អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖រុស្ស៊ីកំពុងបង្កើនការរៀបចំចូលឈ្លានពានអ៊ុយក្រែនក្រោមទ្រង់ទ្រាយធំនៅពាក់កណ្តាលខែកុម្ភៈ​នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​អ៊ុយក្រែន​កំពុង​បន្ត​ជា​សំណុំរឿង​ក្តៅ​រវាង​ក្រុម​បស្ចិមប្រទេស និង​រុស្ស៊ី។ តាម​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក រុស្ស៊ី​កំពុង​បង្កើន​ការ​រៀបចំ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ក្រោម​ទ្រង់ទ្រាយ​ធំ។ ព័ត៌មាន​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​បន្ត​ប្រើ​យន្តការ​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ។ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​សហភាព​អឺរ៉ុប​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​ថ្ងៃ​សៅរ៍ ទី៥ កុម្ភៈ​ជាមួយ​នាយករដ្ឋមន្រ្តី​អង់គ្លេស និង​ប្រមុខ​អង្គការ​អូតង់។ កិច្ចសន្ទនា​បាន​ធ្វើ​ឡើង​មុន​នឹង​លោក​ម៉ាក្រុង​ធ្វើ​ដំណើរ​ទៅ​កាន់​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ ទី៧ និង​ថ្ងៃ​អង្គារ ទី៨ កុម្ភៈ។

អាមេរិកថា រុស្ស៊ីកំពុងបង្កើនការរៀបចំចូលឈ្លានពានអ៊ុយក្រែនក្រោមទ្រង់ទ្រាយធំនៅពាក់កណ្តាលខែ​កុម្ភៈ ឆ្នាំ ២០២២។
អាមេរិកថា រុស្ស៊ីកំពុងបង្កើនការរៀបចំចូលឈ្លានពានអ៊ុយក្រែនក្រោមទ្រង់ទ្រាយធំនៅពាក់កណ្តាលខែ​កុម្ភៈ ឆ្នាំ ២០២២។ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​បាន​លើក​ឡើង​ជា​ព័ត៌មាន​របស់​ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក។ តាម​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក មាន​ទាហាន​រុស្ស៊ី​ចំនួន ១១០ ០០០នាក់​កំពុង​ឈរ​ជើង​នៅ​តាម​ព្រំដែន​អ៊ុយក្រែន និង​នៅ​ពេល​ខាង​មុខ រុស្ស៊ី​អាច​នឹង​បន្ថែម​ទ័ព​ឲ្យ​ដល់​ចំនួន ១៥០ ០០០នាក់​ដែល​គ្រប់គ្រាន់​ដើម្បី​វាយ​អ៊ុយក្រែន​ក្រោម​ទ្រង់ទ្រាយ​ធំ​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ។ ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីសន្និដ្ឋាន​របស់​ខ្លួន​ថា រុស្ស៊ី​បាន និង​កំពុង​ដាក់​ពង្រាយ​កម្លាំងទ័ព និង​គ្រឿង​សព្វាវុធ​កាន់​តែ​ច្រើន​នៅ​ជុំវិញ​អ៊ុយក្រែន។

នៅ​ប៉ែកខាង​ជើង ខាង​កើត និង​ខាង​ត្បូង​អ៊ុយក្រែន ពិសេស​នៅ​តំបន់​គ្រីមេ​ដែល​រុស្ស៊ី​បាន​ក្រសោប​យក​ពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤ រុស្ស៊ី​បាន​ដាក់​ពង្រាយ​ទ័ព​ចំនួន ៨០កងវរសេនាតូច និង​បន្ថែម​ចំនួន ១៤កងវរសេនាតូច​ទៀត​ដោយ​ដក​យក​ពី​កន្លែង​ផ្សេង​ទៀត ពិសេស​ពី​តំបន់ Vladivostok ដែល​ស្ថិត​នៅ​ចុង​បូព៌ា​រុស្ស៊ី។ បន្ថែម​ពី​នេះ មាន​កម្លាំងទ័ព​ពិសេស​រុស្ស៊ី​ប្រមាណ​ជា ១ ៥០០នាក់​នឹង​ត្រូវ​ទៅ​ដល់​ព្រំដែន​អ៊ុយក្រែន រុស្ស៊ី​នៅ​មួយ​សប្តាហ៍​ខាង​មុខ។ ក្រៅ​ពី​វត្តមាន​ទ័ព​ជើងគោក រុស្ស៊ី​បាន​ដាក់​ពង្រាយ​យន្តហោះចម្បាំង យន្តហោះ​ទម្លាក់គ្រាប់បែក គ្រាប់មីស៊ីល និង​ខែលប្រឆាំង​យន្តហោះ​នៅ​តាម​ព្រំដែន​អ៊ុយក្រែន។ បន្ទាប់​មក នៅ​មាន​កម្លាំងទ័ព​ជើងទឹក​ដែល​រុស្ស៊ី​បាន​ដាក់​ពង្រាយ​យ៉ាង​ច្រើន​នៅ​ក្នុង​សមុទ្រ​ខ្មៅ។

ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​គ្រោង​សេណារីយ៉ូ​ចំនួន​ពីរ?

សម្រាប់​អាមេរិក អ៊ុយក្រែន​ប្រហែល​ចៀស​មិន​ផុត​ពី​ការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​ទេ។ តែ​ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​ក៏​មិន​ភ្លេច​លំអិត​ទេ​ថា ខ្លួន​ក៏​មិន​អាច​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា តើ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​សម្រេច​ចិត្ត​ហើយ​ឬ​ក្នុង​ការ​វាយប្រហារ ឬ​មិន​វាយប្រហារ​អ៊ុយក្រែន។ អ្វី​ដែល​ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​បាន​មើល​ឃើញ​ពេល​នេះ លោក​ពូទីន​បាន​បង្ហាញ​ចេញ​នូវ​គ្រប់​សេណារីយ៉ូ​ទាំង​អស់ ពិសេស​សេណារីយ៉ូ​ចំនួន​ពីរ។ សេណារីយ៉ូ​ទី១ គឺ​ការ​វាយ​ក្រសោប​យក​ត្រឹម​តំបន់​ដុនបាស់​ដែល​ស្ថិត​នៅ​ប៉ែកខាងកើត​អ៊ុយក្រែន។ តំបន់​ដុនបាស់​ជា​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​អ៊ុយក្រែន និង​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​ដែល​គាំទ្រ​រុស្ស៊ី។

សេណារីយ៉ូ​ទី២ គឺ​សេណារីយ៉ូ​ចាស់ដៃ​ដោយ​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ទាំង​មូល​ដែល​ឈាន​ទៅ​ទម្លាក់​ប្រធានាធិបតី​អ៊ុយក្រែន​បច្ចុប្បន្ន​លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​តែ​ក្នុង​រយៈពេល ៤៨ម៉ោង។ នៅ​ក្នុង​សេណារីយ៉ូ​ទី២ នេះ ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​មើល​ឃើញ​ពី​ការ​អាច​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន ក្នុង​នោះ អាច​មាន​ស្លាប់​ជនស៊ីវិល​ពី ២៥ ០០០ ទៅ ៥០ ០០០នាក់ អាច​មាន​ស្លាប់​ទ័ព​អ៊ុយក្រែន​ពី ៥ ០០០ ទៅ ២៥ ០០០នាក់ និង​អាច​មាន​ស្លាប់​ទ័ព​រុស្ស៊ី​ពី ៣ ០០០ ទៅ ១០ ០០០នាក់។ បន្ទាប់​មក ក៏​នឹង​អាច​មាន​ជនភៀសខ្លួន​ចន្លោះ​ពី ១លាន​ទៅ ៥លាននាក់ ពិសេស​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ប៉ូឡូញ។

បស្ចិមប្រទេស និង​រុស្ស៊ី​បន្ត​ទុក​ផ្លូវ​ការទូត​ឲ្យ​នៅ​ចំហ

តាម​ពិត​ទៅ នេះ​មិនមែន​ជា​លើកទី១​ដែល​អាមេរិក​បាន​លើក​ឡើង និង​បាន​ព្រមាន​ពី​ការ​វាយប្រហារ​អ៊ុយក្រែន​ឆាប់ៗ​របស់​រុស្ស៊ី ខណៈ​ដែល​រុស្ស៊ី​កំពុង​ត្រៀម​កម្លាំងទ័ព និង​សព្វាវុធ​គ្រប់ធុន​នៅ​តាម​ព្រំដែន​អ៊ុយក្រែន។ មួយ​វិញ​ទៀត ប្រទេស​លោកខាងលិច​ផ្សេង​ទៀត រួម​ទាំង​អង្គការ​អូតង់​ផង​ក៏​បាន​មើល​ឃើញ​ដូច​អាមេរិក​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក ក្រុម​បស្ចិមប្រទេស ពិសេស​អាមេរិក​បាន​ប្រកាស​ដាក់​ទ័ព​របស់​ខ្លួន​ចំនួន ៨ ៥០០នាក់​ឲ្យ​ប្រុង​ជើងការ និង​បាន​បញ្ជូន​ទ័ព​ចំនួន ៣ ០០០នាក់​បន្ថែម​ទៅ​កាន់​អឺរ៉ុបខាងកើត ពិសេស​ទៅ​កាន់​ប៉ូឡូញ​ដើម្បី​ពង្រឹង​កម្លាំង​អូតង់។

តែ​ក្នុង​ពេល​ជាមួយ​គ្នា និង​ក្រៅ​ពី​បង្ហាញ​សាច់ដុំ​ដាក់​គ្នា យន្តការ​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង និង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវទូត​ក៏​កំពុង​បន្ត​មាន ពិសេស​ពី​សហភាព​អឺរ៉ុប។ ជាក់ស្តែង​ក្នុង​ថ្ងៃ​សៅរ៍ ទី៥ កុម្ភៈ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​សហភាព​អឺរ៉ុប​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនស៊ុន និង​ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ។ ជា​មួយ​លោក​ស្តុលទែនប៊ែរ លោក​ម៉ាក្រុង​បាន​ទទូច​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បន្ត​ការងារ​តាម​កិច្ចសន្ទនា។ តាម​លោក​ម៉ាក្រុង នៅ​ពេល​ដែល​គេ​សម្រេច​មិន​ជ្រលក់​មាត់​រក​គ្នា គេ​មិន​អាច​ដោះស្រាយ​បាន​ជម្លោះ​ណា​មួយ​ទេ។

គឺ​ដោយ​យល់​ឃើញ​ពី​ភាព​ចាំ​បាច់ និង​​ឲ្យ​តម្លៃ​លើ​កិច្ចសន្ទនា​ដែល​លោក​ម៉ាក្រុង​នឹង​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ផ្ទាល់​ក្នុង​ក្រុង​មូស្គូ​នៅ​ថ្ងៃ​ចន្ទ ទី៧ កុម្ភៈ និង​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​ផ្ទាល់​ក្នុង​ទីក្រុង​គៀវ​នៅ​ថ្ងៃ​អង្គារ ទី៨ កុម្ភៈ។ សរុប​មក​វិញ ផ្លូវទូត​នៅ​មិន​ទាន់​បាន​បិទ​នៅ​ឡើយ​ទេ ទាំង​ខាង​បស្ចិមលោក និង​ទាំង​ខាង​រុស្ស៊ី។ ត្រង់​ថា តើ​ផ្លូវទូត​នេះ​អាច​នឹង​ឈាន​ទៅ​កាត់​បន្ថយ​ភាព​តានតឹង និង​រក​បាន​ដំណោះស្រាយ ឬ​អត់​ជា​រឿង​មួយ​ដែល​គេ​ត្រូវ​រង់ចាំ​មើល​បន្ត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ