អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​បន្ថែម​ទណ្ឌកម្ម​លើរុស្ស៊ី និងផ្តើមបញ្ជូន​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីបំផុត​ ក្រុម​បស្ចឹម​លោក​និង​សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម ​ដោយបាន​​ព្រមព្រៀង​គ្នា​ដក​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​ Swift។ ជាងនេះ​ទៅ​ទៀត ក្រុម​លោក​ខាង​លិច​បាន​នាំ គ្នា​បញ្ជូន​អាវុធ និង​សម្ភារៈ​បរិក្ខារ​យោធា​ជា​ច្រើន​ទៅ​ជួយ​អ៊ុយក្រែន។

អឺរ៉ុប​បន្ថែម​ទណ្ឌកម្ម​លើរុស្ស៊ី និងចាប់​​បញ្ជូន​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន
អឺរ៉ុប​បន្ថែម​ទណ្ឌកម្ម​លើរុស្ស៊ី និងចាប់​​បញ្ជូន​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេល​នេះ​ទៅ រុស្ស៊ីនឹង​នៅក្រៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ហើយ​ ! នេះ​ជា​ពាក្យ​របស់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៧​កុម្ភៈ ព្រោះ​នៅ​ល្ងាច​មិញ ក្រុម​ប្រទេសលោក​ខាង​លិច (អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស កាណាដា អ៊ីតាលី និង​សហភាព​អឺរ៉ុប) បាន​អនុម័តបន្ថែម​​ទណ្ឌកម្ម​លើ​​រុស្ស៊ី  ដោយ​សម្រេច​ដក​ធនាគារ​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​ Swift។

ការ​​ផ្តាច់​ពី​ប្រព័ន្ធ​Swift ​ជា​អាវុធ​នុយក្លេអ៊ែរនៃ​​វិស័យ​ហិរញ្ញវត្ថុ​ និង​​ជា​អាវុធ​មុខ​ពីរ​ ដែល​អាច​​នាំ​ផលវិបាក​ឱ្យ​បស្ចឹម​លោក​វិញ​ខ្លះដែរ ​ដោយ​អាច​ធ្វើ​ឱ្យ​ការ​ផ្តោះ​ប្តូរ​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​​ត្រូវ​រអាក់រអួល និង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​ផង។ ​អ្នក​វិភាគ​ខ្លះ​បាន​ពន្យល់ទៀត​​ថា​វា​អាច​នឹង​ធ្វើ​ឱ្យ​លុយ​ដុល្លារ​ធ្លាក់​ថ្លៃ​ផង​ ដោយ​រុស្ស៊ី​ត្រូវ​ងាក​ទៅ​ប្រើ​រូបិយបណ្ណ​ផ្សេង​ក្រៅពី​ដុល្លារ​សម្រាប់​ដោះដូរ​ពាណិជ្ជកម្ម​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បណ្តា​ប្រទេស​នៅអឺរ៉ុបជាពិសេស​អាល្លឺម៉ង់​ដែល​រំពឹង​លើ​ហ្កាស​រុស្ស៊ី​ដល់​ទៅ​៧០%​ រារែក​​មិន​ចង់​ប្រើ​វិធី​នេះ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

ប៉ុន្តែ​ប្រឈម​នឹង​ទង្វើ​រុស្ស៊ី អាល្លឺម៉ង់​បាន​ជំនះភាព​មានៈ​របស់​ខ្លួន ដោយ​យល់​ព្រម​ ​ផាត់​គ្រប់ធនាគារ និង​ស្ថាប័​ន​ហិរញ្ញវត្ថុ​​រុស្ស៊ី​ដែល​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ពី​មុន ចេញពីប្រព័ន្ធ​Swift។ ​ប្រព័ន្ធ​​Swift ដែលជា​បណ្តុំ​​ធនាគារ​ជាង​១១០០០​ ក្នុង​នោះ​៣០០ជាធនាគារ​រុស្ស៊ី បាន​ប្រកាស​ប្រតិបត្តិតាម​​ទណ្ឌកម្ម​នេះ​ ប្រឆាំង​នឹងធនាគារ​រុស្ស៊ី​ ភ្លាម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

នេះ​ជា​ទណ្ឌកម្មដ៏​​ធ្ងន់ធ្ងរ​បំផុត​​ដែល​វាយ​សំពង​រុស្ស៊ី​ខ្លាំង​ណាស់។ ប៉ុន្តែ​​វិធានការ​នេះ មិន​ផ្តល់​ផល​​មិន​ភ្លាម​ៗទេ ! ​ទណ្ឌកម្ម​អឺរ៉ុប​និ​ងលោក​ខាង​លិច ​អាច​មាន​ឥទ្ធិពលក្នុង​រយៈ​ពេល​មធ្យម​ និង​យូរ​ទៅ​មុខ​។ ​ពុំទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវការ​ទេ មក​ពី​ខាង​រុស្ស៊ី​ តប​នឹង​ទណ្ឌកម្ម​ថ្មី​នេះទេ។​ ​ប៉ុន្តែ​រុស្ស៊ី​បាន​ត្រៀម​លក្ខណៈ​ប្រើប្រព័ន្ធ​ធនាគារផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា​ Mir សម្រាប់​ប្រឈម​នឹង​ទណ្ឌកម្ម​អន្តរជាតិ តែ​​តើ​វា​អាច​ដំណើរ​បាន​ប៉ុនណា ? ​ ប្រព័ន្ធ​ធនាគារ​រុស្ស៊ី​MIR នេះ​អាច​ប្រើប្រាស់​បានតែ​​ក្នុង២០ប្រទេស​ទេ សម្រាប់​ពេល​នេះ។

​អាល្លឺម៉ង់​ ​បារាំង ហូឡង់ ... បញ្ជូន​​អាវុធ​​ឱ្យ​អ៊ុយក្រែន​

នៅពេល​សង្គ្រាម​ផ្ទុះ​ឡើង​ភ្លាម សហភាពអឺរ៉ុប នៅ​ស្ទាក់ស្ទើរ​ចិត្ត​មិន​ចង់​បញ្ជូន​អាវុធ​ទៅ​ជួយ​អ៊ុយក្រែន​ភ្លាម​ ដោយ​ខ្លាច​ក្រែង​អាវុធ​ទាំងអស់​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី​។​ តែ​ពេល​នេះ អ៊ុយក្រែន​បាន​បង្ហាញ​ឆន្ទៈ​តស៊ូ​គួរ​ឱ្យ​ទុក​ចិត្ត​ ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ ទើប​ក្រុម​លោក​ខាង​លិច​ចាប់​ផ្តើម​សម្រេច​បញ្ជូន​អាវុធ​ឱ្យ។

សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​គិត​ជា​ទឹក​ប្រាក់​សរុប​ចំនួន ៣៥០លាន​ដុល្លារ​។ ចំណែក​ខាង​អឺរ៉ុប​វិញ គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ជាង​គេ​បំផុត​ គឺ​ប្រទេស​អាល្លឺម៉ង់ ! តាំងពី​សម័យ​សង្គ្រាម​លោក​មក អាល្លឺម៉ង់ប្រកាន់​​ជំហរ​ដាច់​ខាត​មិន​បញ្ជូន​អាវុធ​ជា​ជំនួយ​ក្នុង​ជម្លោះ​ណា​ទេ ប៉ុន្តែពេល​នេះ​អាល្លឺម៉ង់​បាន​ផ្តាច់​ប្រពៃណី ប្រកាស​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​នូវ​រ៉ុកកែតបាញ់​​រថក្រោះ​ចំនួន​ ១០០០ដើម​ មីស៊ីល​បាញ់​ពី​ដី​ទៅអាកាស​ចំនួន​៥០០ និង​កាំភ្លើង​ត្បាល់​៩គ្រឿង​ ព្រមទាំង​រថពាសដែក សម្រាប់​ជម្លៀស​និង​ការពារ​ឥស្សរជននានា។

ហូឡង់​ ផ្តល់​មីស៊ីលStinger ២០០​ ដើម និង​កាំភ្លើង​សម្រាប់​ឱ្យពលរដ្ឋ​អ៊ុយក្រែន​ការពារ​ខ្លួន។ សាធារណរដ្ឋ​ឆែក​ សម្រេច​ជួយ​ផ្តល់​អាវុធ​តម្លៃ​សរុប​៧,៦​លាន​អឺរ៉ូ។ ប៊ែលហ្សិក​ ឱ្យ​កាំភ្លើង​មីត្រៃយេត​ ២ពាន់​ដើម​និង​ប្រេង​៣៨០០តោន។ អ៊ីតាលីជួយ​ពង្រឹង​សន្តិសុខ​ទ្វីប និង​ជំនួយ​មនុស្សធម៌​១១០លាន​អឺរ៉ូ ព្រមទាំង​សម្ភារៈ​បរិក្ខារយោធា ជាពិសេស​ក្នុង​វិស័យ​ដោះមីន និង​ការពារ​ខ្លួន។ ចំណែក​បារាំង បាន​សម្រេច​ពង្រឹង​កម្លាំង​យោធា​នៅ​សមរភូមិ​អូតង់/ណាតូ នៅ​ប្រទេស​រ៉ូមានី អេស្តូនី និ​ងផ្តល់​អាវុធ​យុទ្ធភណ្ឌ​ការពារ​ដល់​អាជ្ញាធរ​អ៊ុយក្រែន។

បិទព្រំ​ដែនអាកាស

បន្ថែម​ពី​លើ​នេះ និង​ជា​បន្ត​បន្ទាប់ បណ្តា​ប្រទេសអឺរ៉ុប​​ជា​ច្រើន​ និង​សម្ព័ន្ធមិត្ត បាន​នាំ​គ្នា​បិទ​ព្រំដែន​អាកាស​មិនឱ្យ​យន្តហោះ​​រុស្ស៊ី​ ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ី រាប់​​ទាំង​​យន្តហោះ​ឯកជន​ ហោះហើរ​ឆ្លង​កាត់។ ​ហ្វាំងឡង់​ប្រទេស​ជាប់​របង​រុស្ស៊ី ព្រមទាំង​ដាណឺម៉ាក ក៏​បាន​ប្រកាស​បិទ​ព្រំដែន​អាកាស​ជាមួយរុស្ស៊ី​ដែរ មិន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​ឆ្លង​កាត់​ទៀត​ទេ។ បារាំង អ៊ីតាលី អាល្លឺម៉ង់​សម្រេច​មិន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​ឆ្លង​កាត់ ដែន​អាកាសខ្លួន​​រយៈ​ពេល​បី​ខែ​ គិត​ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​តែម្តង។ សហភាពអឺរ៉ុប​អាច​សម្រេច​បិទ​ដែន​អាកាសអឺរ៉ុប​ទាំងមូល​ មិន​ឱ្យ​យន្តហោះ​រុស្ស៊ី​ចូល​ដែរ នៅ​ក្នុង​ជំនួប​ប្រជុំ​វិសាមញ្ញ​ល្ងាច​នេះ។

 អ៊ុយក្រែនព្រមចរចា​ តែមិន​ទៅធ្វើ​នៅ​បេឡារុស្ស៊ី​ 

ការ​ចរចា​ជា​ដំណោះស្រាយ​មួយ​ល្អ​ប្រសើរ​ជាង​គេ​បំផុត និងល្អ​​ជាង​ធ្វើ​សង្គ្រាម​ ឆ្ងាយ​ណាស់ ប៉ុន្តែ​តើ​គេ​អាច​ចរចា​ដូចម្តេច​បើ​ភាគី​ម្ខាង​មាន​កាំភ្លើង​នៅសៀតផ្កានោះ ?!​ ហើយ​សំណើសុំ​ចរចា​របស់​រុស្ស៊ី ពិត​ជា​មែន​ដោយ​សារ​សម្ពាធ​និង​គំនាប​របស់​សហគមន៍​អន្តរជាតិ​ទេ។

សម្រាប់អ៊ុយក្រែន​​ សំណើចរចា​លើក​​ដំបូង​របស់​រុស្ស៊ី​មិន​ប្រាកដ​ប្រជា​ទេ​ រុស្ស៊ី​ធ្វើព្យុះ​ធ្វើ​ភ្លៀង​ ដើម្បី​ឱ្យ​អ៊ុយក្រែន​សុំ​ចុះ​ចូល។ ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​រុស្ស៊ី​បាន​ស្នើ​ជា​ថ្មី​ ដោយ​ថែម​ទាំង​បញ្ជាក់​ថា​ ប្រតិភូ​​ក្រសួង​ការបរទេស ​និង​ការពារ​ជាតិ​រុស្ស៊ី​​បាន​​ទៅ​ដល់​ក្រុង​មីនស្ក៍ ប្រទេស​បេឡារុស្ស៊ី​ហើយ ដើម្បី​ចរចា។​ តែ​ជា​ថ្មី​ម្តង​ទៀត តំណាង​អ៊ុយក្រែន​យល់​ថា នេះ​គ្រាន់​តែ​ជា​តាកតិច​របស់​លោក​ពូទីន ដែល​ចង់​ឃោសនា​បំប៉ោង​នយោបាយ​ឈ្លានពានតែប៉ុណ្ណោះ។​

​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី ​​នៅ​តែចង់​ចរចា​ដែរ គ្រាន់​តែ​​បដិសេធដាច់​ខាតមិន​ទៅចរចា​នៅ​បេឡារុស្ស៊ីទេ ព្រោះ​ប្រទេស​នេះ​បាន​គាំទ្រ​ឱ្យ​មានការ​ឈ្លាន​ពាន​អ៊ុយក្រែន ប្រទេស​បាន​ព្រមឱ្យ​រុស្ស៊ី​ដាក់​រុកកែត​ហើយ​បាញ់​មក​លើ​អ៊ុយក្រែន។ លោក​ហ្សេឡេនស្គី បាន​បញ្ជាក់​ជំហរ​ច្បាស់​លាស់​ថា អ៊ុយក្រែន​ព្រមចរចា បើ​ជា​ការ​ចរចា​ដោយពិតៗ មិនមែន​ជា​ការ​ដាក់​ឱសានវាទ​ឱ្យ​អ៊ុយក្រែនធ្វើ​តាម​នោះ។

ចំណែក​ខាង​អាល្លឺម៉ង់ នាយករដ្ឋមន្ត្រី​បាន​ប្រកាស​បង្ហើប​ទ្វារ​ចរចារុស្ស៊ី​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ