អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិអ៊ុយក្រែន៖ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីនបានជ្រើសយកផ្លូវផ្គើន និង​តតាំង​ទល់​នឹង​បស្ចិមលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​អ៊ុយក្រែន​ដែល​រុស្ស៊ី និង​បស្ចិមប្រទេស​បាន​ប្រឈម​មុខ​ដាក់​គ្នា​អស់​ជា​ច្រើន​សប្តាហ៍​បាន​ឈាន​ដល់​ផ្លូវ​របត់​មួយ​ដោយ​នៅ​យប់​ថ្ងៃ​ចន្ទ ទី២១ កុម្ភៈ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ឯករាជភាព​របស់​ដែនដី​អប្បគម​ចំនួន​ពីរ​របស់​អ៊ុយក្រែន​នៅ​ប៉ែកខាងកើត គឺ​ដូនែតស្ក៍ និង​លូហ្កាន់ស្ក៍។ ទន្ទឹម​គ្នា​នេះ លោក​ពូទីន​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​រុស្ស៊ី​ដើម្បី​រក្សា​សន្តិភាព​នៅ​ក្នុង​ដែនដី​អប្បគម​ទាំង​ពីរ។ សហគមន៍​អន្តរជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ និង​ថ្កោលទោស​ចាស់​ដៃ​លើ​ទង្វើ​របស់​លោក​ពូទីន។

នៅ​ក្នុង​វិបត្តិអ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីនបានជ្រើសយកផ្លូវផ្គើន និង​តតាំង​ទល់​នឹង​បស្ចិមលោក
នៅ​ក្នុង​វិបត្តិអ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីនបានជ្រើសយកផ្លូវផ្គើន និង​តតាំង​ទល់​នឹង​បស្ចិមលោក © Kremlin
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ជិត ១ម៉ោង​ក្នុង​យប់​ថ្ងៃ​ចន្ទ ទី២១ កុម្ភៈ។ នៅ​ក្នុង​សុន្ទរថា លោក​ពូទីន​បាន​រម្លឹក​ពី​មេរៀន​ប្រវត្តិសាស្រ្ត​ដែល​បញ្ជាក់​ថា ប្រទេស​អ៊ុយក្រែន​សព្វថ្ងៃ​គ្រាន់​ជា​ប្រទេស​សិប្បនិម្មិត និង​មិន​អាច​កាត់​ផ្តាច់​ពី​រុស្ស៊ី​បាន។ ធ្ងន់ធ្ងរ​ជាង​នេះ លោក​ពូទីន​ថែម​ទាំង​បាន​ចាត់​ទុក​អ៊ុយក្រែន​ជា​អាយ៉ង និង​ស្ថិត​ក្រោម​អាណានិគមនិយម​របស់​អាមេរិក។ បន្ទាប់​មក លោក​ពូទីន​បាន​ចោទ​ជា​ថ្មី​លើ​របបដឹកនាំ​អ៊ុយក្រែន​ពី​បទ​ប្រល័យពូជសាសន៍​លើ​ពលរដ្ឋ​រុស្ស៊ី និង​ពលរដ្ឋ​អ្នក​និយាយ​ភាសា​រុស្ស៊ី​នៅ​អ៊ុយក្រែន ពិសេស​នៅ​ក្នុង​តំបន់​ដូនែតស្ក៍ និង​លូហ្កាន់ស្ក៍​នៅ​ប៉ែកខាងកើត​ដែល​ជា​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​គាំទ្រ​រុស្ស៊ី។

តាម​លោក​ពូទីន រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ឯករាជភាព​របស់​តំបន់​ទាំង​ពីរ និង​ថា រុស្ស៊ី​គួរ​ណាស់​តែ​ត្រូវ​ទទួល​ស្គាល់​តាំង​ពី​យូរ​មក​ហើយ។ ទន្ទឹម​នឹង​ទទួល​ស្គាល់​នូវ​ឯករាជភាព​របស់​តំបន់​ទាំង​ពីរ លោក​ពូទីន​ក៏​បាន​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​ទ័ព និង​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​តំបន់​ទាំង​ពីរ​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​ទាំង​ពីរ​នោះ។ មាន​ក្រិត្យប្រធានាធិបតី​ចំនួន​ពីរ​ត្រូវ​បាន​លោក​ពូទីន​ចុះ​ហត្ថលេខា ហើយ​នៅ​ថ្ងៃ​អង្គារ ទី២២ កុម្ភៈ សភា​រុស្ស៊ី​ត្រូវ​ឲ្យ​សច្ចាប័ន្រ​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​រវាង​រុស្ស៊ី និង​ដែនដី​អប្បគម​ទាំង​ពីរ​សម្រាប់​រយៈពេល ១០ឆ្នាំ។

បស្ចិមលោក​បរាជ័យ​នៅ​ចំពោះ​មុខ​លោក​ពូទីន​ក្នុង​សំណុំរឿង​អ៊ុយក្រែន?

អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​ដែល​បស្ចិមប្រទេស ពិសេស​លោក​ម៉ាក្រុង​ក្នុង​នាម​ជា​ប្រធានាធិបតី​បារាំង និង​ជា​ប្រធាន​ប្តូរ​វេន​សហភាពអឺរ៉ុប​បាន​ជួប​លោក​ពូទីន​ច្រើន​ដង​ដោយ​មាន​ការ​ជួប​ផ្ទាល់ និង​ជួប​តាម​ទូរស័ព្ទ​ដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ុយក្រែន។ ជាក់ស្តែង​ក្នុង​ថ្ងៃ​អាទិត្យ ទី២០ កុម្ភៈ លោក​ម៉ាក្រុង​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ពូទីន​ដល់​ទៅ ២ដង។ លោក​ម៉ាក្រុង​ប្រាប់​ថា​នៅ​ក្នុង​ជំនួប លោក​បាន​ទទួល​ការ​យល់ព្រម​ពី​លោក​ពូទីន​ក្នុង​ការ​បន្ត​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ចរចា និង​ថា លោក​ពូទីន​សុខចិត្ត​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ទៀត​ផង។ តែ​អ្វីៗ​បែរ​ជា​បាន​ក្រឡាប់​ចាក់​ក្នុង​យប់​ថ្ងៃ​ចន្ទ ទី២១ កុម្ភៈ​ដែល​លោក​ពូទីន​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ឯករាជភាព​របស់​តំបន់​ដូនែតស្ក៍ និង​លូហ្កាន់ស្ក៍​ស្ថិត​ប៉ែកខាងកើត​អ៊ុយក្រែន។

គេ​អាច​និយាយ​បាន​ថា បស្ចិមប្រទេស​អសមត្ថភាព ឬ​ពិបាក​និយាយ​ជាមួយ​លោក​ពូទីន។ តែ​បើ​តាម​មើល​ទៅ គឺ​បស្ចិមប្រទេស​ដែល​កំពុង​ចាញ់​បោក​លោក​ពូទីន និង​កំពុង​ត្រូវ​បាន​លោក​ពូទីន​បង្វិល​ក្បាល​ស្រេច​នឹង​ចិត្ត។ មែនទែន​ទៅ លោក​ពូទីន​បាន​ដឹង និង​បាន​សម្រេចចិត្ត​រួច​ហើយ​នូវ​សេណារីយ៉ូ​ដែល​លោក​ត្រូវ​ធ្វើ និង​ផ្លូវ​ដែល​លោក​ត្រូវ​ដើរ។ ការ​ចរចា និង​ការ​ជួប​សន្ទនា​ជា​បន្តបន្ទាប់​ជាមួយ​ប្រធានាធិបតី​បារាំង ឬ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​គ្រាន់​ជា​ឆាក​មួយ​ដែល​លោក​ពូទីន​ធ្វើ​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ។

វា​មិនមែន​ជា​រឿង​​ចៃដន្យ​ទេ​ដែល​លោក​ពូទីន​បាន​ដាក់​ពង្រាយ​ទ័ព​ជា​ច្រើន​ម៉ឺននាក់ និង​សព្វាវុធ​គ្រប់ធុន​នៅ​ព័ទ្ធជុំវិញ​អ៊ុយក្រែន ហើយ​វា​ក៏​មិនមែន​ជា​ចៃដន្យ​ដែរ​ដែល​លោក​ពូទីន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាមួយ​ប្រទេស​បេឡារុស​នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន៕

បស្ចិមប្រទេស​គ្មាន​ផ្លូវ​ផ្សេង​ក្រៅ​ពី​បន្ត​ប្រើ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី?

នៅ​ចំពោះ​មុខ​មហិច្ឆតា​របស់​មនុស្សខ្លាំង​រុស្ស៊ី​លោក​ពូទីន​ពេល​នេះ សន្លឹក​បៀរ​ដែល​បស្ចិមលោក​ធ្លាប់​បាន​ប្រើ និង​អាច​បន្ត​ប្រើ​ប្រឆាំង​រុស្ស៊ី គឺ​ទណ្ឌកម្ម។ ត្រង់​ចំណុច​នេះ លោក​ពូទីន​បាន​ដឹង​ច្បាស់ ព្រោះ​លោក​ធ្លាប់​បាន​ទទួល និង​កំពុង​បន្ត​ទទួល​មក​ដល់​សព្វថ្ងៃ។ ចូរ​កុំ​ភ្លេច​ថា មហិច្ឆតា​របស់​លោក​ពូទីន​ចំពោះ​អ៊ុយក្រែន​មិនមែន​ទើប​មាន​នៅ​លើក​នេះ​ទេ។ ក្នុង​ឆ្នាំ ២០១៤ លោក​ពូទីន​បាន​ក្រសោប​យក​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន និង​ដែល​កាល​ណោះ រុស្ស៊ី​ក៏​បាន​ទទួល​ទណ្ឌកម្ម​ពី​បស្ចិមលោក​ដូច​គ្នា។ ដូច្នេះ​សម្រាប់​លោក​ពូទីន ទទួល​ទណ្ឌកម្ម​បន្ថែម​ទៀត​ក៏​វា​មិន​ថ្វី​ដែរ​ឲ្យ​តែ​លោក​សម្រេច​បាន​នូវ​មហិច្ឆតា​របស់​ខ្លួន។

មហិច្ឆតា​នោះគឺ​បន្ត​ច្រឹប​យក​ដែនដី​អ៊ុយក្រែន​មួយ​តំបន់​ម្តងៗ។ ឥឡូវ​នេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេស​បារាំង អាល្លឺម៉ង់ និង​ប្រទេស​លោកខាងលិច​មួយ​ចំនួន​កំពុង​សិក្សា និង​រៀបចំ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជា​ប្រភេទ​ទណ្ឌកម្ម​អ្វី​ខ្លះ​ទេ។ តែ​លោក​ពូទីន​បាន​រង់ចាំ​ស្វាគមន៍​នូវ​ទណ្ឌកម្ម​គ្រប់​ប្រភេទ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ?។ គេ​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​ដោយ​ត្រូវ​រង់ចាំ​មើល​ថា តើ​រុស្ស៊ី​នឹង​បញ្ជូន​ទ័ព​ទៅ​កាន់​តំបន់​ដូនែតស្ក៍ និង​លូហ្កាន់ស្ក៍​ក្នុង​ទ្រង់ទ្រាយ និង​រូបភាព​បែប​ណា ព្រោះ​ចូរ​កុំ​ភ្លេច​ថា វត្តមាន​ទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់​ទាំង​ពីរ​ប្រៀប​ដូច​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្ទាល់​រវាង​ទ័ព​អ៊ុយក្រែន និង​ទ័ពរុស្ស៊ី។ នៅ​ក្នុង​ករណី​នេះ ហានិភ័យ​នៃ​ការ​ផ្ទុះសង្រ្គាម​មាន​ច្រើន។

តើ​អាច​នៅ​មាន​ដំណោះស្រាយ​ផ្លូវទូត​ទៀត​ដែរ ឬ​អត់?។ គេ​ពិបាក​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ការ​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ឯករាជភាព​របស់​ដែនដី​ដូនែតស្ក៍ និង​លូហ្កាន់ស្ក៍​របស់​លោក​ពូទីន​មាន​ន័យ​ស្មើ​នឹង​ការ​រលាយ​អស់​នូវ​គ្រប់​កិច្ចព្រមព្រៀង​ដែល​មាន​កន្លង​មក​ទាក់ទង​នឹង​តំបន់​ទាំង​ពីរ ពិសេស​កិច្ចព្រមព្រៀង​ក្រុង​មីនស្ក៍​ឆ្នាំ ២០១៥ និង​កិច្ចចរចា​ទម្រង់​ណរម៉ង់ឌី​រវាង​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន។ ឃើញ​ថា ផ្លូវទូត​នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​អ៊ុយក្រែន​រួញ​កាន់​តែ​តូច។ តែ​ក្នុង​ថ្ងៃ​អង្គារ ទី២២ កុម្ភៈ រុស្ស៊ី​បាន​ធានា​ពី​ការ​ត្រៀម​ខ្លួន​ចរចា​គ្រប់​ពេល​ដោយ​រក្សា​ទុក​ដដែល​នូវ​គម្រោង​ជំនួប​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោក​ប៊្លីនកិន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ កុម្ភៈ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ