អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​ក្រីក្រ​ខកចិត្ត​ព្រោះកិច្ចព្រមព្រៀង​Glasgowគ្មានចែង​ពីការសងថ្លៃខូចខាត​ដោយសារ​ការប្រែប្រួលអាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ នៅ​ទីក្រុង​Glasgow នៅប្រទេស​អង់គ្លេស​បាន​បិទបញ្ចប់ហើយ កាលពី​យប់​ថ្ងៃ​សៅរ៍ទី ១៣ វិច្ឆិកា បន្ទាប់ពីត្រូវ​ពន្យារពេល មួយថ្ងៃ​បន្ថែមទៀត ដោយសារ ការនិយាយមិន​ចុះសម្រុងគ្នា លើ​ចំណុច​ប្រទាញប្រទង់​មួយចំនួន។ តើ​កិច្ចព្រមព្រៀង នៅក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ Cop 26 នឹងអាច​ជួយស្រោចស្រង់​ផែនដី កុំ​ឲ្យ​ឡើងកំដៅ ច្រើន​ជាង​១,៥អង្សា ដែរឬទេ?

ប្រធាន​សន្និសីទ​ស្តីពីអាកាសធាតុ​ទីក្រុង​Glasgow លោក Alok Sharma លើកដៃ​ទទួល​ការទះដៃ​អបអរ​នៅក្រោយ​ការសម្រេច​បាន​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ​នៅថ្ងៃសៅរ៍ ទី ១៣​វិច្ឆិកា ២០២១
ប្រធាន​សន្និសីទ​ស្តីពីអាកាសធាតុ​ទីក្រុង​Glasgow លោក Alok Sharma លើកដៃ​ទទួល​ការទះដៃ​អបអរ​នៅក្រោយ​ការសម្រេច​បាន​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ​នៅថ្ងៃសៅរ៍ ទី ១៣​វិច្ឆិកា ២០២១ REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បន្ថែម​ថ្ងៃ​ចរចា រហូត​ដល់​យប់​ថ្ងៃ​សៅរ៍ម្សិលមិញ កិច្ចប្រជុំ​Cop 26 ​នៅទីបំផុត ប្រសូត្រ​ចេញ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ជាប្រវត្តិសាស្រ្ត។ ប្រវត្តិសាស្រ្ត ព្រោះថា នេះជាលើកទី១ ដែល​ពាក្យ​ថា ថាមពល ហ្វូស៊ីល ដូចជា​ធ្យូងថ្ម ប្រេងឥន្ធនៈ និង​ឧស្ម័ន ត្រូវ​បាន​គេ​សរសេរ​យ៉ាងច្បាស់ នៅ​ក្នុង​កិច្ចព្រមព្រៀង។

នៅ​យប់ថ្ងៃ​សៅរ៍ នៅវេលា ម៉ោង ៧និង ៤០នាទីយប់ ម៉ោង​នៅប្រទេស​អង់គ្លេស ប្រធាន​សន្និសីទ​អន្តរជាតិ លោក Alok Sharma បាន​ដំ ញញួរ ដែលជាសញ្ញា​បញ្ជាក់ជា​ផ្លូវការថា ប្រទេស​ចំនួន​២០០ នៅទីបំផុត​បាន​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។

អាទិភាព​នៃកិច្ចប្រជុំ​COP 26​គឺ​រក្សា​គោលដៅ របស់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ ២០១៥ ដែល​បាន​កម្រិត​សីតុណ្ហភាព លើ​ផែនដី​មិន​ឲ្យកើនឡើង លើស ១,៥អង្សា ឬ​២អង្សារ ពោល​គឺ​ដើម្បី​ការពារ​ផែនដី​ពីគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួលអាកាសធាតុ។

ប៉ុន្តែ កិច្ចព្រមព្រៀង​ដែល​ប្រទេស​ចំនួន ២០០​បានអនុម័ត​គាំទ្រ កាលពី​យប់ម្សិលមិញ ផ្ទុយទៅវិញ គឺ​មិនបាន​ធានា នូវ​ការគោរព​គោលដៅ របស់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នោះ​ទេ។ ហ៊ាន​និយាយ​ដូច្នេះ ព្រោះថា កិច្ចព្រមព្រៀង​នៅទីក្រុងGlasgow ជាកិច្ចព្រមព្រៀង​តូច ដែលនៅ​តែ​គ្មាន​មហិច្ឆតា ដើម្បី កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ដែលជា​ប្រភព​នៃការឡើងកំដៅផែនដី។

រហូតមកដល់​សព្វថ្ងៃនេះ គ្រប់ប្រទេស​នៅក្នុង​ពិភពលោក មិន​បាន​សកម្ម ខ្លាំង ក្នុង​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែលជាឧស្ម័ន​ផ្ទះកញ្ចក់នោះទេ។ អ្នកវិទ្យាសាស្រ្ត​បាន​វាយតម្លៃ​ថា បើសិន​គេគ្មាន​មហិច្ឆតា​កាត់បន្ថយ ឧស្ម័ន​កាបូនិក ទេ នោះ សកម្មភាព​បញ្ចេញ​ឧស្ម័នកាបូនិក​របស់​មនុស្ស​សព្វថ្ងៃ​នេះ នឹង​ធ្វើ​ឲ្យ​ផែនដី កើនឡើងកំដៅ ២,៤អង្សា បើប្រៀបនឹង​សម័យបុរេឧស្សាហកម្ម។ ប៉ុន្តែ នៅមុន កើនឡើង​ដល់២,៤​អង្សារ អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​រួចហើយថា បើផែនដីឡើងកំដៅ បន្ថែម តែ ១,៥% ផែនដី​នឹង​ជួបគ្រោះមហន្តរជាតិ​ធម្មជាតិ អាក្រក់​ជាង​សព្វថ្ងៃនេះទៅទៀត ដូចជា​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃជាដើម។ អ្វីដែល​គេ​បារម្ភ​ខ្លាំងផងដែរ គឺ ការឡើងកំពស់ទឹកសមុទ្រ ដែល​នឹង​ធ្វើ​ឲ្យ​ទីក្រុង ជាច្រើន​ត្រូវ​ប្រឈម​នឹង​ការជន់លិចលង់ ដែលមាន​ដូចជា ក្រុង​បាងកក ហូជិម៉ិញ ទីក្រុង​វឺនីស នៅអ៊ីតាលី​ជាដើម។

កិច្ចព្រមព្រៀង​​គ្មានមហិច្ឆតា​ទប់ស្កាត់​កុំ​ឲ្យ​ផែនដី ឡើងកំដៅច្រើនជាង ១,៥អង្សា?

 អ្វី​ដែល​ថ្មី​ ខុសប្លែក​ពី​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ នៅ​ក្រុង​ប៉ារីស គឺ​កិច្ចព្រមព្រៀងនៅប្រទេស​អង់គ្លេស មាន​សរសេរ​បញ្ចូល ពាក្យ​ថាមពល​ហ្វូស៊ីល។ ពាក្យនេះ​សំខាន់ណាស់​ព្រោះថា ថាមពល​ហ្វូស៊ីល​ដែលមាន​ដូចជា​ធ្យូងថ្ម ប្រេងឥន្ធនៈ និង​ឧស្ម័ន គឺ​ជា​ប្រភព បញ្ចេញឧស្ម័នកាបូនិក តំណាង ឲ្យ​៩០%នៃ​ឧស្ម័នផ្ទះកញ្ចក់។

កិច្ចព្រមព្រៀង ក្រុង Glasgow បាន​អំពាវនាវ​ឲ្យ​គេ​ កាត់បន្ថយកាប្រើប្រាស់​ថាមពលហ្វូស៊ីល ហើយ​និងកាត់បន្ថយការផ្តល់​ជំនួយ សាធារណៈ​ដល់គម្រោងការវិនិយោគ​លើ​ថាមពល​ហ្វូស៊ីល។ ប៉ុន្តែ មុន​នឹង​អាច​ឈានសម្រេច​ចេញ​បាន​កិច្ចព្រមព្រៀង ខាងលើ គឺ​មាន​ការតស៊ូ មតិ ចរចា​គ្នាខ្លាំងណាស់។ ការប្រជុំ​ត្រូវ​ពន្យារពេល​មួយថ្ងៃ ទម្រាំសម្រេច​ចេញបាន​កិច្ចព្រមព្រៀង ក៏ដោយសារ តែ​មានការជំទាស់​ដាច់ខាត​របស់​ប្រទេស​ឥណ្ឌាដែរ។

ឥណ្ឌា ដែលជាអ្នកប្រើប្រាស់​ធ្យូងថ្ម​ច្រើន បាន​ទទួល​ការគាំទ្រ​ពីប្រទេស​ចិន ដើម្បី​ទាមទារ​ឲ្យគេ​កែប្រែពាក្យ មួយចំនួន ដូចជា ប្តូរ​ពាក្យ​ "ការដើរចេញ ពីការប្រើធ្យូងថ្ម" មក​ជាពាក្យ "​កាត់បន្ថយ​ការប្រើធ្យូងថ្មវិញ"។ ប្រឈម​នឹង​ការរិះគន់​ពីប្រទេស​ក្រីក្រ និង​អភិវឌ្ឍផ្សេងទៀត ដែល​ចោទប្រកាន់​ឥណ្ឌាថា ជាអ្នកខ្ទាស់ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​មិន​សូវ​មាន​មហិច្ឆតា​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម ដែលជាប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក អ្នកតំណាង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ការពារខ្លួនថា ផ្ទុយពីប្រទេស​អ្នកមាន ឥណ្ឌា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ កំពុងត្រូវការថាមពល​ធ្យូងថ្ម សម្រាប់​គោលនយោបាយ កាត់បន្ថយ​ភាពក្រីក្រ ក្នុង​ប្រទេស​របស់ខ្លួន។

ចំនុចសំខាន់​មួយទៀត​នៃ​កិច្ចព្រមព្រៀងនេះ គឺ​កញ្ចប់ថវិកា​បៃតង។ ក្រុមប្រទេស​អ្នកមាន​ធ្លាប់​បាន​សន្យា​វិភាគទាន​ក្នុង​កញ្ចប់ថវិកា​បៃតង ១០០​ពាន់​លាន​ដុល្លារ​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ជួយ​ប្រទេស​កំពុងអភិវឌ្ឍ ឲ្យ​សម្របខ្លួន នឹង​ការប្រែប្រួលអាកាសធាតុ និង​ដើម្បី​សម្រេច​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក។ ប៉ុន្តែ ពួកគេ​មិន​បានធ្វើតាម​ការសន្យានោះទេ។ ថវិកា​បៃតង សម្រាប់​ឆ្នាំ ២០២០ នៅតែ​មានមិនគ្រប់គ្រាន់។ កិច្ចព្រមព្រៀង​ក្រុង​Glasgow កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ គ្រាន់​តែ​បញ្ជាក់ថា គេ​នឹង​អនុវត្ត​ឲ្យបាន​ការសន្យា ផ្តល់ថវិកា​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ចាប់ពី​ឆ្នាំ ២០២៣។ ប៉ុន្តែ ជាថ្មីម្តងទៀត នោះគ្រាន់តែ​ជាការសន្យា ប៉ុន្តែ គ្មានការចាប់តម្រូវ​ឲ្យ​ក្រុមប្រទេស​អ្នកមាន​ត្រូវតែ​អនុវត្តនោះទេ។

គ្មានទេ ការបង់ថ្លៃ​សងជំងឺចិត្ត​ដល់​ប្រទេស​ក្រីក្រ​ដែលរងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ

កិច្ចព្រមព្រៀង​នៅ​Glasgow មិន​បាន​និយាយ​ពី​ការខូចខាត និង​ការសងជំងឺចិត្ត សម្រាប់ការបាត់បង់ បង្កឡើង​ដោយ​ការប្រែប្រួលអាកាសធាតុនោះទេ។ ក្រុមប្រទេស​ក្រីក្រ ដែល​មិនមែនជាអ្នកបញ្ចេញ​ឧស្ម័នកាបូនិក ប៉ុន្តែ ជាអ្នករងគ្រោះធ្ងន់ធ្ងរ ដោយសារ​គ្រោះមហន្តរជាតិ​ធម្មជាតិ ដែល​ជា​លទ្ធផល​នៃការប្រែប្រួលអាកាសធាតុ បាន​សំដែង​ការខកចិត្តខ្លាំង ដែល​កិច្ចព្រមព្រៀង​គ្មាន​សរសេរ​បញ្ចូល​ការចាប់តម្រូវ​ឲ្យ​បង់សងថ្លៃ​ការខូចខាត ដោយសារ​ការប្រែប្រួលអាកាសធាតុ។ តាំង​ពីបើកសន្និសីទ​ស្តីពីអាកាសធាតុ​នៅទីក្រុង​Glasgow ក្រុមប្រទេស​ក្រីក្រ និង​ប្រទេស​ដែល​ងាយរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​បង្កឡើង​ដោយការប្រែប្រួលអាកាសធាតុ ​បានទាមទារ​ឲ្យ​មានការចែង​ពីការបង់សងថ្លៃខូចខាត ពីសំណាក់​ប្រទេស​អ្នកមាន ប្រទេស​បញ្ចេញ​ឧស្ម័នកាបូនិក នៅក្នុង​កិច្ចព្រមព្រៀង។ ប៉ុន្តែ នៅក្រោយ ការចរចា​យ៉ាងតឹងតែង និងដោយសារ​មានការជំទាស់​ពី​អាមេរិក និង​សហភាពអឺរ៉ុប គឺ​គ្មានទេ ពាក្យ​ថា សងថ្លៃខូចខាត​សម្រាប់​ក្រុមប្រទេស​ក្រីក្រ ដែលរងគ្រោះ​ដោយសារការប្រែប្រួលអាកាសធាតុ។

អាមេរិក និងក្រុមប្រទេស​បញ្ចេញ​ឧស្ម័នកាបូនិក​ផ្សេងទៀត ខ្លាច ថា បើ​គេ​ចែង​ពាក្យ​សងថ្លៃខូចខាត​នៅក្នុង​កិច្ចព្រមព្រៀង នោះ នឹង​អាច​មានការប្តឹងផ្តល់​ទៅតុលាការ​ទាមទារ​ឲ្យ​អាមេរិក ជាដើម​ចេញសងថ្លៃខូចខាត​តាម​ផ្លូវច្បាប់។

យ៉ាងណាក៏ដោយ ទោះ មានការ​ប្រឆាំង មិន​ឲ្យ​មាន​ការបង់សងថ្លៃខូចខាត ប៉ុន្តែ នៅក្នុងកិច្ចព្រមព្រៀង ក្រុមប្រទេស​អ្នកមាន​បាន​សន្យា​បង្កើន ជំនួយ​ថវិកា​សម្រាប់​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ អាច​សម្របខ្លួន នឹង​ការប្រែប្រួលអាកាសធាតុ។ កន្លងមក ថវិកា​សម្រាប់​ជួយ​ឲ្យគេ​សម្របខ្លួន​នឹង​ការប្រែប្រួលអាកាសធាតុ​តំណាង​ឲ្យ​២៥%​នៃកញ្ចប់ថវិកាបៃតង ចំណែក ៦៥%ផ្សេងទៀតសម្រាប់​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក។ ក្រុមប្រទេស​ក្រីក្រ បរិហារថា គោលការណ៍នេះ មិនបានជួយ​ឲ្យ​ពួកគេ​បាន​ទទួល​ប្រាក់ជំនួយ​អាកាសធាតុ ក្នុងហេតុផល​ថា ពួកគេ​មិនមែន​ជាអ្នកបញ្ចេញ​ឧស្ម័នកាបូនិក។

សប្បាយ ឬ​ខកចិត្ត?

ក្រុមប្រទេស​ក្រីក្រ​ខកចិត្ត​ខ្លាំង​នឹង​លទ្ធផល​នៃ​ការចរចា ក្នុង​សន្និសីទ​ទីក្រុង​Glasgowដែល​ខកខាន​មិន​បាន​និយាយ​ពីការសងថ្លៃការខូចខាត ដោយសារ​ការប្រែប្រួលអាកាសធាតុ។ អង្គការ​បណ្តាញ​សកម្មភាព​អាកាសធាតុ បានចោទប្រកាន់​កិច្ចប្រជុំ​COP 26 ថា ជា​កិច្ចប្រជុំ​របស់​ក្រុមប្រទេស​អ្នកមាន​ដែល​គិតតែ​ប្រយោជន៍​អាទិភាពចំបង​របស់​ក្រុមប្រទេស​អ្នកមាន។

ទោះក្រុមប្រទេស​ក្រីក្រ មិនបាន​បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើន ប៉ុន្តែ រងគ្រោះខ្លាំង ដោយសារ​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ ពួកគេ​មិន​បាន​រារាំង ប្រឆាំង​មិន​ឲ្យ​កើតមាន​កិច្ចព្រមព្រៀង។ ក្រុមប្រទេស​កំពុងអភិវឌ្ឍ បាន​តាំងចិត្ត​បន្ត​ចរចា នៅឆ្នាំក្រោយ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ។

សម្រាប់ សកម្មជន​បរិស្ថាន កិច្ចព្រមព្រៀង នៅ​ក្រុង​Glasgow គ្មានមហិច្ឆតា កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ដើម្បី​ឆ្លើយតប​នឹងសេចក្តីត្រូវការបន្ទាន់ នាពេលសព្វថ្ងៃ។ នាង Greta Thunburg វិញ បាន​និយាយ​រិះគន់​ចំៗ ថា កិច្ចប្រជុំ​COP 26​គឺ​គ្មានន័យ និង​ថា ការងារ​ពិតប្រាកដ​គឺស្ថិតនៅក្រៅ បន្ទប់ប្រជុំ។ យុវសកម្មជន​ស៊ុយអ៊ែត Greta Thunburg អះអាងហើយថា យុវជន​នឹង​មិនបោះបង់​ចោល​ការតវ៉ានោះទេ។

យ៉ាងណាក៏ដោយ អ្នកជំនាញ និង​ប្រទេសជាច្រើន​នៅតែ​មាន​សង្ឃឹមថា កិច្ចព្រមព្រៀង​នៅអង់គ្លេស ជា​ការភ្ញាក់ដឹងខ្លួន និងការបោះជំហាន​មួយទៀត របស់​មនុស្សជាតិ ក្នុង​ការឈាន​ទៅ​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក។ ជាក់ស្តែង គេ​បាន​យល់ព្រម​ឲ្យ​មានការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល ធ្យូងថ្ម ដែល​គេធ្លាប់​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​មាន​នៅក្នុង​កិច្ចព្រមព្រៀង​លើកមុន។ មួយវិញ ទៀត ស្ថិតក្នុង​ស្ថានភាពបន្ទាន់ ព្រោះ​ថា គ្រប់ប្រទេស សុទ្ធតែ​រងគ្រោះ​ប៉ះពាល់​ដោយសារការប្រែប្រួលអាកាសធាតុ​យ៉ាងដូច្នេះ ​គ្រប់ប្រទេស​ទាំងអស់បាន​យល់ព្រមព្រៀងគ្នាថា នឹង​ជួបពិភាក្សា​ជារៀងរាល់​ឆ្នាំ មិនមែននៅរាល់​៥ឆ្នាំ​ដូចលើកមុន ពោល​គឺ​ធ្វើយ៉ាងណា​ដើម្បី បូកសរុប ពិនិត្យ ឡើងវិញ ថា តើ​គេ​អាច​កាត់បន្ថយ ឧស្ម័នកាបូនិក បាន​ច្រើនជាងមុន​ដែរឬទេ និងថា តើ​ប្រទេស​ណាខ្លះ​ដែលបាន​គោរព​ធ្វើតាម​កិច្ចព្រមព្រៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ