អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈមនឹង​ការរិះគន់​ថា​មិនថ្កោល​ទោស​រុស្ស៊ី លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា មក​​​ទស្សនកិច្ច​​នៅ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី នឹងធ្វើដំណើរ​ទៅទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃចន្ទ ទី​២ឧសភា។ ជាទស្សនកិច្ច ដែលគេរំពឹងថា សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន គឺជាបញ្ហាស្នូលដែល​បណ្តាប្រទេសអឺរ៉ុប នឹងលើកយក​ទៅនិយាយជាមួយ​លោកនាយករដ្ឋមន្ត្រីឥណ្ឌា។ ដូចយើង​បានដឹងមកហើយ ថាឥណ្ឌាមិន​បានប្រកាសថ្កោលទោសរុស្ស៊ី ចំពោះអំពើឈ្លានពានលើអ៊ុយក្រែន និងបាន​បោះឆ្នោត​អនុប្បវាទនៅអង្គការសហប្រជា​ជាតិ ថែមទៀត។  ជាងនេះទៀត មិនត្រឹមតែ​មិន​បាន​ចូលរួម​ក្នុងទណ្ឌកម្មសេដ្ឋកិច្ច ​របស់សហគមអន្តរជាតិ ដែលដាក់ទៅលើរុស្ស៊ី ឥណ្ឌាបែរជា​បានបង្កើតការទិញទំនិញ​ប្រេងរបស់រុស្ស៊ី ផងដែរ។

លោក Olaf Scholz ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ និងលោក​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថតរូបជុំគ្នាជាមួយសមាជិករដ្ឋាភិបាលទាំង​សងខាង នៅទីក្រុងប៊ែរឡាំង ថ្ងៃទី ២ ឧសភា ២០២២
លោក Olaf Scholz ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ និងលោក​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថតរូបជុំគ្នាជាមួយសមាជិករដ្ឋាភិបាលទាំង​សងខាង នៅទីក្រុងប៊ែរឡាំង ថ្ងៃទី ២ ឧសភា ២០២២ AP - Michael Sohn
ផ្សាយពាណិជ្ជកម្ម

សំណុំរឿងសង្គ្រាម​នៅ​អ៊ុយក្រែន ជាបញ្ហាធំ

លោកនាយករដ្ឋមន្ត្រីឥណ្ឌា នឹងមក​ធ្វើទស្សនកិច្ចនៅអឺរ៉ុប ដោយចាប់ផ្តើមពីថ្ងៃចន្ទទី​២ឧសភា​ ជាមួយនឹង​ដំណើរ​ទៅដល់ទីក្រុងប៊ែរឡាំង បន្ទាប់មកទៀត ទៅ​ទីក្រុង​កូប៉េនហាហ្ក ប្រទេសដាណឺម៉ាក ដើ​ម្បីចូលរួម​ប្រជុំក្នុងជំនួបកំពូល ឥណ្ឌា-អឺរ៉ុប​ខាងជើង មុននឹងបញ្ចប់ដំណើរនៅទីក្រុងប៉ារីស ដែល​លោក​ណារិន្រ្ទ ម៉ូឌី នឹងជួបលោក​ ម៉ាក្រុង​នៅថ្ងៃ​ទី​​៤ឧសភា។

មុនពេលចេញដំណើរឡើងយន្តហោះ លោក ណារិន្ទ្រ ម៉ូឌី បាន​ថ្លែងថា ទស្សនកិច្ចរបស់​លោកនៅអឺរ៉ុប នាពេលនេះ គឺវាស្ថិតក្នុង​បរិបទមួយ ដែល អឺរ៉ុប​កំពុងតែ​ប្រឈម នឹង​បញ្ហាជាច្រើនដែលត្រូវតែដោះស្រាយ​និងជំនះឲ្យ​បាន​។ លោក​បាន​បន្ថែមថា អ្វីដែលជាកម្មវត្ថុ​ធំនៃទស្សនកិច្ចលោក គឺការរឹតចំណង ​ការ​ពង្រឹង ស្មារតី​សហប្រតិបត្តិការ​ជាមួយគ្នា រវាងឥណ្ឌា និង​ក្រុមប្រទេសអឺរ៉ុប ព្រោះអឺរ៉ុបគឺជា​មិត្តជាគូកន ដ៏សំខាន់​នៅ​ក្នុង​ការប្រឹងប្រែងរបស់ឥណ្ឌា ដើម្បី​​សន្តិភាព និង​ភាពរីកចម្រើនថ្កុំថ្កើន។

ដូច្នេះ តាមការរំពឹងទុក ក្រៅពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម គឺ​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន នឹងស្ថិត​នៅ​ជាប់ជានិច្ច ក្នុង​ការជជែកគ្នា រវាងលោក​នាយករដ្ឋមន្ត្រីឥណ្ឌា ជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុប។ ថ្ងៃចន្ទនេះ លោក ម៉ូឌី នឹងទៅដល់ទីក្រុងប៊ែរឡាំង ដើម្បីជួប​ជាមួយ​លោក​ អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់។ កាសែត Indian Express ចេញផ្សាយ​នៅថ្ងៃចន្ទនេះ ក៏បានចុះផ្សាយដែរ ថា លោក អូឡាហ្វ ស្ហុលស៍ បានបញ្ជាក់ថា សង្គ្រាម​ឈ្លានពានដែល​រុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន គឺជាសំណុំរឿងធំបំផុត ដែលលោក​នឹងលើក​មកជជែកជាមួយ​លោកណារិន្ទ្រ ម៉ូឌី។

ស្មាមួយអំរែក២

គួរបញ្ជាក់ថា ឥណ្ឌាកំពុងស្ថិតនៅ​ ក្នុងកាលៈទេសៈមួយ​ លំបាក ចន្លោះរវាងរុស្ស៊ី ដែលជាមិត្តដ៏សំខាន់ និង ក្រុមប្រទេសលោកខាងលិច មាន​អាមេរិក មានអឺរ៉ុបជាដើម ដែលក៏គឺជា​សម្ព័ន្ធមិត្ត​ សេដ្ឋកិច្ច​ និងយុទ្ធសាស្ត្រ សម្រាប់ឥណ្ឌា។ ឥណ្ឌា បានបដិសេធ មិន​ប្រកាសថ្កោលទោសរុស្ស៊ីទេ ហើយ​ក៏បានបោះឆ្នោតអនុប្បវាទ មិនគាំទ្រសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែល​ថ្កោលទោសរុស្ស៊ីថែមទៀត។ តាមពិតវាជាគោលជំហរ ដែល​ឥណ្ឌាតែងតែព្យាយាម​ប្រកាន់ខ្ជាប់ ក្នុងនាមជាប្រទេសមិន​ចូលបក្សសម្ព័ន្ធ។ ចលនាមិនចូល​បក្សសម្ព័ន្ធនេះ គឺមានតាំងតែពីជំនាន់​​សង្គ្រាម​ត្រជាក់ រវាងអា​មេរិក និងសហភាពសូវៀត ហើយដែលឥណ្ឌាគឺជាអ្នក​ដឹកនាំ ផ្តួចផ្តើម​គំនិត។

ចំណោទមួយទៀត សម្រាប់ឥណ្ឌា គឺថារុស្ស៊ី ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ណាស់ សម្រាប់ខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្វីបើ​ឥណ្ឌា​បានព្យាយាម​ ងាកទៅ​ទិញគ្រឿងសព្វាវុធ ពីអ្នកផ្សេង មានដូចជា​បារាំង អ៊ីស្រាអែល និងអាមេរិក​ក៏ដោយ តែ​ឥណ្ឌានៅតែរំពឹង​ខ្លាំង ទៅលើគ្រឿងសព្វាវុធរុស្ស៊ី។ យោងតាមតួលេខរបស់អង្គការ Stimson ៨៥% នៃគ្រឿងសព្វាវុធ ដែលឥណ្ឌាមានរាល់ថ្ងៃនេះ គឺបានមកពី​អតីតសហភាពសូវៀត និង​ពីរុស្ស៊ី។ មូលហេតុចម្បង​មួយ ដែលធ្វើឲ្យ​​ឥណ្ឌា នៅតែបន្តទិញ​សម្ភារៈយោធារុស្ស៊ី គឺតម្លៃ។ លោក Michael Kugelman អ្នកជំនាញ​ផ្នែកអាស៊ីខាងត្បូង នៅ Wilson Center បាន​លើកឧទាហរណ៍មួយ ស្តីពីប្រព័ន្ធខែលម៊ីស៊ីល S400 ដែលឥណ្ឌាទិញពីរុស្ស៊ី គឺក្នុងតម្លៃថោកខ្លាំងណាស់ គ្មាន​អ្នកលក់ណាផ្សេង អាចលក់ក្នុងតម្លៃនេះបានទេ។

ទាក់ទិននឹងតម្លៃថោកនេះដែរ​ យើងបានឃើញហើយ កាលពី​ដើមខែមីនា​ នៅពេលរុស្ស៊ីចាប់ផ្តើមរងទណ្ឌកម្មសេដ្ឋកិច្ចពីក្រុមប្រទេសលោកខាងលិច ពិបាកលក់ប្រេង ឥណ្ឌាបានទិញប្រេងរុស្ស៊ីចំនួន​៥លានធុងបារីលភ្លាម ក្នុងតម្លៃដែលរុស្ស៊ីលក់ឡៃឡុង។ ត្រង់ចំណុចនេះ លោក Michael Kugelman បាន​លើកឡើងថា ថាមពិតរឿងគោលជំហរមិនចូលបក្សសម្ព័ន្ធ ដែលឥណ្ឌាតែងតែអះអាងនោះ វាគ្មានន័យអ្វីទេ ព្រោះធាតុពិតឥណ្ឌាស្វែងរកតែប្រយោជន៍តែប៉ុណ្ណោះ ត្រង់ណាចំណេញគឺទៅត្រង់នោះហើយ ដោយមិនខ្វល់ពីគោលការណ៍ មនសិកា ឧត្តមគតិអ្វីទេ។

ពន្យល់អឺរ៉ុប ឲ្យយល់ពីគោលជំហររបស់​ឥណ្ឌា

លោក Vinay Kwatra រដ្ឋលេខាធិការក្រសួង​ការបរទេសឥណ្ឌា បានប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃចន្ទនេះថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា ទៅជួបថ្នាក់ដឹកនាំប្រទេសអឺរ៉ុបនាពេលនេះ គឺដើម្បី​ជជែក ព្រមទាំងពន្យល់ពីគោលជំហររបស់​ឥណ្ឌា ទាក់ទិននឹងសំណុំរឿងអ៊ុយក្រែន។ ដូច្នេះ​វាមានន័យថា លោក ណារិន្ទ្រ ម៉ូឌី ដឹងថាគោលជំហររបស់ខ្លួន ដែល​នៅតែរាប់អានស្និទ្ធស្នាលជាមួយរុស្ស៊ី គឺវាកំពុងតែធ្វើ​ឲ្យ​គេមិនសប្បាយចិត្ត។

ចំណុចសំខាន់មួយទៀតដែរ ដែលឥណ្ឌាមិនអាចប្រហែសបាន​ គឺទំនាក់ទំនងខ្លួន​ជាមួយអាមេរិក។ ចូរកុំភ្លេចថា អ្វីដែល​ឥណ្ឌាបារម្ភបំផុត គឺចិន។ ពុំនោះ មិនមែន​ឥណ្ឌា សុខចិត្តព្រមចូលរួមជាមួយ​អាមេរិក នៅក្នុងសម្ព័ន្ធ​ចតុភាគី ក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយ​អូស្ត្រាលី និងជប៉ុនទេ។ ចង់មិនចង់ ឥណ្ឌា​បានក្បត់ គោលការណ៍​​មិនចូលបក្ស​សម្ព័ន្ធ ដែលខ្លួនតែងតែអះអាងរួច​ទៅហើយ ដោយសារតែចង់ទប់ឥទ្ធិពលវាទទីរបស់ចិន។

នៅក្នុង​វិបត្តិសង្គ្រាម​នៅអ៊ុយក្រែននេះ វា​បាន​រំលេចឲ្យ​ឃើញនូវបញ្ហាប្រឈម២ សម្រាប់ឥណ្ឌា គឺទីមួយ ចិន និង​រុស្ស៊ី អាច​កាន់តែ​កៀកកើយ​គ្នា រួមកម្លាំង​​គ្នាខ្លាំង ដើម្បីប្រឆាំងអាមេរិក ហើយអាចអូសទាញ​ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន ទៅជាមួយផង ដែលធ្វើឲ្យ​ឥណ្ឌាបារម្ភខ្លាំង។ ហើយទី២ គឺថាបើឥណ្ឌានៅតែប្រឹងតោងរុស្ស៊ីពេក ក៏វាអាចធ្វើឲ្យអាមេរិក ​អន់ចិត្ត ធ្វើឲ្យខាតប្រយោជន៍ឥណ្ឌា ដែលត្រូវការអាមេរិកជួយ ក្នុងយុទ្ធសាស្ត្រទប់ទល់ជាមួយចិន​ដែរ។

ឥណ្ឌា អាចធ្វើជាអាជ្ញាកណ្តាល​សម្របសម្រួល?

គួរកត់សំគាល់ដែរ ថាឥណ្ឌាក៏អាចឆក់យកឱកាស ដែលខ្លួន​ស្និទ្ធស្នាលទាំងសងខាង ហើយ​​ស្នើខ្លួន​ធ្វើជាអាជ្ញា​កណ្ដាល​ រវាងរុស្ស៊ី ​និងសម្ព័ន្ធមិត្តលោកខាងលិច ដើម្បី​ដោះស្រាយ​វិបត្តិនៅអ៊ុយក្រែន។ លោក Michael Kugelman បានពន្យល់ថា ឥណ្ឌាស្ថិតនៅ​ក្នុ​ងឋានៈមួយ ដែលស្និទ្ធជាមួយរុស្ស៊ីខ្លាំង ជាងប្រទេសដ៏ទៃទៀត ដែលកំពុងតែព្យាយាមធ្វើជាអាជ្ញាកណ្តាលបញ្ចុះបញ្ចូលរុស្ស៊ី ដែលមានដូចជា បារាំង តួកគី និង​អ៊ីស្រាអែល ជាដើម។ ដូច្នេះ ឥណ្ឌា គួរឆក់យកចំណុចមានប្រៀបនេះ ដើម្បីស្តារទំនុកចិត្ត និង​ទំនាក់ទំនង ជាមួយ​សម្ព័ន្ធមិត្តលោកខាងលិចវិញ។

មួយវិញទៀត ឥណ្ឌាកន្លងមក តែងតែ​មិនសូវសប្បាយចិត្តទេ ដែលគេមិនសូវផ្តល់តម្លៃឲ្យខ្លួន ក្នុងនាមជាមហាអំណាចម្នាក់នឹងគេដែរ។ បើឥណ្ឌា អាចជួយចូលរួមដោះស្រាយ​កិច្ចការធំរបស់ពិភពលោក ជាក់ស្តែងបញ្ហាវិបត្តិសង្គ្រាម​នៅអ៊ុយក្រែន ដែល​រុស្ស៊ី និង​ក្រុមប្រទេសលោកខាងលិច កំពុងតែប្រឈមមុខដាក់គ្នានេះ វាគឺអាចជាមុខមាត់ និងជាជោគជ័យធំសម្បើមណាស់ សម្រាប់ឥណ្ឌា ក៏ដូចជាសម្រាប់​លោកណារិន្ទ្រ​ ម៉ូឌី​ ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ