អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិខ្វះស្បៀង ភេរវនិយម និងរដ្ឋប្រហារជាប្រធានបទនៃជំនួបកំពូលសហភាពអាហ្រ្វិកនៅហ្គីណេអេក្វាទ័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាពអាហ្រ្វិក​បើក​ជំនួបកំពូល​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ទី២៧ ឧសភា​នៅ​ក្នុង​ទីក្រុង​ម៉ាឡាបូ ប្រទេស​ហ្គីណេអេក្វាទ័រ។ ជំនួបកំពូល​នេះ​ត្រូវ​រៀបចំ​ជា​ពីរ​វគ្គ​ដោយ​វគ្គទី១ ផ្តោត​លើ​វិបត្តិ​ខ្វះស្បៀង និង​វគ្គទី២ ផ្តោត​លើ​បញ្ហា​ភេរវនិយម និង​បញ្ហា​រដ្ឋប្រហារ​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន។ តែ​វិបត្តិ​ខ្វះស្បៀង​ជា​ប្រធានបទ​បន្ទាន់​ខ្លាំង​ជាង​គេ​ដែល​សហភាពអាហ្រ្វិក​ត្រូវ​ដោះស្រាយ ខណៈ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ស្រូវសាលី​បង្ក​ឡើង​ដោយ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ស្រូវសាលី
ស្រូវសាលី Shawn Baldwin/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​ខ្វះ​ស្បៀង​នៅ​អាហ្រ្វិក​មិនមែន​ជា​ព្រឹត្តិការណ៍​ថ្មី​ដែល​ទើប​កើត​មាន​នៅ​ថ្ងៃ​នេះ ឬ​នៅ​ថ្ងៃ​ម្សិលមិញ​ទេ។ គ្រាន់​តែ​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ វិបត្តិ​មួយ​នេះ​បាន​និង​កំពុង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង និង​បាន​ធ្លាក់​ដុនដាប​ថែម​ទៀត​នៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បាន​អូសបន្លាយ​តាំង​ពី​ជាង ៣ខែ។ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​អាហ្រ្វិក​ទាំង ១ ៤០០លាននាក់ មាន​ប្រមាណ​ជា ២៨២លាននាក់​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង។ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ គឺ​មាន​ការ​កើន​ឡើង​បន្ថែម​ចំនួន ៤៩លាននាក់ នេះ​ជា​តួលេខ​របស់​ទីភ្នាក់ងារ​ស្បៀង និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ។

សហភាពអាហ្រ្វិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា មាន​ពលរដ្ឋ​អាហ្រ្វិក​ប្រមាណ​ជា ១១៣លាននាក់​នៅ​ក្នុង ១៥ប្រទេស​អាហ្រ្វិក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់​សម្រាប់​ឆ្នាំ ២០២២។ មួយ​វិញ​ទៀត​នៅ​ក្នុង​ចំណោម ១១៣លាននាក់​ដែល​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់ មាន ៤៨លាននាក់​ជា​ជនភៀសខ្លួន អ្នក​សុំ​សិទ្ធិ​ជ្រកកោន និង​អ្នក​បម្លាស់ទី​ផ្ទៃក្នុង​លើ​ទ្វីបអាហ្រ្វិក។ អ្នក​បម្លាស់ទី​ផ្ទៃក្នុង​លើ​ទ្វីបអាហ្រ្វិក​នេះ​មាន​ជាង ៣០លាននាក់ ក្នុង​នោះ​មាន​ក្មេង​ក្រោម​អាយុ ១៥ឆ្នាំ​ជាង ១០លាននាក់។ ស្រ្តី មនុស្សចាស់ និង​កូនក្មេង​ជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​វិបត្តិ​ខ្វះ​ស្បៀង។

នៅ​ក្នុង​ជំនួបកំពូល​ថ្ងៃទី១ នា​ថ្ងៃ​សុក្រ ទី២៧ ឧសភា សហភាពអាហ្រ្វិក​ផ្តោត​ទាំង​ស្រុង​លើ​វិបត្តិ​ខ្វះ​ស្បៀង​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​ប្រទេស​ផ្តល់​ជំនួយ។ សំណើ​ដំណោះស្រាយ​ដែល​ដាក់​ជូន​នៅ​ក្នុង​ជំនួបកំពូល​រួម​មាន ការ​បង្កើត​ទីភ្នាក់ងារ​មនុស្សធម៌​អាហ្រ្វិក និង​ការ​បង្កើត​មូលនិធិពិសេស​បន្ទាន់​មួយ​ដែល​មាន​ការ​ចូលរួម​វិភាគទាន​ពី​ក្រុម​ប្រទេស​សមាជិក​សហភាពអាហ្រ្វិក។

ការ​ប្រែប្រួល​អាកាសធាតុ និង​ជម្លោះ​ប្រដាប់អាវុធ​ជា​ដើមចម​នៃ​កំណើន​ជំនួយ​មនុស្សធម៌

មាន​កត្តា​សំខាន់​ចំនួន​ពីរ​ដែល​បញ្ជាក់​ពី​វត្តមាន​វិបត្តិ​កង្វះ​ស្បៀង មិន​ថា​នៅ​អាហ្រ្វិក ឬ​នៅ​កន្លែង​ផ្សេង។ កត្តា​ទី១ គឺ​កត្តា​ផ្ទៃក្នុង និង​កត្តា​ទី២ គឺ​កត្តា​ខាង​ក្រៅ។ កត្តា​ផ្ទៃក្នុង​ដែល​គេ​ចង់​និយាយ គឺ​ទាក់ទង​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ប្រទេស​នីមួយៗ។ ចំណែក​កត្តា​ខាង​ក្រៅ គឺ​គេ​ចង់​ផ្តោត​សំខាន់​លើ​កត្តា​ធម្មជាតិ រួម​ទាំង​ព្រឹត្តិការណ៍​អាក្រក់​ទាំង​ឡាយ​ណា​ដែល​បាន​រួម​ចំណែក​ឲ្យ​មាន​កំណើន​វិបត្តិ​ខ្វះ​ស្បៀង។ ឧទាហរណ៍​ជាក់​ស្តែង​មិន​អាច​ប្រកែក​បាន គឺ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​តាំង​ពី​ថ្ងៃទី២៤ កុម្ភៈ​ដែល​កំពុង​រុញ​ពិភពលោក​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ខ្វះ​ស្បៀង ពិសេស​ខ្វះ​ស្រូវសាលី។

ទាក់ទង​នឹង​ទ្វីបអាហ្រ្វិក​ត្រូវ​បាន​សហភាពអាហ្រ្វិក​បញ្ជាក់​ពី​មូលហេតុ​សំខាន់​ចំនួន​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​តម្រូវការ​ជំនួយ​មនុស្សធម៌​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ទី១ គឺ​បញ្ហា​អាកាសធាតុ និង​ទី២ គឺ​ជម្លោះប្រដាប់អាវុធ។ បញ្ហា​អាកាសធាតុ ដូច​ជា​ទឹកជំនន់ ឬ​ភាព​រាំងស្ងួត​ប្រហែល​ជា​គេ​ពិបាក​ដោះស្រាយ​បន្តិច ព្រោះ​វា​ជា​បាតុភូត​ធម្មជាតិ។ តែ​រឿង​ជម្លោះ​ប្រដាប់​អាវុធ ឬ​អំពើ​ហិង្សា​ជា​រឿង​ដែល​មិន​គួរ​កើត​មាន និង​ដែល​គេ​អាច​ដោះស្រាយ​បាន។

តិច ឬ​ច្រើន ជម្លោះ​ប្រដាប់អាវុធ​មាន​ចំណែក​ទទួល​ខុសត្រូវ​នៅ​ក្នុង​វិបត្តិ​ខ្វះ​ស្បៀង​នៅ​អាហ្រ្វិក​ពេល​នេះ។ ចង់ ឬ​មិន​ចង់ ជម្លោះ​ប្រដាប់អាវុធ​ជា​ប្រភព​អសន្តិសុខ និង​អស្ថិរភាព​ដែល​បង្ក​ការ​គំរាមកំហែង​ដល់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម។ នេះ​ដោយ​មិន​រាប់បញ្ជូល​ពី​កំណើន​អំពើ​ភេរវកម្ម​នៅ​លើ​ទ្វីបអាហ្រ្វិក និង​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​ដោយ​បំពាន​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន ដូច​ជា​នៅ​ម៉ាលី ស៊ូដង់ បួរគីណាហ្វាសូ និង​ប្រទេស​ហ្គីណេ​នា​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ។

អាមេរិក​ចោទ​រុស្ស៊ី​ពី​បទ​យក​ស្បៀង​ធ្វើ​ជា​អាវុធ

ពិត​ណាស់ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កំពុង​រុញ​ពិភពលោក និយាយ​ជា​រួម និង​ទ្វីបអាហ្វ្រិ និយាយ​ដោយ​ឡែក​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ខ្វះ​ស្បៀងអាហារ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​នេះ។ តែ​រុស្ស៊ី​បាន​អះអាង​ថា បើ​បស្ចិមលោក​លើក​ទណ្ឌកម្ម​ចេញ​វិញ រុស្ស៊ី​អាច​នឹង​ជួយ​ពិភពលោក​ឲ្យ​គេច​ផុត​ពី​វិបត្តិ​ខ្វះ​ស្បៀង។ នេះ​ជា​សម្តី​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោក​ម៉ារីយ៉ូ ដ្រាហ្គី​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ឧសភា។ សូម​រម្លឹក​ថា បស្ចិមលោក​បាន​ដាក់​ទណ្ឌកម្ម​ចាស់​ដៃ​ប្រឆាំង​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

តែ​លោក​ពូទីន​យល់​ថា ទណ្ឌកម្ម​របស់​បស្ចិមលោក​មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ។ ខណៈ​នេះ បស្ចិមលោក​ហាក់​មិន​បាន​ឆ្លើយ​ត្រង់​នឹង​លក្ខខណ្ឌ​របស់​លោក​ពូទីន​ទេ។ តែ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក​ចន ខឺប៊ី​បាន​ចោទ​រុស្ស៊ី​ពី​បទ​យក​ស្បៀង​ធ្វើ​ជា​អាវុធ និង​ថា អាមេរិក​កំពុង​ជជែក ពិភាក្សា​ជាមួយ​ក្រុម​ដៃគូ និង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដើម្បី​រក​ដំណោះស្រាយ​ឆ្លើយ​តប​នឹង​ទង្វើ​របស់​រុស្ស៊ី​នេះ។ តាម​រយៈ​សម្តី​របស់​លោក​ចន ខឺប៊ី​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា សំណើ​សុំ​លើ​ទណ្ឌកម្ម​ជាថ្នូរ​នឹង​ការ​នាំ​ចេញ​គ្រាប់ធញ្ញជាតិ និង​ជី កសិកម្ម​របស់​លោក​ពូទីន​ប្រហែល​មិនមែន​ជា​ដំណោះស្រាយ​ទេ។

គួរ​បញ្ជាក់​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​ដែល​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​លំដាប់ទី៣ ក្នុង​លោក​មិន​អាច​នាំ​ចេញ​បាន ហើយ​រុស្ស៊ី​ដែល​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​លំដាប់ទី១ ក្នុង​លោក​ក៏​មិន​អាច​នាំ​ចេញ​បាន​ដោយសារ​ជាប់​ទណ្ឌកម្ម​បស្ចិមលោក។ អ៊ុយក្រែន​កំពុង​មាន​ស្រូវសាលី​ក្នុង​ដៃ​រាប់សិប​ម៉ឺនតោន​ដែល​កំពុង​ជាប់គាំង​នៅ​កំពង់ផែ​របស់​ខ្លួន។ បន្ថែម​លើ​នេះ មាន​ប្រទេស​ផ្សេង ដូច​យ៉ាង​ឥណ្ឌា​បាន​ព្យួរ​ការ​នាំ​ចេញ​ស្រូវ​សាលី​ដើម្បី​ទុក​ចិញ្ចឹម​ពលរដ្ឋ​របស់​ខ្លួន។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ពិភពលោក​ត្រូវ​ដោះស្រាយ​រឿង​វិបត្តិ​ខ្វះ​ស្បៀង​ដែល​មិនមែន​មាន​តែ​នៅ​ទ្វីបអាហ្រ្វិក​មួយ​ទេ។

អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ក្នុង​រយៈពេល​តែ ២ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​មនុស្ស​ប្រឈម​នឹង​អសន្តិសុខ​ស្បៀងអាហារ​បាន​កើន​ទ្វេ​ដង​ពី ១៣៥លាននាក់​នៅ​មុន​ផ្ទុះ​ជំងឺ​កូវីដ១៩​ឡើង​ដល់ ២៧៦លាននាក់​នា​ពេល​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ