អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាតា៖ក្រុមប្រទេសនាំឧស្ម័នចេញបើកជំនួបកំពូលនៅក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​បើក​ជំនួបកំពូល​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២០ កុម្ភៈ​នៅ​ក្នុង​ប្រទេស​កាតា។ នៅ​ក្នុង​ថ្ងៃ​ដំបូង ជំនួបកំពូល​បាន​ចាប់​ផ្តើម​ត្រឹម​ថ្នាក់រដ្ឋមន្រ្តី និង​បន្ត​ដោយ​ថ្នាក់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៅ​ថ្ងៃ​អង្គារ ទី២២ កុម្ភៈ។ កម្មវត្ថុ​នៃ​ជំនួបកំពូល គឺ​និយាយ​ពី​ស្ថានភាព​ឧស្ម័ន​ក្នុង​លោក​ដោយ​ពិនិត្យមើល​ការ​ផ្គត់ផ្គង់ និង​តម្រូវការ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ជំនួបកំពូល​លើក​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​អ៊ុយក្រែន​ដែល​ក្រុម​បស្ចិមប្រទេស​កំពុង​បារម្ភ​ពី​ការ​វាយប្រហារ​អ៊ុយក្រែន​របស់​រុស្ស៊ី។

រដ្ឋមន្រ្តីក្រសួង​ថាមពលនៃ​ប្រទេស​កាតា​លោក Saad Sherida al-Kaabi។
រដ្ឋមន្រ្តីក្រសួង​ថាមពលនៃ​ប្រទេស​កាតា​លោក Saad Sherida al-Kaabi។ AFP - KARIM JAAFAR
ផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃ​នេះ គេ​បាន​ឮ និង​ស្គាល់​ឈ្មោះ​អង្គការ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង ឬ​ក្រុម​ប្រទេស​នំា​ប្រេង​ចេញ​ដែល​ហៅ​កាត់ Opep។ តែ​បើ​គេ​និយាយ​ពី​ថាមពល គឺ​មាន​ទាំង​ប្រេង និង​ឧស្ម័ន។ តាម​ពិត​ទៅ ក្រុម​ប្រទេស​ផលិត​ឧស្ម័ន ឬ​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​ទើប​បាន​បង្កើត​ឡើង​ក្នុង​ខែ​ឧសភា ឆ្នាំ ២០០១ ក្រោម​ឈ្មោះ« Gas Exporting Countries Forum »ឬ​ប្រែ​ថា វេទិកា​នៃ​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ។ នៅ​ក្នុង​វេទិកា​នេះ មាន​ប្រទេស​សមាជិក​ពេញ​សិទ្ធិ​ចំនួន ១៣ ប្រទេស និង​ប្រទេស​អ្នក​សង្កេតការណ៍​ចំនួន ៧ប្រទេស

សមាជិក​ពេញ​សិទ្ធិ​ទាំង ១៣ប្រទេស​មាន ៥ប្រទេស​មក​ពី​អាហ្រ្វិក ៤ប្រទេស​មក​ពី​តំបន់​មជ្ឈិមបូព៌ា ៣ប្រទេស​មក​ពី​អាមេរិកខាងត្បូង និង ១ប្រទេស​មក​ពី​អឺរ៉ុប។ ចំណែក ៧ប្រទេស​ដែល​ជា​ប្រទេស​អ្នក​សង្កេតការណ៍​មាន ២ប្រទេស​មក​ពី​អាស៊ីកណ្តាល ១ប្រទេស​មក​ពី​អឺរ៉ុប ១ប្រទេស​មក​ពី​អាមេរិកខាងត្បូង ១ប្រទេស​មក​ពី​អាហ្រ្វិក និង ២ប្រទេស​មក​ពី​តំបន់​មជ្ឈិមបូព៌ា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ មាន​ភាគ​ច្រើន​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​នំា​ប្រេង​ចេញ​ហៅ​កាត់ Opep ដែរ មាន​ន័យ​ថា ប្រទេស​ទាំង​នោះ​មាន​ទាំង​ប្រេង និង​ឧស្ម័ន។ សមាជិក​ទាំង ១៣ប្រទេស​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​តំណាង​ឲ្យ​ជាង ៧០% នៃ​ចំនួន​ស្តុក​ឧស្ម័ន​ក្នុង​លោក។

សហភាព​អឺរ៉ុប​ស្វែង​រក​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ក្រៅ​ពី​រុស្ស៊ី

ជំនួបកំពូល​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​បាន​រៀប​ចំ​ឡើង​ក្នុង​ពេល​ដែល​ឧស្ម័ន​កំពុង​ឡើង​ថ្លៃ និង​ចំ​ពេល​អឺរ៉ុប​កំពុង​ព្យាយាម​ស្វែង​រក​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ពី​ប្រទេស​ផ្សេង​ក្រៅ​ពី​រុស្ស៊ី។ សព្វថ្ងៃ​នេះ អឺរ៉ុប​បាន​ពឹងផ្អែក​ខ្លាំង​លើ​ឧស្ម័ន​រុស្ស៊ី។ មាន​ឧស្ម័ន​ចំនួន ៤០% របស់​អឺរ៉ុប​បាន​នាំ​ចូល​ពី​រុស្ស៊ីនិង​មាន​តែ ៥% ដែល​អឺរ៉ុប​នាំ​ចូល​ពី​កាតា។ បើ​រុស្ស៊ី​វាយប្រហារ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ដូច​ដែល​បស្ចិមលោក​បារម្ភ នោះ​នឹង​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ជួប​ភាព​រអាក់រអួល។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ដើម្បី​អាច​បន្ត​ផ្គត់ផ្គង់​លើ​តម្រូវការ​របស់​ខ្លួន និង​ដើម្បី​បញ្ជៀស​ពី​ការ​ពឹងផ្អែក​ខ្លាំង​លើ​ឧស្ម័ន​រុស្ស៊ី អឺរ៉ុប​កំពុង​ស្វែង​រក​ទិញ​ឧស្ម័ន​ពី​ប្រទេស​ផ្សេង ពិសេស​ពី​ប្រទេស​សមាជិក​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ។

តែ​មាន​បញ្ហា​មួយ​ចំនួន​កំពុង​ចោទ​ឡើង ទី១ មាន​ប្រទេស​ខ្លះ​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​បាន​បញ្ជាក់​ថា ពួក​គេ​មិន​អាច​បង្កើន​ផលិតកម្ម​ឧស្ម័ន​បន្ថែម ឬ​អាច​បង្កើន​បន្ថែម​បាន​តិចតួច​ប៉ុណ្ណោះ និង​ទី២ មាន​ប្រទេស​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ដើម្បី​អាច​ផ្គត់ផ្គង់​ឧស្ម័ន​ឲ្យ​អឺរ៉ុប​យូរ​អង្វែង​បាន ពួក​គេ​ត្រូវ​បោះ​ទុន​វិនិយោគ​បន្ថែម​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​ដើម្បី​ធ្វើ​អាជីវកម្ម​លើ​អណ្តូង​ឧស្ម័ន​ផ្សេង​ទៀត​ក្នុង​គោលដៅ​បង្កើន​ផលិតកម្ម។ នៅ​ក្នុង​ករណី​នេះ ប្រទេស​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​អឺរ៉ុប​ចុះ​កិច្ចសន្យា​ទិញ​ឧស្ម័ន​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​យូរ។

ចំណោទ​នៅ​ត្រង់​ថា សហភាព​អឺរ៉ុប​ស្ទាក់ស្ទើរ​ក្នុង​ការ​ចុះ​កិច្ចសន្យា​រយៈពេល​យូរ​សម្រាប់ ១០ឆ្នាំ ១៥ឆ្នាំ ឬ ២០ឆ្នាំ។ តែ​ភាព​ស្ទាក់ស្ទើរ​នេះ​អាច​​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ជា​ថ្មី បើ​វិបត្តិ​អ៊ុយក្រែន​នឹង​ក្រឡាប់​ចាក់​ក្នុង​ផ្លូវអាក្រក់ ព្រោះ​បើ​សង្រ្គាម​ផ្ទុះ​មែន អឺរ៉ុប​ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ទិញ​ឧស្ម័ន​របស់​ប្រទេស​ផ្សេង​ទេ។

កាតា​ចង់​ធ្វើ​ជា​អន្តរការី​ក្នុង​វិបត្តិ​អ៊ុយក្រែន និង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់?

គេ​អាច​និយាយ​ជា​រឿង​ចៃដន្យ​ដែល​ជំនួបកំពូល​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​រៀបចំ​ឡើង ខណៈ​ដែល​សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​រុស្ស៊ី និង​បស្ចិមលោក ពិសេស​អាមេរិក​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន។ តែ​ដោយ​រុស្ស៊ី​ជា​ប្រទេស​សមាជិក​ម្នាក់​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ ប្រទេស​កាតា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​ឆ្នាំ ២០២២ ចង់​យក​រឿង​អ៊ុយក្រែន​ទៅ​ដាក់​ក្នុង​របៀប​វារៈ​នៃ​ជំនួបកំពូល។ ពិត​ណាស់ គោលដៅ​ស្នូល និង​ប្រពៃណី​នៃ​ជំនួបកំពូល​របស់​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ គឺ​ពិនិត្យមើល​ស្ថានភាព​រួម​នៃ​សន្តិសុខ​ឧស្ម័ន​ក្នុង​លោក​ដោយ​ផ្តោត​សំខាន់​លើ​តម្រូវការ និង​ការ​ផ្គត់ផ្គង់។

តែ​ក្នុង​ពេល​ដែល​វិបត្តិ​អ៊ុយក្រែន​កំពុង​លេច​ត្រដែត​ខ្លាំង កាតា​ចង់​ឆក់​យក​ឱកាស​នៃ​ជំនួបកំពូល​របស់​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​ដើម្បី​ស្នើ​ខ្លួន​ធ្វើ​ជា​អន្តរការី​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​ពេល​នេះ។ ក្រៅ​ពី​វិបត្តិ​អ៊ុយក្រែន កាតា​ក៏​ចង់​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​ជា​អន្តរការី​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈ​ដែល​កិច្ចចរចា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​ឈាន​ដល់​ដំណាក់ការ​ចុង​ក្រោយ​រវាង​អ៊ីរ៉ង់ និង​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ ចូរ​កុំ​ភ្លេច​ថា អ៊ីរ៉ង់​ក៏​ជា​ប្រទេស​សមាជិក​នៃ​វេទិកា​ក្រុម​ប្រទេស​នាំ​ឧស្ម័ន​ចេញ​ដូច​រុស្ស៊ី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ