អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​មានះ​ អនុវត្ត​គោល​នយោបាយ « កូវីដសូន្យ » បើទោះ​បី​ជា​សេដ្ឋកិច្ច​ជួប​បញ្ហា​រាំងស្ទះ​ខ្លាំងក៏ដោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេលជាងមួយខែមកហើយ ដែលទីក្រុងសៀងហៃ បេះដូងសេដ្ឋកិច្ចរបស់ចិន​ ត្រូវបាន​រាំងខ្ទប់ទាំងស្រុង យ៉ាងតឹងតែងបំផុត ដើម្បី​បង្អាក់​ការឆ្លងរាលដាល ជម្ងឺកូវីដ​១៩។ នៅរដ្ឋធានីប៉េកាំងឯនោះវិញ អាជ្ញាធរចិនបាន​បន្ថែមវិធានការរិតបន្តឹងកាន់តែខ្លាំងផងដែរ ខណៈដែលទីក្រុងមួយចំនួនទៀត ត្រូវបាន​បិទមួយផ្នែក ឬទាំងស្រុង។ កម្មវិធីប្រកួតកីឡា អាស៊ីហ្គេម ដែលគេគ្រោងធ្វើនៅប្រទេសចិន នៅខែកញ្ញាខាងមុខ ក៏ត្រូវបាន​គេសម្រេចលើកពេល​ដែរ។ វិធានការ​បិទខ្ទប់យ៉ាងតឹងតែងនេះ នៅតែត្រូវបាន​រដ្ឋាភិបាលចិន មានះអនុវត្តវា បើទោះបីជាមាន​មតិកាន់តែច្រើន បានលើកឡើងថា វាកំពុងតែបង្កការប៉ះពាល់ខ្លាំងសម្បើមណាស់ ទៅលើសេដ្ឋកិច្ចរបស់​ចិន។

នរគបាលយាមសន្តិសុខ គ្រប់ច្រកចេញចូល នៅតាម​សង្កាត់ក្នុងទីក្រុងប៉េកាំង ដែលអាជ្ញាធរបានចេញបញ្ជារបិទខ្ទប់។ ប៉េកាំង ថ្ងៃទី ២៧ មេសា ២០២២
នរគបាលយាមសន្តិសុខ គ្រប់ច្រកចេញចូល នៅតាម​សង្កាត់ក្នុងទីក្រុងប៉េកាំង ដែលអាជ្ញាធរបានចេញបញ្ជារបិទខ្ទប់។ ប៉េកាំង ថ្ងៃទី ២៧ មេសា ២០២២ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

វិធានការ « កូវីដសូន្យ » របស់ចិន កំពុងតែ​ប៉ះពាល់ខ្លាំងណាស់ មកលើដង្ហើមសេដ្ឋកិច្ចចិន។ ទីណាមានអ្នកឆ្លងកូវីដ​ ត្រឹម​តែ ១ ឬ ២ករណី គឺអាជ្ញាធរចិន បិទខ្ទប់យ៉ាងតឹងតែង តាមសង្កាត់ ឬទីក្រុងទាំងស្រុងតែម្តង។ ជាក់ស្តែង នៅក្រុងសៀងហៃ ដែលត្រូវបិទខ្ទប់ទាំងស្រុង អស់ជាង១ខែមកហើយ។ ប្រជាជននៅសៀងហៃ ទាំង​២៥លាននាក់ គ្មានពន្លឺថានឹង​អាចចេញដើរហើរវិញ ដូចធម្មតាក្នុងពេលឆាប់ៗនេះទេ ព្រោះថាធ្វើតេស្តរាល់ថ្ងៃ មានអ្នក​ឆ្លងថ្មីជាប់ជាប្រចាំ។

នៅប៉េកាំង ក៏កំពុងតែភ័យណាស់ដែរ ខ្លាចថានឹងត្រូវបិទទាំងស្រុងដូចនៅសៀងហៃ។ សន្ទុះឆ្លងរាលដាលមិនស្រាកស្រាន អាជ្ញាធរចិននៅប៉េកាំង​ បានចេញបញ្ជាបិទស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួន​នៅប៉េកាំង នឹងបិទហាងទំនិញ ភោជនីយដ្ឋានមួយចំនួនទៀតផង។ នេះនៅមិនរាប់​ ទីក្រុង​តូចៗមួយចំនួន​ទៀត ដែល​ត្រូវបិទខ្ទប់ មួយផ្នែក ឬទាំងស្រុងដែរ។

អ្នកជំនាញសេដ្ឋកិច្ចជាច្រើន បានរំពឹងថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន ​ប្រាកដជាធ្លាក់ចុះខ្លាំង ក្នុង​ឆ្នាំ​២០២២នេះ។ ចិនបានកំណត់កម្មវត្ថុសម្រេចកំណើនសេដ្ឋកិច្ចចំនួន ៥.៥%។ ក៏ប៉ុន្តែ អ្នកជំនាញ​បាន​បារម្ភថា ចិនប្រហែលមិនអាចសម្រេចកម្មវត្ថុនេះទេ បើមើលស្ថានការណ៍បច្ចុប្បន្ន ដែលសេដ្ឋកិច្ចចិនរាំងស្ទះខ្លាំងណាស់។ អ្នកជំនាញ​នៅធនាគារ Nomura សង្ស័យថា វិធានការបិទខ្ទប់ទាំងស្រុងរបស់ចិននេះ អាចនឹងទាញទំលាក់កំណើនសេដ្ឋកិច្ចចិន ប្រហែលដល់ ២.៣ពិន្ទុ។

ឧបសគ្គប្រចាំថ្ងៃដ៏ធ្ងន់ ដោយសារតែវិធានការសុខាភិបាលតឹងតែង

ការធ្វើដំណើរជាទូទៅរបស់ប្រជាជន ព្រមទាំងការដឹកជញ្ជូនទំនិញគ្រប់សព្វបែបយ៉ាង គឺជួប​ការ​លំបាកខ្លាំងណាស់។ បើគ្មានមូលហេតុចាំបាច់បំផុត គឺចេញដើរហើរទៅណាមិនបានទេ។ ហាង​ទំនិញ ហាងម្ហូបអាហារបិទទ្វារ ពាណិជ្ជកម្មគ្មានដំណើរការ គ្មានចរន្តសេដ្ឋកិច្ច។ មួយ​វិញ​ទៀត​ ដោយសារតែបញ្ហាដឹកជញ្ជូននេះ រោងចក្រ គ្មានសម្ភារៈ គ្មានវត្ថុធាតុដើមផលិត បើផលិត​បាន​ហើយ​ក៏ពិបាកដឹកចែកចាយ​ មិនថានៅក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស។ វិស័យដឹក​ជញ្ជូន​ផ្គត់ផ្គង់​ទំនិញរបស់ចិននាពេលនេះ កំពុង​ជួបបញ្ហាកកស្ទះ យឺតយ៉ាវខ្លាំងណាស់។ បន្ថែមពីនេះទៀត គឺបញ្ហាខ្វះបុគ្គលិកធ្វើការ ព្រោះថា ឲ្យ​តែមានឆ្លងកូវីដ ឬជាករណីប៉ះពាល់ផ្ទាល់ឬប្រយោល​ជាមួយអ្នកវិជ្ជមាន គឺនគរបាលនឹងមកយកដល់ផ្ទះ យកទៅទុកនៅកន្លែងធ្វើចត្តាឡីស័ក​។

វិធានការបិទខ្ទប់ដ៏តឹងតែង នឹងយូរពេលទាំងនេះ ក៏កំពុងតែធ្វើឲ្យ​ក្រុមហ៊ុនអន្តរជាតិធំៗ ពិបាកទ្រាំនឹងការលំបាកដែរ។ បញ្ហាទីមួយ គឺបុគ្គលិក​បរទេស ដែលភាគច្រើននៅសៀងហៃ នៅប៉េកាំង ត្រូវសំងំក្នុងផ្ទះរហូត មិនអាចទៅណាបាន។ ចង់ចេញទៅណាមកណាឆ្ងាយៗ ត្រូវមានលទ្ធផលតេស្ត PCR យ៉ាងហូរបំផុត៤៨ម៉ោង។ បញ្ហាមួយទៀត គឺក្រុមហ៊ុនមិនអាចព្យាករណ៍អ្វីបាន ពោលគឺងងឹតសូន្យតែម្តង មិនដឹងថាពេលណាខែណា អ្វីៗនឹងវិលមកភាពប្រក្រតី សកម្មភាពជំនួញ ពាណិជ្ជកម្មអាចត្រលប់មកដូចដើមវិញទេ។

យោងតាមការសិក្សាធ្វើឡើងដោយ ការិយាល័យ ខុនសាល់ធីង Roland Berger  កាលពីចុងខែមេសា គឺថាក្នុងចំណោមសាខាក្រុមហ៊ុន​បរទេសចំនួន​ ៣៧២ ដែលមានវត្តមាននៅចិន គឺ​៦០%បានព្យាករ ទំលាក់ប្រាក់ចំណូលក្នុងឆ្នាំ​២០២២។ គេមិនដឹងថាតើថ្ងៃស្អែក នឹងមានបុគ្គលិកធ្វើការគ្រប់ឬអត់ នឹងមានទំនិញវត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីផលិត​ទៅតាមការបញ្ជាទិញឬអត់។ ទាំង​អស់​នេះ គឺជាការលំបាកប្រចាំថ្ងៃ សម្រាប់ក្រុមហ៊ុនសហគ្រាស ដែលធ្វើឲ្យ​បរិយាកាសធ្វើ​ជំនួញ​នៅចិន​នាពេលនេះ គឺថាវាតានតឹងខ្លាំងណាស់។

គឺដោយហេតុនេះហើយ បានជាសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសចិន បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលចិន កាលពីថ្ងៃទី​៥ឧសភា ថ្មីៗនេះ សូមឲ្យ​រដ្ឋាភិបាលចិន ពិចារណាឡើងវិញ រឿងគោលនយោបាយកូវីដ​សូន្យ ដ៏តឹងតែងនេះ។ សភាពាណិជ្ជកម្មអឺរ៉ុប បានលើកជាអនុសាសន៍ ឲ្យរដ្ឋាភិបាលចិន ងាកទៅ ពង្រឹងការចាក់វ៉ាក់សាំងបង្កា ទៅលើមនុស្សចាស់ និងអ្នកងាយ​រកគ្រោះវិញ ចៀសវៀងកុំបិទខ្ទប់ទាំងស្រុងបែបនេះ។

លោកស៊ី ជីនពីង ប្តេជ្ញាបន្តអនុវត្តគោលនយោបាយ​ "កូវីដសូន្យ"

យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន​ចិន ស៊ីនហ័រ លោកស៊ី ជីនពីង បានថ្លែង​កាលពីថ្ងៃព្រហស្បតិ៍ថា ត្រូវតែបន្តអនុវត្ត គោលនយោបាយកូវីដសូន្យ នេះតទៅទៀត ដោយ​គ្មាននរណាអាចមកបង្អាក់ ឬមកស្តីបន្ទោស​បានទេ។ លោក​ប្រធានាធិបតីចិនប​បានបន្ថែមទៀតថា រដ្ឋាភិបាលចិន នឹងប្រយុទ្ធដោយអង្គអាច ចំពោះមតិរិះគន់ ស្តីបន្ទោស ទាំងឡាយណា ដែលចោទមកលើ​គោលនយោបាយ​កូវីដសូន្យ​នេះ។

បើតាម​ការវិភាគ គោលជំហរ រឹងមានះ របស់​លោក​ប្រធានាធិបតីចិននេះ គឺមានលក្ខណៈនយោបាយ​ច្រើន។ រដ្ឋាភិបាលចិនបានអួតថា តាំងពីផ្ទុះកូវីដ​ដំបូង រហូតដល់ឥឡូវ គឺមានអ្នកស្លាប់ លើស​៥០០០នាក់​បន្តិចបន្តួចប៉ុណ្ណោះ។ នេះគឺដោយសារតែការអនុវត្តដ៏មានប្រសិទ្ធភាពនៃគោលនយោបាយ​ដ៏តឹងតែង។ គណបក្សកុម្មុយនីស្តចិន ចង់យកគោលនយោបាយ​នេះ ជានិម្មិតរូបនៃជោគជ័យ នៃរបបនយោបាយខ្លួន ដែលអាចការពារអាយុជីវិតប្រជាជនចិន មិនធ្វើដូចប្រទេសលោកខាងលិចផ្សេងៗ ដែលមិនបិទរិតត្បឹតខ្លាំង ហើយ​ធ្វើឲ្យ​មាន​អ្នកស្លាប់ដោយ​កូវីដ ​រាប់ម៉ឺន រាប់​សែននាក់។

លើកពេលរៀបចំការប្រកួត កីឡា អាស៊ីហ្គេម

ទូរទស្សន៍ CCTV បាន​ផ្សាយ​តាមរយៈទំព័រ Weibo នៅព្រឹកថ្ងៃសុក្រនេះថា ក្រុមប្រឹក្សាកីឡាអូឡាំពិប្រចាំតំបន់អាស៊ី បានប្រកាសលប់ចោលការប្រកួតកីឡាអាស៊ីហ្គេម នៅប្រទេសចិន ចាប់ពីថ្ងៃទី ១០ ទៅដល់ ២៥កញ្ញា។ កាលបរិច្ឆេទថ្មី នឹងត្រូវគេជូនដំណឹងនៅពេលក្រោយ។ ទូរទស្សន៍ CCTV ក៏មិនបាន​បញ្ជាក់ពីហេតុផល នៃការលើកពេលប្រកួតនេះដែរ។

រដ្ឋាភិបាលចិន មិនបានប្រាប់ហេតុផលមែន​ តែវាប្រាកដណាស់ហើយ ដែល​ថាការលើកពេលរៀបចំការប្រកួតកីឡា អាស៊ីហ្គេមនេះ គឺវាមានហេតុផលពាក់ព័ន្ធជាមួយ​កូវីដ​នេះឯង។ ធម្មតាកម្មវិធីប្រកួតនេះ នឹងត្រូវធ្វើនៅទីក្រុង ហាំងចូវ ស្ថិតនៅចំងាយ​ប្រមាណ​តែ២០០គីឡូម៉ែត្រ ពីទីក្រុង​សៀងហៃ​ប៉ុណ្ណោះ។ អ្នករៀបចំកម្មវិធី បាន​គ្រោងរៀបចំដាក់វិធានការសុខាភិបាលតឹងតែង ដោយយកគំរូតាមអ្វីដែល​គេបានធ្វើ ក្នុងពេល​ប្រកួតកីឡាអូឡាំពិករដូវរងា នៅប៉េកាំង កាលពីដើមឆ្នាំនេះ។ ក៏ប៉ុន្តែ តាមការវិភាគ គឺកាលៈទេសៈពេលនេះ មិនដូចពេលប្រកួតកីឡាអូឡាំពិកនៅប៉េកាំាងទេ។ កាលនោះ កូវីដមិនទាន់ឆ្លងខ្លាំងទេ ខុសពីពេលនេះ។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាលចិន បានសម្រេច មិនប្រថុយឲ្យមានគណប្រតិភូកីឡាបរទេសរាប់ម៉ឺននាក់មក ហើយ​មានមនុស្សពពាក់ពពូនចូលរួមមើលការប្រកួតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ