អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វ្រិកខាងត្បូង​៖ ជ័យ​លាភី​ណូបែល​សន្តិភាព​ លោក​ទូទូ​ទទួល​មរណ​ភាព​ក្នុង​វ័យ​៩០​ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ដេម៉ុង​ ទូទូ​ (Desmond Tutu) ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​និង​ជា​អ្នក​ដែល​បាន​ជួយ​បញ្ចប់​ការ​រើសអើង​ពូជ​សាសន៍​នៅអាហ្វ្រិក​ខាងត្បូង​ទទួល​មរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ នៅ​ថ្ងៃ​អាទិត្យ​ ទី២៦​ ធ្នូនេះ​។ តើ​លោក​ទូទូ​មាន​ប្រវត្តិ​យ៉ាងណា​? ហើយ​ថា​តើលោក​បាន​បន្សល់​ទុក​ស្នាដៃ​អ្វី​ខ្លះ​សម្រាប់​ប្រទេស​អាហ្វ្រិកខាងត្បូង​?

លោកដេម៉ុង ទូទូ (Desmond Tutu) ជ័យលាភីរង្វាន់ណូបែលសន្តិភាពនិងជាអ្នកដែលបានចូលរួមប្រឆាំងនឹងការរើសអើងពូជសាសន៍នៅអាហ្វ្រិកខាងត្បូងទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ នៅថ្ងៃអាទិត្យ ទី២៦ ធ្នូ ឆ្នាំ២០២១។
លោកដេម៉ុង ទូទូ (Desmond Tutu) ជ័យលាភីរង្វាន់ណូបែលសន្តិភាពនិងជាអ្នកដែលបានចូលរួមប្រឆាំងនឹងការរើសអើងពូជសាសន៍នៅអាហ្វ្រិកខាងត្បូងទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ នៅថ្ងៃអាទិត្យ ទី២៦ ធ្នូ ឆ្នាំ២០២១។ AFP - -
ផ្សាយពាណិជ្ជកម្ម

ប្រវត្តិ​របស់លោក​ដេម៉ុង ទូទូ

លោក​ដេម៉ុង​ ទូទូ​ ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​និងជាអ្នក​ធ្លាប់​បាន​ជួយ​ដឹកនាំ​ចលនា​បញ្ចប់របបដ៏ឃោរឃៅនៃការគ្រប់គ្រង​របស់​ជនជាតិស្បែកស​នៅ​អាហ្វ្រិក​ខាងត្បូងបាន​ទទួល​មរណៈភាពហើយ​ក្នុងវ័យ៩០ឆ្នាំនៅថ្ងៃ​អាទិត្យ ទី២៦ ធ្នូ ឆ្នាំ២០២១​នេះ​។ មរណភាព​​របស់លោកត្រូវ​បានប្រកាស​ដោយ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa តាម​រយៈសេចក្តី​ថ្លែងការណ៍មួយ ក៏ប៉ុន្តែមូលហេតុនៃការស្លាប់យ៉ាងណានោះ លោកមិនបានបញ្ជាក់ប្រាប់លម្អិតនោះទេ​។

លោក​អាចារ្យចូល​និវត្ត​ដេម៉ុង ទូទូ​ បាន​កើតនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ១៩៣១ និងធំ​ចម្រើន​វ័យ​នៅក្នុងប្រទេស​ដែលពោរពេញទៅ​ដោយ​ការ​រើសអើង​ប្រកាន់ពូជសាសន៍។ ម្តាយរបស់​លោក​គឺជាអ្នក​ធ្វើ​ការតាមផ្ទះ រីឯលោកឪពុកវិញ គឺជាគ្រូបង្រៀន​។

ដើរ​តាម​គន្លង​របស់​ឪពុក​ លោកទូទូ បានទទួលការ​អប់រំ​បណ្តុះបណ្តាល​ជា​គ្រូបង្រៀន​។ ក៏ប៉ុន្តែ​ដោយសារ​មិនពេញចិត្ត​នឹង​ប្រព័ន្ធអប់រំ​ដែលមានភាព​រើសអើង​សម្រាប់​កុមារ​ស្បែកខ្មៅ​ លោកបាន​បែរ​ប្រែក្លាយ​ខ្លួន​ជា​អាចារ្យ​ជំនួយ​ឲ្យ​គ្រូបង្រៀនវិញ​។

ជ័យ​លាភីណូបែល​សន្តិភាព ជឿជាក់យ៉ាងមុតមាំ​ក្នុងការ​ផ្សះផ្សារវាង​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​ស្បែកស​និង​ស្បែកខ្មៅ​។ ជនជាតិ​ស្បែក​ខ្មៅដែល​ជា​ប្រជាជន​ភាគច្រើន ​ត្រូវ​ទទួល​រង​នូវការ​រើស​អើង​ជិះជាន់​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​សំណាក់​ជនជាតិ​ស្បែក​សដែល​ជា​ជនជាតិ​ភាគតិច ក៏ប៉ុន្តែ​ជាអ្នក​ដឹកនាំ​ប្រទេសកាលសម័យនោះ​។

ធំ​ដឹង​ក្តី​ក្នុង​ជំនាន់​លោក​នែលសុន ម៉ង់ដេឡា​ ដែល​ជា​វីរៈ​បុរស​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ លោកដេម៉ុង ទូទូ​គឺជា​កម្លាំង​ជំរុញ​មួយ​ដែល​នៅពី​ក្រោយ​ចលនា​ឈាន​ទៅបិទ​បញ្ចប់​គោលនយោបាយ​នៃការ​រើសអើង​ជាតិ​សាសន៍ និង​ការរើសអើង​នានាដែល​អនុវត្ត​ដោយរដ្ឋាភិបាល​ជនជាតិ​ស្បែកស​ប្រឆាំង​នឹង​ជនជាតិ​ស្បែកខ្មៅនៅអាហ្វ្រិក​ខាងត្បូង​ចាប់ពីឆ្នាំ ១៩៤៨ រហូត​ដល់​ឆ្នាំ​ ១៩៩១​។

លោក​បាន​រៀបការ​ជាមួយ​ភរិាយ​របស់​ឈ្មោះ Leah ក្នុងឆ្នាំ ១៩៥៥ ​និងមាន​កូនចំនួន​បួន​នាក់​។

ស្នាដៃ​គួរ​ឲ្យកត់​សម្គាល់​របស់​ជ័យ​លាភី​ណូបែល​សន្តិភាព​ទូទូ

ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​លោក Cyril Ramaphosa ដែល​ពិពណ៌នាថា​លោក​ទូទូ​គឺ​ជា​មេ​ដឹកនាំ​សីលធម៌​ដ៏​ខ្លាំង​មួយ​រូប​ និយាយថា​ មរណភាព​របស់​លោក​គឺជា​ការ​បាត់​បង់​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ដ៏ឆ្នើម​មួយរូប​។

សម្រាប់​លោកប្រធានាធិបតី Ramaphosa លោកទូទូ​គឺជា​បុគ្គល​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជួយ​រំដោះ​ពី​របប​​ជិះ​ជាន់​ប្រកាន់​ពូជសា​សន៍។ ជា​មេដឹកនាំ​សាសនាដ៏​ខ្លាំង​ល្បី​ ជា​សកម្មជន​ប្រឆាំង​ការ​រើសអើង​ និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិមនុស្ស​ជា​សកល​ផង​ លោក​ទូទូ មិនមែន​ត្រឹម​តែជា​ឥស្សរជន​ដ៏ល្បីម្នាក់​នៅក្នុង​ប្រទសនោះទេ​ តែលោកក៏​ល្បី​ល្បាយ​ឈ្មោះ​សាយ​ដល់​ខាងក្រៅ​ប្រទេស​ផងដែរ​។

សកម្មជនដែល​ខំតស៊ូ​មិនខ្លាចនឿយហត់​រូបនេះ​ បាន​ឈ្នះពាន​រង្វាន់ណូបែល​សន្តិភាព​ក្នុងឆ្នាំ​ ១៩៨៤​ សម្រាប់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ដោយ​ជនជាតិ​ភាគតិច​ស្បែកស​នៅក្នុងប្រទេស​របស់គាត់​។

ក្រោយ​ល្បីល្បាញ​ឈ្មោះ​ និង​ក្រោយ​ការដួល​រលំ​នៃ​របប​ប្រកាន់​ពូជសាសន៍​អាប៉ាថេដ​ លោកទូទូ​ នៅតែរួមសុខរួមទុក្ខមួយ​ប្រជាជន​ ដោយ​លោកមិនដែល​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​បញ្ហាខ្វះខ្វាត ឬ​ភាពអយុត្តិធម៌​នៅ​អាហ្វ្រិកខាងត្បូង​ឡើយ​។ ហើយ​គឺ​លោក​អាចារ្យ​ចូល​និវត្ត​ទូទូ​នេះ​ឯង​ដែលជាអ្នក​បាន​បង្កើតពាក្យ​និយាយ​មួយឃ្លា​ដ៏​ពេញ​និយមថា​ "ជាតិ​ឥន្ទធនូ​" ដើម្បី​ពិពណ៌នាអំពីប្រទេស​អាហ្វ្រិកខាងត្បូងនៅពេលដែល​លោក ​នែលសុន ម៉ង់ដេឡា ក្លាយជា​ប្រធានាធិបតី​។

នៅពេលនោះ​លោកទូទូ​ កំពុង​បម្រើការ​ជាអាចារ្យ​ជនជាតិស្បែកខ្មៅ​ដំបូង​គេ​នៃ​ទីក្រុង Cape Town របស់អាហ្វ្រិកខាងត្បូង មុននឹងត្រូវបានតែងតាំងជាមេបព្វជិតសាសនា​នៅឆ្នាំ​ ១៩៨៦​ ជាពេលដែលលោកបាន​ប្រើប្រាស់តួនាទី​របស់​ខ្លួនដើម្បី​តស៊ូមតិឲ្យ​ដាក់​ទណ្ឌកម្មលើ​របប​​​ប្រកាន់​ពូជសាសន៍​អាប៉ាថេដ​ និងក្រោយមក​ទៀតតស៊ូលើកចូលរួមធ្វើការ​កម្ពស់​សិទ្ធិ​ជា​សកល​។

ទទួល​បាន​ការ​កោត​សរសើរពីគ្រប់ទិសទី

ការ​លះបង់​របស់​លោក ដេម៉ុង ទូទូ ជ័យ​លាភី​ណូបែល​សន្តិភាពទទួល​បាន​ការកោត​ស្ងប់ស្ងែង​ពីគ្រប់មជ្ឈដ្ឋានមិនថាមជ្ឈដ្ឋានជាតិ ឬអន្តរជាតិ​។

"ខ្ញុំជឿថា​ ព្រះជាម្ចាស់​កំពុងរង់ចាំ​លោកអាចារ្យ​។ ព្រះជាម្ចាស់​កំពុងរង់ចាំស្វាគមន៍​លោក​អាចារ្យ​ ទូទូ​ដោយដៃពីរ​"។ នេះ​គឺជា​ប្រសាសន៍​របស់​លោក ម៉ង់ដេឡា វីរៈ​បុរស​និង​និមិត្ត​រូប​នៃ​ការ​តស៊ូ​ដើម្បី​សិទ្ធិសេរីភាព​របស់​អាហ្វ្រិកអាត្បូង​ និយាយ​កាលពី​នៅ​មាន​ជីវិត​។ លោកម៉ង់ ដេឡា ដែល​ធ្លាប់​បាន​ស្នាក់​នៅផ្ទះ​របស់លោក ទូទូ នៅ​យប់​ដំបូងក្រោយ​ទទួល​បាន​សេរីភាពចេញពី​ពន្ធនាគារ​នៅឆ្នាំ ១៩៩០​ បានបន្ថែមដែរ​ថា​បើ​មនុស្ស​ល្អ​ដូចជា​លោក​ទូទូ​ ព្រះជាម្ចាស់មិនទទួលឲ្យនៅឋានសួគ៌ផង​ នោះគ្មាននរណផ្សេងទៀត​ឡើយដែល​អាច​ទៅដល់​ឋានសួគ៌​បាន​។

សម្តេចសង្ឃ​ Dalai Lama វិញ​បាន​ហៅលោក​ទូទូ​នេះថា​ជាបងប្រុស​របស់​សម្តេច​ក្នុងការ​ដឹកនាំ​កម្លាំង​ចិត្ត​តស៊ូ​ និងក្នុងនាមជា​មេដឹកនាំ​សាសនា​ដ៏ខ្លាំងមួយរូប​។

ដោយឡែក​ សកម្មជនអន្តរជាតិ​និង​តារាល្បី​មួយ​ចំនួន​បាន​លើក​សរសើរ​លោកទូទូដែរអំពី​ចំពោះ​ភាពក្លាហាន​និង​ការតស៊ូ​របស់​លោក​ប្រឆាំង​នឹងរបបជិះជាន់​ដោយ​មិន​ខ្លាច​ស្លាប់​។ ចំណែក​ អតីតប្រធានាធិបតីអាមេរិក​លោក បារ៉ាក់ អូបាម៉ា វិញ ក៏ធ្លាប់​បាន​សាទរ​ចំពោះ​ការ​លះបង់​របស់​ជ័យលាភីណូបែលសន្តិភាពអាហ្វ្រិកខាងត្បូង​រូបនេះ​ និងបាន​ចាត់ទុក​គាត់​ថា​បុគ្គល​ដ៏​មាន​គុណធម៌​គួរឲ្យ​គោរពមួយរូប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ