អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអគ្គលេខាធិការ អ.ស.ប.៖ ​ពិភព​លោក​​ត្រូវតែ​រួមគ្នា បិទបញ្ចប់​ “សករាជ​​នៃ​ថាមពល​ហ្វូស៊ីល”

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសុក្រ ទី​១៧មិថុនា លោកចូ បៃដិន​ បានដឹកនាំការប្រជុំមួយ ដែលមានឈ្មោះថា “វេទិកា​នៃប្រទេសសេដ្ឋកិច្ចនាំមុខ ស្តីពីថាមពលនិងបរិស្ថាន” ។ ដោយមានការចូលរួម ពី​​ថ្នាក់ដឹកនាំជាង២០ប្រទេស លោកចូ បៃដិន មានបំណងយកឱកាសនេះ ទាញសញ្ញាអាសន្ន ឲ្យ​គ្រប់ប្រទេស កុំបង្វែរអាទិភាព លើ​ការពង្រីកពង្រឹង ​ប្រភពថាមពលបៃតងស្អាតស្អំ​ ព្រោះវាមិនត្រឹមតែជា​ដំណោះស្រាយ​ប្រយុទ្ធនឹងការកើនឡើងកំដីផែនដីប៉ុណ្ណោះទេ តែវាគឺជា​ មធ្យោបាយ​ការពារសន្តិសុខ​ថាមពល។ សន្តិសុខថាមពលពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងការគំរាម ដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។

លោក​ប្រធានាធិបតី ចូ បៃដិន ក្នុងពេល​ដឹកនាំការប្រជុំ វេទិកាសេដ្ឋកិច្ចនាំមុខស្តីពីថាមពលនិងបរិស្ថា MEF ថ្ងៃទី ១៧ មិថុនា ២០២២
លោក​ប្រធានាធិបតី ចូ បៃដិន ក្នុងពេល​ដឹកនាំការប្រជុំ វេទិកាសេដ្ឋកិច្ចនាំមុខស្តីពីថាមពលនិងបរិស្ថា MEF ថ្ងៃទី ១៧ មិថុនា ២០២២ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលលោកចូ បៃដិន កំពុងព្យាយាម លាងសំអាតកិត្តិយសសហរដ្ឋអាមេរិក ដែល​កាលពីក្នុងអាណត្តិលោកដូណាល់ ត្រាំ បានចុះស្រអាប់ខ្លាំងសម្បើមណាស់ នៅក្នុងវិស័យ​បរិស្ថាន ប្រយុទ្ធប្រឆាំង​នឹងការកើនឡើងកំដៅផែនដីនេះ។ លោក ចូ បៃដិន បាន​ផ្តោតអាទិភាព ចង់ឲ្យសហរដ្ឋអាមេរិក វិលត្រលប់មកលើឆាកអន្តរជាតិ ក្លាយជាមេដឹកនាំ ជាអ្នកផ្តួចផ្តើមគំនិត និង​ផ្តល់សន្ទុះនៅក្នុងវិស័យនេះវិញ ក្នុងនាមអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១។

ទន្ទឹមគ្នានេះទៀត ពិភពលោកយើង កំពុងស្ថិតនៅក្នុងដំណាក់កាល​មួយលំបាក នាពេលបច្ចុប្បន្ននេះ ដោយសារតែបញ្ហាតម្លៃថាមពលឡើងថ្លៃ​ ថ្លៃសាំង ថ្លៃហ្កាស និង​តម្លៃចរន្តអគ្គិសនីជាដើម ឡើងថ្លៃខ្ពស់ បង្កការលំបាក​ដល់សេដ្ឋកិច្ច​ និងជីវភាពប្រជាជន​។

ថាមពលស្អាតស្អំ ជួយឲ្យ​មាន​សន្តិសុខថាមពល

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ កាលពីថ្ងៃសុក្រម្សិលមិញ លោកចូ បៃដិន បានថ្លែងទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល​នៃប្រទេសចំនួន២២ផ្សេងទៀត ដែលមានវត្តមាន ថាសង្គ្រាមឈ្លានពាន ដែលរុស្ស៊ី បានធ្វើទៅលើអ៊ុយក្រែន បានបង្កឲ្យ​មាន​វិបត្តិតម្លៃថាមពល។ ជាងនេះទៀត វាក៏បាន​ធ្វើឲ្យ​យើងឃើញនូវ ភាពងាយ​ប្រឈមគ្រោះថ្នាក់ នៃសន្តិសុខថាមពលរបស់ពិភពលោកយើងដែរ ព្រោះថាពិភពលោករំពឹងខ្លាំង លើថាមពលប្រេងឥន្ធនៈ និង​ហ្កាសរបស់រុស្ស៊ី ដែលអ្នកនាំចេញ​លក់លំដាប់ទី២។ រុស្ស៊ីយកចំណុចខ្សោយនេះ មកចង និងដាក់សំពាធលើពិភពលោក ដើម្បីមហិច្ឆតាភូមិសាស្ត្រនយោបាយ​របស់ខ្លួន។

លោកចូ បៃដិន បានថ្លែងអំពាវនាវ ឲ្យប្រទេសទាំងអស់ ដែលមានសេដ្ឋកិច្ចនាំមុខ ត្រូវរួមគ្នា ពង្រឹងវិស័យថាមពលស្អាតស្អំ ថាមពលកកើតឡើងវិញ ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលជាប្រភពធ្វើឲ្យផែនដីឡើងកំដៅ។ មិនត្រឹមតែប៉ុណ្ណោះ ថាមពលស្អាតស្អំ គឺជាមធ្យោបាយ​ឲ្យពិភពលោកយើងមាន​សន្តិសុខថាមពល មិនរំពឹងតែទៅលើប្រេង ឬហ្កាសរបស់​ប្រទេសណាមួយ។

បិទបញ្ចប់ “សករាជនៃ​ថាមពលហ្វូស៊ីល”

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ថ្លែងថា “ថាមពលដែលបានមកពី​រ៉ែ​ហ្វូស៊ីល មានដូចជា​ប្រេង ហ្កាស និង​ធ្យូងថ្មជាដើមនេះ គឺវាលែងមាននន័យ​ខ្លឹមសារនយោបាយ និងសេដ្ឋកិច្ច​ តទៀតហើយ សម្រាប់ថ្ងៃអនាគត។ គំរូសេដ្ឋកិច្ច ដែលរំពឹងលើថាមពលប្រភេទនេះ គឺវាហួសសម័យហើយ បន្ទាប់ពីពិភពលោកយើង បានយល់ បានដឹងថាវាបានបង្កផលវិបាកអ្វីខ្លះ មកលើអាកាសធាតុ និងអាយុជីវិតរបស់​មនុស្សជាតិ។

លោក អង់តូនីញ៉ូ ហ្គូតទែរស៍ បានចោទថា ក្រុមឧស្សាហកម្មថាមពលហ្វូស៊ីល បានយក​ពិភពលោកយើងជាចំណាប់ខ្មាំង មិនខុសពីក្រុមឧស្សាហកម្មថ្នាំជក់ទេ ដែលតែងតែអះអាងដោយកុហកថា ខ្លួន​គ្មានចំណែកទទួលសខុសត្រូវនៅ​ក្នុងវិបត្តិសុខភាព និងអាកាសធាតុរបស់ពិភពលោកឡើយ​។ គំរូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃពិភពលោក ត្រូវ​ក្រុមឧស្សាហកម្មនេះ ដាក់សំពាធ បោកបញ្ឆោត កេងប្រវញ្ច ដូចយកកាំបិតមកភ្ជង់នឹងបំពង់ក ឲ្យ​ពិភពលោកបន្តប្រើប្រាស់ថាមពលហ្វូស៊ីលតទៅទៀត។

អ្វីដែលជាការព្រួយបារម្ភធំនាពេលនេះរចនា គឺគេ​ខ្លាចថា កម្ម​វត្ថុឈានទៅពង្រីកថាមពល​បៃតង ដែលស្អាតស្អំ មិនបញ្ចេញឧស្ម័នពុល មិនអាចសម្រេចទៅ បាន។ ដោយសារតែតម្លៃថាមពលឡើងថ្លៃ ក្នុងពេលនេះ រដ្ឋាភិបាលប្រទេសមួយចំនួន ដោយ​មាន​ការជំរុញ ញុះញង់​ពី​វិស័យ​​ឧស្សាហកម្មថាមពល​ បានងាកទៅ​បង្កើនការវិនិយោគ លើវិស័យថាមពលហ្វូស៊ីល បូមប្រេង និង​ជីកយករ៉ែធ្យូងថ្ម​ជាដើម ដើម្បីបំពេញ​តម្រូវការភ្លាមៗ។ វាគឺជាដំណោះស្រាយ ដែលសំឡឹងឃើញតែចុងច្រមុះ ហើយ​ធ្វើឲ្យ​បាត់បងការយកចិត្តទុកដាក់ លើអាទិភាពនៃការអភិវឌ្ឍន៍ថាមពលបៃតង។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​អំពាវនាវថា ក្នុងនាមថ្នាក់ដឹកនាំទាំងអស់គ្នា ដែលជាអ្នក​ការពារអាយុជីវិត និងអនាគតរបស់ប្រជាពលរដ្ឋ គឺត្រូវតែរួមគ្នា បិទបញ្ចប់សករាជនៃថាមពលហ្វូស៊ីល ឲ្យ​បាន​។ បិទបញ្ចប់សករាជថាមពលហ្វូស៊ីល ហើយធ្វើបដិវត្តថាមពលបៃតងវិញ។

រវាងតថៈភាពលំបាកនៃសេដ្ឋកិ​ច្ចរាល់ថ្ងៃ និង​អនាគត​នៃភពផែនដី​ទៅថ្ងៃក្រោយ​

កំឡុងពេលនេះ តថៈភាពសេដ្ឋកិច្ចនៅគ្រប់ទីកន្លែង គឺប្រឈមជាមួយតម្លៃថាមពល​ ប្រេងឥន្ធនៈឡើងថ្លៃខ្លាំង។ តម្លៃថ្លៃខ្លាំងមែន តែតម្រូវការនៅតែមាន ដោយសារតែ​មិនអាចចៀសបាន។ ដូច្នេះហើយ បាន​ជាក្រុមហ៊ុនឧស្សាហកម្ម​​ថាមពលហ្វូស៊ីល យកលេសនេះ ជំរុញឲ្យបន្ថែម​ការ​​ផលិតឲ្យ​បានច្រើន វិនិយោគបន្ថែមទៀត​ ដើម្បី​​យកមក​បង្គ្រប់​តម្រូវការទីផ្សារ។

រដ្ឋាភិបាល​ប្រទេសទាំងអស់ ទោះសហរដ្ឋអាមេរិកក៏ដោយ កំពុងតែ​​ប្រឈមនឹង​ជម្រើស ដែលកាន់តែពិបាក ដោយ​សារ​តម្លៃប្រេងឥន្ធនៈឡើង​ថ្លៃ ដែលធ្វើឲ្យ​ប្រជាពលរដ្ឋតវ៉ារិះគន់។ ថាមពលដែល​បានមកពី ប្រភពស្អាតស្អំ​ នៅមិនទាន់ទូលំទូលាយ មិនទាន់គ្រប់គ្រាន់។ ហេតុដូច្នេះហើយ បាន​ជាមានការអំពាវនាវ ឲ្យ​ប្រឹងប្រែងសំរុក​ វិនិយោគលើវិស័យ​ថាមពលបៃតង ដើម្បី​ផលិ​តចរន្តអគ្គីសនី ជំនួសថាមពលហ្វូស៊ីល។ អ្វីៗ វាអាស្រ័យ​លើភាពក្លាហាន និង​ការហ៊ានលះបង់ របស់​រដ្ឋាភិបាលនីមួយៗ ដោយ​មានការចូលរួម​ពី​ប្រជាពលរដ្ឋផងដែរ។ កម្មវិធីសន្និសីទ COP27 នៅប្រទេសអេហ្ស៊ីប នៅខែវិច្ឆិកាខាងមុខនេះ គឺជា​ឱកាសដ៏សំខាន់ណាស់ ដើម្បី​បង្ហាញថាប្រទេសធំៗទាំងអស់ មានភាពក្កាហានកម្រិតណា ក្នុងការកាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

យ៉ាងណាក៏ដោយ មាន​ដំណឹងវិជ្ជមានមួយចុងក្រោយនៅថ្ងៃទី​១៨មិថុនា​ គឺរដ្ឋាភិបាលចិន បានប្រកាសថា នឹងហាមឃាត់គំរោង​​វិនិយោគថ្មីៗ ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ នៅតាមតំបន់មួយចំនួន ដើម្បីកាត់បន្ថយ​ការបំពុល​បរិស្ថាននិងអាកាសធាតុ​។ ថាមពលប្រភេទថ្មី មានដូចជាថាមពល ដើរ​ចំហាយទឹក ប៊ីយូម៉ាស និង​​ថាមពល​ដើរដោយរស្មីព្រះអាទិត្យជាដើម គឺជាអាទិភាព នៃវិស័យថាមពលរបស់ចិន។ បន្ថែមពីនេះ ចិនបានកំណត់កម្មវត្ថុថាពីនេះដល់ឆ្នាំ២០៣០ ៥០%នៃរថយន្តដែល​លក់នៅទីផ្សារចិន គឺត្រូវតែជារថយន្តដែល​ដើរដោយថាមពលប្រភេទថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ