អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

WHO៖អូមីក្រុងអាចបង្កើតចេញនូវមេរោគបំប្លែងខ្លួនថ្មីទៀតដែលគ្រោះថ្នាក់ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​ក្នុង​ថ្ងៃ​អង្គារ ទី៤ មករា​ថា កំណើន​ករណី​ឆ្លង​ដោយ​អូមីក្រុង​ក្នុង​លោក​អាច​បង្កើន​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​លេច​ចេញ​នូវ​មេរោគបំប្លែងខ្លួន​ថ្មី​ទៀត​ដែល​មាន​លក្ខណៈ​គ្រោះថ្នាក់​ខ្លាំង។ ការ​ព្រមាន​របស់ WHO បាន​ធ្លាក់​មក ខណៈ​ដែល​មាន​ប្រទេស និង​មនុស្ស​កាន់​តែ​ច្រើន​កំពុង​បន្ត​ឆ្លង​ដោយ​អូមីក្រុង។ គួរ​រម្លឹក​ថា តាំង​ពី​បាន​លេច​រូបរាង​នៅ​អាហ្រ្វិកខាងត្បូង​ជាង ១ខែ មក អូមីក្រុង​បាន​ក្លាយ​ជា​មេរោគ​បំប្លែងខ្លួន​ភាគ​ច្រើន​លើស​មេរោគបំប្លែងខ្លួន​ដែលតា។ តែ​មាន​ការ​កត់សម្គាល់​ឃើញ​នៅ​ពេល​នេះ​ថា អូមីក្រុង​បាន​បង្ក​គ្រោះថ្នាក់​តិច​ជាង​ដែលតា។

WHO ថា អូមីក្រុងអាចបង្កើតចេញនូវមេរោគបំប្លែងខ្លួនថ្មីផ្សេងទៀតដែលមានលក្ខណៈគ្រោះថ្នាក់ខ្លាំង។
WHO ថា អូមីក្រុងអាចបង្កើតចេញនូវមេរោគបំប្លែងខ្លួនថ្មីផ្សេងទៀតដែលមានលក្ខណៈគ្រោះថ្នាក់ខ្លាំង។ AFP - JUSTIN TALLIS
ផ្សាយពាណិជ្ជកម្ម

ជា​រៀង​រាល់​ថ្ងៃ ចំនួន​ប្រទេស និង​ចំនួន​មនុស្ស​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ពិសេស​មេរោគបំប្លែងខ្លួន​អូមីក្រុង​មាន​ការ​កើន​ឡើង​ជា​លំដាប់។ គិត​ត្រឹម​ថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០២១ អូមីក្រុង​ដែល​មាន​ប្រភព​ពី​ប្រទេស​អាហ្រ្វិកខាងត្បូង​កាល​ពី​ជាង ១ខែ​មុន​បាន​ឆ្លង​ចូល ១២៨ប្រទេស និង​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​បាន​ឆ្លង​អូមីក្រុង។ មួយ​វិញ​ទៀត​ពេល​នេះ អូមីក្រុង​បាន​ក្លាយ​បន្តិច​ម្តងៗ​ជា​មេរោគបំប្លែងខ្លួន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កាន់​តែ​ច្រើន។ ខណៈ​នេះ អឺរ៉ុប​ជា​ចំណុច​ក្តៅ​នៃ​ការ​ផ្ទុះ​ករណី​ឆ្លង​ខ្លាំង​ជាង​គេ​ដោយ​មាន​ករណី​ឆ្លង​ថ្មី​ជាង ៥លានករណី​នា​សប្តាហ៍​ចុង​ក្រោយ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២១។

ដូច​ដែល​ប្រទេស​មួយ​ចំនួន​បាន​រង់ចាំ មាន​ប្រទេស​ខ្លះ​បាន​ស្គាល់ និង​កំពុង​ស្គាល់​សន្ទុះ​កំណើន​ករណី​ឆ្លង​ថ្មី​លឿន​ដូច​ផ្លេកបន្ទោរ​ក្នុង​មួយ​ថ្ងៃៗ។ ជាក់ស្តែង អាមេរិក​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ១លាន​ករណី​ក្នុង​ថ្ងៃ​ចន្ទ ទី៣ មករា។ ករណី​ឆ្លង​ថ្មី​នៅ​បារាំង​មាន​ជិត ៣០០ ០០០ករណី​នា​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ។ នៅ​អង់គ្លេស ករណី​ឆ្លង​ថ្មី​មាន​ជាង ២០០ ០០០នាក់​ក្នុង​ថ្ងៃ​អង្គារ ទី៤ មករា ហើយ​នៅ​អូស្រា្តលី ករណី​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃៗ​មាន​ចំនួន ៥០ ០០០ករណី។ ចំណែក​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន មាន​ករណី​ឆ្លង​ថ្មី​ជាង ៨០ ០០០នាក់​នា​ថ្ងៃ​អង្គារ ទី៤ មករា។ WHO បាន​ព្រមាន​ថា ប្រទេស​ណា​ដែល​អូមីក្រុង​បាន​ចូល​ទៅ​ដល់​ហើយ យូរ ឬ​ឆាប់​នឹង​ស្គាល់​សន្ទុះ​កំណើន​ករណី​ឆ្លង​ថ្មី​ដោយ​ចៀស​មិន​រួច។

រឿង​នេះ​ប្រហែល​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ព្រោះ​ការ​សិក្សា​ជា​ច្រើន​ធ្លាប់​បាន​បញ្ជាក់​ថា អូមីក្រុង​ជា​មេរោគបំប្លែងខ្លួន​ដែល​មាន​សមត្ថភាព​ឆ្លង​លឿន និង​ឆ្លង​ខ្លាំង បើ​ធៀប​នឹង​មេរោគបំប្លែងខ្លួន​ដែលតា។

អូមីក្រុង​ហាក់​មិន​សូវ​កាច​ខ្លាំង​ដូច​ដែលតា?

តាំង​ពី​ការ​លេច​រូបរាង​អូមីក្រុង​ជាង ១ខែ​មក ភាព​ស្រពិចស្រពិល​កំពុង​បន្ត​មាន​ជុំវិញ​មេរោគបំប្លែងខ្លួន​មួយ​នេះ។ ការ​អះអាង​ភាគច្រើន​សុទ្ធ​តែ​បាន​ផ្អែក​តាម​ការ​សង្កេត និង​ការ​តាមដាន​លើ​ការ​វិវឌ្ឍន៍​របស់​មេរោគ។ កុំ​ថា​ឡើយ​មេរោគបំប្លែងខ្លួន​របស់​កូវីដ១៩ សូម្បី​តែ​កូវីដ១៩ ដែល​ជា​មេរោគដើម​លេច​រូបរាង​ជាង ២ឆ្នាំ​មុន​ក៏​គេ​ហាក់​នៅ​មិន​ទាន់​បាន​ស្គាល់​ច្បាស់​នៅ​ឡើយ​ដែរ។ អ្វី​ដែល​បាន​សម្គាល់​ឃើញ អូមីក្រុង​ឆ្លង​លឿន និង​ឆ្លង​ខ្លាំង​ជាង​ដែលតា។ តែ​អូមីក្រុង​ហាក់​មិន​សូវ​គ្រោះថ្នាក់ និង​កាច​ជាង​ដែលតា​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ពិភពលោក​ត្រូវ​បន្ត​តាម​ដាន​ជា​បន្ត​ទៀត។

នៅ​ចំពោះ​មុខ​ពេល​នេះ ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ពី​អាហ្រ្វិកខាងត្បូង​ដែល​ជា​ប្រទេស​កំណើត​អូមីក្រុង​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​បាន​ផ្តើម​ធ្លាក់​ចុះ​វិញ បន្ទាប់​ពី​មាន​សន្ទុះ​ឆ្លង​ខ្លាំង​ឡើង​ដល់​កំពូល​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ។ សប្តាហ៍​កន្លង​ទៅ​ក្នុង​ឆ្នាំ ២០២១ ករណី​ឆ្លង​ថ្មី​នៅ​អាហ្រ្វិក​ខាង​ត្បូង​បាន​ធ្លាក់​ចុះ​ជិត ៤៨%។ អត្រា​ធ្វើ​តេស្តិ៍​វិជ្ជមាន​បាន​ធ្លាក់​ចុះ​ពី ៣៥% ទៅ ២៥,៨%។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ទីរពេទ្យ​ឯកជន​អាហ្រ្វិកខាងត្បូង​ចុះ​ផ្សាយ​ក្នុង​ថ្ងៃទី៣០ ធ្នូ ឆ្នាំ ២០២១ ឲ្យ​ដឹង​ថា បើ​ធៀប​នឹង​រលក​ឆ្លង​ដោយ​ដែលតា រលកឆ្លង​ដោយ​អូមីក្រុង​រយៈពេល ៣សប្តាហ៍​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ផ្លូវដង្ហើម​ក្នុង​ពេទ្យ​បាន​ធ្លាក់​ចុះ​ពី ៩១,២% ទៅ ៣៦%។

ក្នុង​ពេល​ជាមួយ​គ្នា ចំនួន​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ជំនួយ​ដក​ដង្ហើម​ដោយ​អុកស៊ីសែន​បាន​ធ្លាក់​ចុះ​ពី ៧៤%​ទៅ ១៧%។ ចំណែក​អត្រា​អ្នក​ស្លាប់​បាន​ធ្លាក់​ពី ២៩% ទៅ ២,៧% បើ​ធៀប​នឹង​រលកឆ្លង​ដំបូង​ដោយ​ដែលតា។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា អូមីក្រុង​ហាក់​បាន​បង្ក​ឲ្យ​មាន​រោគសញ្ញា​ស្រាលៗ​ដោយ​មិន​សូវ​ចូល​ទៅ​វាយប្រហារ​ដល់​ក្នុង​សួត​ដូច​ដែលតា​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អូមីក្រុង​ហាក់​មិន​បាន​បញ្ឈប់​ដំណើរ​ត្រឹម​នេះ ព្រម​ទាំង​កំពុង​បង្ក​ឲ្យ​មាន​ក្តីបារម្ភ និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ជ្រួលច្របល់​មក​ដល់​សព្វថ្ងៃ។

បន្ទាប់​ពី​អូមីក្រុង ពិភពលោក​កំពុង​រង់ចាំ​មេរោគបំប្លែងខ្លួន​ថ្មីៗ​ទៀត?

មាន​ការ​លើក​ឡើង​នូវ​សេណារីយ៉ូ​ចំនួន​ពីរ​នៅ​ពេល​នេះ គឺ​សេណារីយ៉ូ​ធូរស្រាល និង​សេណារីយ៉ូ​គ្រោះថ្នាក់​ខ្លាំង។ សេណារីយ៉ូ​ធូរស្រាល គឺ​គេ​ចង់​និយាយ​ពី​ភាព​ស៊ាំរួម​នៅ​ទូទាំង​ពិភពលោក មាន​ន័យ​ថា  បើ​ទាំង​គ្នា​បាន​ឆ្លង​អូមីក្រុង សង្វាក់​នៃ​ការ​ឆ្លង​ក៏​ត្រូវ​បាន​កាត់​បន្ថយ​បន្តិច​ម្តងៗ​រហូត​ដល់​ចប់​តែ​ម្តង។ គេ​អាច​និយាយ​បាន​ថា​នៅ​ពេល​នោះ មេរោគ​អូមីក្រុង​នឹង​ត្រូវ​ចប់ ហើយ​គេ​ក៏​អាច​និយាយ​បាន​ដែរ​ថា​នៅ​ពេល​នោះ គឺ​ជា​ការ​បិទបញ្ចប់​កូវីដ១៩ ត្រឹម​ណេះ។

ចំណែក​​សេណារីយ៉ូ​គ្រោះថ្នាក់​ខ្លាំង គឺ​ការ​លេច​ចេញ​នូវ​មេរោគបំប្លែង​ខ្លួន​ថ្មីៗ​ទៀត​ដែល​បង្កើត​ឡើង​ដោយ​កំណើន​ករណី​ឆ្លង​ខ្លាំង និង​ឆ្លង​លឿន​របស់​អូមីក្រុង នេះ​ជា​ការ​ព្រមាន​របស់​លោកស្រី Catherine Smallwood អ្នក​ទទួល​ខុស​ត្រូវ​ស្ថានការណ៍​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ថ្ងៃ​អង្គារ ទី៤ មករា។ តាម​លោកស្រី Catherine នៅ​ពេល​ដែល​អូមីក្រុង​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង ប្រូបាប៊ីលីតេ​នៃ​ការ​បំប្លែងខ្លួន​ថ្មី​របស់​មេរោគ​ក៏​មាន​កាន់​តែ​ច្រើន និង​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​អូមីក្រុង។

លោកស្រី Catherine បាន​បន្ថែម​ថា ពិភពលោក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​ខ្លាំង​ណាស់​ជាមួយ​នឹង​សន្ទុះ​កំណើន​ករណី​ថ្មី​ដោយ​អូមីក្រុង និង​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ពី​ផលវិបាក​ពិត​ប្រាកដ​បង្ក​ឡើង​ដោយ​អូមីក្រុង។ តាម​លោកស្រី Catherine នៅ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​ដោយ​អូមីក្រុង​កើន​សម្បើម​របៀប​នេះ វា​អាច​នាំ​ឲ្យ​មាន​អ្នកជំងឺ​ច្រើន​ចូល​ពេទ្យ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​​ស្លាប់។ ជាមួយ​អូមីក្រុង ទោះ​បី​ប្រទេស​ខ្លះ​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ និង​មាន​បំពាក់​ឧបករណ៍​គ្រប់គ្រាន់​ក៏​ប្រហែល​ពិបាក​ទប់​នឹង​លំហូរ​អ្នក​ជំងឺ​ដោយ​អូមីក្រុង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ