អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី-អ៊ុយក្រែន៖ហេតុអ្វី​បាន​ជា​​រុស្ស៊ី​ទទួល​បរាជ័យ​នៅ​ក្នុង​​សង្រ្គាមផ្លេកបន្ទោរនៅ​អ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី២៤ កុម្ភៈ​បាន​ឈាន​ចូល​ដល់ ១០០ថ្ងៃ។ នៅ ១០០ថ្ងៃ​ក្រោយ​មក សង្រ្គាម​ដែល​រុស្ស៊ី​គិត​ថា​ជា​សង្រ្គាម​ផ្លេកបន្ទោរ​បាន និង​កំពុង​ក្លាយ​ជា​សង្រ្គាម​រ៉ាំរ៉ៃ អូសបន្លាយ។ ក្រៅ​ពី​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ជា​តួអង្គ​ផ្ទាល់ សង្រ្គាម​នៅ​លើ​ទឹកដី​អឺរ៉ុប​មួយ​នេះ​បាន​ធ្វើ​ឲ្យ​សណ្តាប់ធ្នាប់​ពិភពលោក​ក្រឡប់​ចាក់ និង​ច្របូកច្របល់។ ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​យល់​ឃើញ​ក្នុង​ថ្ងៃ​ពុធ ទី១ មិថុនា​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​អាច​នឹង​បន្ត​មាន​ជា​ច្រើន​ខែ​ទៀត។

ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន (រូបឆ្វេង) និង​សមភាគី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី។
ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន (រូបឆ្វេង) និង​សមភាគី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី។ AP
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ឈាន​ដល់ ១០០ថ្ងៃ។ តាំង​ពី​ថ្ងៃ​ដំបូង​មក​ដល់ ១០០ថ្ងៃ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​មិន​ដែល​ប្រើ​ពាក្យ « សង្រ្គាម » ទេ​ដោយ​បាន​ហៅ​ជា « ប្រតិបត្តិការ​យោធា​ពិសេស »។ នៅ​រុស្ស៊ី អ្នក​ណា​ហ៊ាន​ហៅ « ប្រតិបត្តិការ​យោធា​ពិសេស » នេះ​ថា​ជា​សង្រ្គាម​នឹង​ត្រូវ​ដេក​ក្នុង​គុក​រហូត​ដល់ ១៥ឆ្នាំ។ ហេតុផល​នៃ​ការ​បើក​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយក្រែន​ក្នុង​ថ្ងៃទី២៤ កុម្ភៈ​ត្រូវ​បាន​លោក​ពូទីន​បញ្ជាក់​ថា គឺ​ដើម្បី​កំចាត់​របប​ណាហ្ស៊ីសម័យ​ថ្មី។ ពិតណាស់ លោក​ពូទីន​មិន​បាន​ប្រាប់​ពី​រយៈពេល​នៃ « ប្រតិបត្តិការ​យោធា​ពិសេស » ទេ។ តែ​លោក​ធ្លាប់​បាន​គិត​ថា រុស្ស៊ី​ប្រើ​ពេល​ត្រឹម​តែ ៤៨ម៉ោង​នឹង​អាច​ទម្លាក់​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​លោក​ហៅ​ជា​របប​ណាហ្ស៊ី​សម័យ​ថ្មី​ដូច​បក​ចេក។

កម្មវត្ថុ និង​ផែនការ​របស់​លោក​ពូទីន គឺ​វាយ​យក​អ៊ុយក្រែន​ទាំង​មូល និង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ចំណុះ​ឲ្យ​រុស្ស៊ី។ តែ​ការ​ពិត​ជាក់ស្តែង​ដែល​គ្រប់​គ្នា​បាន​ឃើញ​ពេល​នេះ រដ្ឋាភិបាល​ក្រុង​កៀវ​មិន​មែន​ជា​សាច់ជ្រូក និង​ជា​ចេកទុំ​ដូច​ដែល​លោក​ពូទីន​បាន​គិត​ឯ​ណា។ នៅ ១០០ថ្ងៃ​ក្រោយ​មក រដ្ឋាភិបាល​ក្រុង​កៀវ​មិន​រលំ ហើយ​ពលរដ្ឋ​អ៊ុយក្រែន​គ្រប់​រូប​ក៏​កំពុង​បន្ត​តស៊ូ​យ៉ាង​ស្វិតស្វាញ​ជា​ទីបំផុត​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ពី​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​ទាំង​លុយកាក់ និង​គ្រឿងសព្វាវុធ។

ការ​ប្តេជ្ញា​ចិត្ត​របស់​អ៊ុយក្រែន​នេះ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ថយ​មួយ​ជំហាន​យ៉ាង​វែង​ទៅ​ក្រោយ​ដោយ​បាន​ដក​កម្លាំង​ទ័ព​ចេញ​ពី​ទីក្រុង​ធំៗ ដូច​ជា​ក្រុង​កៀវ និង​បាន​ផ្តោត​លើ​ការ​វាយប្រហារ​នៅ​តំបន់​បែកខាងកើត ពិសេស​តំបន់​ដុនបាស់។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា លោក​ពូទីន​បាន​ទទួល​បរាជ័យ​នៅ​ក្នុង​សង្រ្គាម​ផ្លេកបន្ទោរ និង​កំពុង​ប្រែ​ក្លាយ​សង្រ្គាម​មួយ​នេះ​ជា​ទៅ​សង្រ្គាម​រ៉ាំរ៉ៃ អូសបន្លាយ​ដោយ​គេ​មិន​ដឹង​ចប់​នៅ​ថ្ងៃ​ណា​ទេ។

រុស្ស៊ី​មើល​ស្រាល​អ៊ុយក្រែន និង​ភ្ញាក់ផ្អើល​ពី​ប្រតិកម្ម​របស់​បស្ចិមលោក

រុស្ស៊ី​មើល​ស្រាល​អ៊ុយក្រែន​ជា​រឿង​ពិត​មិន​អាច​ប្រកែក​បាន​ទេ។ តែ​អ្នក​ដែល​រុស្ស៊ី​បាន​មើល​ស្រាល​ជាង​នេះ និង​នឹក​ស្មាន​មិន​ដល់ គឺ​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ ពិសេស​ប្រតិកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាងលោកខាងលិច។ តាំង​ពី​ថ្ងៃ​រុស្ស៊ី​ផ្តើម​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន​មក​ដល់ ១០០ថ្ងៃ បស្ចិមលោក​បាន​ឲ្យ​លុយ និង​ស្រោច​អាវុធ​លើ​អ៊ុយក្រែន​យ៉ាង​ច្រើន​សម្បើម។ កាយវិការ​នេះ​កំពុង​បន្ត​មាន និង​បន្ត​មាន ដរាប​ណា​រុស្ស៊ី​បន្ត​សង្រ្គាម​លើ​អ៊ុយក្រែន។ ជាមួយ​រុស្ស៊ី​វិញ បស្ចិមលោក​បាន​ស្រោច និង​កំពុង​បន្ត​ស្រោច​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​បិទខ្ទប់​លើ​សឹង​គ្រប់​ច្រក​ទាំង​អស់។ ចុង​ក្រោយ​ថ្មីៗ​នេះ សហភាពអឺរ៉ុប​បាន​វាយ​ចំ​ផ្លូវ​ដង្ហើម​របស់​លោក​ពូទីន​ដោយ​កាត់​បន្ថយ​ការ​ទិញ​ប្រេង​រុស្ស៊ី​បណ្តើរៗ​រហូត​ទៅ​ឈប់​ទិញ​ទាំង​ស្រុង​តែ​ម្តង។

ជាង​ពេល​ណាៗ​ទាំង​អស់ មនុស្ស​ខ្លាំង​រុស្ស៊ី​លោក​ពូទីន​ត្រូវ​បាន​បស្ចិមលោក​ចាត់​ទុក​ជា​មនុស្សផ្តាច់ការ ឬ​ឧក្រិដ្ឋជនសង្រ្គាម​ដែល​ពិបាក​រាប់រក មិន​គួរ​រាប់រក និង​លែង​រាប់​រក​បាន​ទៀត​ឡើយ។ ក្រៅ​ពី​ទទួល​ទណ្ឌកម្ម​ចាស់ដៃ និង​អាប់អោន​កិត្តិយស សង្រ្គាម​អ៊ុយក្រែន​មួយ​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​លោក​ពូទីន​បាត់បង់​ទាហាន និង​សព្វាវុធ​ដ៏​ច្រើន​ក្រាស់ក្រែល។ យោង​តាម​ប្រភព​បស្ចិមលោក សង្រ្គាម ១០០ថ្ងៃ​បាន​ធ្វើ​ឲ្យ​ស្លាប់​ទាហាន​រុស្ស៊ី​ប្រមាណ ១៥ ០០០នាក់ បាត់បង់​រថក្រោះ​ចំនួន ១ ៥៥២គ្រឿង រថពាសដែក​ចំនួន ៤២៨គ្រឿង យន្តហោះចម្បាំង​ប្រមាណ​ជា ៣០គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន ៤៣គ្រឿង ដ្រូន​ចំនួន ៧៥គ្រឿង និង​បាត់បង់​នាវា​មុជទឹក​ចំនួន ៩គ្រឿង។

នៅ​ខាង​អ៊ុយក្រែន ការ​បាត់បង់​មាន​តិច​ជាង​ទាំង​ចំនួន​ទាហាន និង​គ្រឿងសព្វាវុធ។ មាន​ការ​លើក​ឡើង​ថា អ៊ុយក្រែន​បាន​បាត់បង់​រថក្រោះ​ចំនួន ១៨៥គ្រឿង រថពាសដែក​ចំនួន ៩៣គ្រឿង យន្តហោះចម្បាំង​ចំនួន ២២គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន ១១គ្រឿង និង​បាត់បង់​នាវា​មុជទឹក​ចំនួន ១៨គ្រឿង។ តែ​ការ​បាត់បង់​នឹង​បន្ត​មាន​ទាំង​ខាង​រុស្ស៊ី និង​អ៊ុយក្រែន ព្រោះ​ផ្លូវ​ឆ្ពោះ​ទៅ​បិទ​បញ្ចប់​សង្រ្គាម​ទាំង​ស្រុង​ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ។

សណ្តាប់ធ្នាប់​ពិភពលោក​ក្រឡាប់ចាក់ និង​វិលវល់​ដោយ​សង្រ្គាម​អ៊ុយក្រែន​

តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោកលើក​ទី២ មក នេះ​ជា​លើកទី១ ដែល​ទឹកដី​អឺរ៉ុប​បាន​ស្គាល់​សង្រ្គាម​ទ្រង់ទ្រាយ​ធំ​បែប​នេះ។ ពិត​ណាស់ សង្រ្គាម​នេះ​ពាក់ព័ន្ធ​ផ្ទាល់​រវាង​រុស្ស៊ី និង​អ៊ុយក្រែន តែ​បស្ចិមលោក​ក៏​បាន​ចូលរួម​ធ្វើ​សង្រ្គាម​មួយ​នេះ​ដោយ​ប្រយោល​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​តាម​រយៈ​ការ​ជួយ​ផ្តល់​លុយកាក់ និង​អាវុធ​យ៉ាង​ច្រើន​សម្បើម​ឲ្យ​អ៊ុយក្រែន។ វា​មិនមែន ឬ​នៅ​មិន​ទាន់​ជា​សង្រ្គាមលោក​លើកទី៣ ក៏​ពិត​មែន តែ​វា​ជា​រូបភាព​នៃ​សង្រ្គាមលោក​លើកទី៣ ដែល​គ្មាន​អ្នក​ណា​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ឡើយ។ តាម​រយៈ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន លោក​ពូទីន​ប្រហែល​បន្ត​ទទួល​បាន​ប្រជាប្រិយភាព​ធំធេង​នៅ​រុស្ស៊ី។

តែ​នៅ​លើ​ឆាកអន្តរជាតិ សង្រ្គាម​មួយ​នេះ​ហាក់​កំពុង​ពុះ​ចែក​ពិភពលោក​ជា​បី​ប្លុក​ធំ ប្លុកទី១ ក្រុម​ប្រទេស​ដែល​គាំទ្រ​រុស្ស៊ី​ផ្កាប់​មុខ ប្លុកទី២ ក្រុម​ប្រទេស​ឈរ​នៅ​កណ្តាល និង​ប្លុកទី៣ ក្រុម​ប្រទេស​ដែល​ប្រឆាំង​រុស្ស៊ី​ដែល​ភាគ​ច្រើន​ជា​ក្រុម​ប្រទេស​លោកខាងលិច។ អ្វី​ដែល​ច្បាស់ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កំពុង​ធ្វើ​ឲ្យ​សណ្តាប់ធ្នាប់ពិភពលោក​ក្រឡាប់​ចាក់ និង​ច្របូកច្របល់។ អ្វី​ដែល​រឹត​តែ​ច្បាស់ សង្រ្គាម​មួយ​នេះ​កំពុង​ទាញ​ប្លុប​ប្រជាធិបតេយ្យ និង​ប្លុក​ផ្តាច់ការ​ឲ្យ​ប្រឈម​មុខ​ដាក់​គ្នា។ តែ​ផលវិបាក​ធំ​ជាង​គេ​សម្រាប់​ពិភពលោក​ពី​សង្រ្គាម​មួយ​នេះ គឺ​ភាព​រអាក់រអួល​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច វិស័យ​ស្បៀង និង​ថាមពល រួម​សង្វាក់​ផ្គត់ផ្គង់។

ចង់ ឬ​មិន​ចង់ សង្រ្គាម​មួយ​នេះ​នឹង​រុញ​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​យ៉ាប់យឺន និង​ផុយស្រួយ​ស្រាប់​ដោយ​វិបត្តិ​កូវី១៩ ឲ្យ​ធ្លាក់​កាន់​តែ​ជ្រៅ​ថែម​ទៀត។ វិបត្តិ​ខ្វះ​ស្បៀង​ជា​ក្តី​កង្វល់​ខ្លាំង​ជាង​គេ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ