អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីលីពីន៖ កូន​ប្រុស​អតីត​មេដឹកនាំ​ផ្តាច់ការ​ ម៉ារកូស​ ជាប់ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជនហ្វីលីពីនប្រមាណ​៦៤លាននាក់ ត្រូវបាន​ហៅឲ្យចូលរួមបោះឆ្នោត​ទូទៅ កាលពីថ្ងៃចន្ទ ទី​៩ឧសភា ដើម្បីជ្រើសរើសសមាជិកសភា សមាជិកព្រឹទ្ធសភាពាក់កណ្តាល ព្រមទាំងអភិបាលខេត្ត ហើយនឹងឈានទៅតែង​តាំង​​​ប្រធានាធិបតីថ្មី។ ជាលទ្ធផល គឺលោក ហ្វែរឌីណង់ ម៉ារកូស ជូនញ៉រ (Ferdinand Marcos Junior) ដែលជាកូនប្រុសរបស់អតីតមេដឹកនាំ​ផ្តាច់ការ​ម៉ារកូស ដែលបានទទួលសំឡេងឆ្នោត ៥៦% ក្លាយជាប្រធានាធិបតី​ថ្មី​។​ ការត្រលប់មកកាន់អំណាចវិញ របស់​ក្រុមគ្រួសារ​មេដឹកផ្តាច់ការ​ ម៉ារកូស នៅពេលនេះ បានធ្វើឲ្យ​មតិសាធារណៈហ្វីលីពីនខ្លះ ដែលបាន​ស្គាល់រស់ជាតិរបបផ្តាច់ការ​ មានការខកចិត្តជាខ្លាំង​ និងព្រួយ​បារម្ភ​​ អំពីវាសនាអនាគតរបស់ប្រទេសហ្វីលីពីន​។​

លោក Ferdinand Marcos Jr. ហៅក្រៅថា បុងបុង ពេលធ្វើមីទ្ទីញឃោសនាបោះឆ្នោត នៅថ្ងៃទី ៧ ឧសភា ២០២២
លោក Ferdinand Marcos Jr. ហៅក្រៅថា បុងបុង ពេលធ្វើមីទ្ទីញឃោសនាបោះឆ្នោត នៅថ្ងៃទី ៧ ឧសភា ២០២២ AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

ប្រើច្បាប់អាជ្ញាសិក ដើម្បីបន្តកាន់អំណាច

ឪពុករបស់​លោក ហ្វែរឌីណង់ ម៉ារកូស ជូនញ៉រ ហៅក្រៅថា “បុងបុង” មានឈ្មោះថា ហ្វែរឌីណង់ ម៉ារកូស សេនញ៉រ (Ferdinand Marcos Senior) ដែលជាទូទៅ​គេហៅ​ថា លោកប្រធានាធិបតី​​ម៉ារកូស​។ លោកម៉ាកូស បានចូលប្រឡូកក្នុងនយោបាយ​ហ្វីលីពីន នៅរវាងចុងទសវត្សឆ្នាំ​ ហើយក្រោយមក​ ជាប់ឆ្នោតជាប្រធានាធិបតី​នៅឆ្នាំ​១៩៦៥ ពេញចំក្នុងអំឡុងពេល​សង្គ្រាម​ត្រជាក់ រវាងពួកសេរីដែលមាន​អាមេរិក​ជាមេធំ និ​ងពួកកុម្មុយនីស្តខាងសូវៀត។

នៅឆ្នាំ​១៩៦៩ លោកម៉ារកូស បានជាប់ឆ្នោតម្តងទៀត ដោយ​មានការគាំទ្រពី​អាមេរិកផងដែរ។ ធម្មតា​ នៅហ្វ៊ីលីពីន គឺប្រធានាធិបតី​មាន​សិទ្ធិកាន់អំណាចតែ២អាណត្តិទេ។ ដោយ​ដឹងថាជាអាណត្តិចុងក្រោយរបស់ខ្លួន ស្រាប់តែ​នៅខែកញ្ញា ឆ្នាំ​១៩៧២ លោកម៉ាកូស ក៏បាន​ប្រកាសច្បាប់អាជ្ញាសិកទូទាំងប្រទេស ដោយ​យកលេសថា ដើម្បី​បោសសំអាតពួកកុម្មុយនីស្តបះបោរ។ ការដាក់ប្រទេសឲ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសិក ដោយ​មិនត្រូវការសភា និងមិនចាំបាច់​មានការបោះឆ្នោតនេះ​ បានធ្វើឲ្យ​លោក​អាចបន្តកាន់អំណាច រហូតដល់ខែមករា ឆ្នាំ​១៩៨១ ទើបលោក​ប្រកាសដកចេញវិញ។ ក្នុង​អំឡុងពេល​ប្រើច្បាប់អាជ្ញាសិកជិត១០ឆ្នាំ មាន​អ្នកនយោបាយ​ សកម្មជន រាប់ម៉ឺននាក់ ដែលត្រូវគេចាប់ដាក់ឃុំ ធ្វើទារុណកម្ម និងសម្លាប់ចោល ក្រៅប្រព័ន្ធច្បាប់​។

ចលនាបាតុកម្ម “អំណាចប្រជាជន”

ការបោះឆ្នោតនៅឆ្នាំ​១៩៨១ ក្រុមគណបក្សប្រឆាំងបានធ្វើពហិកាមិនចូលរួម ហើយធ្វើឲ្យ​លោកម៉ាកូស ប្រកាសឈ្នះឆ្នោត​ម្តងទៀត។ ក្រោយមក​ នៅថ្ងៃទី​២១ សីហា ឆ្នាំ​១៩៨៣ អ្នកនយោបាយ​ប្រឆាំងដ៏ល្បីឈ្មោះ គឺលោក Benigno Aquino ដែលទើបតែត្រលប់ចូលស្រុកវិញ មកដល់ព្រលានយន្តហោះ ក៏ត្រូវបាន​ដៃជើងរបស់​លោក​ ម៉ាកូស បាញ់សម្លាប់នៅទីនោះតែម្តង។ នៅក្នុងការបោះឆ្នោត ឆ្នាំ១៩៨៦ ដោយមាន​លោកស្រីភរិយារបស់​លោក Benigno Aquino ឈរឈ្មោះដែរ គឺលោកម៉ាកូសបានជាប់ឆ្នោតម្តងទៀត។ តែក្រុមបក្សប្រឆាំង និងអ្នកសង្កេតការណ៍អន្តរជាតិ បាន​អះអាងថាមានការបន្លំសន្លឹកឆ្នោតខ្លាំងសម្បើមណា។

លោកស្រីអាគីណូ បាន​ប្រកាសបដិសេធលទ្ធផល ហើយបានអំពាវនាវ ឲ្យ​ប្រជាជន​ធ្វើបាតុកម្ម​ធំទូទាំងប្រទេស នៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ១៩៨៦ ដែលចលនានេះ ត្រូវបាន​គេហៅឈ្មោះថា អំណាចប្រជាជន “People Power”។ ចលនាបាតុកម្មទូទាំងប្រទេសរបស់ប្រជាជននេះ មានរយៈពេល​តែ៣ថ្ងៃប៉ុណ្ណោះ លោកម៉ាកូស​ និងក្រុមគ្រួសារ បានវិចបង្វិច រត់ចោលស្រុកតែម្តង ដោយ​នាំគ្រួសារទៅ​រស់នៅលើកោះហាវ៉ៃ។ បាតុករបានសំរុកចូលទៅ​ក្នុងវិមាន​ប្រធានាធិបតី ហើយបានឃើញនឹងភ្នែក នូវទ្រព្យសម្បត្តិមហាសាល មាសពេជ្រ គ្រឿងអល្លង្កា ស្បែកជើង ខោអាវថ្លៃៗ ទាំងទូៗ របស់​ប្តីប្រពន្ធកូនចៅ​គ្រួសារត្រកូល​ ​ម៉ារកូស។ តាមការប៉ាន់ស្មាន ក្រុមគ្រួសារ បក្សពួក​ត្រកូកម៉ារកូសនេះ បាន​កិបកេង​ លួចប្លន់យកប្រាក់រដ្ឋ ចំនួនប្រមាណ ១ម៉ឺនលានដុល្លារឯណោះ។

បុងបុង កូនប្រុសតែមួយ​នៃ​មេដឹកនាំ​ផ្តាច់ការម៉ារកូស

ក្រោយ​លោកម៉ារកូស ស្លាប់នៅហាវ៉ៃ នៅខែកញ្ញាឆ្នាំ​១៩៨៩ ក្រុមគ្រួសារ​ម៉ារកូស បានត្រលប់មកហ្វីលីពីន​វិញ នៅចុងឆ្នាំ​១៩៩១ ដោយទៅរស់នៅ​ខេត្ត Ilocos Norte។ បន្តិចម្តងៗ លោក បុងបុង ដែលជាកូនប្រុសរបស់មេដឹកនាំផ្តាច់ការម៉ារកូស បាន​ចូលប្រឡូកក្នុង​នយោបាយ​ហ្វីលីពីន ដោយបានជាប់ឆ្នោត​ជាសមាជិកសភានៅឆ្នាំ​១៩៩២ ហើយ​ក្រោយ​មកក្លាយជាអភិបាល​ខេត្ត Ilocos Norte និងកា្លយជាសមាជិកព្រឹទ្ធិសភានៅឆ្នាំ ២០១០។​ កាលពីពេលបោះឆ្នោត នៅឆ្នាំ​២០១៦ លោកបុងបុង បានឈរឈ្មោះ ជាអនុប្រធានាធិបតី​ ប្រជែងជាមួយ ឡេនី រ៉ូប្រេដូ វិះតែនឹងជាប់ទៅហើយ។

ក្រុមគ្រួសារម៉ារកូសនេះ ជាពិសេសគឺ លោកស្រី Imelda Marcos ម្តាយ​របស់​លោក​បុងបុងនេះ​តែម្តង គឺប៉ិនប្រសព្វណាស់ នៅក្នុងការ​កសាងទំនាក់ទំនង រៀបចំបណ្តាញបក្សពួកជាមួយអ្នកនយោបាយ អ្នកមានអំណាចនៅហ្វីលីពីន ដើម្បីអាចបន្តមានមុខមានមាត់ក្នុងសង្គម ហើយ​ឈានទៅ​ក្តាប់អំណាចនយោបាយ​ឡើងវិញ។ លោកស្រីម្នាក់នេះ ក៏ធ្លាប់បាន​សាកល្បង ឈរឈ្មោះធ្វើប្រធានាធិបតីដែរ តែមិនជាប់។

លោក ហ្វែរឌីណង់ ម៉ារកូស ជូនញ៉រ ហៅក្រៅថា បុងបុង បច្ចុប្បន្នមានអាយុ៦៤ឆ្នាំ។ បើតាម​​​លោក John Ray Ramos សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យ Ateneo ក្រុងម៉ានីល ដែលបានផ្តល់បទសម្ភាសន៍ឲ្យ​កាសែត Le Monde បាន​លើកឡើងថា លោក បុងបុង បានធំធាត់ដឹងក្តី នៅក្នុងបរិបទដែលឪពុកលោក ក្រុមគ្រួសារលោក កំពុងតែកាន់អំណាចពេញដៃ មាន​ទ្រព្យមហាសាល ​ចង់ធ្វើអ្វីក៏បានដែរ។ លោកបុងបុង ក៏បានដឹងបានឃើញ​យ៉ាង​ច្បាស់​ដែរ នូវ​​របៀប​ធ្វើ​នយោបាយ​ ផ្តាច់ការ បក្ស​ពួកនិយម ពុករលួយ ផ្ទុយពីលទ្ធិប្រជាធិបតេយ្យ ដែលក្រុមគ្រួសារខ្លួនបានធ្វើ ដើម្បី​ធ្វើយ៉ាងណា ការពារអំណាចក្នុងដៃ។ ជាក់ស្តែង គឺលោកបុងបុងនេះឯង ដែលបាន​ផ្តល់យោបល់ ឲ្យ​ឪពុកខ្លួន បញ្ជាយន្តហោះទៅទំលាក់គ្រាប់បែក លើ​បន្ទាយ​ទាហាន បន្ទាយនគរបាល ដែល​បះបោរប្រឆាំង នៅឆ្នាំ​១៩៨៦។ តែសំណាងល្អលោកម៉ារកូសមិនធ្វើតាម​ ហើយសុខចិត្ត​វិចបង្វិចរត់។

ឃោសនាបោកបញ្ឆោតតាមបណ្តាញសង្គម

៣៦ឆ្នាំក្រោយមក ក្រុមគ្រួសារ​ ម៉ារកូស បានត្រលប់មកកាន់អំណាចវិញ។ មានកត្តាជាច្រើនគួបផ្សំគ្នា ដែលអនុញ្ញាតឲ្យ​លោកបុងបុងឈ្នះឆ្នោត​។ អ្វីដែលសំខាន់បំផុតនោះ គឺការប្រឹងប្រែង លាងសំអាតកេរ្តិ៍ឈ្មោះដ៏​អសោក របស់​ក្រុមគ្រួសារម៉ារកូស ព្រមទាំង​របបដឹកនាំរបស់ឪពុកលោក។​ បក្សពួករបស់​លោក បុងបុង បាន​ប្រើ​ប្រាស់បណ្តាញ​សង្គម ខ្លាំងសម្បើមណាស់ ដើម្បីពង្វក់ ទាក់ទាញមតិមហាជន ជាពិសេសនោះ គឺយុវជនក្មេងៗតែម្តង ដែលមួយចំនួន​ធំ មិនបានឆ្លងកាត់ មិនបានស្គាល់រសជាតិ​របបផ្តាច់ការ​ម៉ារកូសទេ។ ជាយុទ្ធនាការឃោសនា ដែលគេបានធ្វើ​ក្នុងទិសដៅ លើកដំកើង ថាសម័យកាលជំនាន់ឪពុកលោកបុងបុងដឹកនាំ​ គឺជាសម័យកាលរុងរឿង រីកចម្រើនគ្រប់វិស័យ មិនដូចឥឡូវទេ ដែលហ្វីលីពីនក្រីក្រ លំបាក។

ប៉ុន្តែសម្រាប់អ្នកប្រវត្តិសាស្ត្រ គឺវាជាយុទ្ធនាការឃោសនាបំភ្លៃ បោកបញ្ឆោត​មតិមហាជន ដែលមិនដឹងវែងឆ្ងាយ។ អ្នកដែលបានរងគ្រោះ ដោយការបង្ក្រាប ដោយការធ្វើទារុណកម្ម និង​ដោយអំពើអយុត្តិធម៌ផ្សេងៗ នៅក្នុងសម័យដែល​លោកម៉ារកូសប្រើច្បាប់អាជ្ញាសិកប្រមាណ​១០ឆ្នាំនោះ គឺគេនៅចាំមិនភ្លេចទេ ថាក្រុមគ្រួសារមារកូសនេះ អាក្រក់ពុករលួយស្រលាញ់លុយ ស្រលាញ់អំណាចកម្រិតណា។

ឃោសនាកុហក សូម្បីតែសញ្ញាប័ត្ររបស់​លោក​បុងបុង។ គេផ្សាយអួតថា លោកបុងបុង បានរៀនយកសញ្ញាប័ត្រនៅសកលវិទ្យាល័យOxford ប្រទេសអង់គ្លេស។ តែការពិតសកលវិទ្យាល័យបាន​បញ្ជាក់ថាលោកបុងបុង រៀនបានទទួលត្រឹមតែលិខិតបញ្ជាក់ការសិក្សាតែប៉ុណ្ណោះ មិនបាន​ចប់ទទួលសញ្ញាប័ត្រទេ។ លោកបុងបុង មិនបានផ្តល់បទសម្ភាសន៍ឲ្យ​បណ្តាញព័ត៌មានផ្លូវការធំៗក្នុងស្រុកទេ ហើយ​ក៏បដិសេធ​ មិនតតាំងគំនិត​យោបល់ជាសាធារណៈ ជាមួយ​បេក្ខជនឈរឈ្មោះម្នាក់ទៀតដែរ គឺលោក ឡេនី រ៉ូប្រេដូ។ លោកបុងបុង ឃោសនាដោយប្រើតែបណ្តាញសង្គមតែប៉ុណ្ណោះ។ លោក​ម្នាក់នេះដឹងច្បាស់ថា មនុស្សសម័យបច្ចុប្បន្ន ​វក់វី ល្ងីល្ងើតាមតែ​គ្នា នៅលើបណ្តាញសង្គម ដោយ​គ្មានសមត្ថភាពពិចារណាវែកញែករកហេតុផលអ្វីទេ។

បន្ថែមពីនេះ​ លោក បុងបុង បានចងសម្ព័ន្ធភាព ជាមួយកូនស្រីរបស់​លោក រ៉ូឌ្រីហ្គោ ឌូទែរតេ ឈ្មោះ សារ៉ា ឌូទែរតេ ហើយ​អនុញ្ញាតឲ្យ​បានតំណែងជា​អនុប្រធានាធិបតី។ មិនត្រឹមតែប៉ុណ្ណោះ លោក បុងបុង ក៏បានទទួលការប្រកាសគាំទ្រពី លោកស្រី Gloria Macapagal Arroyo អតីតប្រធានាធិបតី​ Joseph Estrada ដែលសុទ្ធតែជាអតីប្រធានាធិបតីហ្វីលីពីន។ មុខមាត់ បក្សពួក សំខាន់ខ្លាំងណាស់នៅហ្វីលីពីន ដែលប្រជាជនទូទៅទន់ទោរទៅតាម​ដោយងាយ។ នេះបើតាមការលើកឡើង របស់លោកស្រី Carol Pagaduan Araullo អតីតជនរងគ្រោះម្នាក់នៃជំនាន់ច្បាប់អាជ្ញាសិក។

បើតាមការវិភាគរបស់​លោក Raymond Palatino អ្នកនិពន្ធនិងជាសកម្មជន​ប្រជាធិបតេយ្យម្នាក់នៅហ្វីលីពីន គឺថា លោកបុងបុង ក៏ប្រហែលជានឹងដឹកនាំប្រទេសដោយដើរតាមផ្លូវលោក ឌូទែរតេ ពោលគឺជាមួយនឹងអំពើហិង្សា គោលនយោបាយផ្លូវកាត់ ផ្ទុយពី​លទ្ធិប្រជាធិបតេយ្យ ពោរពេញដោយ​អំពើពុករលួយ បក្សពួកនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ