អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ុយក្រែន៖ អាមេរិក​ អង់គ្លេស ​សម្រេច​ឈប់ទិញ​​ប្រេង និង​​ហ្កាស​រុស្ស៊ី ខណៈ​អឺរ៉ុប​ប្តេជ្ញា​កាត់​បន្ថយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី កំពុងតែ​ត្រូវបានគេដាក់សង្កតបន្ថែមយ៉ាងធ្ងន់ ដើម្បីវាយ​ផ្កាប់ឆ្នាំងបាយ របស់របបលោកពូទីន។ កាលពីយប់​ថ្ងៃអង្គារម្សិលមិញ លោកចូ បៃដិន បានប្រកាសហាមឃាត់ ការនាំចូល​ទំនិញថាមពល របស់​​រុស្ស៊ី​ មានប្រេង ហ្កាស និងធ្យូងថ្មជាដើម។ ប៉ុន្មាននាទីក្រោយ​មក រដ្ឋាភិបាល​អង់គ្លេសក៏បានប្រកាសដូចគ្នា ថានឹងឈប់ទិញប្រេងរបស់រុស្ស៊ី។ ដោយឡែក សហភាពអឺរ៉ុប ដែលរំពឹងខ្លាំងនឹង​ប្រភពថាមពលនាំចូលពីរុស្ស៊ីនោះ បាន​ប្រកាសថានឹងប្រឹងប្រែងកាត់បន្ថយ ការនាំចូល ដើម្បីធ្វើយ៉ាងណា វាយសំពងលើប្រភពចំណូលរបស់រុស្ស៊ី។ តែទន្ទឹមគ្នានេះ ការធ្វើពហិការទល់នឹង ប្រេង និង​ហ្កាស របស់រុស្ស៊ីនេះ កំពុងតែធ្វើឲ្យ​តម្លៃថាមពលឡើងថ្លៃខ្លាំងណាស់ ហើយ​ដែលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពប្រជាជនទូទៅ។

បុគ្គលិក​នៅទីតាំងស្ថាបនា​បំពង់បង្ហូរឧស្ម័នរុស្ស៊ី Nord Stream 2 ចំងាយ​១៧០គីឡូម៉ែត្រ ពីក្រុងសាំងប៉េតេសបួរ ។ ថ្ងៃទី ៩ មេសា ២០១០
បុគ្គលិក​នៅទីតាំងស្ថាបនា​បំពង់បង្ហូរឧស្ម័នរុស្ស៊ី Nord Stream 2 ចំងាយ​១៧០គីឡូម៉ែត្រ ពីក្រុងសាំងប៉េតេសបួរ ។ ថ្ងៃទី ៩ មេសា ២០១០ AP - Dmitry Lovetsky
ផ្សាយពាណិជ្ជកម្ម

ប្រេង និង​ហ្កាស គឺជាប្រភពចំណូលដ៏សំខាន់បំផុត របស់រុស្ស៊ី។ ការឈប់ទិញ​ប្រេង ឈប់ទិញហ្កាសរបស់រុស្ស៊ី គឺត្រូវបាន​មតិមួយចំនួនលើកឡើង ជាច្រើនថ្ងៃមកហើយថាត្រូវតែធ្វើ ដើម្បី​សំពងវាយបំបែកឆ្នាំងបាយ​របស់របបលោកពូទីន ជាក់ស្តែងក្នុងចំណោម​មតិសាធារណៈអាមេរិក និង​អ្នកនយោបាយ​សមាជិកសភាអាមេរិកផងដែរ។

ហេតុដូច្នេះហើយ បានជាលោក​ ចូ បៃដិន បានសម្រេច​កាលពី​អង្គារម្សិលមិញ ថាចាប់ពីពេលនេះទៅ នឹងឈប់នាំចូល​ប្រេង ហ្កាស ធ្យូងថ្ម និង​ទំនិញកែច្នៃផ្សេងទៀត ដែលបាន​មកពីប្រេងកាតរបស់រុស្ស៊ី។ ក្រុមហ៊ុនទាំងអស់ មានពេល​៤៥ថ្ងៃ ដើម្បីបិទបញ្ចប់កិច្ចសន្យាជាមួយរុស្ស៊ី។ ភ្លាមៗក្រោយការប្រកាសនេះបន្តិច រដ្ឋមន្ត្រីក្រសួងថាមពលអង់គ្លេស ក៏បានប្រកាសដែរ ថារដ្ឋាភិបាលអង់គ្លេស សម្រេចបញ្ឈប់ការនាំចូលប្រេង និង​ហ្កាសរុស្ស៊ី ឲ្យ​បានទាំងស្រុងពីនេះ ដល់ដំណាច់ឆ្នាំ​២០២២។

ក្រោយ​ការប្រកាសរបស់អាមេរិក និងអង់គ្លេស ក្រុមហ៊ុន​ប្រេងធំៗ មាន Shell BP ExxonMobil និង Eni នាំគ្នាសម្រេច​ដកចេញ​ពីទីផ្សាររុស្ស៊ី។

វិធានការទណ្ឌកម្មទៅតាមលទ្ធភាពរៀងៗខ្លួន

ធាតុពិតទៅ បើអាមេរិក និងអង់គ្លេស សម្រេចធ្វើបែបនេះ គឺមកពីធាតុពិត ប្រទេសពីរនេះ នាំចូលប្រេង និង​ហ្កាសរុស្ស៊ី មិនច្រើនប៉ុន្មានទេ។ ប្រទេសទាំង២នេះ គឺសុទ្ធតែជាអ្នក​ផលិតប្រេង ផលិតហ្កាសខ្លួនឯងដែរទៀតផង។ អាមេរិកនាំចូលប្រេងពីរុស្ស៊ីប្រមាណតែ​៨%ទេ នៃតម្រូវការក្នុងស្រុក ហើយហ្កាសវិញ គឺសឹងតែគ្មានសោះតែម្តង។ ដូច្នេះហើយ​ បើឈប់នាំចូលរបស់រុស្ស៊ី ក៏គេមិនខ្វះអីប្រើដែរ។

ដោយឡែក គឺក្រុមប្រទេសសហភាពអឺរ៉ុបទេ ដែលពិបាក ព្រោះអឺរ៉ុបរំពឹងខ្លាំងណាស់ ទៅលើប្រេង និង​ហ្កាស របស់រុស្ស៊ី​​។ ជាមធ្យម អឺរ៉ុបត្រូវការប្រេងពីរុស្ស៊ី ប្រមាណជា​៣០% ហើយ​ហ្កាសវិញ ដល់ទៅ​៤៥%ឯណោះ។ ហើយ​ក្នុងចំណោម​ប្រទេសសមាជិកសហភាពអឺរ៉ុបទៀតសោត ក៏​មានកម្រិតមិនស្មើគ្នាដែរ។ ជាក់ស្តែង បារាំង នាំចូលប្រេងពីរុស្ស៊ី ខ្ទង់តែជាង១០% ហើយហ្កាសវិញ ខ្ទង់២០%។ តែប្រទេសអឺរ៉ុបផ្សេងទៀត ជាក់ស្តែងអាល្លឺម៉ង់ គឺរំពឹងខ្លាំងណាស់ ទៅលើប្រេង និងហ្កាសរបស់រុស្ស៊ី។ យោងតាមតួលេខផ្លូវការ គឺអាល្លឺម៉ង់ នាំចូលប្រេងពី​រុស្ស៊ីចំនួន ៤២% រីឯហ្កាសវិញ ដល់ទៅ​៥៥%ឯណោះ។ ប្រទេសមួយចំនួនទៀត ដូចជាអូទ្រីស ហុងគ្រី សាធារណៈរដ្ឋឆេក ក៏រំពឹងខ្លាំងណាស់ លើប្រភពថាមពលនាំចូលពីរុស្ស៊ី។ ហេតុដូច្នេះហើយ បានជាគេពិបាកខ្លាំងណាស់ ក្នុងការរកគោលជំហររួម នៅអឺរ៉ុប ទាក់ទិននឹងការទិញប្រេង ទិញហ្កាសរុស្ស៊ីនេះ។

យ៉ាងណាក៏ដោយ យើងមិនអាចនិយាយបានថា ក្រុមប្រទេសលោកខាងលិចកំពុងតែបែកបាក់គ្នានោះទេ។ ប៉ុន្មានថ្ងៃមកនេះ គឺបានជជែក​គ្នាសម្បើមណាស់ ដើម្បីរកគោលជំហររួម រវាងអឺរ៉ុប អង់គ្លេស និង​ អាមេរិក។ ការដែលអាមេរិក និងអង់គ្លេស សម្រេចបោះជំហានតែ២នាក់នាពេលនេះ គឺវាជាវិធានាការ ដែលផ្អែកលើលទ្ធភាព និងសមត្ថភាពរៀងៗខ្លួន។ ពោលគឺអ្នកណាអាចធ្វើអ្វីបាន​ ធ្វើសិន ព្រោះថាបើចាំមានគោលជំហររួម គឺមិនងាយទេ។ យ៉ាងណាមិញ​ មន្ត្រីរដ្ឋាភិបាលអាមេរិក អះអាងថាអាមេរិកបានពិភាក្សាគ្នាច្បាស់ណាស់ជាមួយភាគីអឺរ៉ុប។ អាមេរិកសម្រេចឈប់នាំចូលប្រេងនិងហ្កាសរុស្ស៊ីតែម្នាក់ឯងមែន តែអាមេរិកមិនបង្ខំ មិនរំពឹង ឲ្យ​អឺរ៉ុបធ្វើតាមទេ ព្រោះអាមេរិកដឹងថាអឺរ៉ុបមានការលំបាកខ្លាំង មិនអាចអត់ប្រេង អត់ហ្កាសរុស្ស៊ីបានទេនាពេលនេះ។ ពោលគឺអឺរ៉ុប អាចធ្វើទៅតាមលទ្ធភាពរបស់អឺរ៉ុប។

អឺរ៉ុបលំបាក​ខ្លាំង ព្រោះរំពឹងខ្លាំងលើប្រភពថាមពលរុស្ស៊ី

ត្រឹមនិយាយថាចង់ឈប់នាំចូល វាស្រួលទេ តែការពិតជាក់ស្តែង សួរថា បើមិននាំចូលរបស់រុស្ស៊ី តើ​ទៅយក​របស់អ្នកណាមកជំនួស? ទំហំនៃបរិមាណ ប្រេង និង​ហ្កាស ដែលអឺរ៉ុបនាំចូលពីរុស្ស៊ី គឺវាច្រើនណាស់។ មិនអាចទៅ​រកអ្នកលក់ណាផ្សេង អាចមកជំនួសរុស្ស៊ីបានងាយៗទេ។

គណកម្មការអឺរ៉ុប បានប្រកាសថានឹងកាត់បន្ថយការនាំចូលមែន តែគឺជាផែនការរយៈពេលវែង ដែលប្រទេសសមាជិកទាំងត្រូវអនុវត្ត។ គេបាន​គិតសម្លឹងងាកទៅប្រទេសអ្នកផលិត​ផ្សេងទៀត ដូចជា ន័រវែស អាមេរិក កាតា អារ៉ាប៊ីសាអូឌីត និង អាល់ហ្សេរីជាដើម ដើម្បីទិញបន្ថែម យកមកជំនួសចន្លោះប្រហោង។ តែបញ្ហាចោទ គឺវាទាក់ទិននឹង​សមត្ថភាព​ផលិតរបស់ប្រទេសទាំងនោះ ថាអាចដំឡើងបាន តាមតម្រូវការដែរឬទេ។

ប្រទេសន័រវែស បានបញ្ជាក់ឲ្យដឹងថា សមត្ថភាពផលិតហ្កាសរបស់គេ គឺដល់ចំណុចខ្ពស់បំផុតហើយ មិនអាច​ផលិត​ឲ្យ​បានច្រើនជាងនេះទេ ហើយបើចង់បន្ថែការផលិត គឺត្រូវតែ​វិនិយោគសាង​សង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដូច្នេះ មិនមែន១ឆ្នាំ២ឆ្នាំរួចរាល់នោះទេ។ បច្ចុប្បន្ននេះ អឺរ៉ុបទិញហ្កាសពីរុស្ស៊ី គឺជាហ្កាសមកតាមបំពង់ឧស្ម័នតែម្តង។ បើចង់ទិញពីប្រទេសផ្សេងទៀត គឺទាល់តែទិញហ្កាសដែលគេបំលែងឲ្យទៅជាទឹករាវ ច្រកធុងស៊ីទែនដាក់តាមកប៉ាល់មក។ បញ្ហាចោទ គឺហេដ្ឋារចនាសម្ព័ន្ធស្តុកទុកហ្កាសរាវប្រភេទនេះ ដែលអឺរ៉ុបគ្មាន។ នៅអឺរ៉ុបមានកំពង់ផែតិចណាស់ ដែលមានហេដ្ឋារចនាសម្ព័ន្ធអាចធ្វើវាបាន។ នៅបារាំងមាន​តែ៣ទីតាំងទេ ហើយនៅអាល្លឺម៉ង់ មានតែមួយហើយ ហើយសង់មិនទាន់រួចរាល់ផងទេ។ ដូច្នេះមានន័យថា សម្រាប់ពេលនេះ ការនាំចូលហ្កាសពីប្រទេសផ្សេង ក្រៅពីរុស្ស៊ី គឺលំបាកខ្លាំងណាស់ សម្រាប់អឺរ៉ុប។

រកវិធីពង្រឹងឯករាជ្យភាពថាមពល​

សម្រាប់កាលៈទេសៈពេលនេះ អឺរ៉ុបបានគូសវាផែនការ​មួយចំនួន ដូចជា ការ​កាត់បន្ថយ​ការប្រើប្រាស់ សន្សំសំចៃ ងាកទៅរកប្រភពថាមពល​​ផ្សេងៗ​ទៀត ដូចជា អ៊ីដ្រូហ្សែន ប៊ីយូម៉េតានជាដើម។ គេនឹងបង្កើតយន្តការជួយគ្នាទៅវិញទៅមក ដើម្បីបំពេញស្តុក។ វាក៏ជាឱកាសមួយ ដើម្បីជំរុញ ការវិនិយោគថាមពលស្អាតស្អំដែរ។ ដោយសារតែវិបត្តិនេះ ប្រេង និងហ្កាស ឡើងថ្លៃខ្លាំងណាស់នៅអឺរ៉ុប ដែលប៉ះពាល់ដល់ជីវភាពមនុស្ស។ រដ្ឋាភិបាល​ប្រទេសអឺរ៉ុប នឹងចេញវិធានាការបន្ថែមទៀត ដើម្បីជួយទប់តម្លៃ ឬជួយជាប្រាក់ដោយ​ផ្ទាល់ទៅដល់ប្រជាជន ឬអាចកាត់​បន្ថយពន្ធនាំចូលជាដើម។

គណកម្មការអឺរ៉ុប អះអាងថា ប្រឹងលំបាកនៅពេលនេះ គឺអឺរ៉ុបអាចនឹងឈប់ទិញ​ហ្កាសរបស់រុស្ស៊ី​ទាំងស្រុង នៅរវាងឆ្នាំ​២០៣០។ នេះគឺជាការប្រឹងប្រែង ដែលចាំបាច់ ព្រោះអឺរ៉ុប ដឹងខ្លួនច្បាស់ណាស់ ថាត្រូវតែរកវិធីដោះខ្លួន ឲ្យ​មានឯករាជ្យ ឈប់រំពឹងលើប្រេង និង​ហ្កាសរបស់រុស្ស៊ី។ ពុំនោះទេ គឺរុស្ស៊ីនៅតែអាចដាក់សំពាធ បានរហូតទៅថ្ងៃមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ