អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំណើន​សេដ្ឋកិច្ច​ចិននៅមាំល្អ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ តែអាចគ្រោះថ្នាក់ដោយសារតែកូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅត្រីមាសទី​១ដើមឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចចិន មានសន្ទុះប្រមាណ ៤,៨% ។ នេះបើផ្អែកតាមតួលេខផ្លូវការ​ ផ្សាយ​ដោយ​ការិយាល័យស្ថិតិជាតិចិន។ គួរបញ្ជាក់ថា តួលេខនៃកំណើនសេដ្ឋកិច្ចចិន តែងតែត្រូវ​ពិភពលោក តាមដាន​យ៉ាងម៉ដ្ឋចត់ជាប្រចាំ ព្រោះថាសេដ្ឋកិច្ចចិន មានទម្ងន់​ខ្លាំងណាស់ មកលើសេដ្ឋកិច្ចសកលលោក។ បើនៅ៣ខែដើមឆ្នាំនេះ ទោះជាសេដ្ឋកិច្ចចិនមានកំណើន តែវាជាកំណើនមួយ ដែលមានកម្រិតទាប បើប្រៀបធៀបទៅឆ្នាំមុន​ៗ។ ជាងនេះទៀត ប្រមាណមួយខែមកនេះ វិធានការបិទខ្ទប់ដ៏តឹងតែង នៅតាមទីក្រុងធំៗនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ បានធ្វើឲ្យរាំងស្ទះខ្លាំងណាស់ ដល់សេដ្ឋកិច្ចចិន។ មានឧបសគ្គជាច្រើន ដែលសេដ្ឋកិច្ចចិនត្រូវឆ្លងកាត់ នៅក្នុងត្រីមាសខាងមុខ។

រូបភាពផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហ័រ ៖ ក្រុមមនុស្សដែលជាសះស្បើយពីកូវីដ ចាកចេញពីមណ្ឌលចត្តាឡីស័ក នៅទីក្រុងសៀងហៃ ថ្ងៃទី ៩ មេសា ២០២២
រូបភាពផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហ័រ ៖ ក្រុមមនុស្សដែលជាសះស្បើយពីកូវីដ ចាកចេញពីមណ្ឌលចត្តាឡីស័ក នៅទីក្រុងសៀងហៃ ថ្ងៃទី ៩ មេសា ២០២២ AP - Jin Liwang
ផ្សាយពាណិជ្ជកម្ម

កំណើន ៤,៨% ក្នុងត្រីមាសទី​១

ការិយាល័យស្ថិតិជាតិចិន បានចេញផ្សាយ​តួលេខនៅព្រឹកថ្ងៃចន្ទនេះ ថាចំណូលដុលក្នុងស្រុករបស់ចិន បានកើនឡើង ចំនួន ៤,៨% នៅត្រីមាសទី១ ដើមឆ្នាំនេះ បើប្រៀបធៀបទៅ​ក្នុងរយៈពេល​១ឆ្នាំ។ នេះ ជាតួលេខផ្លូវការ​របស់រដ្ឋាភិបាលចិន ។ ដោយឡែក បើតាមអ្នកជំនាញ​ឯករាជ្យ ដែលទីភ្នាក់ងារព័ត៌មានបារាំង បានសាកសួរ គឺសេដ្ឋកិច្ចមានកំណើន​ ប្រមាណ ៤,៣% ក្នុងរយៈពេល​៣ខែដើមឆ្នាំនេះ។

យោងតាមតួលេខផ្លូវការ តួលេខកំណើន​សេដ្ឋកិច្ចពីត្រីមាសមួយ ទីត្រីមាសមួយទៀត គឺថាមានការថយចុះ​បន្តិច។ បើប្រៀបធៀបទៅត្រីមាសទី​៤​ ចុងឆ្នាំ​២០២១ សេដ្ឋកិច្ចចិនមានកំណើន ប្រមាណ​១,៣% ពោលគឺថយចុះបន្តិច។ ត្រីមាសទីបួនចុងឆ្នាំ​២០២១ មានកំណើន​ ១,៦ % បើ​ប្រៀបធៀបទៅ​ត្រីមាសទី៣។

ជារួម យើងសង្កេតឃើញថា សេដ្ឋកិច្ចចិនមានលំនឹង និងស្ទុះឡើងជាប្រចាំបើទោះបីជាមិនខ្លាំងណាស់ណា។ យោងតាមអាជ្ញាធរចិន នៅក្នុងខែ៣កន្លងមកនេះ កម្លាំង​ផលិត​កម្ម​ឱស្សាហកម្មចិន បានស្ទុះឡើងប្រមាណ​៥% ក្នុង​រវាង១ឆ្នាំចុងក្រោយ​នេះ។ គឺសន្ទុះកំណើនផ្នែកឧស្សាហកម្មនេះហើយ ដែល​បានទាញ​សេដកិច្ចចិន ឲ្យ​មានកំណើនដែរ។

កូវីដកៀបសង្កត់សេដ្ឋកិច្ចចិនកាន់តែខ្លាំង

ប្រមាណ​មួយខែមកនេះ កូវីដបានវិលត្រលប់មកកៀបសង្កត់ចិនខ្លាំងណាស់។ រដ្ឋាភិបាលចិន នៅតែអនុវត្ត​ “ វិធានការកូវីដសូន្យ​” យ៉ាងតឹងតែងបំផុត​។ មានទីក្រុងធំៗរបស់ចិនច្រើនណាស់ ដែល​កំពុងតែអនុវត្តវិធានការ ទាំងខ្លាំងទាំងបង្គួរ។ នៅប៉េកាំង បើទោះមិនមាន​ការ​បិទខ្ទប់ទាំងស្រុងមែន តែអាជ្ញាធរចិន បានចេញវិធានការ​ ហាមឃាត់មួយចំនួន មិន​ឲ្យ​ប្រជាជនធ្វើចរាចរណ៍ ចេញចូលច្រើនពេកទេ។ ដោយឡែក គឺនៅ​ ឆិនចិន និង​សៀងហៃ ដែលជាទីក្រុងសេដ្ឋកិច្ច ដ៏សំខាន់បំផុតរបស់ចិន ដែលកំពុងតែត្រូវបទខ្ទប់ទាំងស្រុង ច្រើនសប្តាហ៍មកហើយ។

​នៅសៀងហៃ មនុស្ស​ប្រមាណ​២៤លាននាក់ ត្រូវសំងំក្នុងផ្ទះចេញទៅណាមិនបានទេ។ មួយថ្ងៃៗ មានអ្នកឆ្លងកូវីដ ថ្មី ច្រើនម៉ឺននាក់ណាស់។ ​ជាងនេះទៀត ព្រឹកនេះ អាជ្ញាធរសុខាភិបាលបានប្រកាសថា មាន​មនុស្សចាស់អាយុខ្ទង់៩០ឆ្នាំ ចំនួន​៣នាក់នៅសៀងហៃ បានស្លាប់ដោយ​សារកូវីដ។ ដំណឹងនេះ ប្រាកដជានឹងរុញឲ្យ​រដ្ឋាភិបាលចិន បន្តអនុវត្តវិធានការបិទខ្ទប់នេះ យូរថ្ងៃទៅមុខទៀត។

យោងតាមការវិភាគ ការបិទខ្ទប់ទាំងស្រុងនៅតាមទីក្រុងធំៗ ដូចជាឆិនចិន និងសៀងហៃនេះ ប្រាកដជាជះឥទ្ធិពលអាក្រក់ ទៅលើសេដ្ឋកិច្ចចិន ក្នុងត្រីមាសទី​២នៃឆ្នាំនេះ។ វិធានការបិទខ្ទប់ទាំងស្រុង កូវីដ​សូន្យ នេះ បានធ្វើឲ្យរាំងស្ទះខ្លាំងណាស់ ដល់វិស័យដឹកជញ្ជូនការធ្វើដំណើរ វិស័យផ្គត់ផ្គង់នាំចេញទំនិញ ទេសចរណ៍ ភោជនីយ៍ដ្ឋាន ហើយបានធ្វើ​ឲ្យ​សហគ្រាសមួយចំនួន ចាប់ផ្តើមក្ស័យធុន បិទទ្វារបណ្តើរបណ្តើរហើយ។

លោក Rajiv Biswas អ្នកវិភាគទីផ្សារនៅ IHS Market បានលើកឡើងថា ការបិទខ្ទប់ទាំងស្រុង ប៉ុន្មានសប្តាហ៍មកនេះ បាន​ធ្វើឲ្យ​ការចំណាយ​របស់​ប្រជាជន ធ្លាក់ចុះខ្លាំងណាស់  ជាក់ស្តែងក្នុងវិស័យភោជនីយ៍ដ្ឋាន និងពាណិជ្ជកម្មទូទៅ ។ ការបិទ​ខ្ទប់នៅសៀងហៃ ក្នុងខែមេសានេះ ប្រាកដជានឹងវាយបំបាក់ សកម្មភាពចំណាយចាយវាយរបស់ប្រជាជននៅសៀងហៃ ហើយវានឹងធ្វើឲ្យសេដ្ឋកិច្ចមិនដំណើរការ។

ឧបសគ្គចិន ដែលសេដ្ឋកិច្ច​ចិនត្រូវឆ្លងកាត់​

បរិបទពេលនេះ គឺលំបាកទាំងអស់គ្នា បើទោះបីសេដ្ឋកិច្ចចិននៅមានលំនឹងមែន តែ​ក៏ចាប់ផ្តើមរង្គោះរង្គើខ្លះដែរ​។ រដ្ឋាភិបាលចិន បាន​ចេញវិធានការរិតបន្តឹងផ្លូវច្បាប់ជាច្រើន ទាក់ទិននឹងវិស័យអចលនទ្រព្យ វិស័យបច្ចេកវិទ្យា។ បន្ថែមពីនេះ សង្រ្គាមនៅអ៊ុយក្រែន កំពុងចោទជាបញ្ហា ដែល​អ្នកវិនិយោគក៏កំពុងបារម្ភ ថាចិនអាចនឹង​រងទណ្ឌកម្ម​ពីក្រុមប្រទេស​លោកខាងលិច។

អត្រាអ្នកអត់ការងារធ្វើនៅតាមទីក្រុង មាន​ចំនួន៥,៨% ក្នុង​ខែមីនា ពោលគែបាន​បានកើនឡើង ខណៈនៅខែមករាមានចំនួន​ ៥,៥%។ អត្រាវិនិយោគមូលធននឹង មានត្រឹមតែ ៩,៣%ទេ ក្នុងរវាង៣ខែចុងក្រោយ ខណៈដែលខែធ្នូ មានចំនួន​១២,២%។ អាជ្ញាធររដ្ឋាភិបាលចិន បានទទួលស្គាល់ខ្លួនឯង ថាសេដ្ឋកិច្ចចិនមានឧបសគ្គប្រឈមច្រើនណាស់។ យ៉ាងណាមិញ ក្នុងឆ្នាំ​២០២២នេះ រដ្ឋាភិបាលចិន បានព្យាករណ៍ថា សេដ្ឋកិច្ចអាចមានកំណើន ប្រមាណ​តែ​៥,៥%ទេ។ ពោលគឺជាកំណើនដ៏ទាបបំផុត បើគិតរាប់ពី​ទសវត្សឆ្នាំ​៩០មក។

លោក Larry Hu អ្នកគ្រប់គ្រងភាគហ៊ុននៅការិយាល័យ Macquarie បានលើកឡើងថា វិធានការរាំងខ្ទប់ដោយសារកូវីដ ការចុះខ្សោយខ្លាំងនៃវិស័យអចលនទ្រព្យសំណង់  គឺសុទ្ធតែជាឧបសគ្គធំៗនៃសេដ្ឋកិច្ចចិន ក្នុងឆ្នាំ​២០២២នេះ។ វិស័យសំណង់ មានទំងន់ប្រមាណជាង​​១ភាគ៤នៃសេដ្ឋកិច្ចចិន។ បន្ថែមពីនេះទៀត ការទិញទំនិញ​ប្រើប្រាស់ នៅទីផ្សារ​ក្នុង​ស្រុកចិន ក៏ចុះថយខ្លាំងណាស់ដែរ។ ការនាំចេញរបស់ចិន បានកើនឡើងមែន តែ​ការចំណាយ​ក្នុងស្រុក លើការប្រើប្រាស់ ទិញទំនិញគ្រប់សព្វ គឺបានចុះថយ។ ប្រការនេះគឺវាមិនល្អប៉ុន្មានទេ សម្រាប់ទីផ្សារចិន​ខ្លួនឯង និងសម្រាប់ការនាំចេញទំនិញរបស់បរទេស ដែលនាំមកលក់នៅក្នុងប្រទេសចិន។

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញលោកនាយករដ្ឋមន្ត្រីចិន បានដឹកនាំការប្រជុំញឹកញាប់ណាស់ ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចនេះ។ កាលពីថ្ងៃទី​១៥មេសា ធនាគារកណ្តាលចិន បានប្រកាសទម្លាក់កម្រិត​ប្រាក់បម្រុង ចាប់ពីថ្ងៃទី​២៥មេសាទៅ។ វិធានការនេះ ដើម្បីជំរុញធានាគាររបស់ចិនទាំងអស់​ ឲ្យ​​បញ្ចេញ​ប្រាក់ ផ្តល់កំចី ឲ្យបានច្រើន យកទៅជ្រោងសេដ្ឋកិច្ច​ ។ យោងតាមតួលេខ គឺគេរំពឹងថា នឹងអាច​ចាក់បញ្ចូលប្រាក់ ចំនួន៥៣០ពាន់លានយាន់ ដែលស្មើនឹង​ ៧៧ពាន់លានអឺរ៉ូ ទៅ​ក្នុងសេដ្ឋកិច្ចចិន។ ស្ថានភាពសេដ្ឋកិច្ចចិន​ក្នុងពេលនេះ គឺថាវាផ្ទុយស្រឡះ ពីឆ្នាំ​២០២១ ដែលកាលនោះ សន្ទុះសេដ្ឋកិច្ចបានឡើងដល់ទៅ ជាង១៨% ព្រោះទើបតែងើបចេញពីវិបត្តិកូវីដ​ឆ្នាំ​២០២០។ តែយ៉ាងលើកនេះ យើងឃើញថា កូវីដបន្តកៀបសង្កត់ បង្អាក់ការចំណាយ ព្រមជាមួយឧបសគ្គមកពីបរិបទអន្តរជាតិថែមទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ