អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុល្យការនៃការកាន់អំណាចរយៈពេល ១០ឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១៧ ធ្នូ ឆ្នាំ ២០២១ ជា​ខួប​គម្រប់ ១០ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​គីម ជុងអ៊ុន​នៅ​កូរ៉េខាងជើង​កាល​ពី​ថ្ងៃទី១៧ ធ្នូ ឆ្នាំ ២០១១។ សព្វថ្ងៃ​មាន​អាយុ ៣៧ឆ្នាំ មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​រូប​នេះ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ចាត់​ទុក​ជា​មេដឹកនាំ​មួយ​រូប​ដែល​មាន​បទពិសោធន៍​ខ្លាំង​ជាង​គេ​ក្នុង​លោក។ ក្នុង​រយៈពេល ១០ឆ្នាំ​នៃ​ការ​កាន់​អំណាច លោក​គីម ជុនអ៊ុន​បាន​ប្រើ​ធម៌ក្តៅ និង​ធម៌ត្រជាក់​ដាក់​ពិភពលោក ពិសេស​បន្ត​ប្រើ​នុយក្លេអ៊ែរ​ជា​មធ្យោបាយ​ដើម្បី​មាន​ទឹកមាត់ប្រៃ និង​មាន​ទម្ងន់​នៅ​លើ​ឆាកអន្តរជាតិ។

មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុងអ៊ុន។
មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុងអ៊ុន។ AP
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​បញ្ហា​សុខភាព​អ្វី​កើត​ឡើង​ទេ មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​ដែល​ទើប​មាន​អាយុ ៣៧ឆ្នាំ​អាច​បន្ត​កាន់​តំណែង​បាន​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ មាន​ហេតុផល​ចំនួន ២ ដែល​បញ្ជាក់​លើ​ចំណុច​នេះ ទី១ គីម ជុងអ៊ុន​មិន​បារម្ភ​ពី​រឿង​បោះឆ្នោត​ដែល​មាន​គណបក្ស​តែ​មួយ និង​ទី២ រដ្ឋធម្មនុញ្ញ​មិន​បាន​កំណត់​ពី​ចំនួន​អាណត្តិ​ទេ។ នៅ​កូរ៉េខាងជើង អំណាច​បាន​ស្ថិត​ក្នុង​កណ្តាប់ដៃ​គ្រួសារ​ត្រកូល​គីម​តាំង​ពី​ជីតា​រហូត​ដល់​ចៅ​សព្វថ្ងៃ។ ក៏​ដូច​ជា​ជីតា​លោក​គីម អ៊ីលស៊ុង និង​ឱពុក​លោក​គីម ជុងអ៊ីល លោក​គីម ជុងអ៊ុន​បាន​ប្រើ​នុយក្លេអ៊ែរ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​រក្សា​របបដឹកនាំ​នយោបាយ​នៅ​ក្នុង​គន្លង​ផ្លូវ​ដែល​ត្រួសត្រាយ​ដោយ​ជីតា និង​ឱពុក។ អ្នក​វិភាគ​លោក​សូ គីម​បាន​យល់​ឃើញ​ថា គីម ជុងអ៊ុន​មិន​អាច​ចិញ្ចឹម​ពលរដ្ឋ​ខ្លួន​ទេ។ តែ​គីម ជុងអ៊ុន​មាន​សមត្ថភាព​រក្សា​របប​នយោបាយ​ឱ្យ​នៅ​រស់​បាន​ដោយ​ប្រើ​នុយក្លេអ៊ែរ។ តាម​លោក​សូ គីម នេះ​ពិត​ជា​រឿង​សំខាន់​ណាស់​សម្រាប់​គីម ជុងអ៊ុន។

អំណាចផ្តាច់ការ​ខ្លាំង​ជាង​ជីតា និង​ឱពុក

បើ​ធៀប​នឹង​ការ​ដឹកនាំ​របស់​ជីតា និង​ឱពុក គីម ជុងអ៊ុន​បាន​ដឹកនាំ​ប្រទេស​កណ្តាប់ដៃដែក​ដោយ​មិន​ញញើត​កំចាត់​មនុស្ស​ដែល​ខ្លួន​សង្ស័យ​មាន​គំនិត​ក្បត់ ឬ​មាន​គំនិត​អាក្រក់ ទោះ​បី​ជា​មនុស្ស​នោះ​មាន​ជាប់​សាច់ឈាម​គ្រួសារ​ក៏​ដោយ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៣ ពោល​កាន់​អំណាច​បាន​ត្រឹម ២ឆ្នាំ គីម ជុងអ៊ុន​បាន​បញ្ជា​ឲ្យ​អូស ក ឱពុកមា​លោក​ចាង សុង ថេក​ចេញ​ពី​សភា​ទៅ​ប្រហារ​ជីវិត​ក្នុង​ទោស​ក្បាត់ជាតិ។ នៅ ៤ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០១៧ គីម ជុងអ៊ុន​បាន​ជាប់​ចោទ​ពី​បទ​បាន​បញ្ជា​ឲ្យ​សម្លាប់​បងប្រុស​ខ្លួន​ឯង​ម្តាយទីទៃ​លោក​គីម ជុងណាម​ដោយ​ដាក់​ថ្នាំ​បំពុល​នៅ​អាកាសយានដ្ឋាន​ក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាច​ចំនួន ១០ឆ្នាំ គីម ជុងអ៊ុន​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន ៤ដង និង​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិក​ដែល​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋអាមេរិក។ គីម ជុងអ៊ុន​មិន​ដែល​ខ្វាយខ្វល់​នឹង​គំនាប ទណ្ឌកម្ម​អន្តរជាតិ ឬ​ទណ្ឌកម្ម​របស់​បស្ចិមប្រទេស​ណា​មួយ​ទេ។ ផ្ទុយទៅ​វិញ គីម ជុងអ៊ុន​បន្ត​យក​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ដើម្បី​ផ្គើន​សហគមន៍​អន្តរជាតិ។ អស់​រយៈពេល​ជា​ច្រើន​ខែ គីម ជុងអ៊ុន​មិន​ញញើត​ត ទល់​នឹង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​រហូត​​បំផុស​ឲ្យ​មាន​ក្តីបារម្ភ​រឿង​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។

តែ​គេ​បាន​សង្កេត​ឃើញ​ថា​នៅ​ពី​ក្រោយ​រូបភាព​ទាំង​អស់​នេះ គឺ​ភាព​អត់ឃ្លាន និង​ទុក្ខវេទនា​ជា​ប្រចាំ​អស់​ជា​ច្រើន​ទសវត្ស​របស់​ពលរដ្ឋ​កូរ៉េខាងជើង។ នៅ​ក្នុង​ចំណាត់អន្តរជាតិ សេដ្ឋកិច្ច​កូរ៉េខាងជើង​បាន​ស្ថិត​នៅ​ចុង​ប៉ូច​គេ​បង្អស់។

គ្មាន​ថ្ងៃ​ដែល​គីម ជុងអ៊ុន​បោះបង់​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល?

ក្រុម​អ្នកវិភាគ​បាន​ចាត់​ទុក​លោក​គីម ជុងអ៊ុន​ជា​មេដឹកនាំ​មួយ​រូប​ដែល​មាន​បទពិសោធន៍​ខ្លាំង​ជាង​គេ​ក្នុង​លោក។ ត្រង់​ចំណុច​នេះ ក្រុម​អ្នកវិភាគ​ចង់​និយាយ​ពី​ជោគជ័យ​របស់​គីម ជុងអ៊ុន​ដែល​អាច​ប្រើ​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ជា​អាវុធ​ដើម្បី​មាន​ទឹកមាត់ប្រៃ មាន​ឥទ្ធិពល និង​មាន​ទម្ងន់​នៅ​លើ​ឆាកអន្តរជាតិ។ សម្រាប់​គីម ជុងអ៊ុន នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ជា​អាយុ​ជីវិត​របស់​កូរ៉េខាងជើង និយាយ​ជា​រួម និង​របស់​របបដឹកនាំ​សព្វថ្ងៃ និយាយ​ដោយឡែក។ គីម ជុងអ៊ុន​បាន​ដឹង​ច្បាស់​ណាស់​ថា ខ្លួន​មាន​ផ្លូវ​តែ​ពីរ​គត់​ដែល​ត្រូវ​ដើរ ឬ​មួយ​ផ្លូវ​បន្ត​ស្ថិត​នៅ​ឯកោ​ដោយ​រងចាំ​ថ្ងៃ​ស្លាប់​ខ្លួន​ឯង ឬ​មួយ​ផ្លូវ​បន្ត​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ដើម្បី​បន្ត​រស់។

នៅ​ទីបំផុត គីម ជុងអ៊ុន​បាន​ជ្រើស​យក​ផ្លូវ​បន្ត​រស់​ដោយ​បន្ត​យក​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ដើម្បី​ផ្គើន​សហគមន៍​អន្តរជាតិ។ លទ្ធផល​ដែល​ទទួល​បាន និង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន គីម ជុងអ៊ុន​បាន​ក្លាយ​ជា​មេដឹកនាំ​កូរ៉េខាងជើង​ទី១ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​អាមេរិក​កំពុង​កាន់​អំណាច​លោក​ដូណាល់ ត្រាំ​ចំនួន ៣​ដង​តាំង​ពី​ឆ្នាំ ២០១៨ នៅ​សិង្ហបុរី នៅ​វៀតណាម និង​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌ​ចែក​ទឹកដី​កូរ៉េ។ គ្រាន់​តែ​ជួប​គ្នា​លើកទី១ គីម ជុងអ៊ុន និង​ដូណាល់ ត្រាំ​​ដែល​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ ៤០ឆ្នាំ​បាន​ល្អូតល្អឺន​ដាក់​គ្នា ក្រោយ​ពី​បាន​ដៀមដាម និង​គំរាម ប្រមាថ​ដាក់​គ្នា​មក។

ក្នុង​ឆ្នាំ ២០១៨ ដដែល លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន និង​បាន​ជួប​ច្រើន​ដង​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។ ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាច​ចំនួន ១០ឆ្នាំ មេដឹកនាំ​ផ្តាច់ការ​វ័យក្មេង​គីម ជុងអ៊ុន​បាន​ក្លាយ​ជា​មេដឹកនាំ​ដែល​បាន​អង្គុយ​និយាយ​ស្មើ​មុខ ស្មើ​មាត់​ជាមួយ​មេដឹកនាំ​គ្រាក់ៗ ពិសេស​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ និង​ចិន​របស់​លោក​ស៊ី ជីនពីង​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ