អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការសុខភាពពិភពលោកផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់លើកុមារដែលរស់នៅក្នុងតំបន់ហានិភ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៦ តុលា អង្គការ​សុខភាព​ពិភពលោក (WHO)បាន​ផ្តល់​អនុសាសន៍​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​កុមារ​ដែល​រស់នៅ​ក្នុង​តំបន់​អាហ្រ្វិកសាហារ៉ា និង​នៅ​តាម​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់។ សម្រាប់​អគ្គនាយក​អង្គការ​សុខភាពពិភពលោក លោក​ទេដ្រូស វត្តមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ពេល​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​វិវត្តន៍​ផ្នែក​វិទ្យាសាស្រ្ត ផ្នែក​សុខភាព​កុមារ និង​ការ​ប្រឆាំង​ជំងឺ​គ្រុនចាញ់។

លោកទេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក។
លោកទេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក។ Fabrice Coffrini Pool/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

គ្រុនចាញ់​ជា​ជំងឺ​មួយ​ដែល​បាន​លេចរូបរាង​មាន​តាំង​ពី​សម័យ​បូរាណកាល​មក​ម្ល៉េះ ពោល​មិនមែន​ជា​ជំងឺ​ថ្មី​ថ្មោងថ្មោង​ដែល​ទើប​កើត​មាន​នា​ប៉ុន្មាន​ឆ្នាំ ឬ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ទេ។ គេ​ក៏​បាន​ដឹង​ទៀត​ថា គ្រុនចាញ់​ជា​ជំងឺ​មួយ​ដែល​ឆ្លង​ពី​មូស ពោល​នៅ​ពេល​មូសខាំ និង​មាន​លេច​រោគសញ្ញា​មាន​ច្រើន ដូច​ជា​ក្តៅខ្លួន ឈឺក្បាល និង​ឈឺ​សាច់ដុំ ហើយ​បន្ទាប់​មក​ក៏​មាន​អាការៈ​ក្តៅ ត្រជាក់ និង​បែកញើស។ អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ​កុមារ ព្រោះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក ជំងឺ​គ្រុនចាញ់​បាន​សម្លាប់​កុមារ​ម្នាក់​នៅ​រៀងរាល់ ២នាទី​ម្តង​នៅ​ក្នុង​លោក។

រហូត​មក​ដល់​សព្វថ្ងៃ និង​ដើម្បី​បង្ការ​ជំងឺ​គ្រុនចាញ់ ពិភពលោក​មាន​តែ​ថ្នាំគ្រាប់​មួយ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​ការ​ប្រើ​ថ្នាំ​គ្រាប់ គេ​ក៏​អាច​ប្រើ​វិធីសាស្រ្ត​បង្ការ​ផ្សេង​ទៀត​ដើម្បី​កុំ​ឲ្យ​មូសខាំ។ តែ​អ្វី​ដែល​ថ្មី​សម្រាប់​ឆ្នាំ ២០២១ នេះ គឺ​ពិភពលោក​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​លើកទី១ ដែល​មាន​ឈ្មោះ RTS,S ឬ​ហៅ Mosquirix។ វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ឈ្មោះ Mosquirix នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស GSK។ ប្រសិទ្ធិភាព​របស់ Mosquirix គឺ​អាច​កាត់​បន្ថយ​បាន​ច្រើន​នូវ​ករណី​ឆ្លង​ជំងឺ​គ្រុនចាញ់​ទូទៅ ក្នុង​នោះ​មាន​ទាំង​ជំងឺ​គ្រុនចាញ់​ដែល​គំរាមកំហែង​ដល់​ជីវិត​កុមារ។

តាម​អង្គការ​សុខភាពពិភពលោក លទ្ធផល​នៃ​ការ​សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ឈ្មោះ RTS,S ឬ​ហៅ Mosquirixចំនួន ៣ដង​បាន​បង្ហាញ​ថា ក្រោយ​ពី​បាន​ចាក់​ចំនួន ៤ដូស វ៉ាក់សាំង​នេះ​អាច​បង្ការ​ករណី​ជំងឺ​គ្រុនចាញ់​ប្រភេទ​ស្រាល​ចំនួន ៤ករណី​ក្នុង​ចំណោម ១០ករណី និង​អាច​បង្ការ​ករណី​ជំងឺ​គ្រុនចាញ់​ប្រភេទ​ធ្ងន់​ចំនួន ៣ករណី​ក្នុង​ចំណោម ១០ករណី។

Plasmodium falciparum ជា​ពពួក​ប៉ារ៉ាស៊ីត​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុនចាញ់​ប្រភេទ​ធ្ងន់

ជំងឺ​គ្រុនចាញ់​ក៏​ដូច​ជា​ជំងឺ​ផ្សេង​ទៀត​ដែរ គឺ​មាន​ករណី​ស្រាល​ដែល​អ្នក​ជំងឺ​អាច​រួច​ពី​ការ​ស្លាប់ និង​ករណី​ធ្ងន់ធ្ងរ​ដែល​អ្នក​ជំងឺ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត។ ជំងឺ​គ្រុនចាញ់​បាន​បង្ក​ឡើង​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ខុសៗ​គ្នា។ តែ​ពពួក​ប៉ារ៉ាស៊ីត​ដែល​កាច​ខ្លាំង មាន​ច្រើន​នៅ​អាហ្រ្វិក និង​បាន​សម្លាប់​អ្នក​ជំងឺ​គ្រុនចាញ់​ច្រើន​ជាង​នៅ​ក្នុង​លោក គឺ​ពពួក​ប៉ារ៉ាស៊ីត Plasmodium falciparum ដែល​ចម្លង​ដោយ​មូស។ ពពួក​ប៉ារ៉ាស៊ីត Plasmodium falciparum នេះ​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុនចាញ់​ប្រភេទ​ធ្ងន់ និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត។

វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ឈ្មោះ RTS,S ឬ​ហៅ Mosquirixដែល​ទើប​មាន​លើកដំបូង​ពេល​នេះ​ជា​ប្រភេទ​វ៉ាក់សាំង​ធ្វើ​ពី​ប្រូតេអ៊ីន​ផ្សំ​ជាមួយ​សារធាតុ​សកម្ម និង​មាន​សមត្ថភាព​ប្រឆាំង​នឹង​ពពួក​ប៉ារ៉ាស៊ីត Plasmodium falciparum។ គួរ​បញ្ជាក់​ថា អាហ្រ្វិក​ជា​តំបន់​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​ជំងឺ​គ្រុនចាញ់ ព្រោះ​ក្នុង​មួយ​ឆ្នាំៗ ជំងឺ​មួយ​នេះ​បាន​ស្លាប់​កុមារ​ក្រោម​អាយុ ៥ឆ្នាំ​ជាង ២៦០ ០០០នាក់។ ដូច្នេះ​ចង់ ឬ​មិន​ចង់ វត្តមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ពេល​នេះ​ជា​ក្តីសង្ឃឹម​តែ​មួយ​គត់​ដែល​អាច​ស្រោចស្រង់​ជីវិត​មនុស្ស​បាន​ច្រើន​ពាន់នាក់។

តែ​ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​ពេល​នេះ ប្រមុខ​អង្គការ​សុខភាពពិភពលោក លោក​ទេដ្រូស​បាន​អំពាវនាវ​ឲ្យ​បន្ត​ប្រើ​វិធានការ​បង្ការ​ដែល​មាន​ស្រាប់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់។ ឥឡូវ​នេះអ្វី​ដែល​ត្រូវ​ដោះស្រាយ​ដំបូង​គេ មុន​នឹង​ឈាន​ដល់​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អាហ្វ្រិក​សាហារ៉ា គឺ​ស្វែង​រក​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង។ បើ​តាម​អង្គការ​សុខភាពពិភពលោក សម្ព័ន្ធ​វ៉ាក់សាំង​ហ្កាវី(Gavi) បាន​ប្រកាស​ពី​ការ​សិក្សា និង​ធ្វើការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

២០២១ ជា​ឆ្នាំ​នៃ​ការ​វិវត្តន៍​ដ៏​សំខាន់​នៃ​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនចាញ់

វា​ល្មម​ដល់​ពេល​ដែល​ពិភពលោក​ត្រូវ​គិតគូរ​ស្វែង​រក​មធ្យោបាយ​ទប់ស្កាត់ បង្ការ​ជំងឺ​គ្រុនចាញ់​ដែល​ជំងឺ​មួយ​មាន​តាំង​ពី​យូរ និង​កំពុង​បន្ត​សម្លាប់​មនុស្ស​ជា​រៀងរាល់​ថ្ងៃ​មក​ដល់​បច្ចុប្បន្ន ទោះ​បី​ជា​ជំងឺ​នេះ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​ក្រីក្រ ពិសេស​នៅ​តំបន់​អាហ្រ្វិក។ សព្វថ្ងៃ​នេះ ថ្នាំគ្រាប់​ដើម្បី​បង្ការ​ជំងឺ​គ្រុនចាញ់​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អ្វី​ដែល​ប្រសើរ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​គ្រុន​ចាញ់​ក៏​ដូច​ជា​ជំងឺ​មួយ​ចំនួន គឺ​វ៉ាក់សាំង។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ការ​ស្រាវជ្រាវ និង​ក្រុម​មន្ទីរពិសោធន៍​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ទេ។

គឺ​ទើប​នៅ​ឆ្នាំ ២០២១ ដែល​ហាក់​មាន​ការ​វិវត្តន៍​លឿន​គួរ​ឲ្យ​កត់សម្គាល់។ បន្ទាប់​ពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ​អង់គ្លេស GSK មាន​បេក្ខជន​វ៉ាកសាំង​ចំនួន​ពីរ​ទៀត គឺ​សាកលវិទ្យាល័យ Oxford និង BioNTech។ វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ Oxford មាន​ឈ្មោះ Matrix-M និង​មាន​ប្រសិទ្ធិភាព​ដល់​ទៅ ៧៧% នា​ពេល​សាកល្បង​ក្នុង​ដំណាក់ការ​ទី២ កាល​ពី​ខែ​មេសា និង​អាច​អនុញ្ញាត​ឲ្យ​ប្រើ​នៅ ២ឆ្នាំ​ខាង​មុខ។ ចំណែក BioNTechបាន​ត្រឹម​បញ្ជាក់​ពី​ការ​ចង់​បង្កើត​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ដោយ​ប្រើ​បច្ចេកវិទ្យា ARN messager ដូច​ដែល​ខ្លួន​បាន​ប្រើ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែរ។ មន្ទីរពិសោធន៍​អាល្លឺម៉ង់​មួយ​នេះ​បាន​ប្រកាស​ពី​គម្រោង​សាកល្បង​នៅ​ឆ្នាំ ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ