អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែនរុស្ស៊ី ចោទដាក់គ្នា​ថាទម្លាក់គ្រាប់បែកមន្ទីរឃុំឃាំងមួយ​ឲ្យស្លាប់មនុស្សជាង៥០នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ថ្ងៃ​សុក្រ​ មាន​ព្រឹត្តិការណ៍​ទម្លាប់គ្រាប់បែក​ទៅលើ​មន្ទីរឃុំឃាំងមួយកន្លែង ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​​៥០នាក់និងរបួប​រាប់សិបនាក់​ ដែលសុទ្ធតែជាអតីតសមាជិក​កងកម្លាំងអាហ្សូវ​ (Azov)។ អ៊ុយក្រែន និង​ រុស្ស៊ី បាន​ចោទគ្នាទៅវិញទៅមក ថាជាអ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។ សូម​ជ្រាបថា កន្លែង​ទម្លាក់​គ្រាប់​បែក​នេះ គឺ​ឋិត​នៅ​ប៉ែក​អាគ្នេយ៍​​អ៊ុយក្រែន ដែល​ជាតំបន់​ផ្តាច់​ខ្លួន​គាំទ្រ​រុស្ស៊ី​។​ មួយ​រយៈ​មុន​ កងទ័ព​ទាហាន​អ៊ុយក្រែន  ប្រមាណ​ជា​២​​៥០០នាក់ ​ដែល​តស៊ូប្រយុទ្ធ​ការពារ​តំបន់​នេះ​លែង​បាន​ ក៏​បាន​សុំ​ចុះ​ចាញ់​ ​ ហើយ​ត្រូវ​ ​រុស្ស៊ី​ ​ចាប់​ឃុំឃាំង​នៅ​តំបន់ អូលេនីវកា (Olenivka) ជាកន្លែង​កើត​​ហេតុការណ៍​​ធ្លាក់​គ្រាប់បែក​ពីថ្ងៃទី២៩កក្កដា​។

​ថ្ងៃ​សុក្រ​ ទី​២៨កក្កដា មាន​ព្រឹត្តិការណ៍​ទម្លាប់គ្រាប់បែក​ទៅលើ​មន្ទីរឃុំឃាំងមួយកន្លែង ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​​៥០នាក់និងរបួប​រាប់សិបនាក់​ នៅប៉ែក​អាគ្នេហ៍​អ៊ុយក្រែន។
​ថ្ងៃ​សុក្រ​ ទី​២៨កក្កដា មាន​ព្រឹត្តិការណ៍​ទម្លាប់គ្រាប់បែក​ទៅលើ​មន្ទីរឃុំឃាំងមួយកន្លែង ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​​៥០នាក់និងរបួប​រាប់សិបនាក់​ នៅប៉ែក​អាគ្នេហ៍​អ៊ុយក្រែន។ AP
ផ្សាយពាណិជ្ជកម្ម

​អ៊ុយក្រែន​និង​រុស្ស៊ី ទម្លាក់​កំហុស​ដាក់​គ្នា​ទៅវិញទៅមក

​ភាគី​រដ្ឋអំណាច​ក្រុង​កៀវ, ទាំង​ប្រធានាធិបតីនិងទាំង​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន គឺសុទ្ធតែ​​ចោទ​ថា​ការ​ទម្លាក់​គ្រាប់បែក​សម្លាប់​អ្នក​ទោស​ក្នុង​មន្ទីរឃុំឃាំង​ទាំងជាង​៥០នាក់ ជាស្នាដៃ​រុស្ស៊ី​។  អ៊ុយក្រែន តាមរយៈ​ប្រធានាធិបតី​ Zelensky គឺ​បាន​ចាត់ទុកថា នេះ​​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បង្កឡើង​ដោយ​រុស្ស៊ី​។ ​បើ​តាម​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​របស់​អ៊ុយក្រែន, «ការ​វាយ​ប្រហារ​លើ​មន្ទីរ​ឃុំ​ឃាំង​នេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner របស់​ភាគី​ខាង​រុស្ស៊ី​»។

ផ្ទុយ​ទៅវិញ ភាគីរបបក្រុង​ម៉ូស្កូ​ ​​ចោទ​ថា ​អ៊ុយក្រែនទៅវិញទេ ដែល​​ជាអ្នក​ប្រព្រឹត្ត និងជាអ្នក​ដែលត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃាតកម្ម​នេះ​។  ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ និង​ថែម​វាយ​បកថា​ការ​ទម្លាក់​គ្រាប់បែក​នោះ គឺជាស្នាដៃ​របស់​អ៊ុយក្រែន​យ៉ាង​ជាក់​ច្បាស់​។ រុស្ស៊ី​ហ៊ាន​ថា​ដូច្នេះ គឺ​សំអាង​លើ​ភស្តុតាង​ជាបំណែក​គ្រាប់បែក​។​ ​ទូរទស្សន៍រដ្ឋ​​រុស្ស៊ី​ ក៏​បង្ហាញ​រូបភាព​ ដោយ​ធ្វើ​ឲ្យ​មាន​ភាព​មិន​ច្បាស់​ ដែល​គេ​អាច​ស្គាល់​បានថា​ជា​សាកសព​មនុស្ស​។ ​តាម​កញ្ជាក់ទូរទស្សន៍រដ្ឋ​​រុស្ស៊ី ក៏មាន​ផ្សព្វផ្សាយ​ពី​ហេតុការណ៍​នេះ ដោយ​បង្ហាញ​ពី​រូបភាព​ទីកន្លែងមន្ទីរ​ឃុំឃាំង​ឆេះ​ខ្ជេចខ្ជី មាន​ធ្យូង​ខ្មៅ​រោល គ្រែដេក​របស់​អ្នក​ទោស​ដាច់ បាក់បែក ​ខ្ជាត់​ខ្ជាយ​ ហើយ​និង​មាន​បំណែក​សំបក​គ្រាប់​បែក​ ជាច្រើន​បំបែក​ ទៀត​ផង។  បើតាម​រុស្ស៊ី, បំណែក​គ្រាប់បែក​នោះ គឺ​ជា​ប្រភេទ​គ្រាប់បែកកាំជ្រួច​ប្រព័ន្ធ Himars របស់សហរដ្ឋ​អាមេរិក។ (អាមេរិក​ដែល​គេ​ដឹងហើយ​​ថា​បាន​ជួយ​ជ្រោម​ជ្រែង​អ៊ុយក្រែន​ក្នុង​សង្គ្រាម​នេះ។​)

ចំណែក​បណ្តាញ​សារព័ត៌មាន​អឺរ៉ុប​វិញ ដូចជា​ Reuters, AP, AFP ក៏​បាន​ផ្សាយ​រូប​ពីវិនាសកម្ម​ដែល​​វែក​មក​ឃាតករ​មិន​ទាន់​ឃើញ​នេះដែរ។ បើ​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន​បារាំង គឺ​​ AFP បាន​ទទួល​ស្គាល់​ថា​ខ្លួន​មិនទាន់​មាន​ប្រភព​ឯករាជ្យ​ជាក់​លាក់​ណាមួយ​នៅឡើយ​ទេ​ ដើម្បី​អះអាង​ពី​រឿង​នេះ។ ​បើ​តាម​វិទ្យុ​បារាំងជាភាសា​បារាំង​​ គឺ​ការ​បើក​អង្កេត​ឲ្យ​ឯករាជ្យក្នុងករណី​នេះ​​ ក៏​ប្រហែល​ជា​មិន​អាច​ទៅរួច​ដែរ ព្រោះ​ដែនដី​ម្តុំ​កន្លែងកើតហេតុ​នោះ ​ប្រឈម​នឹង​ហានិភ័យ​​សុវត្ថិភាព​ខ្លាំងណាស់​។​

ក្នុង​ការពិត​ថា​នរណា​នៅក្រោយ​ការ​ទម្លាក់​គ្រាប់បែកនេះ នៅតែ​ស្រពិច​ស្រពិល ហើយ​ភាព​មិន​ច្បាស់​លាស់ ក៏​រាប់តាំងពី​ចំនួន​អ្នក​ស្លាប់។ ខាង​រុស្ស៊ី ថា​មាន​ស្លាប់​ប្រមាណ​៤០នាក់ ហើយ​របស់​ជាង​៧៥នាក់។ ខាង​អ៊ុយក្រែន​ថា​ស្លាប់ជា​ង​៥០នាក់។ ​​ចំណែក​អាជ្ញាធរ​នៅ​តំបន់​ផ្តាច់​ខ្លួន Donetsk ​ដែល​គាំទ្រ​រុស្ស៊ី​វិញ គឺថា​គេររាប់ឃើញ​មាន​ស្លាប់​៥៣នាក់។​

ទោះបី​យ៉ាងណាក្តី សម្រាប់ពេល​នេះ រុស្ស៊ី​ គឺ​គណៈកម្មាការស៊ើប​អង្កេត​របស់​ក្រុង​ម៉ូស្កូ​ថា ​អ៊ុយក្រែន​ប្រឌិត​រឿង​ទម្លាក់​កំហុស​លើ​ម៉ូស្កូ គឺជារឿង​អាស្រូវ​ និង​ចាត់ទុក​ថា​នេះ​ជា​ការ​ញ៉ុះ​ញ៉ុង​បង្កហេតុ​ ដែល​ជា​​អំពើ​គួរអៀន​ខ្មាសបំផុត​ ហើយ​និង​ថា កង​កម្លាំង​ទាហាន​អ៊ុយក្រែន បាន​​សម្លាប់​ទាហាន​ដែល​ចុះ​ចូល​គាំទ្រ​រុស្ស៊ី គឺជា​បំភ័យ​ដល់​ទាហាន​ផ្សេងៗទៀត។

ពីចំណែក​ខ្លួន មេបញ្ជាការ​អ៊ុយក្រែន​ថា អ៊ុយក្រែន​ មិន​ដែល​យក​ជន​ស៊ីវិល​ ឬ​អ្នក​ទោស​សង្គ្រាម​ ជាផ្ទាំង​ស៊ីប​នោះទេ ហើយ​និង​អះអាង​ថា​អ៊ុយក្រែន​តែងតែគោរព​គោល​ការណ៍​វិធាន​ច្បាប់​និង​បទដ្ឋាន​សិទ្ធិម​នុស្ស​អន្តរជាតិ។​

តើ​រឿងទម្លាក់​គ្រាប់​បែក​នៅពេល​នេះ​ អាច​ធ្វើ​ឲ្យ​រអាក់​រអួល​ដល់​ដំណើរ​ការដឹក​​បញ្ចូន​ស្រូវ​សាឡីឬទេ?

​សង្គ្រាម​ឈ្លាន​អាន​រុស្ស៊ី​លើអ៊ុយក្រែន ធ្វើ​ឲ្យ​ការ​នាំចេញ​ស្រូវ​សាឡី​ចេញពីទៅ​បរទស​ ផ្គត់ផ្គង់​ពិភព​លោក ​គឺត្រូវ​​កក់ស្ទះ ហើយ​បង្ក​ឲ្យ​មាន​វិបត្តិ​ស្រូវ​សាឡី​ជាខ្លាំង​ប៉ុន្មាន​ខែចុងក្រោយ​នេះ។ សម្រាប់ពេល​នេះ​ បើ​តាមរដ្ឋបាល​ទីក្រុង​កៀវ គឺ​លោក​ប្រធានាធិបតី​អ៊ុយក្រែន ផ្ទាត់តែម្តង​​ អះអាង​ថា​ការ​នាំចេញ​នឹង​ចាប់​ផ្តើម​ឡើងវិញ​នៅប៉ុន្មាន​ថ្ងៃ​ខាង​មុខ។​

ថ្ងៃសុក្រ លោក​ Volodymyr Zelensky ក៏​បាន​អញ្ជើញ​ទៅដោយ​ផ្ទាល់​នៅ Tchornomorsk នៅ​សមុទ្រ​ខ្មៅ​ ដែល​មាន​ការ​សម្របសម្រួលក្នុង​ការ​​ដឹក​ជញ្ចូន​ដោយ​នាវា​របស់​តួកគី​។ នេះគឺ​ដោយ​ផ្អែក​ទៅលើ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​ កាលពីថ្ងៃទី​២២កក្កដា សប្តាហ៍​មុន​​។​លោក​ Zelensky បាន​ថ្លែងថា យើង​ត្រៀម​ខ្លួន​សព្វគ្រប់​រួច​រាល់​។​ យើងបាន​ផ្តល់​សញ្ញា​ទៅ​បណ្តា​ដៃគូ​សហការ​ មាន​ដូចជា អង្គការ​សហប្រជាជាតិ និង​ប្រទេស​តួកគី ហើយ​កង​ទាហាន​អ៊ុយក្រែន​ដែល​ទទួល​បន្ទុក​រក្សា​សន្តិសុខ​ ហើយ​នៅតែ​ចាំ​ការ​ឆ្លើយ​តប​ពីតួកគី​និង​អង្គការ​សហប្រជាជាតិ​វិញ​តែប៉ុណ្ណោះ ថា​អាច​ចាប់ផ្តើម​ដឹក​ស្បៀក​ស្រូវ​សាឡី​ ពេលណា​ម៉ោង​​ណា។

បើ​តាម​រដ្ឋមន្ត្រីខាង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​អ៊ុយក្រែន គឺខណៈ​​នេះ មាន​នាវា​ចំនួន​១៧​បាន​ប្រមូលលើកដាក់​​ស្រូវ​សាឡី​លើនាវា​រួចស្រេច​​ហើយ​នៅ​កំពង់​ផែ Tchornomorsk និង​កំពង់​ផែ Odessa។ ក្នុង​នោះ​ មាន​វានា​១០គ្រឿង​ ត្រៀម​ខ្លួន​ស្រេច ​សម្រាប់​ចេញដំណើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ