អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេសចោទរុស្ស៊ីពីការព្យាយាមរំលំមេដឹកនាំអ៊ុយក្រែនសព្វថ្ងៃដើម្បីលើកបន្តុបមេដឹកនាំថ្មីនិយមរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿង​រវាង​បស្ចិមលោក និង​រុស្ស៊ី​ទាក់ទង​នឹង​អ៊ុយក្រែន​កំពុង​បន្ត​យ៉ាង​ក្តៅ​គគុក។ នៅ​ថ្ងៃ​សៅរ៍ ទី២២ មករា អង់គ្លេស​តាម​រយៈ​ប្រមុខ​ការទូត​លោកស្រី​លី ត្រឺស​បាន​ចោទ​រុស្ស៊ី​ពី​បទ​ព្យាយាម​ផ្តួលរំលំ​របបដឹកនាំ​អ៊ុយក្រែន​សព្វថ្ងៃ​ដើម្បី​លើក​បន្តុប​របប​ដឹកនាំ​ថ្មី​ជាមួយ​នឹង​មេដឹកនាំ​ថ្មី​ដែល​និយម​រុស្ស៊ី។ សហរដ្ឋអាមេរិក​បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​ព័ត៌មាន​របស់​អង់គ្លេស​ពេល​នេះ។ តែ​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​អង់គ្លេស​បញ្ឈប់​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​គ្មាន​សមហេតុផល។

ប្រមុខការទូត​អង់គ្លេស​ លោកស្រី Liz Truss
ប្រមុខការទូត​អង់គ្លេស​ លោកស្រី Liz Truss REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តីប្រកាសព័ត៌មាន​មួយ ប្រមុខការទូត​អង់គ្លេស​លោកស្រី លី ត្រឺស​បាន​បរិហារ​ពី​វិសាលភាព​នៃ​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ការ​ធ្វើ​ឲ្យ​អ៊ុយក្រែន​ចុះ​ខ្សោយ។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន លោកស្រី​លី ត្រឺស​បាន​បញ្ជាក់​ច្បាស់ៗ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​ព្យាយាម​លើក​បន្តុប​មេដឹកនាំ​អ៊ុយក្រែន​ម្នាក់​ដែល​មាន​និន្នាការ​រក​រុស្ស៊ី។ នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន រុស្ស៊ី​ត្រូវ​ចូល​ឈ្លានពាន​អ៊ុយក្រែន និង​កាន់កាប់​អ៊ុយក្រែន នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ប្រមុខ​ការទូត​អង់គ្លេស។ លោកស្រី​លី ត្រឺស​មិន​បាន​ប្រាប់​ពី​ប្រភព​ព័ត៌មាន​ដែល​លោកស្រី​ទទួល​បាន​ទេ តែ​បាន​ត្រឹម​អះអាង​ពី​ព័ត៌មាន​ដែល​អង់គ្លេស​មាន​ក្នុង​ដៃ។

កាន់​តែ​ច្បាស់​ជាង​នេះ ក្រសួង​ការបរទេស​អង់គ្លេស​បាន​លើក​ឡើង​នូវ​ឈ្មោះ​ឥស្សរជន​អ៊ុយក្រែន​មួយ​ចំនួន​ដែល​រុស្ស៊ី​អាច​ជ្រើស​តាំង​ជា​មេដឹក​នាំ​ថ្មី​នៅ​អ៊ុយក្រែន។ ឥស្សរជន​អ៊ុយក្រែន​ទាំង​នោះ​រួម​មាន ទី១ លោក​យ៉េវហ្គេនី មួរ៉ាយ៉េវ អតីត​អ្នកតំណាងរាស្រ្ត ទី២ លោក​ស៊ែរហ្គី អាប៊ូហ្សូស អតីត​ឧបនាយករដ្ឋមន្រ្តីទី១ និង​អតីត​នាយករដ្ឋមន្រ្តីស្តីទី ទី៣ លោក​អង់ឌ្រី គ្លូយ៉េវ អតីត​នាយក​រដ្ឋបាល​ប្រធានាធិបតី​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច ទី៤ លោក​វូឡូឌីមៀរ ស៊ីកូវ៉ិច អតីត​លេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​សន្តិសុខ និង​ការពារជាតិ ឬ​មួយ​ក៏​លោក​មីកូឡា អាហ្សារ៉ូវ អតីត​នាយករដ្ឋមន្រ្តី។

ក្នុង​ចំណោម​ឥស្សរជន​អ៊ុយក្រែន​ខាង​លើ មាន​អ្នក​ខ្លះ​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​ក្រសួង​ស៊ើបការណ៍សម្ងាត់​រុស្ស៊ី​ដែល​កំពុង​ចូលរួម​រៀបចំ​ផែនការ​វាយប្រហារ​អ៊ុយក្រែន នេះ​បើ​តាម​ក្រសួង​ការបរទេស​អង់គ្លេស​ដោយ​មិន​ភ្លេច​បន្ថែម​ថា អតីត​អ្នកតំណាងរាស្រ្ត​អ៊ុយក្រែន​លោក​យ៉េវហ្គេនី មួរ៉ាយ៉េវ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ម្នាក់​ដែល​រុស្ស៊ី​ចង់​ជ្រើស​តាំង​ជា​មេដឹកនាំ​ថ្មី​នៅ​អ៊ុយក្រែន។

ព័ត៌មាន​លើក​ឡើង​ដោយ​អង់គ្លេស​អាច​បញ្ជាក់​ពី​ព័ត៌មាន​របស់​សហរដ្ឋអាមេរិក

ព័ត៌មាន​ទម្លាយ​ដោយ​អង់គ្លេស​ពេល​នេះ​ហាក់​បាន​ឆ្លើយ​តប​នឹង​ព័ត៌មាន​មួយ​ចំនួន​ដែល​អាមេរិក​បាន​លើក​ឡើង។ តាម​ពិត អាមេរិក​មិន​បាន​ចោទ​រុស្ស៊ី​ចំៗ​ពេក​ដូច​អង់គ្លេស​ទេ។ តែ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មករា អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ឥស្សរជន​អ៊ុយក្រែន​ចំនួន ៤នាក់ ក្នុង​នោះ​មាន ២នាក់​ជា​តំណាងរាស្រ្ត។ មួយ​វិញ​ទៀត ក្នុង​ចំណោម​ឥស្សរជន​អ៊ុយក្រែន​ទាំង ៤នាក់​ក៏​មាន​ឈ្មោះ​វូឡូឌីមៀរ ស៊ីកូវ៉ិច ដែល​ក្រសួង​ការបរទេស​អង់គ្លេស​បាន​លើក​ឡើង​ដែរ។ វូឡូឌីមៀរ ស៊ីកូវ៉ិច ជា​អតីត​លេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​សន្តិសុខ និង​ការពារជាតិ​អ៊ុយក្រែន។

តាម​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ឥស្សរជន​អ៊ុយក្រែន​ទាំង ៤នាក់​នេះ​ត្រូវ​បាន​ក្រសួង​ស៊ើបការណ៍សម្ងាត់​រុស្ស៊ី​យក​ឲ្យ​ធ្វើ​ការ​ដើម្បី​ជ្រើសរើស​អតីត​អ្នកទទួលខុសត្រូវ និង​អ្នកទទួលខុសត្រូវ​ក្នុង​រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន​សម្រាប់​រៀបចំ​ផែនការ​ចូល​កាន់កាប់​រដ្ឋាភិបាល​ថ្មី​នៅ​អ៊ុយក្រែន​ដែល​និយម​រុស្ស៊ី។ តើ​ព័ត៌មាន​ដែល​លើក​ឡើង​ដោយ​អង់គ្លេស​ពេល​នេះ​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​ការ​ត្រៀម​ចូល​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី​ដែរ ឬ​ទេ?។ ប្រមុខ​ការទូត​អង់គ្លេស​លោកស្រី​លី ត្រឺស​មិន​បាន​និយាយ​ដល់​ចំណុច​នេះ​ទេ និង​បាន​ព្រមាន​ត្រង់​ដាក់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។

លោកស្រី​លី ត្រឺស​យល់​ថា គ្រប់​ទង្វើ​ឈ្លានពាន​ផ្លូវ​យោធា​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែន​ជា​កំហុស​យុទ្ធសាស្រ្ត​ចម្បង និង​ព្រមាន​សងសឹក​រុស្ស៊ី​វិញ​ក្នុង​តម្លៃ​ខ្ពស់​បំផុត។ តែ​រុស្ស៊ី​តាម​រយៈ​ក្រសួង​ការបរទេស​បាន​បរិហារ​លើ​ការ​ចោទ​ប្រកាន់​របស់​អង់គ្លេស និង​អំពាវនាវ​ឲ្យ​អង់គ្លេស​បញ្ឈប់​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​គ្មាន​ភស្តុតាង។

ការ​ចរចា​កំពុង​បន្ត​មាន តែ​ស្ថានការណ៍​ហាក់​កាន់​តែ​ឡើង​តានតឹង

អ្វី​ជា​ការ​កត់សម្គាល់ ការ​ចោទ​រុស្ស៊ី​ពី​សំណាក់​អង់គ្លេស​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ជំនួប​ទ្វេភាគី​រវាង​ប្រមុខ​ការទូត​អាមេរិក និង​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ។ ជំនួប​មិន​បាន​ទទួល​លទ្ធផល​ធំដុំ​ទេ តែ​ភាគី​ទាំង​ពីរ​សន្យា​ជួប​គ្នា​ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ​ទៀត។ សំណួរ​ដែល​គេ​អាច​សួរ​ពេល​នេះ​គឺ​ថា តើ​មាន​នៅ​សល់​ច្រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា​ដែរ ឬ​ទេ ហើយ​បើ​មាន តើ​នៅ​សល់​ច្រក​អ្វី​ខ្លះ?។ គ្រប់​ភាគី​ទាំង​អស់ មិន​ថា​ភាគី​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ក៏​ភាគី​ពាក់ព័ន្ធ​ដោយ​ប្រយោល​ទេ គឺ​ប្រហែល​ជា​គ្មាន​ភាគី​ណា​មួយ​ចង់​បង្ក​សង្រ្គាម​ទេ។

រហូត​មក​ដល់​ពេល​នេះ និង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង គ្រប់​ភាគី​ទាំង​អស់​បាន និង​កំពុង​ព្យាយាម​ចរចា និង​បន្ត​ការ​ចរចា ពិសេស​អាមេរិក និង​រុស្ស៊ី​ដែល​ជា​តួឯក​ដូច​គ្នា។ បរិយាកាស​ដែល​ល្អ​មក​ដល់​ពេល​នេះ គឺ​អាមេរិក និង​រុស្ស៊ី​យល់​ព្រម​បន្ត​អង្គុយ​ចរចា​ទល់​មុខ​គ្នា។ តែ​បរិយាកាស​ដែល​ហាក់​មិន​ល្អ​មក​ដល់​ពេល​នេះ គឺ​ស្ថានភាព​ហាក់​ដូច​ជា​មិន​បាន​ធូរស្រាល និង​ដូច​ជា​កំពុង​បន្ត​ក្តៅងំ​កាន់​តែ​ខ្លាំង។ អ្វី​​ដែល​ច្បាស់​មក​ទល់​ពេល​នេះ អាមេរិក និង​រុស្ស៊ី​កំពុង​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន​ដោយ​គ្មាន​អ្នក​ណា​សុខ​ចិត្ត​ធ្វើ​សម្បទាន​ឲ្យ​អ្នក​ណា ហើយ​ក៏​គ្មាន​អ្នក​ណា​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អ្នក​ណា​មុន​ដែរ។

រុស្ស៊ី​ចង់​ឲ្យ​អង្គការ​អូតង់​ដក​ទ័ព​ចេញ​ពី​ក្នុង​បណ្តា​ប្រទេស​សមាជិក​ដែល​ស្ថិត​ជាប់​ព្រំដែន​ខ្លួន និង​ស្នើ​ឲ្យ​អូតង់​កុំ​ទទួល​អ៊ុយក្រែន​ជា​សមាជិក​ថ្មី។ រុស្ស៊ី​ចង់​ឲ្យ​អូតង់​សន្យា​ជា​លាយលក្សណ៍អក្សរ​លើ​សំណើ​របស់​ខ្លួន។ ពី​ខាង​អាមេរិក​វិញ អាមេរិក​បាន​សន្យា​ធ្វើ​តាម​រុស្ស៊ី តែ​តម្រូវ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ទាំង​អស់​របស់​ខ្លួន​ចេញ​ព្រំដែន​ជាមួយ​អ៊ុយក្រែន។ នៅ​សប្តាហ៍​ក្រោយ ប្រមុខ​ការទូត​អាមេរិក និង​រុស្ស៊ី​សន្យា​ជួប​គ្នា​ជា​ថ្មី ហើយ​ក្នុង​សប្តាហ៍​ក្រោយ​ដដែល ប្រមុខ​ការពារជាតិ​អង់គ្លេស និង​រុស្ស៊ី​ក៏​គ្រោង​ជួប​គ្នា​នៅ​ក្នុង​ទឹកដី​រុស្ស៊ី។ បើ​ជំនួប​ក្នុង​កម្រិត​ប្រមុខ​ការពារជាតិ​អង់គ្លេស និង​រុស្ស៊ី​កើត​ឡើង​មែន វា​ជា​ជំនួប​លើក​ទី១ គិត​តាំង​ពី​ឆ្នាំ ២០១៣។

តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រោយ​អង់គ្លេស​ចោទ​រុស្ស៊ី ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​រវាង​ប្រទេស​ទាំង​ពីរ​អាច​នឹង​បន្ត​មាន ឬ​អត់​ទេ។ សរុប​មក​វិញ ដំណោះស្រាយ​តាម​ផ្លូវ​ចរចា​នៅ​បន្ត​មាន​ដែល​ជោគជ័យ ឬ​បរាជ័យ​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​នីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ