អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖ហេតុអ្វីបានជាពួកតាលីបង់បន្តអូសបន្លាយការបង្កើតរដ្ឋាភិបាលថ្មី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ពួក​តាលីបង់​គ្រោង​ប្រកាស​តាំង​ពី​ថ្ងៃ​សុក្រ ទី៣ កញ្ញា​កំពុង​បន្ត​គ្មាន​រូបរាង​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា​រវាង​ពួក​តាលីបង់ និង​កម្លាំងតស៊ូ​នៅ​ជ្រលង​ភ្នំ​ផាន់ឈៀរ។ ជិត ៣សប្តាហ៍​ក្រោយ​ការ​ឡើង​កាន់​អំណាច​ជា​ថ្មី​របស់​ពួក​តាលីបង់ ជ្រលង​ភ្នំ​ផាន់ឈៀរ​កំពុង​បន្ត​ជា​តំបន់​តែ​មួយ​គត់​ដែល​នៅ​មិន​ទាន់​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់​នៅ​ឡើយ​ទេ។ រូបភាព​នៃ​ការ​ប្រយុទ្ធ​គ្នា​នេះ​ត្រូវ​បាន​អាមេរិក​លើក​ឡើង​ពី​រូបភាព​នៃ​ការ​មាន​សង្រ្គាមស៊ីវិល​នៅ​អាហ្វហ្កានីស្ថាន​នា​ពេល​ខាង​មុខ។

កម្លាំងរណសិរ្យតស៊ូជាតិ​នៅ​ជ្រលងភ្នំផាន់ឈៀរ​ដែល​កំពុង​ប្រឆាំង​នឹង​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន។
កម្លាំងរណសិរ្យតស៊ូជាតិ​នៅ​ជ្រលងភ្នំផាន់ឈៀរ​ដែល​កំពុង​ប្រឆាំង​នឹង​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន។ AP - Jalaluddin Sekandar
ផ្សាយពាណិជ្ជកម្ម

ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង​រវាង​ពួក​តាលីបង់ និង​កម្លាំង​រណសិរ្យតស៊ូជាតិ​នៅ​ជ្រលងភ្នំ​ផាន់ឈៀរ​ដែល​ដឹក​នាំ​ដោយ​កូនប្រុស​របស់​សព​អតីត​មេបញ្ជាការទ័ព​លោក​ម៉ាស៊ូ។ បច្ចុប្បន្ន កម្លាំង​រណសិរ្យតស៊ូជាតិ​ទទួល​បាន​ការ​ចូលរួម​ពី​កម្លាំងទ័ព​របស់​អតីត​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នៅ​ពេល​ដែល​ក្រុង​កាប៊ុល​ធ្លាក់​ក្នុង​ដៃ​តាលីបង់។ តាំង​ពី​ថ្ងៃទី៣០ សីហា និង​ការ​ដក​ទ័ព​អាមេរិក​ចុង​ក្រោយ​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន ពួក​តាលីបង់​បាន​ផ្តើម​ប្រតិបត្តិការ​សឹក​តាម​គ្រប់​រូបភាព​ទៅ​លើ​ជ្រលង​ភ្នំ​ផាន់ឈៀរ។

ជ្រលង​ភ្នំ​ផាន់ឈៀរ​ជា​តំបន់​ព្រៃភ្នំ​មួយ​មាន​ចម្ងាយ​ប្រមាណ​ជា ៨០គីឡូម៉ែត្រ​ពី​ទីក្រុង​កាប៊ុល ជា​តំបន់​ពិបាក​ចូល និង​ធ្លាប់​ជា​ទីតាំង​របស់​ចលនា​តស៊ូ​ប្រឆាំង​នឹង​សហភាពសូវៀត និង​ពួក​តាលីបង់។ សូម​រម្លឹក​ថា សហភាព​សូវៀត​បាន​ចូល​ឈ្លានពាន​អាហ្វហ្កានីស្ថាន​ពី​ឆ្នាំ ១៩៧៩​ដល់​ឆ្នាំ ១៩៨៩ ហើយ​ពួក​តាលីបង់​ធ្លាប់​កាន់​អំណាច​លើកទី១ ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១។ ដូច្នេះ​នេះ​ជា​លើកទី២ ដែល​ជ្រលង​ភ្នំផាន់ឈៀរ​បាន​ក្លាយ​ជា​តំបន់​តស៊ូ​ប្រឆាំង​នឹង​ការ​ឡើង​កាន់​អំណាច​លើកទី២ របស់​ពួក​តាលីបង់​ពេល​នេះ។ តែ​ពួក​តាលីបង់​ហាក់​មិន​ចង់​ទុក​ឲ្យ​ជ្រលងភ្នំ​ផាន់ឈៀរ​នេះ​ស្ថិត​នៅ​ក្រៅ​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ។

នៅ​ថ្ងៃ​អាទិត្យ ទី៥ កញ្ញា ពួក​តាលីបង់​បាន​បញ្ជាក់​ពី​ការ​រំកិល​ទៅ​មុខ​ដោយ​វាយដណ្តើម​បាន​នូវ​ទីតាំង​មួយ​ចំនួន​របស់​កម្លាំង​រណសិរ្យតស៊ូជាតិ។ ពី​ខាង​ក្រុម​អ្នកតស៊ូ​វិញ អ្នក​នាំ​ពាក្យ​របស់​កម្លាំង​រណសិរ្យតស៊ូជាតិ​លោក​អាលី ម៉េសាំ ណាហ្សារី​បាន​ធានា​ថា ការ​តស៊ូ​បន្ត​មាន និង​នៅ​បន្ត​មាន​ដោយ​គ្មាន​ថ្ងៃ​បរាជ័យ​ទេ។ តើ​អ្វី​ទៅ​ជា​ស្ថានភាព​ពិត​នៅ​ជ្រលងភ្នំផាន់ឈៀរ តើ​ពួក​តាលីបង់​កំពុង​ឈាន​ទៅ​វាយ​យក​បាន​តំបន់​ចុង​ក្រោយ​របស់​ក្រុម​អ្នក​តស៊ូ​ប្រឆាំង​ខ្លួន​ដែរ ឬ​យ៉ាង​ណា?។ គេ​មិន​ពិបាក​ឆ្លើយ និង​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​ទាំង​នេះ​ដោយសារ​តែ​ប្រព័ន្ធ​ទាក់ទង​ទៅ​កាន់​ជ្រលង​ភ្នំ​ផាន់ឈៀរ​មាន​ការ​លំបាក​ខ្លាំង។

អាហ្វហ្កានីស្ថាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល?

រូបភាព​នៃ​សង្រ្គាម​រវាង​ពួក​តាលីបង់ និង​កម្លាំង​រណសិរ្យតស៊ូ​នៅ​ជ្រលងភ្នំ​ផាន់ឈៀរ​ពេល​នេះ​ត្រូវ​បាន​អាមេរិក​លើក​ឡើង​ថា ជា​លក្ខខណ្ឌ​នៃ​ការ​ឈាន​ទៅ​ផ្ទុះ​សង្រ្គាមស៊ីវិល​នៅ​អាហ្វហ្កានីស្ថាន​ជា​យថាហេតុ។ ការ​លើក​ឡើង​របស់​អាមេរិក​នេះ​ធ្វើ​ឡើង​ដោយ​មេបញ្ជាការ​កងទ័ពអាមេរិក​ឧត្តមសេនីយ Mark Milley នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​ទូរទស្សន៍ Fox News និង​ដែល​បទសម្ភាសន៍​នេះ​ត្រូវ​បាន Fox News ចាក់​ផ្សាយ​នា​ថ្ងៃ​សៅរ៍ ទី៤ កញ្ញា។ ឧត្តមសេនីយ​អាមេរិក​រូប​នេះ​បាន​យល់​ឃើញ​ថា ប្រឈម​នឹង​ស្ថានការណ៍​វឹកវរ​នេះ ប្រឈម​នឹង​ការ​ត តាំង​ផ្លូវអាវុធ​រវាង​ពួក​តាលីបង់ និង​កម្លាំង​រណសិរ្យតស៊ូជាតិ​នៅ​ជ្រលងភ្នំ​ផាន់ឈៀរ​ពេល​នេះ លក្ខខណ្ឌ​នៃ​ការ​ឈាន​ទៅ​មាន​សង្គ្រាមស៊ីវិល​មួយ​នៅ​អាហ្វហ្កានីស្ថាន​ទំនង​ជា​ត្រូវ​បាន​បំពេញ និង​មាន​គ្រប់គ្រាន់។

អាច​មាន​ចំណុច​ពីរ​ដែល​ឧត្តមសេនីយ​អាមេរិក​លោក Mark Milley ចង់​និយាយ ទី១ ជា​សង្រ្គាមស៊ីវិល​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​អាហ្វហ្កានីស្ថាន​សុទ្ធសាធ និង​ទី២ សង្រ្គាមស៊ីវិល​មួយ​នេះ​ជា​ឱកាស​ដែល​អនុញ្ញាត​ឲ្យ​អង្គការ​អាល់កៃដា​ចាប់​ក កើត​ឡើង​វិញ ឬ​មួយ​អនុញ្ញាត​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម​ពង្រឹង​កម្លាំង និង​ឥទ្ធិពល​កាន់​តែ​ខ្លាំង ឬ​មួយ​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​កំណើត​ថ្មី​នូវ​ក្រុម​ភេរវនិយម​ផ្សេង​ទៀត។ គឺ​រូបភាព​ទាំង​អស់​នេះ​ដែល​ក្រុម​ប្រទេស​បស្ចិមលោក និយាយ​ជា​រួម និង​អាមេរិក និយាយ​ដោយឡែក​កំពុង​បារម្ភ​ខ្លាំង​ជាង​គេ។ ជិត ៣សប្តាហ៍​ក្រោយ​ទទួល​បាន​អំណាច​ជា​ថ្មី ពួក​តាលីបង់​នៅ​មិន​ទាន់​បាន​ប្រកាស​ពី​សមាសភាព​នៃ​រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន​នៅ​ឡើយ​ទេ។

ការ​អូសបន្លាយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រហែល​ជា​មាន​ហេតុផល​ចំនួន​ពីរ ទី១ ពួក​តាលីបង់​កំពុង​ជាប់​រវល់ដៃ​នឹង​ការ​ប្រយុទ្ធ​ត ទល់​នឹង​កម្លាំង​រណសិរ្យ​តស៊ូជាតិ​នៅ​ជ្រលង​ភ្នំ​ផាន់ឈៀរ និង​ទី២ ពួក​តាលីបង់​កំពុង​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បែងចែក​អំណាច។ គួរ​បញ្ជាក់​ថា​តាម​គម្រោង ពួក​តាលីបង់​ត្រូវ​ប្រកាស​រដ្ឋាភិបាល​ថ្មី​តាំង​ពី​ថ្ងៃ​សុក្រ ទី៣ កញ្ញា​មក​ម្ល៉េះ។

ប៉ាគីស្ថាន​ត្រូវ​ការ​អាហ្វហ្កានីស្ថាន​សម្រាប់​សន្តិសុខ​ផ្ទៃក្នុង

នៅ​ថ្ងៃ​សៅរ៍ ទី៤ កញ្ញា ប្រមុខ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន​លោក​ហ្វេ ហាមីដ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វហ្កានីស្ថាន។ នៅ​ក្នុង​ទីក្រុង​កាប៊ុល លោក​ហាមីដ​ត្រូវ​ជួប​សន្ទនា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​តាលីបង់។ តែ​នៅ​ពេល​នេះ គេ​គ្មាន​ព័ត៌មាន​បែក​ធ្លាយ​ណា​មួយ​ស្តីពី​​ទស្សនកិច្ច​របស់​ប្រមុខ​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន​លោក​ហ្វេ ហាមីដ ក៏​ដូច​ជា​ប្រធានរឿង​ដែល​លោក​ហាមីដ​ត្រូវ​លើក​ទៅ​ជជែក​ជាមួយ​ក្រុម​អ្នកតំណាង​តាលីបង់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន វត្តមាន​របស់​ថ្នាក់ដឹកនាំ​ប៉ាគីស្ថាន​ម្នាក់​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​ប៉ាគីស្ថាន​បន្ត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ពួក​តាលីបង់។ គឺ​ជិតស្និទ្ធ​តាំង​ពី​ពួក​តាលីបង់​អស់​អំណាច​កាល​ពី ២០ឆ្នាំ​មុន​រហូត​ដល់​ពួក​តាលីបង់​ទទួល​បាន​អំណាច​ជា​ថ្មី​នៅ ២០ឆ្នាំ​ក្រោយ​មក។

តាំង​ពី​ការ​ឡើង​កាន់​អំណាច​ជា​ថ្មី​របស់​ពួក​តាលីបង់​ជិត ៣សប្តាហ៍​កន្លង​ទៅ រដ្ឋាភិបាល​ប៉ាគីស្ថាន​តែង​លើក​ទឹកចិត្ត និង​គាំទ្រ​ឲ្យ​មាន​ការ​ប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាល​ចម្រុះ​មួយ​នៅ​អាហ្វហ្កានីស្ថាន​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជាតិពិន្ទុ​ទាំង​អស់។ គួរ​រម្លឹក​ថា មាន​ហេតុផល​សំខាន់​ចំនួន​ពីរ​ដែល​ប៉ាគីស្ថាន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អាហ្វហ្កានីស្ថាន ទី១ គឺ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង និង​ទី២ គឺ​ដើម្បី​ផលប្រយោជន៍​លើ​វិស័យ​សន្តិសុខ។ ចូរ​កុំ​ភ្លេច​ថា រដ្ឋអំណាច​ប៉ាគីស្ថាន​កំពុង​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវជន​នៅ​លើ​ទឹកដី​របស់​ខ្លួន ពិសេស​នៅ​តាម​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន ដូច​ជា​ក្រុម​តាលីបង់ប៉ាគីស្ថាន TTP។

ដូច្នេះ ការ​ដែល​ប៉ាគីស្ថាន​បាន​បញ្ជូន​ប្រមុខ​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​ទៅ​កាន់​អាហ្វហ្កានីស្ថាន​ពេល​នេះ និង​ការ​ដែល​ប៉ាគីស្ថាន​បាន​សាទរ​លើ​ជ័យជំនះ​របស់​ពួក​តាលីបង់​ដោយ​មិន​អល់អែក គឺ​ប្រហែល​មក​ពី​ប៉ាគីស្ថាន​ចង់​ធានា​ខ្លួន​ឯង​ដោយ​សង្ឃឹម​ថា ចៅហ្វាយ​ថ្មី​នៅ​អាហ្វហ្កានីស្ថាន​នឹង​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​តាលីបង់ប៉ាគីស្ថាន TTP៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ