អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ប្រធានាធិបតីនៃ​សាធារណរដ្ឋ​​បារាំងទី​៥​ មាន​អំណាច​ណា​យ៉ាង​ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង​​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ អាណត្តិ​ថ្មី នៅ​ថ្ងៃអាទិត្យ​ទី ២៤​មេសានេះ។ ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​តាំងពី​ព្រឹក។ ដូច​សម័យ​បោះឆ្នោត​៥​ឆ្នាំមុន ចំនួន​​អ្នក​អវត្តមាន​ជា​​ចំណោទដ៏​ធំ និង​អាច​ធ្វើ​ឱ្យ​​លទ្ធផល​ឆ្នោត​ប្រែក្រឡាស់​បាន។ តើ​ជា​លោក អេម៉ានុយអែល ម៉ាក្រុង ឬ​ ជា​លោកស្រី​ម៉ារីន ឡឺប៉ែន ដែល​នឹង​ក្លាយ​ជា​​ប្រធានាធិបតី​បារាំង​ថ្មី? ប្រធានាធិបតី​​របស់​សាធារណរដ្ឋ​បារាំង មាន​អំណាច​យ៉ាង​ណា ?

លោក​អេម៉ានុយអែល​ម៉ាក្រុង និង​លោកស្រី​ ម៉ារីន ឡឺប៉ែន បេក្ខជនប្រធានាធិបតី​បារាំង ឆ្នាំ​២០២២
លោក​អេម៉ានុយអែល​ម៉ាក្រុង និង​លោកស្រី​ ម៉ារីន ឡឺប៉ែន បេក្ខជនប្រធានាធិបតី​បារាំង ឆ្នាំ​២០២២ © AFP / LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​ពីរ​សតវត្សរ៍​ចុងក្រោយ​មក​នេះ បារាំង​មាន​របប​ដឹកនាំ​នយោបាយ​​ឆ្លាស់​គ្នា ជា​របប​រាជានិយម​ផ្តាច់ការ ឬ​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ និង​របប​សាធារណរដ្ឋ។ បី​ឆ្នាំ​​ក្រោយ​បដិវត្ត​ប្រជាជនឆ្នាំ​១៧៨៩ ​ផ្តួល​រំលំ​របប​រាជានិយមមក ​របប​សាធារណរដ្ឋ​បាន​លេច​ជា​រូប​រាង​ឡើង ឬ​ហៅ​ថា​របប​សាធារណរដ្ឋ​ទី១ នៅ​ឆ្នាំ​១៧៩២-១៨០៤។ បាន​តែ​ប៉ុន្មាន​ឆ្នាំ បារាំង​ក៏​ត្រលប់​ទៅប្រកាន់​​របប​រាជានិយម​វិញ​ ដោយ​មាន​ស្តេច​ណាប៉ូឡេអុង​ប្រកាស​ខ្លួន​ជា​អធិរាជ។ គេ​ត្រូវ​រង់ចាំ​ដល់​៤៤​ឆ្នាំ​ទើបមាន​បដិវត្តជា​ថ្មី ហើយ​បក្ស​នយោបាយ​បារាំង អាច​នាំ​ប្រទេស​ទៅ​រក​របប​សាធារណរដ្ឋ​វិញ។ ប៉ុន្តែ​របប​សាធារណរដ្ឋ​ទី២ នេះ​មាន​អាយុ​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ (១៨៤៨-១៨៥២)។ របប​រាជានិយមផ្តាច់ការ និង​​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​បារាំង ត្រូវ​បាន​បោះបង់​ចោល​ទាំង​ស្រុង និង​ជា​ស្ថាពរ​ នៅ​ឆ្នាំ​ ១៨៧០ ពោល​គឺ​ការ​កកើត​របប​សាធារណរដ្ឋ​ទីបី ​ (១៨៧០-១៩៤០) មាន​អាយុ​វែង​ជាង​គេ បន្ត​ដោយ​របប​សាធារណរដ្ឋ​ទី​៤ (១៩៤៦-១៩៥៨)។

ក្នុង​របប​សាធារណរដ្ឋ​ទីបី និង​ទី​បួន អំណាច​ដឹកនាំ​ប្រទេស​ស្ថិត​នៅ​លើ​កណ្តាប់​ដៃ​សភា ដែល​ប្រជាជន​បោះឆ្នោត​ឱ្យ។ សភា​ជា​អ្នក​ចាត់​ចែង​បង្កើត​រដ្ឋាភិបាលដែល​សម័យ​នោះ​មាន​ឈ្មោះ​ថា​ជា​ក្រុមប្រឹក្សា។ ចំណែក​ប្រធានាធិបតី​វិញ គ្មាន​អំណាច​ទេ គឺ​មាន​តែ​តំណែង​ជា​និម្មិតរូប និង​ជា​កិត្តិយស​ប៉ុណ្ណោះ។

របប​សាធារណរដ្ឋ​ទី​៥

គំរូ​នយោបាយ​​​សាធារណរដ្ឋ​ទី៤ បាន​ជាប់​គាំង​យ៉ាង​ខ្លាំង ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ បារាំង​មាន​រដ្ឋាភិបាល​ដល់​ទៅ ២៤ ខ្លះ​តោង​ជាប់​បាន​តែ​ប៉ុន្មាន​សប្តាហ៍​ក៏​ត្រូវ​រំលាយ​ចោល​ទៅ​វិញ ព្រោះ​គ្មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​គាំទ្រ​។ ប្រឈម​នឹង​ស្ថានភាព​បែបនេះ បូក​ផ្សំ​នឹង​បរិបទ​ចប់​សករាជ​អាណានិគម និង​សង្គ្រាម​នៅ​ប្រទេស​អាល់ហ្សេរី បារាំង​បាន​សម្រេច​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី តាម​រយៈ​ប្រជាមតិ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍​ Charles De Gaulle បង្កើត​ជា​សាធារណរដ្ឋ​ទី​៥ ឡើង​នៅ​ឆ្នាំ​១៩៥៨។

លក្ខណៈ​ពិសេស​នេះ​របប​សាធារណរដ្ឋ​ទី​៥​នេះ គឺ​ផ្តល់​អំណាចច្រើន​ ​ដល់​ប្រធានាធិបតី និង​រដ្ឋាភិបាល ​ជាង​សភា និង​ព្រឹទ្ធសភា។ ប្រធានាធិបតី​បារាំង​ក្នុង​សាធារណរដ្ឋ​ទី៥ ត្រូវ​បាន​ពង្រឹង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ចាប់​ពី​ឆ្នាំ​១៩៦២មក ព្រោះ​ប្រធានាធិបតី​ត្រូវ​ជ្រើស​តាំង តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជា​សកល តាម​ប្រព័ន្ធ​ឯកត្តនាម។ កាលសម័យ​សាធារណរដ្ឋ​ទី​បួន ប្រធានាធិបតី​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​របស់​សភា។

ជាង​នេះ​ទៅ​ទៀត ប្រធានាធិបតី​បារាំង មាន​សិទ្ធិ​រំលាយ​សភា​ តែ​សភា​គ្មាន​អំណាច​ផ្តួល​ប្រធានាធិបតីវិញ​ទេ។ តាំងពី​ឆ្នាំ​២០០០មក អំណាច​ប្រធានាធិបតី​មានកាន់​តែរឹង​មាំ ព្រោះក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី រដ្ឋធម្មនុញ្ញបាន​​​អនុញ្ញាតឱ្យ​បារាំងបន្ត​​រៀប​ចំ​បោះឆ្នោត​សភា​តាមក្រោយ​ភ្លាម។

​រដ្ឋធម្មនុញ្ញ​បារាំង​បែង​ចែក​អំណាច​ដឹកនាំ​ប្រទេស​ច្បាស់​លាស់​ណាស់ ! ប្រធានាធិបតី​ជា​អាជ្ញាកណ្តាល សម្រាប់​ធានា​ភាព​រលូន​នៃដំណើរការ​អំណាច​សាធារណៈ និង​រដ្ឋ ព្រមទាំង​ជា​អ្នក​ធានាអព្យាក្រឹតភាព​ជាតិ បូរណភាព​ដែន​ និង​ការ​គោរព​សន្ធិសញ្ញា​ផ្សេងៗ។ ប្រធានាធិបតី​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ និង​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បញ្ជា​អាវុធ​នុយក្លេអ៊ែរ។ ប្រធានាធិបតី​ជា​អ្នក​តែង​តាំង​ប្រមុខ​រដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) ដែល​ជា​​អ្នក​កំណត់​និង​ដឹកនាំ​នយោបាយផ្ទៃក្នុង។​​ ឯសភា​ជាអ្នក​បោះឆ្នោត​អនុម័ត​ច្បាប់ និង​អាច​រំលាយ​រដ្ឋាភិបាល​បាន។

ដូច្នេះ​ដើម្បី​មាន​អំណាច​ពេញ​លេញ ក្នុង​ការបង្កើត​ច្បាប់​ ឬ​​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន ​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​ថ្ងៃ​នេះ ត្រូវ​ប្រឹង​ប្រែង​យ៉ាង​ណា​ឱ្យមាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ទៀត​ នៅក្នុង​សម័យ​បោះឆ្នោតសភា​ខែក្រោយទើប​បាន។

​​រដ្ឋាភិបាល​ចម្រុះ

បើ​គ្មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​អាច​ពិបាក​ដឹកនាំប្រទេស។ ពេល​នោះ​បារាំង​នឹង​ត្រូវ​មាន​រដ្ឋាភិបាល​ចម្រុះ ដោយ​ប្រធានាធិបតី​និងនាយករដ្ឋមន្ត្រី​ មាននិន្នាការ​នយោបាយ​ប្រឆាំង ឬ​ខុស​​គ្នា។ ស្ថានភាព​បែប​នេះធ្លាប់​កើត​មាន​បី​ដង​ហើយ ក្នុង​របប​សាធារណរដ្ឋ​បារាំង​ទី​៥ ៖ ទីមួយ កាលពី​ឆ្នាំ​១៩៨៦-១៩៨៨, ១៩៩៣-១៩៩៥ និង​១៩៩៧-២០០២។ ទាំង​បី​លើក ប្រធានាធិបតី​បាន​តែង​តាំង​នាយករដ្ឋមន្ត្រី​ដែល​មាន​ពណ៌​សម្បុរ​នយោបាយ​​ដូច​ក្រុម​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា។ រដ្ឋធម្មនុញ្ញមិន​បង្ខំ​ឱ្យ​ប្រធានាធិបតី​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​បើ​តែង​តាំង​នាយករដ្ឋមន្ត្រី​បក្ស​ឯង​ក៏​សភា​គង់​ច្រាន​ចោល​ដែរ ឬ​ត្រូវ​រំលាយ​សភា​ចោល​បោះឆ្នោត​ឡើង​វិញ និង​រិត​តែ​មាន​វិបត្តិ​ កាន់​តែធ្ងន់ធ្ងរ។

ជា​ផលវិបាក​ កម្មវិធី​នយោបាយ​របស់ប្រធានាធិបតី​ ច្បាស់​ជាពិបាក​សម្រេច​ ព្រោះ​ប្រទេស​មាន​ក្បាល​ដឹកនាំពីរ ដែល​ត្រូវ​តែរក​ផ្លូវ​​សម្របសម្រួល​គ្នា​រហូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ