អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន​វាយប្រហារ​អេមីរ៉ាតអារ៉ាប់រួម​នៅពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាមនៅយេម៉ែន​បាន​ក្លាយ​ជា​ព័ត៌មាន​ក្តៅគគុក នៅ​ថ្ងៃ​អង្គារ​ទី​១៨​មករា បន្ទាប់ពី ក្រុមឧទ្ទាម​ហ៊ូទី នៅប្រទេស​យេម៉ែន​បាន​បើកការវាយប្រហារ​សំដៅ​ព្រលាន​យន្តហោះ នៅ​អាប៊ូ ដាប៊ី របស់​អេមីរ៉ាត អារ៉ាប់រួម ដោយ​សម្លាប់​មនុស្ស​៣នាក់ កាលពី​ថ្ងៃ​ចន្ទ។ ជា​ការសងសឹកវិញ សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត​បាន​បើកប្រតិបត្តិការ​វាយប្រហារ​ទៅលើ​រដ្ឋធានី​សាណា របស់​យេម៉ែន​ដែល​កាន់កាប់​ដោយ​ពួកឧទ្ទាម​ហ៊ូទី នៅ​ថ្ងៃ​ចន្ទ​ដដែល។ តាមទូរទស្សន៍​យេម៉ែន គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម​ហ៊ូទី ការវាយប្រហារ​របស់​សម្ព័ន្ធ​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត​បាន​សម្លាប់​មនុស្ស​១៤នាក់។

ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​អាប៊ូដាប៊ី ដែលរងការវាយប្រហារ​មីស៊ីល និង​យន្តហោះ​ដ្រូន​របស់​ក្រុមឧទ្ទាម​ហ៊ូទី នៅយេម៉ែន កាលពីថ្ងៃ​ទី​១៧​មករា ២០២២
ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​អាប៊ូដាប៊ី ដែលរងការវាយប្រហារ​មីស៊ីល និង​យន្តហោះ​ដ្រូន​របស់​ក្រុមឧទ្ទាម​ហ៊ូទី នៅយេម៉ែន កាលពីថ្ងៃ​ទី​១៧​មករា ២០២២ AP - Planet Labs PBC
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ក្រុមប្រទេស​អារ៉ាប់ ប្រទេស​លោកខាងលិច និង​អង្គការ​សហប្រជាជាតិ បានធ្លាក់​មក​ជាបន្តបន្ទាប់ នៅក្រោយ ក្រុមឧទ្ទាមហ៊ូទី នៅ​យេម៉ែន បាន​វាយប្រហារ​ទៅលើ​ទីតាំងស្តុកប្រេង​នៅទីក្រុង​អាប៊ូ ដាប៊ី របស់​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ សហរដ្ឋអាមេរិក តាមរយៈ​ទីប្រឹក្សា​សន្តិសុខ​របស់​សេតវិមាន​បាន​និយាយ​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ទីក្រុង​អាប៊ូដាប៊ី។ លោក​Jack Sollivan បាន​និយាយ​ថា អាមេរិក​នឹង​សហការជាមួយ​សម្ព័ន្ធមិត្ត​អេមីរ៉ាតអារ៉ាប់រួម និង​អារ៉ាប៊ី សាអូឌីត​ដើម្បី​ធ្វើ​ឲ្យ​ពួកឧទ្ទាម​ហ៊ូទី​សងថ្លៃខូចខាត​កាលពីថ្ងៃ​ចន្ទ។

ជាការសងសឹកភ្លាម សម្ព័ន្ធអារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត​បាន​បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​រដ្ឋធានី​សាណា​របស់​យេម៉ែន ដែលគ្រប់គ្រង​ដោយ​ក្រុមឧទ្ទាមហ៊ូទី។ អ្នកនាំពាក្យ​របស់សម្ព័ន្ធយោធាអារ៉ាប់ ឧត្តមសេនីយ៍ Turki Al-Maliki បាននិយាយ​នៅ​ថ្ងៃ​ចន្ទថា យន្តហោះចម្បាំង F15 ​បានបាញ់បំផ្លាញ​ជើងទ្របាញ់មីស៊ីល​បាលីស្ទីក ដែលក្រុមឧទ្ទាម​ហ៊ូទី​បាន​ប្រើ​កាលពីថ្ងៃចន្ទ។ ការវាយប្រហារ​កាលពីថ្ងៃ​ចន្ទ សំដៅ​ផងដែរ​ផ្ទះ​របស់​មេដឹកនាំ​ហ៊ូទី នៅភាគខាងជើង​យេម៉ែន ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងតិច ​១៤នាក់។

តាំង​ពីសង្រ្គាម​ផ្ទុះឡើង​នៅ​យេម៉ែន នៅ ៧ឆ្នាំមកនេះ ​អេមីរ៉ាត អារ៉ាប់រួម និង​អារ៉ាប៊ី សាអូឌីត បានក្លាយជា​ផ្ទាំងស៊ីប​សងសឹក​ពី​ក្រុមឧទ្ទាម ហ៊ូទី​នៅយេម៉ែន ព្រោះ​ប្រទេស​ទាំងពីរ នាំមុខ គេ​ក្នុង​សម្ព័ន្ធអារ៉ាប់ ដែល​បើកប្រតិបត្តិការ​យោធា នៅ​យេម៉ែន ដើម្បី​ជួយគាំទ្រ​កងទ័ព​រដ្ឋាភិបាល​យេម៉ែន ដែលជា​គូសត្រូវខ្លាំង​របស់​ក្រុមឧទ្ទាមហ៊ូទី។ ប៉ុន្តែ នៅពេល​អារ៉ាប៊ី សាអូឌីត ឧស្សាហ៍​រងគ្រាប់ផ្លោង និង​មាន​ការស្លាប់​បាត់បង់ជីវិត​មនុស្ស នៅក្នុង​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូនរបស់​ពួកឧទ្ទាម ហ៊ូទី ពី​ទឹកដីយេម៉ែន គេ​មិនសូវ​ដែល​លឺ​មាន​ការចុះផ្សាយ​ពីខាង​អេមីរ៉ាតអារ៉ាប់រួម ស្តីពីការវាយប្រហារ​ណាមួយ របស់​ក្រុមហ៊ូទី ក្នុងទឹកដី​របស់ខ្លួននោះទេ។  នេះជាលើកទី​១ ដែល​មានការអះអាង​ជាផ្លូវការ​ពីខាង​អាជ្ញាធរ​អេមីរ៉ាត អារ៉ាប់រួម ថា មាន​ការវាយប្រហារ​របស់​ពួកយេម៉ែន​ទៅលើ​អាប៊ូ ដាប៊ី ទឹកដី​របស់ខ្លួន។ ហើយ​នេះ​ក៏ជាលើកទី១​ដែរ ដែល​អេមីរ៉ាត អារ៉ាប់រួម ខាតបង់ ជីវិត​មនុស្ស ស៊ីវិល ដោយសារ​ការវាយប្រហារ​របស់​ក្រុមឧទ្ទាមហ៊ូទី។

តាម​ទីភ្នាក់ងារ​ព័ត៌មាន អេមីរ៉ាត អារ៉ាប់រួម ការវាយប្រហារ​របស់​ក្រុមហ៊ូទី បាន​កាលពី​ថ្ងៃ​ចន្ទ សំដៅ កន្លែង​ស្តុកប្រេង មួយកន្លែង និង​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ នៅទីក្រុង​អាប៊ូដាប៊ី។ ជា​អកុសល បុគ្គលិក​បរទេស​៣នាក់ ដែល​ជាជនជាតិប៉ាគីស្ថាន និង​ឥណ្ឌា​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ។

ហេតុអ្វី​ពួកឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន សំដៅ វាយប្រហារ​ទីក្រុង​អាប៊ូដាប៊ី របស់​អេមីរ៉ាត អារ៉ាប់​រួម?

មានហេតុផល​មួយចំនួន​ដែលធ្វើ​ឲ្យ​ក្រុមឧទ្ទាម​ហ៊ូទី នៅយេម៉ែន វាយប្រហារ​សងសឹក​អេមីរ៉ាត អារ៉ាប់រួម។

ហេតុផល​ទី១​គឺ​ក្រុមឧទ្ទាមហ៊ូទី ចង់​ផ្តល់​មេរៀន ដល់​អេមីរ៉ាត អារ៉ាប់រួម។ អេមីរ៉ាត អារ៉ាប់រួម ដែលកំពុងប្រែក្លាយខ្លួន​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជាប្រទេស​គុជ គោលដៅ​ទេសចរណ៍ នៅ​មជ្ឈឹមបូព៌ា​ បាន​ដកខ្លួន ខ្លះ​ពី​សង្រ្គាម​នៅ យេម៉ែន ព្រោះតែ​មិន​ចង់​ជួប​អសន្តិសុខ ដោយសារ​ការវាយប្រហារ ដ្រូន មីស៊ីល​ពី​ក្រុមឧទ្ទាម​យេម៉ែន ដូចដែលក្រុមនេះ​ឧស្សាហ៍ធ្វើ​ទៅលើ​អារ៉ាប៊ី សាអូឌីត។

តាម​អ្នកនាំពាក្យ​របស់​ក្រុមឧទ្ទាម ហ៊ូទី នៅប៉ុន្មាន​ឆ្នាំមកនេះ ក្រុមឧទ្ទាម​បាន​អត់ធ្មត់​មិន​វាយប្រហារ​ទៅលើ​អេមីរ៉ាត អារ៉ាប់រួម​នោះទេ ព្រោះថា អេមីរ៉ាត អារ៉ាប់រួម បាន​ដកកងទ័ព ចេញពីយេម៉ែន ពោល​គឺ​មិនបាន​សកម្មដូច អារ៉ាប៊ី សាអូឌីត ដែល​នៅតែបន្ត​ការវាយប្រហារ​ផ្លូវអាកាស ទៅលើ​ក្រុមហ៊ូទី​នោះទេ។

ប៉ុន្តែ នៅប៉ុន្មានខែ​ចុងក្រោយនេះ អេមីរ៉ាត អារ៉ាប់រួម បាន​ប្តូរជំហរ​របស់ខ្លួន។ តាម​សមាជិក​ការិយាល័យ​នយោបាយ​ហ៊ូទី​ដែលដកស្រង់សំដី​ដោយ​កាសែត​អាមេរិក New York Times ក្រុមហ៊ូទី ដែលពេលនេះ​បាន​ចូល​គ្រប់គ្រង​ទឹកដី​មួយភាគធំ​របស់​យេម៉ែន ជាពិសេស​រដ្ឋធានី សាណា បាន​សម្រេច​វាយប្រហារ​អេមីរ៉ាត អារ៉ាប់រួម នៅក្រោយ​បរាជ័យ បាត់បង់​តំបន់​គ្រប់គ្រង​មួយរបសខ្លួន ដែលមានឈ្មោះថា Chabwa។ ពួកឧទ្ទាម​ហ៊ូទី​បាន​ចោទប្រកាន់​អេមីរ៉ាត អារ៉ាប់រួម​ថា បាន​ផ្តល់​ជំនួយអាវុធ ដល់​ក្រុមប្រដាប់អាវុធ ឈ្មោះ​ថា Geant ឬ​ប្រែថា យក្ស ដើម្បី​វាយដណ្តើម​កាន់កាប់​តំបន់​Chabwa ដែលធ្លាប់​ស្ថិតក្រោមដៃ​របស់​ក្រុមឧទ្ទាមហ៊ូទី។

មួយវិញទៀត ការវាយប្រហារ​របស់​ក្រុមហ៊ូទី​ទៅលើ​អេមីរ៉ាត អារ៉ាប់រួម​លើកនេះ កើតឡើង​នៅ​តែប៉ុន្មាន​ថ្ងៃ ក្រោយ​ដែល​ក្រុមឧទ្ទាម​បាន​រឹបអូស​យកបានកប៉ាល់ដឹកទំនិញ ដែលមានបំពាក់​ទង់ជាតិ​អេមីរ៉ាត អារ៉ាប់រួម។ អាជ្ញាធរ​អេមីរ៉ាត អារ៉ាប់រួម​ដែល​បាន​ចេញមុខ​ថ្កោលទោស ​សកម្មភាព​រឹបអូស​របស់​ក្រុមឧទ្ទាម​ហ៊ូទី បែបចោរសមុទ្រ បាន​អះអាងថា កប៉ាល់ របស់​អេមីរ៉ាត អារ៉ាប់រួម បាន​ដឹកសម្ភារៈ​សម្រាប់​មន្ទីរពេទ្យ​នៅយេម៉ែន។ ប៉ុន្តែ ក្រុមឧទ្ទាម​ហ៊ូទី វិញ នៅពេល​បាន​ចូលរឹបអូសកប៉ាល់ បាន​បង្ហាញ កេសអាវុធ និង​សម្ភារៈយោធា ប៉ុន្តែ មិនមែនគ្រឿងបរិក្ខាពេទ្យ​ដូចការអះអាង​របស់​អេមីរ៉ាត​អារ៉ាប់រួម​នោះទេ។

ម្យ៉ាងវិញទៀតដែរ គេមិនដឹង​ថា តើ​វា​ជាការចៃដន្យ ឬ​ជា​ការគ្រោងទុក​ពីមុននោះទេ។ ក្រុមឧទ្ទាម​ហ៊ូទី នៅយេម៉ែន​ដែល​គាំទ្រ ដោយ​ប្រទេស​អ៊ីរ៉ង់ បាន​បើកការវាយប្រហារ​ទៅលើ​អេមីរ៉ាត អារ៉ាប់រួម នៅក្នុង​បរិបទមួយ​ដែល​អេមីរ៉ាត​អារ៉ាប់រួម ដែល​មិនសូវ​ជា​ចុះសម្រុង​ជាមួយអ៊ីរ៉ង់ហើយ នៅ​បាន​ទៅចាប់ចងសម្ព័ន្ធមេត្រីភាព គ្នា​ឡើងវិញ ជាមួយ​អ៊ីស្រាអែល ដែលជា​សត្រូវ​សួរពូជ​របស់​អ៊ីរ៉ង់។

នៅក្រោយ​ការវាយប្រហារ​ទៅលើ​ទីក្រុង​អាប៊ូដាប៊ី របស់​អេមីរ៉ាត អារ៉ាប់រួម អ៊ីស្រាអែល​បាន​ចេញមុខ​ចោទប្រកាន់​សាជាថ្មីថា បើសិន​គ្មាន​អ៊ីរ៉ង់ បើក​ភ្លើងខៀវទេ នោះ ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន ក៏មិនអាច​ប្រើ​មីស៊ីលបាលីស្ទីក និង​យន្តហោះដ្រូន ដែលខ្លួន​បានទទួល​ពីអ៊ីរ៉ង់ សម្រាប់​យក​ទៅ​វាយប្រហារ​លើ​អេមីរ៉ាត អារ៉ាប់​រួម​នោះដែរ។

សហគមន៍អន្តរជាតិ​បំភ្លេច មិន​ខ្វល់​សង្រ្គាមសម្លាប់មនុស្សនៅយេម៉ែន ?

ការវាយប្រហារ​ ពួកឧទ្ទាម​ហ៊ូទី​ ដែលបានសម្លាប់​មនុស្ស​៣នាក់ ទឹកដីអេមីរ៉ាត អារ៉ាប់រួម បាន​រងការថ្កោលទោស​ពី​ប្រទេស​លោកខាងលិច។ ប៉ុន្តែ នៅពេល អារ៉ាប៊ី សាអូឌីត​វាយប្រហារ​ទៅលើ​យេម៉ែន​ ដើម្បី​ទប់ស្កាត់​ក្រុមឧទ្ទាមហ៊ូទី កុំ​ឲ្យ​ចូលកាន់អំណាច​នៅ​យេម៉ែន រហូត​សម្លាប់​ជីវិតប្រជាជន​ស៊ីវិល រហូតមក គេ​កម្រ​នឹង​លឺប្រទេស​លោកខាងលិច ស្តីបន្ទោស ថ្កោលទោស​អារ៉ាប៊ី សាអូឌីត ឬ​អេមីរ៉ាត អារ៉ាប់រួម ដែលបើកប្រតិបត្តិការ​យោធា ធ្វើ​សង្រ្គាមនៅយេម៉ែន។

សង្រ្គាម​ស៊ីវិល​នៅយេម៉ែន ៧ឆ្នាំ មកនេះ បាន​សម្លាប់​ជីវិតមនុស្ស​ជិត ៤សែននាក់ បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ខ្ទេចខ្ទីរ និង​បានធ្វើ​ឲ្យ​ប្រជាជនយេម៉ែនជាច្រើនលាននាក់ ត្រូវ​ធ្លាក់ខ្លួន​ក្នុង​គ្រោះអត់ឃ្លាន ខ្វះចំណីអាហារូបត្ថម្ភ។

ការចរចា​ដើម្បី​ស្តារសន្តិភាព នៅ​យេម៉ែន ក្រោមការជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ បានបរាជ័យ​ជាបន្តបន្ទាប់។ ជាលទ្ធផល ការប្រយុទ្ធគ្នា​ដណ្តើម​ទឹកដីគ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​យេម៉ែន ដែលគាំទ្រ​ដោយ​សម្ព័ន្ធយោធា​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ហើយ​ពួកឧទ្ទាម​ហ៊ូទី​នៅតែ បន្ត ហើយ​កាន់តែ​ខ្លាំងក្លា នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ។ រាល់លើក ភាគីប្រយុទ្ធ​ទាំងពីរ​បាន​និយាយ​ទម្លាក់កំហុស​គ្នា​ទៅវិញ ទៅមក ថាជាអ្នកទទួលខុសត្រូវ​លើ​ការសម្លាប់​ជីវិត​ប្រជាជន​ស៊ីវិល។ អារ៉ាប៊ី សាអូឌីត បាននិយាយ​ការពារ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន នៅ​ទឹកដី​យេម៉ែន ដើម្បី ទប់ស្កាត់​ការពង្រីក​ឥទ្ធិពល​របស់​ក្រុមឧទ្ទាម​ហ៊ូទី នៅយេម៉ែន ព្រោះ​ក្រុមនេះ​គាំទ្រ​ដោយ​អ៊ីរ៉ង់។

មន្រ្តីអង្គការ​សហប្រជាជាតិ និងអង្គការ​ការពារ​សិទ្ធិមនុស្ស​ធ្លាប់​រិះគន់​ប្រតិបត្តិការ​របស់​សម្ព័ន្ធយោធា​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ដែលគេ​ចាត់ទុកថា អាចជាការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ប៉ុន្តែ ប្រទេស​ផ្សេងទៀត ដូចជាអាមេរិក ប្រទេស​នៅ​អឺរ៉ុបជាដើម  មិនសូវ​ដំឡើងសំឡេង​រិះគន់​អារ៉ាប៊ី សាអូឌីត ឬ​អេមីរ៉ាតអារ៉ាប់រួម​នោះទេ។សម្រាប់​ប្រទេស​លោកខាងលិច​ដូចជា​អាមេរិក បារាំង និង​ប្រទេស​ផ្សេងទៀត​ដែល​នៅស្ងៀម​មិន​រិះគន់ មហាសេដ្ឋី​ប្រេង ដូចជា​អារ៉ាប៊ី សាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម ជា​អតិថិជន​ទិញសព្វាវុធ ជា​អ្នកលក់ផ្គត់ផ្គង់ប្រេង ដែល​គេ​មិនចង់​និយាយ​ប៉ះពាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ