អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង៖ ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា ដែល​​បេក្ខជនឈរឈ្មោះ ត្រូវតែ​ស្មោះនឹង​ប៉េកាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១៩ធ្នូនេះ នៅហុងកុង គឺមានការបោះឆ្នោត​ជ្រើសរើសសមាជិក​ក្រុម​ប្រឹក្សានីតិបញ្ញតិ្ត ឬ ហៅថា សភាហុងកុង។ ជាការបោះឆ្នោត ជាលើកទីមួយ ដោយគោរពទៅតាម​ប្រព័ន្ធបោះឆ្នោតថ្មី ដែលចិនប៉េកាំងបានដាក់កំហិត ហើយ​ដែល​ត្រូវ​បាន​ក្រុមប្រជាធិបតេយ្យហុងកុង​ បរិហាររិះគន់ ថាវាជាឆាកល្ខោន ដើម្បីពង្រឹងអំណាចបក្សកុម្មុយនីស្តចិន​ តែប៉ុណ្ណោះ។ តើប្រព័ន្ធបោះឆ្នោតថ្មីនៅហុងកុងនេះ មានលក្ខណៈបែបណា? តើ​លទ្ធិប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​នយោបាយ របស់ហុងកុង ត្រូវបាន​បំផ្លាញ​ ពិតមែនដែរឬទេ?

ប្រជាជនហុងកុង ឈរចាំឡើងរថយន្តក្រុង ជិះដោយ​មិនគិតថ្លៃ នៅក្បែរបដាឃោសនា​បោះឆ្នោតសភា ថ្ងៃទី ១៩ធ្នូ​២០២១
ប្រជាជនហុងកុង ឈរចាំឡើងរថយន្តក្រុង ជិះដោយ​មិនគិតថ្លៃ នៅក្បែរបដាឃោសនា​បោះឆ្នោតសភា ថ្ងៃទី ១៩ធ្នូ​២០២១ © REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

មានតែ២០អាសនៈ ដែលពលរដ្ឋហុងកុងអាចបោះឆ្នោតជ្រើសរើស​ដោយផ្ទាល់​

ការបោះឆ្នោតនៅថ្ងៃទី​១៩ធ្នូ​ ជាការបោះឆ្នោតរើសសមាជិកសភាហុងកុង ដែលមានឈ្មោះផ្លូវការថា ក្រុមប្រឹក្សានីតិបញ្ញត្តិ LegCo។ សភាហុងកុងនេះ កាលពីមុនមានអាសនៈ តែ៧០ទេ។ តែជាមួយនឹងប្រព័ន្ធបោះឆ្នោតថ្មី​ ដែលចូលជាធរមាន ចាប់ពីខែមីនាមក គឺ​ សភាហុងកុង មានអាសនៈ ចំនួន​៩០​។

ក្នុង​ប្រព័ន្ធបោះឆ្នោតចាស់ សមាជិកសភា គឺមាន២ប្រភេទ។ ប្រភេទទី១ មាន​៣៥កៅអី ដែលជា​សមាជិក ត្រូវបាន​បោះឆ្នោតជ្រើសរើសដោយ​ផ្ទាល់ ពីប្រជាជន​ហុងកុងតែម្តង។ ប្រភេទទី២ មាន​៣៥កៅអីដែរ តែជាបេក្ខជនឈរឈ្មោះ តំណាង​ឲ្យ​ក្រុមជំនាញ​ មុខរបរនានា ឧទាហរណ៍ ដូចជាពាណិជ្ជករ អ្នកធ្វើការផ្នែកធនាគារហិរញ្ញវត្ថុ គ្រូបង្រៀន តំណាងប្រជាជនជនបទ ឬក៏ អ្នករកស៊ី​នាំចេញ​នាំចូល​អីជាដើម។ ពោលគឺដូចជាសហជីពជំនាញដូច្នោះដែរ ដែលសមាជិកក្នុង​មុខជំនាញនីមួយៗ បោះឆ្នោតជ្រើសរើសតំណាងខ្លួន ឲ្យចូលទៅក្នុងសភា។

ក៏ប៉ុន្តែនៅក្នុង​ប្រព័ន្ធបោះឆ្នោតថ្មីនេះ ប្រភេទទី១ ដែលត្រូវបោះឆ្នោតជ្រើសរើស​ដោយ​​ផ្ទាល់ ពីសំណាក់​ប្រជាជនហុងកុង គឺគេបន្ថយ​ពី៣៥ មកនៅតែត្រឹមតែ​២០​អាសនៈ​ទេ។ ហើយចំណែកប្រភេទទី២ គេបន្ថយ​ពី ៣៥ មកនៅ៣០វិញ​។ ជាមួយគ្នានេះ គេបាន​បង្កើតសមាជិកសភា ប្រភេទទី៣មួយទៀត ដែលមាន​អាសនៈសរុប​ចំនួន​៤០។ ក្រុមប្រភេទទី៣នេះ នឹងត្រូវបោះឆ្នោតជ្រើសរើស​ដោយ គណកម្មាធិការបោះឆ្នោត ដែលមាន​សមាជិកចំនួន​ ១៥០០នាក់។ ១៥០០នាក់នេះ​ សុទ្ធតែជាមនុស្ស​របស់​​គណបក្សកុម្មុយនីស្តប៉េកាំងទាំងអស់។ ហើយអនាគតសមាជិកសភា ​ក្រុម​ទី​៣ មានគ្នា៤០​នាក់នេះហើយ ដែល​នឹងមានសិទ្ធិបោះឆ្នោតតែងតាំង​ប្រមុខរដ្ឋាភិបាលថ្មី ដឹកនាំហុងកុង។

បេក្ខជនឈរឈ្មោះ ត្រូវតែគោរពលក្ខខណ្ឌ​ស្មោះត្រង់ចំពោះចិនប៉េកាំង

ពីមុន ៣៥អាសនៈ ក្នុងចំណោម៧០អាសនៈ ពោលគឺពាក់កណ្តាលនៃសមាជិកសភា ត្រូវបោះឆ្នោត​ជ្រើសរើសដោយ​ផ្ទាល់ ជាសកលពីសំណាក់​ប្រជាជនហុងកុងតែម្តង។ តែពេលនេះ គឺមានតែ២០ទេ ក្នុងចំណោម៩០អាសនៈ។ ជាងនេះទៀត យោងតាមច្បាប់បោះឆ្នោតថ្មីនេះ គឺបេក្ខជនឈ្មោះទាំងអស់ ត្រូវតែឆ្លងកាត់ ការពិនិត្យ​ តាមដានយ៉ាងល្អិតល្អន់ណាស់ មុននឹងគេអនុញ្ញាត ឲ្យឈរឈ្មោះបោះឆ្នោតបាន។ គេបាន​បង្កើតគណកម្មាធិការពិសេសមួយ ដើម្បីពិនិត្យ​មើល​លើប្រវត្តិរូប របស់បេក្ខជនឈរឈ្មោះនីមួយៗ ដោយ​បេក្ខជននោះត្រូវតែគោរពលក្ខខណ្ឌ មានជាអាទិ៍ ត្រូវបង្ហាញភាព​ស្មោះត្រង់ចំពោះប្រទេសចិន និងមិន​បង្កបញ្ហាដល់សន្តិសុខជាតិ ដោយ​ផ្អែកលើចំណារបញ្ជាក់ ពីស្ថាប័ន​​នគរបាល​ហុងកុង ថែមទៀតផង។

ហេតុដូច្នេះហើយ បាន​ជា​ក្រុមប្រជាធិបតេយ្យ បានបរិហាររិះគន់ប្រព័ន្ធបោះឆ្នោតថ្មីនេះ ថាវាគ្មាន​ប្រជាធិបតេយ្យទាល់តែសោះ។ ក្រុមគណបក្សប្រជាធិបតេយ្យទាំងអស់ អ្នកខ្លះ ត្រូវគេរារាំងមិន​ឲ្យ​ឈរ​ឈ្មោះ​បាន អ្នកខ្លះបានសម្រេចចិត្តដកខ្លួន មិនចួលរួម​ក្នុងការបោះឆ្នោតនេះទេ។ អ្នក​នយោបាយ​​​ប្រជាធិបតេយ្យមួយចំនួនធំ បើមិនត្រូវគេចាប់ដាក់ឃុំ តួយ៉ាងដូចលោក Yoshua Wong ទេ គឺភាគច្រើន​បានភៀសខ្លួនទៅបរទេសអស់ហើយ។ យោងតាម​ ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មានហុងកុង ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបទាំងអស់ ១៥៣នាក់ គឺមានប្រមាណតែ១០នាក់ប៉ុណ្ណោះ ដែលគេជឿថាមានទំនោរនយោបាយ​ កណ្តាល​និយម មិន​ធ្វើតាមតែការញាក់ទាញខ្សែ ពីប៉េកាំង។ ក្រៅពីនោះ គឺសុទ្ធតែជាមនុស្ស​ស្និទ្ធនឹង​គណបក្សកុម្មុយនីស្តទាំងអស់។

ជាងនេះទៀត យោងតាម​វែបសាយ​ស៊ើបអង្កេតមួយឈ្មោះ Factwire បានអះអាងថា ខណៈដែល​ប្រជាជនហុងកុងសាមញ្ញទូទៅ ជាង​៤លាន​នាក់ មានសំឡេងឆ្នោតតែមួយសន្លឹក ដើម្បី​ជ្រើសរើសសមាជិកសភាតែ២០នាក់ តែមនុស្សមួយចំនួនតូូច​វិញ មាន​សំឡេង​ឆ្នោតលើសពី១។ ពោលគឺជាប្រព័ន្ធបោះឆ្នោត ដែលមិនស្មើភាព ដែលគ្មានលក្ខណៈសេរី និងសកលទេ។ យោងតាមគេហទំព័រនេះ មនុស្ស​ចំនួន​យ៉ាងហោច​៤១នាក់ មានសំឡេងឆ្នោតដល់ទៅ៤ ១សំឡេងបោះរើសនៅក្នុងក្រុមប្រឹក្សាបោះឆ្នោត ២សំឡេងនៅក្នុង​ប្រភេទសមាជិកសភាតំណាងមុខរបរជំនាញ និង​១សំឡេង ​បោះ​ដូចប្រជាជនសាមញ្ញ។ ចំណែក​មនុស្ស​ប្រមាណ​៦៥០​នាក់ទៀត មានសំឡេង​ឆ្នោត​ ដល់​ទៅ​​៣។

ចំនួនអ្នកមិនទៅបោះឆ្នោត អាចមានច្រើន

យោងតាម​ការ​ស្ទាបស្ទង់មតិ ចេញផ្សាយកាលពីថ្ងៃសុក្រ គឺ​មានប្រជាជនហុងកុង ប្រមាណតែ៤៨%ប៉ុណ្ណោះ ដែលឆ្លើយថានឹងអាចទៅបើឆ្នោតនៅថ្ងៃនេះ។ នេះជាកម្រិតចូលរួមតិចណាស់ បើប្រៀបធៀបទៅការបោះឆ្នោតនៅឆ្នាំ២០១៦ ដែល​ប្រជាជនយ៉ាងហោច ៨៦% បានអះអាងថាទៅបោះឆ្នោត។

ក្រុមសកម្មជនប្រជាធិបតេយ្យ បានអំពាវនាវ ឲ្យ​ប្រជាជនកុំទៅបោះឆ្នោត ដើម្បីកុំប្រគល់ភាពស្របច្បាប់ ទៅឲ្យ​ប្រព័ន្ធបោះឆ្នោត ដែលជាឆាកល្ខោននេះ។ កាលពីថ្ងៃសៅរ៍​ម្សិលមិញ តុលាការហុងកុងបានចេញដីកាតាមចាប់ខ្លួន សកម្មជនប្រជាធិបតេយ្យ​ជាច្រើននាក់​ ដែលភាគច្រើនសុទ្ធតែបាន​ភៀសខ្លួនទៅក្រៅប្រទេសអស់ហើយ បន្ទាប់ពីពួកគេ បានអំពាវនាវតាមបណ្តាញសង្គម ឲ្យ​ប្រជាជនហុងកុងធ្វើពហិការ កុំទទួលស្គាល់ការបោះឆ្នោតនៅថ្ងៃនេះ។ដើម្បីការពារសន្តិសុខ រដ្ឋបាល​ហុងកុង ក៏បាន​ពង្រាយ​កម្លាំងសមត្ថកិច្ច ប្រមាណ​១ម៉ឺននាក់ នៅតាម​ផ្លូវហុងកុង ខ្លាចក្រែងមាន​បាតុកម្មប្រឆាំង រំខានការបោះឆ្នោតនេះ

ដោយឡែក លោកស្រី ការី ឡាំ បាន​លើកឡើងថា មនុស្សចូលរួម​បោះឆ្នោត​តិច ក៏មិនជាបញ្ហាដែរ។ លោកស្រីពន្យល់ថា បើប្រជាជនហុងកុង ចូលរួមបោះឆ្នោតតិច គឺមានន័យថា ប្រជាជនពេញចិត្ត​ នូ​វការដឹកនាំបច្ចុប្បន្ននេះហើយ បានជាពួកគេមិនទៅបោះឆ្នោត ដើម្បីឲ្យ​មានការកែប្រែ ផ្លាស់ប្តូរនោះ។

តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា អាជ្ញាធរហុងកុង បាន​ចេញវិធានការមួយចំនួន ដើម្បីជំរុញ លើកទឹកចិត្ត និងអំពាវនាវ​ឲ្យ​ប្រជាជនហុងកុង ទៅបោះឆ្នោត។ គេបាន​ទិញ​ទំព័រមុខ កាសែតធំៗនៅហុងកុង ដើម្បី​ផ្សព្វផ្សាយ ឲ្យ​ប្រជាជន​ហុងកុងទៅបោះឆ្នោត។ រដ្ឋបាលហុងកុង ក៏បាន​សម្រេចថា ការធ្វើដំណើរតាមមធ្យោបាយ​ដឹកជញ្ជូនសាធារណៈទាំងអស់ នៅថ្ងៃអាទិត្យនេះ គឺគេមិនគិតលុយទេ។ តែវិធានការនេះ អាចជះផល​ផ្ទុយពីការចង់បានរបស់អាជ្ញាធរហុងកុងទៅវិញ ព្រោះថាដោយសារតែ​ការ​ធ្វើដំណើរមិនអស់លុយ ប្រជាជនហុងកុងមួយចំនួន បានចេញទៅដើរលេង នៅទីឆ្ងាយៗ ពីការិយាល័យបោះឆ្នោតរបស់ខ្លួន។

ការបោះឆ្នោតនៅថ្ងៃនេះ ទោះជាប្រជាជន​ហុងកុង​ចូលរួមការបោះឆ្នោត​ តិចខ្លាំងក្តី ក៏វាមិនអាចធ្វើ​ឲ្យ​ប្រែប្រួល​ ដល់​កម្លាំងឆន្ទៈរបស់​ប៉េកាំង ក្នុង​ការ​ក្តោបក្តាប់អំណាចលើ​របបនយោបាយ​នៅហុងកុងដែរ។ ហុងកុងដែលចិនបានសន្យា កាលពីឆ្នាំ​១៩៩៧ ថាអាច​មានអធិបតេយ្យគ្រប់គ្រងដោយ​ខ្លួនឯងរហូតដល់ឆ្នាំ​២០៤៧នេោះ នៅពេលនេះបានក្លាយជាហុងកុង គ្រប់គ្រងដោយក្រញ៉ាំរបស់​គណបក្សកុម្មុយនីស្តប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ