អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ជំងឺអុតស្វាដែលកំពុង​ផ្ទុះ​រាតដាល ខុស​ពី​ជំងឺ​អុតស្វា​ដើម​នៅអាហ្វ្រិក យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​ធ្វើការ​រាលដាល ចម្លង​លើ​មនុស្ស​ជិត ២៨០០០​នាក់ ​ (គិត​ត្រឹម​ថ្ងៃទី ១​០សីហា​២០២២) ក្នុងជិត​៨០​ប្រទេស​ យ៉ាង​លឿន​មក ករណី​​មនុស្ស​ស្លាប់​ដោយ​ជំងឺ​អុត​ស្វា មានប្រកាស​​នៅ​​ស្ទើរលើ​គ្រប់ទ្វីប​ ៖ ពីរ​នាក់​នៅ​អេស្ប៉ាញ ម្នាក់​នៅប្រេស៊ីល ម្នាក់​នៅ​ឥណ្ឌា ... នៅពេល​ស្ថានភាព​បែប​នេះ គេ​​ចាំបាច់​ត្រូវ​ស្គាល់​ជំងឺ​ឱ្យ​បាន​ច្បាស់​លាស់ ទើប​​អាចប្រយុទ្ធ​ប្រឆាំង​នឹង​វា​​បាន​។ តើ​អុតស្វាដែល​កំពុង​រីករាលដាល​បច្ចុប្បន្ននេះ​មាន​រោគ​សញ្ញា ប្លែក​ យ៉ាងណា? តើ​​ជំងឺ​អុតស្វានេះ​ធ្វើ​ការ​ចម្លង​យ៉ាង​ដូចម្តេច ?បី​ខែ​ក្រោយ​ការ​ចាប់​ផ្តើមផ្ទុះរាលដាល គេ​ចាប់​ផ្តើម​ដឹង​កាន់​តែ​ច្បាស់​អំពី​រោគសញ្ញា អំពីប្រភេទ​និង​របៀប​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស។

រូបថត​បង្ហាញ​ពី​រោគ​សញ្ញា​កន្ទួល​ ពងបែក​នៃ​ជំងឺ​អុតស្វា
រូបថត​បង្ហាញ​ពី​រោគ​សញ្ញា​កន្ទួល​ ពងបែក​នៃ​ជំងឺ​អុតស្វា Via REUTERS - NHS ENGLAND HIGH CONSEQUENCE INF
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​ករណី​ស្លាប់​នៅ​អេស្ប៉ាញ ​ប្រេស៊ីល ឥណ្ឌា ... អ្នក​ទទួលខុសត្រូវ​​អង្គការ​សុខភាពពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប បាន​ព្រមាន​ថា​នឹង​មានចំនួន​មនុស្ស​ស្លាប់​ដោយ​អុតស្វា ​កើន​ឡើង​ជា​ច្រើន​ករណី​ទៀត នៅ​ក្រៅ​តំបន់​អាហ្វ្រិក។ សន្ទុះ​រីករាលដាល​នៃ​ជំងឺ​នេះ បាន​ក្លាយ​ជា​ការ​គំរាមកំហែង​សុខាភិបាល​យ៉ាង​ចម្បង​មួយ ដែល​អង្គការ​សុខភាព​ពិភពលោក ទើប​ទាញ​សញ្ញា​អាសន្ន​កំរិត​ខ្ពស់​បំផុត តាំងពី​ថ្ងៃ​២៣​កក្កដា​២០២២។

ជំងឺ​អុតស្វា Monkeypox បង្ក​ឡើង​ដោយ​​វីរុស orthopoxvirus simien ដែល​ស្ថិត​ក្នុង​ចង្កោម​គ្រួសារ​វីរុស Poxviridés។ ជា​ប្រភេទ​វីរុស​កម្រ ដែលអាច​​ចម្លង​ពីសត្វ​មក​មនុស្ស។​ គេបាន​​​ស្គាល់​ជំងឺអុតស្វា​ ​តាំងពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ព្រោះ​វាមាន​កំណើត​និង​មាន​កើតច្រើន​​នៅក្នុង​បណ្តាប្រទេស​នៅ​អាហ្វ្រិក​។

ជំពូក​អ្នក​​ជំងឺ​

ក៏​ប៉ុន្តែជំងឺ​អុតស្វាកំពុង​រាលដាល​បច្ចុប្បន្ន មាន​លក្ខណៈ​ពិសេស​របស់​វា​ផ្ទាល់ ហើយ​​ខុស​ប្លែក​ពី​ជំងឺ​អុតស្វាដើម​ ឬ​អុតស្វា​នៅអាហ្វ្រិកច្រើន ៖ ដំបូង​គេ គឺ​​ ប្រភេទ​អ្នក​ជំងឺ។

អ្នក​ជំងឺ​ភាគ​ច្រើន​ជា​មនុស្ស​ប្រុស ​ធំ​ពេញ​វ័យ មាន​ទំនាក់ទំនង​ទំនោរ​ផ្លូវ​ភេទ​ជាអ្នក​​ស្រលាញ់​បុរស​ដូច​គ្នា ដែល​ខុស​ស្រលះ​ពី​ជំពូក​អ្នក​ជំងឺ​នៅអាហ្វ្រិក​ដែល​ភាគច្រើន​ជា​កុមារ។

​ការសិក្សាចុងក្រោយបី​​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​សុខភាពបី ដែលជា​បង្គោល​​​របស់​ពិភព​អ្នក​​វេជ្ជសាស្ត្រ គឺ British Medical Journal  (BMJ) -Lancet និង​ New England Journal of Medecine (NEJM) អ្នកស្រាវជ្រាវ​បាន​រក​ឃើញ និង​សន្មត់​គំរូ​គ្លីនិក​នៃ​ជំងឺ អុត​ស្វា បច្ចុប្បន្ន បើ​ទោះ​បី​នេះ​​ជាការ​សន្និដ្ឋាន​ដ៏លឿន​​ឆាប់​ ​និង​ជាការ​​សិក្សា​ដែលផ្អែក​លើ​ចំនួន​អ្នក​ជំងឺ​តែ​ប៉ុន្មាន​រយ​ករណី​ក៏​ដោយ។ ការ​សិក្សា​នេះ បាន​បញ្ជាក់​ថា ជំងឺ​អុតស្វា​បច្ចុប្បន្ន​ពិត​ជា​កើត​ច្រើន​លើ​តែ​មនុស្សប្រុសដែល​រួម​រក្ស​ជាមួយ​បុរស​ដូច​គ្នា។ នៅ​រាល់​គ្រប់​ការសិក្សា​ សុទ្ធ​តែ​បង្ហាញ​ថា​អ្នក​ជំងឺ​ ស្ទើរ​ទាំង​អស់​ ជា​បុរស​​​​ស្រលាញ់​ភេទ​ដូច​គ្នា។ ករណី​ស្ត្រី​និង​កុមារ​កើត​អុតស្វា​បច្ចុប្បន្នក៏​មាន​ដែរ ​តែ​តិច​តួចមែនទែន។ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សន្និដ្ឋាន​ថ្មី​នេះ​ទេ ព្រោះ​កន្លង​មក​អាជ្ញាធរ​សុខាភិបាល ក៏​បាន​​​សម្គាល់​​​ដូច​គ្នា និង​ធ្លាប់បាន​​ចេញ​សេចក្តី​ណែនាំ​ ឱ្យ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​ កាត់​បន្ថយ​ដៃគូ ឬ​ទៅ​ចាក់ថ្នាំបង្ការ​។

ការ​ចម្លង

ដោយ​យល់​និង​ដឹង​ថា​​ជា​ប្រធានបទ​ដ៏​រសើប ខ្លាច​នាំ​ឱ្យ​មាន​ការ​រើស​អើស​លើ​ក្រុម​បុរស​អ្នក​ស្រលាញ់​ភេទ​​ដូច​គ្នា​ អ្នក​ស្រាវជ្រាវ​បាន​ផ្តោត​ការសិក្សា ​ ទៅ​លើ​ការ​ប៉ះពាល់​ខ្លួន​ប្រាណ​គ្នា​នៅពេល​រួម​សេព​សន្ធវៈ។ ជា​ការ​សិក្សា​នៅ​តាម​មន្ទីរពេទ្យ​អេស្ប៉ាញ​ជា​ច្រើន។​ ជា​លទ្ធផល ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅក្នុង​ទំព័រ​ទស្សនាវដ្តី Lancet ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្តល់​​សេចក្តី​សន្និដ្ឋានយ៉ាង​ច្បាស់លាស់​ថា ជំងឺ​អុតស្វា​បច្ចុប្បន្ន​ មាន​យន្តការ​ចម្លង​ ខ្ពស់​ខ្លាំង​តាមរយៈ​ការ​ប៉ះពាល់​លើ​ខ្លួន​ប្រាណ​ ព្រោះ​​មេរោគ​មាន​ផ្តុំ​គ្នា​ច្រើន​នៅ​លើ​ស្បែក​ដែល​មានកន្ទួល​​​អុត​ ​ឬដំបៅពងបែក ជាង​នៅ​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ ដូច្នេះ​ ការ​ចម្លង​តាម​ផ្លូវ​អាកាស តាម​រយៈ​ការ​ប៉ះពាល់​កន្ទូល​ឬ​ដំបៅ​អុត​ ក៏ជា​មធ្យោបាយ​មួយ​សំខាន់​នៃ​ការ​ចម្លង​​មេរោគ​អុតស្វា​បច្ចុប្បន្ននេះ តែ​​ពុំមែន​​មាន​ន័យ​ថា​អុតស្វាមិន​​ចម្លង​តាម​ផ្លូវភេទ​ ឬ​តាម​ទឹកកាមទេ។

អ្នក​ស្រាវជ្រាវ​​មិន​ច្រាន​ចោល​សម្មតិកម្ម​នៃ​ការ​ចម្លង​មេរោគអុតស្វា តាម​ទឹកកាម​ឡើយ ទោះបី​ជា​ការ​សិក្សា​ពេល​នេះ​ មិន​ទាន់​អាច​បញ្ជាក់​បាន​ក៏​ដោយ។

​​រោគ​សញ្ញា​ជំងឺ​

ការសិក្សា​ទាំង​បី​ចុងក្រោយ អះអាង​ដូច​គ្នា​ថា ជំងឺ អុតស្វា​បច្ចុប្បន្ន មាន​អាការៈ​សញ្ញា​ពិសេស​ប្លែក​ពី​អុតស្វាដើម​នៅអាហ្វ្រិក។

ទស្សនាវដ្តី​British Medical Journal បាន​ចុះ​ផ្សាយ​ដោយ​សង្ខេប​ថា ក្រៅ​អំពី​មាន​អាការៈ​ក្តៅខ្លួន ជួន​អប​ដោយ​ការ​ឈឺចុកចាប់​សាច់​ដុំ និង​ កន្ទួល​ពងបែកនៅលើ​ខ្លួន​ប្រាណ​ រួច​ឡើងក្រមរ ដែល​ជា​​អាការៈពិតៗ​នៃ​​ជំងឺ​អុតស្វា អ្នក​ស្រាវជ្រាវ​សម្គាល់​ឃើញ​អ្នក​ជំងឺ​អុតស្វាបច្ចុប្បន្ន​មាន​សញ្ញារោគ​ ខុស​គ្នា​ប្លែក ​ ដែល​ប្រែប្រួល​និង​បណ្តាល​មក​ពី​របៀប​ចម្លងមេរោគ។ អ្នក​ជំងឺ អុតស្វាបច្ចុប្បន្ន ច្រើន​តែ​មាន​អាការៈ​ដូច​បាន​ឆ្លង​មេរោគ​នៅពេល​រួម​រក្ស​ ដោយ​អ្នកជំងឺ​មានកន្ទួល​​ដំបៅ​ ដែល​ផ្តុំ​គ្នា​ច្រើន នៅ​រន្ធ​គូថ នៅលើ​លិង្គ និង​នៅ ​មាត់។ បន្ទាប់​មក​អ្នក​ជំងឺមាន​សញ្ញា​រំខាន​តិចតួច​មួយ​ចំនួន​ទៀត ដូច​ជា មាន​រលាក​នៅរន្ធលាមក ឬ​លិង្គហើម។

ប៉ុន្តែ​អាការៈ​ជំងឺ​មិនបង្ក​ឱ្យ​មានផលវិបាក​​ធ្ងន់ធ្ងរ​ទេ បើ​ទោះបី​ជា​អ្នក​ជំងឺ​ជិត​៤០% មាន​ផលវំខាន​ បើ​តាម​ការសិក្សា​របស់​Lancet ហើយ​មួយភាគ​ប្រាំ​នៃ​អ្នក​ជំងឺ​ត្រូវ​​បង្ខំ​ចិត្ត​ចូលសម្រាក​​ព្យាបាល​ក្នុង​មន្ទីរពេទ្យ បើ​តាម​ New England Journal of Medecine។

​​​ថ្នាំ​បង្ការ​​

គ្មាន​អ្វី​ប្រសើរ​ជាង​ការការពារទេ ! ដូច្នេះ​ថ្នាំបង្ការ​ជា​មធ្យោបាយ​ទប់​ស្កាត់​ជំងឺ​ដ៏ប្រសើរ​ជាង​គេ។​ អាជ្ញាធរ​សុខាភិបាល​ប្រទេស​ខ្លះ​ បាន​ណែនាំ​ឱ្យ​អ្នក​ស្រលាញ់ភេទ​ដូច​គ្នា​នៅ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​ជំងឺ​អុត​ជំនាន់​ទីបី  ក្រោយ​ពី​បាន​ជួប​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​អុតស្វា​ បាន​បីបួន​ថ្ងៃ និង​​ចាក់​ជា​កិច្ចការពារ​ ចំនួន ២​ដូសដោយ​ឃ្លាត​គ្នា​២៨​ថ្ងៃ ឬ​តែ​មួយ​ដូស​សម្រាប់​អ្នក​ដែល​ធ្លាប់​បាន​ចាក់​ពី​ក្មេង​ហើយ។

ប៉ុន្តែបើ​និយាយ​អំពី​​ប្រសិទ្ធភាព​នៃ​ថ្នាំបង្ការ ​អ្នក​ស្រាវជ្រាវ​នៅ​​មិនទាន់​មាន​ចម្លើយ​ច្បាស់​លាស់​​ទេ។ ការសិក្សា​ចុះ​ផ្សាយ​ក្នុង​ទំព័រ​Lancet បាន​បង្ហាញ​ថា មាន​អ្នក​ជំងឺ​អុត​ដល់​ទៅ​១៨% បាន​ចាក់ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​អុត ដែល​តាម​ធម្មតា​អាច​ការពារ​ជំងឺ​អុតស្វានេះ​បាន​ដែរ។ តែ​ពួកគាត់​នៅ​អាច​ធ្លាក់​ខ្លួន​ឈឺ​បាន មិន​ថា​មក​ពី​ហេតុ​អ្វីទេ។ អាច​បណ្តាល​មក​ពី​ពួកគាត់​បាន​ចាក់​ថ្នាំ​បង្ការ​យូរ​ពេក​ហើយ​ ហើយ​ដល់​រាប់​សិប​ឆ្នាំ ក្រោយ​មក​ថ្នាំ​លែង​សូវ​មាន​ប្រសិទ្ធភាព​ក៏​មិន​ដឹង។

ចំណុច​ចុងក្រោយ​មួយ​ទៀត​ដែល​អ្នក​ស្រាវជ្រាវ​នៅរក​ចម្លើយ​មិនទាន់​ឃើញ​ដែរ គឺជិត​​៤០%​នៃ​អ្នក​កើត​អុតស្វា មាន​ផ្ទុក​មេរោគ​ហ៊ីវ (ស៊ីដា)។ តើ​អ្នក​ជំងឺ​ស៊ីដា​មាន​ហានិភ័យ​ឆ្លង​អុតស្វាជាងអ្នក​ជំងឺធម្មតាឬ ?! បើ​មែន តើ​ជំងឺស៊ីដា​និង​អុតស្វា មានទំនាក់ទំនង​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​នឹងគ្នា​យ៉ាង​ណា ? ទាំង​នេះ​សុទ្ធ​សឹង​ជា​សំណួរ​ដែលពុំទាន់​មាន​​ចម្លើយ​​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ