមហាអំណាចធំ ក្នុងវិស័យយោធា និង​នយោបាយ​ការបរទេសសកលលោកផងដែរ។

មហិច្ឆតាធំមួយទៀតរបស់​លោកណារិន្ទ្រ ម៉ូឌី គឺនាំឥណ្ឌាឲ្យ​ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​សន្តិសុខរបស់​អង្គការសហប្រជាជាតិ ស្មើមុខជាមួយ​ អាមេរិក ចិន បារាំង រុស្ស៊ី និងជាពិសេសអង់គ្លេស។ បាន​អង្គុយកៅអីទន្ទឹម​ជាមួយអង់គ្លេស ក្នុងនាមជាមហាអំណាចពិភពលោក វាគឺជាជោគជ័យដ៏ធំបំផុតរបស់ឥណ្ឌា ក្នុងការស្រោចស្រង់កិត្តិយសជាតិ​ លាងសំអាតភាពអាម៉ាស់ក្នុងសម័យអាណានិគមអង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ