អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

COP26៖ ការប្រឹងប្រែង​ចរចា​នៅថ្ងៃ​ចុងក្រោយ ដើម្បី​​ឲ្យ​បាន​កិច្ចព្រមព្រៀងរួម​មួយ ដែល​មាន​ភាព​ក្លាហាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសុក្រ ទី១២វិច្ឆិកានេះ គឺជាថ្ងៃចុងក្រោយហើយ នៃសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP26 ។ ​ដំណើរការ​មក​ រយៈពេល​២សប្តាហ៍ សន្និសីទនេះ បានធ្វើឲ្យ​មានមតិយល់ឃើញ​ផ្សេងៗគ្នា ទាក់ទិននឹងសេចក្តីសង្ឃឹម អំពី​ដំណើរឆ្ពោះទៅ​ប្រឹងប្រែងរួមគ្នា​ ដើម្បីដោះស្រាយ​វិបត្តិអាកាសធាតុ។ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និង ចិន បាន​ប្រកាសរួមគ្នាថា មហាអំណាចមេបញ្ចេញឧស្ម័នពុលទាំង២នេះ នឹង​ប្រឹងប្រែងបន្ថែមទៀត ក្នុងការដាក់ចេញនូវវិធានការចាំបាច់ ដើម្បី​ដោះស្រាយ​វិបត្តិអាកាសធាតុនេះ។ នៅថ្ងៃនេះ ក្រុមប្រទេសប្រមាណជា២០០ប្រទេស ដែលកំពុងតែជួប​ប្រជុំគ្នាក្នុងសន្និសីទនេះ កំពុងតែព្យាយាម ជជែក​ពិភាក្សាគ្នា នៅនាទីចុងក្រោយ ដើម្បីសម្រេចឲ្យ​បាន​ នូវ​អត្ថបទកិច្ចព្រមព្រៀងរួមមួយ ព្រោះថាពិភពលោកទាំងមូល កំពុងសម្លឹងមើលមកកាន់សន្និសីទនេះ ថាតើវាបាន​លទ្ធផលអ្វីជាក់ស្តែងដែរឬទេ សម្រាប់អនាគតភពផែនដីយើង។

លោក Manuel Pulgar-Vidal ប្រធានផ្នែក​បរិស្ថាន និង ថាមពល​សកលលោក នៃអង្គការ​ WWF កំពុងនិយាយ​ពន្យល់ នៅក្នុង​សន្និសីទ COP26 ថ្ងៃទី ១១វិច្ឆិកា ២០២១
លោក Manuel Pulgar-Vidal ប្រធានផ្នែក​បរិស្ថាន និង ថាមពល​សកលលោក នៃអង្គការ​ WWF កំពុងនិយាយ​ពន្យល់ នៅក្នុង​សន្និសីទ COP26 ថ្ងៃទី ១១វិច្ឆិកា ២០២១ AP - Alberto Pezzali
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃសុក្រទី១២វិច្ឆិកា​ ក្រុមការងារអង់គ្លេស ដែលជាអ្នករៀបចំចាត់ចែងកម្មវិធីសន្និសីទ COP26 នេះ បានធ្វើការផ្សព្វផ្សាយ​ អត្ថបទព្រាងនៃសេចក្តីព្រមព្រៀងរួមចុងក្រោយ។ តែវាគ្រាន់តែជាអត្ថបទព្រាងទេ គេកំពុងពិភាក្សាគ្នា លើពាក្យពេចន៍ ឃ្លាប្រយោគ យ៉ាងល្អិតល្អន់នៅថ្ងៃនេះទៀត។ ដូច្នេះ ឧបសគ្គនៅមានច្រើនទៀត។

ពាក្យ "ថាមពលហ្វូស៊ីល" ត្រូវបានចារជាលើកដំបូងក្នុងសេចក្តីព្រាង

យោងតាមអត្ថបទព្រាងនេះ គេសង្កេតឃើញមានចំណុចសំខាន់៣ គួរឲ្យចាប់អារម្មណ៍។ ទីមួយគឺទាក់ទិននឹង ប្រភពថាមពលហ្វូស៊ីល ដែលមានដូចជា ប្រេងឥន្ធនៈ ឧស្ម័ន និង​ធ្យូងថ្ម។​ អត្ថបទព្រាងនេះ បានសរសេរថា ប្រទេសទាំងអស់​ សូមសន្យា កាត់បន្ថយ ការវិនិយោគ និងជំនួយហិរញ្ញវត្ថុ ដែលគ្មាន​ប្រសិទ្ធភាព ទៅក្នុងវិស័យថាមពលហ្វូស៊ីល និងសន្យា​ចាកចេញបន្តិច​ម្តងៗ ពីការប្រើប្រាស់ធ្យូងថ្ម ដោយ​មិន​ប្រើ​ប្រាស់បច្ចេកទេស ចាប់បង្ឃាំងទុកឧស្ម័នកាបូនិកទេ​។

បើពិនិត្យ​លើខ្លឹមសារនេះ គឺគេបានកែប្រែខ្លឹមសារអត្ថបទព្រាងនេះបន្តិច ឲ្យ​វាមានលក្ខណៈធូរស្រាល។ អត្ថបទព្រាង កាលពីថ្ងៃពុធ គេបាន​សរសេរថា ប្រទេសទាំងអស់សន្យាពន្លឿនការចាកចេញពីធ្យូងថ្ម និង​ឈប់វិនិយោគ លើថាមពលហ្វូស៊ីល។ ការកែប្រែខ្លឹមសារ ឲ្យស្រាលបន្តិចនេះ គឺដោយសារតែ​ក្រុមប្រទេសអារ៉ាប់បានទាមទារ ដាច់ណាត់តែម្តង ដែលដូចយើង​ដឹងហើយ ក្រុមប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រពែក្ស គឺ​ជាប្រទេសផលិត​ប្រេង និងហ្កាស ហើយដែលរំពឹងខ្លាំងណាស់លើវិស័យនេះ។ ដូច្នេះដាក់កំហិតខ្លាំងជ្រុលពេល​ គឺគេមិនអាចធ្វើបានភ្លាមទេ។ តែយ៉ាងណាសេចក្តីព្រាងសេចក្តីប្រកាសរួមនេះ វាជាការបោះជំហានមួយខ្លាំងដែរ ព្រោះថានេះជាលើកទី១ហើយ ដែលគេសរសេរពាក្យ ថាមពល​ហ្វូស៊ីលច្បាស់ៗតែម្តង នៅក្នុង​អត្ថបទ។ ពាក្យ​ថាមពលហ្វូស៊ីលនេះ មិនទាំងមាននៅក្នុង​កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ផងទេ ព្រោះថាកាលនោះ មានប្រទេសជំទាស់ច្រើននាស់។

សើរើកម្មវត្ថុមួយឆ្នាំម្តង

ចំនុចសំខាន់មួយទៀត គឺទាក់ទិននឹងការ​ សើរើឲ្យ​បានញឹកញាប់ ក្នុងការ​កំណត់កម្មវត្ថុកាត់បន្ថយ​ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ពាក្យថាសើរើឲ្យ​បានញឹកញាប់នេះ គឺមានន័យថា ត្រូវបន្ថែមការប្រឹងប្រែង ឲ្យបានញឹក នៅក្នុងកម្មវត្ថុនៃប្រទេសនីមួយៗ ដើម្បីធ្វើយ៉ាងណា ទប់សីតុណ្ហភាពផែនដី កុំឲ្យ​ឡើងលើសពី១,៥°c។ ចំណុចនេះ វាទាក់ទងខ្លាំង តែប្រទេសធំៗ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ។

បើយើងក្រឡេកទៅមើល កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ គឺគេបានកំណត់ថា កម្មវត្ថុអាចសើរើ បន្ថែមការប្រឹងប្រែង នៅរៀងរាល់៥ឆ្នាំម្តង ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ជាក់ស្តែង នៃកម្រិតឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស។ ក៏ប៉ុន្តែពេលនេះ គឺ​មានប្រទេសខ្លះបានទាមទារ ថាត្រូវតែ​ពិនិត្យ​សើរើ រៀងរាល់មួយឆ្នាំម្តង លើកម្មវត្ថុកាត់បន្ថយឧស្ម័នពុលនេះ។ តែយ៉ាងណា តំណាងក្រុមចរចារបស់រដ្ឋាភិបាលអាមេរិក បានលើកឡើងថា មិនមែនគេមិនចង់​បន្ថែមការប្រឹងប្រែងទេ តែបើ​ឲ្យ​គេសើរើកម្មវត្ថុ មួយឆ្នាំម្តង គឺគេមិនអាចធ្វើទៅបានទេ។

សំណងប៉ះប៉ូវការខូចខាត

ចំណែកចំណុចសំខាន់មួយទៀត គឺពាក់ព័ន្ធនឹងថវិកា ជួយប្រទេសក្រីក្រ ដែលប្រឈមរងគ្រោះបំផុត។​ នៅក្នុងអត្ថបទព្រាងលើកនេះ គេបានកំណត់ចំនុចថ្មីមួយ គឺ “ការសងការខូចខាត ប៉ះប៉ូវ” ឲ្យ​ដល់ប្រទេសក្រីក្រ ដែលរងគ្រោះដោយសារតែវិបត្តិអាកាសធាតុ។ ពីមុនមក នៅក្នុង​សំណុំរឿងថវិការជួយ​ប្រទេសក្រីក្រនេះ គេបាននិយាយតែ ថវិកា ចំណាយ​ផ្នែក​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ និងថវិកាចំនាយ​លើវិធានការនិងគោលនយោបាយ​សម្របខ្លួន ឬក៏ទប់ទល់ជាមួយ​បម្រែបម្រួលអាកាសធាតុ។ ដូច្នេះលើកនេះ ការបន្ថែមចំនុច ស្តីអំពីថវិកាសងប៉ះប៉ូវ ការខូចខាត នេះ គឺវាហាក់មានន័យថា ប្រទេសក្រីក្រ ទាមទារ ក្រុម​ប្រទេសអ្នកមាន ដែលជាអ្នកបញ្ចេញឧស្ម័នពុល បង្កបញ្ហានោះ ត្រូវសងជំងឺចិត្តគេ ព្រោះប្រទេស ប្រជាជនគេដែល​ជាអ្នករងការលំបាក។

ថវិកា១០០ពាន់លានក្នុងមួយឆ្នាំ នៅឯណា?

ប៉ុន្មានថ្ងៃមកនេះ មានការលើកឡើងថា ពីក្រុម​ប្រទេសក្រីក្រ ថាគេអស់សង្ឃឹម និងខកចិត្តខ្លាំងណាស់ នៅក្នុងសន្និសីទនេះ ព្រោះតាមមើលទៅប្រទេសអ្នកមាន ប្រហែលជាមិនអាចគោរពសន្យា ប្រមូលប្រាក់ ១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ មកជួយ​គេបានទេ។ ការសន្យា ប្រមូល​ប្រាក់ចំនួន១០០ពាន់លានដុល្លា ជួយ​ប្រទេសក្រីក្រនេះ គឺជាពាក្យ​សន្យាដែលមានចំណាស់ ១២ឆ្នាំមកហើយ។ តែរហូតមកទល់ពេលនេះ នៅមិនទាន់អនុវត្តវាបានទេ។ ជាងនេះទៀត យោងតាម​ក្រុមប្រទេសអាហ្វ្រិក គេបានគុណគូរសាជាថ្មី ដោយយោងលើស្ថានភាព​បច្ចុប្បន្ននេះ គឺលុយ​១០០ពាន់លានដុល្លារនេះ មិនទាំងគ្រប់ផង។ គឺគេត្រូវការយ៉ាងហោច ១៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ចំណាយ​ទូទាំងពិភពលោក។ គេគ្មានសង្ឃឹមថា ក្រុមប្រទេសអ្នកមានទាំងអស់ នឹងអាចប្រមូលប្រាក់នេះបានទេ ព្រោះថាគេទើបតែបានចំនាយ​ច្រើនណាស់ នៅក្នុងប្រទេសគេរៀងៗខ្លួន ដើម្បីដោះស្រាយ​វិបត្តិនានា បង្កឡើងដោយ​ជម្ងឺឆ្លងកូវីដ​១៩។

យ៉ាងណាក៏ដោយ ក្រុមប្រទេសក្រីក្រ បានទាមទារ ថាត្រូវតែ​រៀបចំបែងចែក ថវិកាជំនួយ ឲ្យ​មានតុល្យភាពជាងមុន។ ពីមុន គឺមួយផ្នែកធំនៃថវិកា គឺចំណាយ​តែទៅលើ ផែនការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល។ ឥឡូវពេលនេះ គេបានទាមទារ ថាត្រូវតែ​បែងចែក យកមកចំណាយ​ផ្នែក រៀបចំយន្តការសម្របខ្លួន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ឲ្យ​បានក្រែលវិញ ព្រោះថា បញ្ហានេះជាបញ្ហាចំបង នៅតាមប្រទេសក្រីក្រ។ នេះបើផ្អែកតាម​ Tanguy Gahouma-Bakale ប្រធានក្រុមចរចា តំណាងក្រុមប្រទេសអាហ្វ្រិក។

ជោគជ័យ ឬ មិនជោគជ័យ?

ក្រុមសកម្មជន អង្គការបរិស្ថានខ្លះថា សន្និសីទនេះមិនជោគជ័យទេ ព្រោះមើលទៅ ក្រុមប្រទេសទាំងអស់ ជាពិសេសប្រទេសអ្នកមាន ដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេ គឺខ្វះសេចក្តីក្លាហាន ប្រចាំគ្នា។ តែមតិខ្លះទៀត យល់ថា វាមានចំនុចបោះជំហានទៅមុខ ប្រសើរខ្លាំងណាស់ បើប្រៀបធៀបទៅ​ សន្និសីទឆ្នាំមុនៗ។ ជាក់ស្តែង ទាក់ទិននឹងការប្រើប្រាស់ពាក្យ “ថាមពលហ្វូស៊ីល” ជាលើកដំបូងបង្អស់ ក្នុងសេចក្តីព្រាងនៃសេចក្តីប្រកាសរួមចុងក្រោយ។ ចង់មិនចង់ ការចារពាក្យ​នេះលើក្រដាស គឺវា​សបញ្ជាក់ថា ប្រទេសទាំងអស់ ទាំងអ្នកមានទាំងអ្នកក្រ និងជាពិសេសទាំងប្រទេសដែលផលិតប្រេង គឺបានផ្លាស់ប្តូរការយល់ឃើញ និងទទួលស្គាល់ថា ថាមពលហ្វូស៊ីល ដែលមានប្រេងកាត ហ្កាស ធ្យូងថ្មជាដើមនេះ គឺពិតជាប្រភពបញ្ចេញឧស្ម័នពុលមែន ហើយត្រូវតែឈប់ប្រើវាបន្តិចម្តងៗ។

ការកំណត់ចំនុច ទាក់ទិននឹងការសងប៉ះប៉ូវសំណងខូចខាត ដល់ប្រទេសក្រីក្រ ក៏ជាចំនុចល្អមួយដែរ ព្រោះវាបញ្ជាក់ថា ប្រទេសអ្នកមាន ទទួលស្គាល់កំហុស ទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន។ ប្រទេសអ្នកក្រ មិនបានបញ្ចេញឧស្ម័នពុលច្រើនទេ តែរងគ្រោះខ្លាំងណាស់ ដោយសារវិបត្តិអាកាសធាតុ។

តាមធម្មតាសន្និសីទនេះ នឹងចប់នៅម៉ោង៦ល្ងាច តែបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី គឺគេអាចបន្ត បន្ថែមពេលវេលាបន្តិចទៀត ព្រោះនៅមានចំនុចសំខាន់ៗច្រើនទៀត ដែលមិនទាន់ត្រូវគ្នា។ អ្វីដែលជាការលំបាក គឺការចរចាគ្នារកមតិរួម។ ប្រទេស២០០ប្រទេស ចរចាគ្នា វាមិនមែនជារឿងងាយទេ ។ ក្នុងក្របខណ្ឌសន្និសីទនេះ គឺមិនមានការបោះឆ្នោតទេ មានន័យថា ត្រូវតែប្រទេសទាំងអស់ ស្រុះស្រួលគ្នាជាឯកចន្ទ លើចំនុចនីមួយៗ ពាក្យឃ្លា ប្រយោគនីមួយៗ នៃសេចក្តីប្រកាសរួមនេះ។ ហេតុដូច្នេះវាជារឿងធម្មតាទេ ដែលវាមានឧបសគ្គ និងការលំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ