អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សម្ព័ន្ធមិត្ត​​លោក​ខាងលិច​ប្រកាស​ដាក់​ទណ្ឌកម្ម​ធ្ងន់​លើ​រុស្ស៊ី ខណៈ​អ៊ុយក្រែន​បង្ហាញ​​ការខកចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមួយនឹងការប្រកាសថ្កោល ​ក្រុមប្រទេសលោកខាងលិច បាន​សន្យាថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ ដើម្បីវាយ​បំបាក់សេដ្ឋកិច្ច​រុស្ស៊ី។ វិធានការទណ្ឌកម្ម ដែលត្រូវបាន​ប្រធានាធិបតី​អ៊ុយក្រែន ចាត់ទុកថាមិនគ្រប់គ្រាន់ ក្នុងការដាក់សំពាធទៅលើរុស្ស៊ី និង​លោកពូទីននោះឡើយ។ ជាងនេះទៀត ពន្លឺនៃអន្តរាគមន៍យោធាពីប្រទេសលោកខាងលិច មកជួយអ៊ុយក្រែនដោយ​ផ្ទាល់ គឺសូន្យតែម្តង។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ នៃសហភាពអឺរ៉ុប ប្រជុំបន្ទាន់នៅក្រុងប៉ារីស ព្រឹកថ្ងៃសុក្រ ទី២៥ កុម្ភៈ ២០២២
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ នៃសហភាពអឺរ៉ុប ប្រជុំបន្ទាន់នៅក្រុងប៉ារីស ព្រឹកថ្ងៃសុក្រ ទី២៥ កុម្ភៈ ២០២២ AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​បិទផ្លូវវិស័យធនាគារ និ​ហិរញ្ញវត្ថុ​រុស្ស៊ី

ឆ្លងកាត់ការប្រជុំកាលពីយប់ថ្ងៃព្រហស្បតិ៍ទី​២៤កុម្ភៈ សហភាពអឺរ៉ុប បានព្រមព្រៀងដាក់ចេញ នូវទណ្ឌកម្ម​មួយចំនួន ដែល​សំដៅ​វាយ​ទៅលើវិស័យ​ធនាគារហិរញ្ញវត្ថុរុស្ស៊ី ព្រមទាំងទំនិញយុទ្ធសាស្ត្រ​មួយចំនួន​ផងដែរ។ ជាបឋម ទណ្ឌកម្ម​នេះនឹងបិទផ្លូវ មួយផ្នែកធំ មិន​ឲ្យក្រុមហ៊ុនរុស្ស៊ី ទាំង​រដ្ឋ ទាំងឯកជន អាចចូលមកទីផ្សារហិរញ្ញវត្ថុអឺរ៉ុប ដើម្បី​សុំកម្ចី វិនិយោគ ឬយកទៅសង​បំណុល​​បានឡើយ។

បន្ទាប់មកទៀត ទណ្ឌកម្មអឺរ៉ុប នឹងវាយ​ទៅលើវិស័យដឹកជញ្ជូន វិស័យ​អាកាសចរណ៍រុស្ស៊ី ព្រមទាំង​ទំនិញ​គ្រឿងផ្សំបច្ចេកវិទ្យាអេឡិចត្រូនិក ដែលប្រើប្រាស់ទាំងក្នុង​វិស័យ​ស៊ីវិល និងវិស័យយោធា តួយ៉ាងដូចជា ឧបករណ៍សឺមីកុងឌុកទ័រ ជាដើម។ តាមការអះអាង របស់​លោកស្រីប្រធានគណកម្មការអឺរ៉ុប ការបិទផ្លូវ មិនឲ្យរុស្ស៊ីអាចទទួលបាន​ទំនិញបច្ចេកវិទ្យាយុទ្ធសាស្ត្រទាំងនេះ គឺនឹងប៉ះពាល់ខ្លាំងណាស់ ដល់សេដ្ឋកិច្ចរុស្ស៊ី។ ទណ្ឌកម្មនេះនឹងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីមានឱនភាព មានអតិផរណាខ្ពស់ ហើយនិងទាញទំលាក់សមត្ថភាព​ឧស្សាហកម្មរុស្ស៊ី។

នៅព្រឹកថ្ងៃសុក្រ​ រដ្ឋមន្ត្រី​សេដ្ឋកិច្ចនៃប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវប្រជុំគ្នាបន្តទៀត ដើម្បីលំអិតលើ​វិធានការទណ្ឌកម្មនីមួយៗ។ លោក រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងបានអះអាងថា សហភាពអឺរ៉ុប ចង់កាត់ផ្តាច់ចំណង រវាងរុស្ស៊ី និងទីផ្សារហិរញ្ញវត្ថុពិភពលោកតែម្តង។ ទាក់ទិននឹងទណ្ឌកម្ម ជាលក្ខណៈបុគ្គលវិញ គឺ​គេនឹងមានការបង្កកទ្រព្យសម្បត្តិ និង​ហាមឃាត់ការធ្វើដំណើរ ទៅលើបុគ្គលមួយចំនួន ដែលស្និទ្ធនឹងរដ្ឋអំណាចរបស់រុស្ស៊ី។ បញ្ជីរាយនាម​លំអិត គឺនឹងធ្វើក្នុងពេលឆាប់ៗ​នេះ​។

អឺរ៉ុបខ្វែងគំនិតគ្នា រឿងទណ្ឌកម្មខ្លាំង ឬខ្សោយ

​លោក ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញការខកចិត្តខ្លាំងណាស់ ដែល​ឃើញក្រុមប្រទេសលោកខាងលិច បានតែប្រកាសឈឺឆ្អាលថាជួយអ៊ុយក្រែន តែជាក់ស្តែងគ្មាននរណាម្នាក់ ដាច់ចិត្តបញ្ជូន​កម្លាំងមកជួយប្រយុទ្ធ តទល់ជាមួយរុស្ស៊ីឡើយ។ អ៊ុយក្រែនឯកោតែម្នាក់ឯង។ ជាងនេះ​ទៀត លោកហ្សេឡិនស្គី បានលើកឡើងថា ទណ្ឌកម្មសេដ្ឋកិច្ចដែលក្រុមប្រទេស​លោ​កខាង​លិច បានដាក់ទៅលើរុស្ស៊ី គឺវាមិនគ្រប់គ្រាន់ឡើយ។ រុស្ស៊ីមិនរសើបនោះទេ។ យ៉ាងណាមិញ ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំនៅស៊ុយអែដ បាននិយាយ​ចំអកថា រុស្ស៊ីមិនទៅឈឺក្បាលហាលថ្ងៃ ជាមួយនឹងទណ្ឌកម្មរបស់អឺរ៉ុបនេះទេ។

យោងតាមប្រភព​ពីមន្ត្រីអឺរ៉ុប ដែលចូលរួមប្រជុំកាលពីយប់ថ្ងៃព្រហស្បតិ៍​ គឺថាអឺរ៉ុបនិយាយគ្នាមិនត្រូវទេ បានជាកំណត់​បានតែទណ្ឌកម្មបែបស្រាលៗបែបនេះ។ ក្នុងចំណោម​ប្រទេសអឺរ៉ុប មានប្រទេសខ្លះ ដូចជាអាល្លឺម៉ង់ អ៊ីតាលីជាដើម គឺ​គេគិតថា កុំអាលដាក់ទណ្ឌកម្មធ្ងន់ពេកនាពេលនេះ ទុកខ្លះសម្រាប់សង្កត់បន្ថែម នៅពេលក្រោយ។ ពោលគឺត្រូវកំណត់ជំហានទណ្ឌកម្ម ពីខ្លាំងទៅខ្សោយ ដោយអាស្រ័យទៅតាមស្ថានការណ៍វិវឌ្ឍន៍។ តែទន្ទឹមគ្នានេះ ប្រទេសផ្សេងទៀតដូចជាប៉ូឡូញ បាន​បង្ហាញ​ការខកចិត្តណាស់ ដែលឃើញទណ្ឌកម្មខ្សោយ​បែបនេះ ព្រោះស្ថានការណ៍វាធ្ងន់រួចទៅហើយ។

ជាក់ស្តែង ទាក់ទិននឹងវិធានការធ្ងន់មួយ ដែល​គេធ្លាប់បានលើកឡើងកន្លងមក ថាចង់ដករុស្ស៊ី ចេញពីប្រព័ន្ធប្រតិបត្តិការធនាគារអន្តរជាតិ ហៅកាត់ថា SWIFT ។ ក្នុងការប្រជុំយប់មិញនេះ គឺគ្មានការសម្រេចណាមួយទេ ទាក់ទិននឹងចំណុចនេះ ព្រោះដោយសារតែមានប្រទេសដូចជាអាល្លឺម៉ង់ ជំទាស់។ មន្ត្រីអឺរ៉ុបអះអាងថា ទាក់ទិននឹងប្រព័ន្ធ SWIFT គឺអឺរ៉ុបតែម្នាក់ឯង មិនអាចសម្រេចបាន​ឡើយ គឺទាល់តែមាន​ការព្រមព្រៀងពីដៃគូផ្សេងទៀត ដូចជាអាេមរិក និងជប៉ុនជាដើម ព្រោះវាជាប្រព័ន្ធរួម។ សម្រាប់ពេលនេះ ទាំងជប៉ុនទាំងអាមេរិកនៅស្ងាត់ទាំងអស់គ្នា។

ហើយ​ទណ្ឌកម្ម​ជាលក្ខណៈបុគ្គល ដាក់ទៅលើ​បុគ្គលលោកពូទីនផ្ទាល់តែម្តង ក៏គេមិនទាន់អាចសម្រេចបានដែរ។ ក្រុមប្រទេសដែល​ចង់ ដាក់ទណ្ឌកម្មជាដំណាក់នេះ គឺ​គេចង់បន្តទុកផ្លូវចំហរបន្តិច ដើម្បី​ឈានឈ្ពោះទៅរកការចរចាដោយ​សន្តិវិធី ជាមួយ​រុស្ស៊ី ព្រោះថាការពិតជាក់ស្តែង វាជាដំណោះស្រាយតែមួយគត់។ គេមិនអាចលើកទ័ពទៅច្បាំងជាមួយរុស្ស៊ីទេ។ ដូច្នេះមានតែការចរចាប៉ុណ្ណោះ។ យ៉ាងណាមិញ កាលពីយប់ម្សិលមិញនេះ លោក​ម៉ាក្រុង បានទូរស័ព្ទទៅនិយាយជាមួយ​លោកពូទីនម្តងទៀត ដើម្បីបញ្ជាក់ពីជំហរ របស់​អឺរ៉ុបដែលថ្កោលទោសការឈ្លានពានមកលើអ៊ុយក្រែន។

ប្រទេសអឺរ៉ុបនឹងរកសំពាធ ដោយសារទណ្ឌកម្មខ្លួនឯង

ទំនាក់ទំនងសេដ្ឋកិច្ច រុស្ស៊ីជាមួយអឺរ៉ុប គឺវាជំពាក់វាក់វិនសម្បើមណាស់។ និយាយឲ្យងាយស្តាប់ គឺវារំពឹងគ្នា ហុចផលឲ្យគ្នាទៅវិញទៅមក។ អ្វីដែលអឺរ៉ុប រំពឹងរុស្ស៊ី គឺក្នុងវិស័យថាមពល ព្រោះអឺរ៉ុបទិញប្រេងរុស្ស៊ី និង ឧស្ម័នហ្កាសរុស្ស៊ី។ អឺរ៉ុបក៏នាំចូលស្រូវសាឡី និងគ្រាប់ធុញ្ញជាតិផ្សេងទៀត ពីរុស្ស៊ី ព្រមទាំងធនធានរ៉ែមួយចំនួនផងដែរ​។

បច្ចុប្បន្ននេះ តម្លៃសាំង តម្លៃហ្កាស បានឡើងខ្ពស់ខ្លាំងរួចទៅហើយនៅអឺរ៉ុប។ បញ្ហានេះបានធ្វើឲ្យ​ប៉ះពាល់ខ្លាំងណាស់ ដល់ជីវភាពរបស់ប្រជាជនតាមបណ្តាប្រទេសអឺរ៉ុបខ្លះ ហើយ​ដែលអាចបង្កជាការតវ៉ា ប្រឆាំងរដ្ឋាភិបាល​ កើតជាវិបត្តិនយោបាយ។ ដូច្នេះមានការបារម្ភខ្លាំងណាស់ថា រុស្ស៊ីប្រាកដ​ជាដាក់ទណ្ឌកម្មឆ្លើយតបវិញ ជាក់ជាមិនខាន ដែលធ្វើឲ្យ​ប្រទេសអឺរ៉ុបខ្លះអាចជួបការលំបាក។ ជាក់ស្តែអាល្លឺម៉ង់ តែម្តងដែលរំពឹងខ្លាំង លើហ្កាសរបស់រុស្ស៊ី។ យ៉ាងណាមិញ អាល្លឺម៉ង់ប្រឆាំងមិនចង់ដករុស្ស៊ីចេញពីប្រព័ន្ធ SWIFT នេះ ក៏ដោយសារតែអាល្លឺម៉ង់បង់លុយជាដុល្លារ ឲ្យរុស្ស៊ីតាមប្រព័ន្ធនេះឯង។

ដូច្នេះ លោកពូទីន ដឹងពីចំណុចខ្សោយ​ទាំងអស់នេះ បានជាហ៊ានផ្គើន ឈ្លានពានអ៊ុយក្រែន។ លោកពូទីន​ដឹងថា អឺរ៉ុបមិនរួមកម្លាំងសាមគ្គីគ្នាទេ ព្រោះថាមានប្រទេសខ្លះនៅខ្លាច ខ្លាចរងសំពាធសេដ្ឋកិច្ច។ ហើយបើនិយាយពីការចូលរួម​ បញ្ជូនទ័ពមកជួយអ៊ុយក្រែននោះ គឺវាកាន់គ្មានសោះតែម្តង។ ជាងនេះទៀត សេដ្ឋកិច្ចរុស្ស៊ីអាចមានបង្អែកចិន​ ចាំជួយទប់ ថែមទៀត។

ប្រជាជនអ៊ុយក្រែន ៥លាននាក់ អាចនឹងភៀសខ្លួនចាកចេញពីប្រទេស

សម្រាប់ពេលនេះ អ្នកដែលរងការលំបាកបំផុត គឺប្រជាជនអ៊ុយក្រែន ដែលបានរត់ភៀសខ្លួន ចេញពីសមរភូមិ និងគ្រាប់​ប្លោងរបស់រុស្ស៊ី។ យោងតាមឧត្តមស្នងការដ្ឋាន ទទួលបន្ទុក​ជនភៀសខ្លួន នៃ​អង្គការ​សហប្រជាជាតិ គិតចាប់ពីថ្ងៃព្រសហ្បតិ៍ម្សិលមិញមក មាន​ប្រជាជាន​អ៊ុយក្រែន យ៉ាងហោច១សែននាក់ហើយ ដែល​បានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែង។ ប្រជាជនអ៊ុយក្រែនកាន់តែច្រើន បានរត់ភៀសខ្លួន ចេញទៅតាមប្រទេសជាប់ព្រំដែន​ខាងលិច ដូចជាប៉ូឡូញ ហុងគ្រី និង​រូម៉ានីជាដើម។

ប៉ូឡូញបានបើកព្រំដែន ឲ្យ​ជនភៀសខ្លួនអ៊ុយក្រែនចូលទៅ តែមិនទាន់មាន​ទីតាំង​ត្រឹមត្រូវ​ឲ្យ​គ្នា​ស្នាក់នៅទេ។ អ្នកខ្លះសម្រាកនៅតាម​កៅអីបង់ ក្នុងស្ថានីយ៍រថភ្លើង។ ហុងគ្រី ដែលជាប្រទេសត្បិតត្បៀតខ្លាំង ក៏បានប្រកាសដែរ ថានឹងបើកព្រំដែនទទួល។ ដោយឡែក អាជ្ញាធរប្រទេស​រូម៉ានី បានបង្ហាញការព្រួយបារម្ភ ថាគេក៏គ្មានលទ្ធភាពទទួលជនភៀសខ្លួនអ៊ុយក្រែនដែរ គឺមានតែទឹកចិត្តតែអត់​លទ្ធភាព។

សង្គ្រាមឈ្លានពាន ទើបតែចាប់ផ្តើមបានមួយថ្ងៃប៉ុណ្ណោះ ដូច្នេះបញ្ហាចលាចល ការរត់ភៀសខ្លួនរបស់​ប្រជាជនអ៊ុយក្រែន នឹង​កាន់តែមានច្រើនជាងនេះ។ អង្គការសហប្រជាជាតិប៉ាន់ស្មានថា យ៉ាងហោចណាស់ ប្រជាជនអ៊ុយក្រែន​៥លាននាក់ អាចនឹង​ត្រូវរត់ភៀសខ្លួនចេញពីប្រទេស។ឆ្លើយតបនឹងបញ្ហាប្រឈមនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអឺរ៉ុប នឹង​ជួបប្រជុំគ្នានៅចុងសប្តាហ៍នេះហើយ ដើម្បី​ចាត់វិធានការជួយ​ផ្នែកមនុស្សធម៌ ដល់ជនភៀសខ្លួនអ៊ុយក្រែន។ ចំណែកអង្គការសហប្រជាជាតិ បានប្រកាសបញ្ចេញប្រាក់ចំនួន ២០លានដុល្លារ ដើម្បីចំណាយ​ភ្លាមៗ ជួយដល់ជនភៀសខ្លួនអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ