អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន ៖ បារាំង​និង​អង់គ្លេស ស្នើ​បង្កើត “​តំបន់​សុវត្ថិភាព” នៅក្រុង​កាប៊ុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិបត្តិការ​ជម្លៀស​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ចុងក្រោយហើយ។ ប៉ុន្តែ​កាន់​តែ​ជិត​ចប់ ការ​គំរាមកំហែង​សុវត្ថិភាព​មាន​កាន់​​តែ​ខ្លាំង។ លោក​ប្រធានាធិបតី​អាមេរិក​ ចូបៃដិន បាន​ព្រមាន​ដោយ​ផ្ទាល់​ ​ថា​កាប៊ុលអាច​នឹង​រង​ភេរវកម្ម​ជា​ថ្មី ក្នុង​រវាង​២៤ម៉ោង​ទៅ​៣៦​ម៉ោង​ ពោល​គឺ​​នៅ​ថ្ងៃ​អាទិត្យ​ឬថ្ងៃ​ចន្ទស្អែក​​នេះ។ ចំណែក​បារាំង​និង​អង់គ្លេស​ នឹង​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​បង្កើត​តំបន់​សុវត្ថិភាព​នៅ​កាប៊ុល។

ទាហាន​តាលីបង់​ នៅ​មុខ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល
ទាហាន​តាលីបង់​ នៅ​មុខ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល WAKIL KOHSAR AFP
ផ្សាយពាណិជ្ជកម្ម

បង្កើត​ “តំបន់​សុវត្ថិភាព” នៅកាប៊ុល

នៅ​ថ្ងៃ​ចន្ទ​ទី​៣០​សីហា សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ត្រូវ​បើក​ជំនួប​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​​អំពី​វិបត្តិ​អាហ្វហ្កានីស្ថាន។ ក្នុង​ឱកាស​នេះ បារាំង​និង​អង់គ្លេស​ បាន​រៀប​រៀង​គម្រោង​សេចក្តី​សម្រេច​ចិត្ត​រួម​គ្នា​ ស្នើ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ ឱ្យ​បង្កើត​តំបន់​សុវត្ថិភាព​មួយ​ នៅ​កាប៊ុល  ដើម្បីទុក​ផ្លូវ​ឱ្យ​ពលរដ្ឋអាហ្វហ្កានីស្ថាន​ដែល​ចង់ អាច​ចាក​ចេញ​ពី​ប្រទេស​បាន​ នៅក្រោយ​ថ្ងៃ​ទី​៣១​សីហា​ផង ដើម្បី​បើក​​ផ្លូវ​​ឱ្យ​សហគមន៍​អន្តរជាតិ​ បន្ត​សកម្មភាព​មនុស្ស​ធម៌​ ជួយអាហ្វហ្កានីស្ថានផង និង​ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​អាច​បន្ត​ដាក់​សម្ពាធ​លើ​ពួក​តាលីបង់បាន​ទៀត នៅក្រោយ​​ពេល​ដែល​កងទ័ព​អាមេរិក​ត្រូវ​ដក​ចេញ​អស់​ទាំង​ស្រុង​ពី​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃទី ៣១​សីហា​។

បើតាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​បារាំង ការ​បង្កើត​តំបន់​សុវត្ថិភាព​នេះ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ និង​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ និង​សម្រេច​​របស់​​អង្គការ​សហប្រជាជាតិ។ ធ្វើ​យ៉ាង​ដូច្នេះ​ សមាជិក​​នីមួយៗ​អាច​​បញ្ចេញ​សកម្មភាព​ទៅ​តាម​កំរិត​​ទំនួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​។ សមាជិក​​នីមួយៗ​នោះ​គឺ​សំដៅ​ទៅ​លើ​ប្រទេស​ចិន និង​រុស្ស៊ី ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​​ ​មាន​សិទ្ធិប្រើ​វេតូ​ប្រឆាំង​ តែ​ជាប់​សង្ស័យ​ថា​គាំទ្រ​​ពួក​តាលីបង់ក្នុង​ការ​វិល​ត្រលប់​មក​កាន់​អំណាច​នៅ​អាហ្វហ្កានីស្ថានវិញ។

បារាំង​ចរចាជាមួយ​តាលីបង់

ប្រតិបត្តិការ​ជម្លៀស​​នៅ​អាកាសយានដ្ឋាន​​ក្រុង​កាប៊ុល បាន​បិទ​បញ្ចប់​ហើយ នៅ​ត្រឹម​ថ្ងៃ​សៅរ៍​ទី ២៨​សីហា​ សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ ដូច​ជា​អេស្ប៉ាញ អូស្ត្រាលី អាល្លឺម៉ង់ កាណាដា អ៊ីតាលី អង់គ្លេស​ និង​បារាំង នៅ​សល់​តែ​អាមេរិ​ក​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បន្ត​សកម្មភាព​រហូត​ដល់​ថ្ងៃ​ទី​៣១សីហា។ ប៉ុន្តែ​បារាំង កំពុង​តែ​ចរចាដោយ​ផ្ទាល់​​ជាមួយ​ពួក​តាលីបង់​ ជុំ​វិញ​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​ ក្រោយ​ថ្ងៃ​ឱសានវាទ​៣១​សីហា។ បើ​តាម​លោក​ប្រធានាធិបតី​ម៉ាក្រុង ដោយ​មាន​ជំនួយ​ពី​​ប្រទេស​កាតា ការ​ចរចា​បារាំង-តាលីបង់​បាន​ចាប់​ផ្តើម តែ​នៅ​មាន​ស្ថានភាព​ផុយស្រួយ​ខ្លាំង​ណាស់ សម្រាប់​ពេល​នេះ។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ចរចាត្រូវ​​ជាមួយ​តាលីបង់ បារាំង​គ្រោង​នឹង​ទៅ​ជម្លៀស​យក​​ពលរដ្ឋ​អាហ្វហ្កានីស្ថាន ដោយ​ចោះៗចំៗ​ តាម​រយៈ​ការ​បើក​ជើង​យន្តហោះ​ស៊ីវិល​ ឬ​ប្រទេស​ជិត​ខាង។

សូម​បញ្ជាក់​ថាក្នុង​ប្រតិបត្តិការ​​ជម្លៀស បារាំង​បានសង្គ្រោះ​​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​បាន ២៦០០​នាក់ ពលរដ្ឋ​បារាំង​១៤៧​នាក់​ និង​ពលរដ្ឋ​អឺរ៉ុប​១៧នាក់។ តែ​ប៉ារីស​មិន​បាន​បញ្ចេញ​​ឈ្មោះ​មានមនុស្ស​ប៉ុន្មាន​នាក់​នៅជាប់​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ត្រូវ​ជម្លៀស​មក​បារាំង​ទេ។

ចំណែក​អ្នក​ដែល​គ្មាន​លទ្ធភាព​ចាក​ចេញ​ពី​អាហ្វហ្កានីស្ថាន​បាន​តាម​ប្រតិបត្តិការ​ជម្លៀស​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ប្រឹង​រក​មធ្យោបាយ​ផ្សេង ដូច​ជា​ត្រូវ​រត់​ចេញ​ដោយ​ខុស​ច្បាប់​តាម​ច្រក​ព្រំ​ដែន​ប្រទេស​ជិត​ខាង​ទេ។

ស្ថានភាព​នៅអាកាសយានដ្ឋាន​កាប៊ុល

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅយប់ថ្ងៃ​សៅរ៍​ទី ២៨​សីហា លោកប្រធានាធិបតី​​អាមេរិក ចូបៃដិន បានបញ្ជាក់​ថា ​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​សម្លាប់​​អ្នក​ទទួល​ខុស​ត្រូវ​​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន​ចំនួន​ពីរ​នាក់​ កាលពី​ថ្ងៃ​សុក្រ​ មិន​មែន​ជា​ប្រតិបត្តិ​ចុងក្រោយ​ឡើយ​។ អាមេរិក​នឹង​បន្ត​តាម​កម្ចាត់​ជន​មាន​ពាក់ព័ន្ធ​និង​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់​ នៅកាប៊ុល។  ប៉ុន្តែ​ស្ថានភាព​នៅ​ក្រុង​កាប៊ុល​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​និង​ការ​គំរាម​កំហែង​ភេរវកម្ម​ខ្ពស់​បំផុត។ លោកប្រធានាធិបតី​បាន​​ព្រមាន​អំពី​គ្រោះ​រង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​តំបន់​អាកាសយានដ្ឋាន​​ក្រុង​កាប៊ុល ក្នុង​រវាង​២៤​ទៅ​៣៦​ម៉ោង​ ត្រូវ​ជា​​ថ្ងៃអាទិត្យ និង​ថ្ងៃចន្ទ​​ស្អែក ដែល​ជា​ថ្ងៃ​ចុងក្រោយ​បង្អស់​ មុន​នឹង​កងទ័ព​អាមេរិក​ត្រូវ​ដក​ចេញ​អស់​ទាំង​ស្រុង​ពី​អាហ្វហ្កានីស្ថាន។

អាមេរិក​ក៏ទើប​តែ​បង្ហាញ​អត្តសញ្ញាណ​​ទាហាន​អាមេរិក​ទាំង​១៣​នាក់ ដែល​បាន​ស្លាប់​ក្នុង​ភេរវកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ក្នុង​ចំណោម​នោះ​មាន​៥​នាក់​ទើប​តែ​អាយុ​២០​ឆ្នាំ ពោល​គឺ​ពួក​គេ​បាន​កើត​នៅ​ឆ្នាំ​២០០១​ ឆ្នាំ​ដែល​អាមេរិក​ចូល​ធ្វើ​សង្គ្រាម​បណ្តេញ​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន និង​បាន​ស្លាប់​នៅពេល​អាមេរិក​ដក​កងទ័ព​ចេញ ពេល​ពួក​តាលីបង់​វិល​មក​កាន់​អំណាច​វិញ។

តាម​គម្រោង​អាមេរិក​ត្រូវ​ដក​កងទ័ព​និង​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​ជម្លៀស​នៅ​អាកាសយានដ្ឋា​ក្រុង​កាប៊ុល ត្រឹម​ថ្ងៃអង្គារ​​ទី ៣១​សីហា​។ អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ដែល​ជា​ទីតាំង​តែ​ម្តុំ​គត់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង់​របស់​អាមេរិក​នេះ​ ក៏​កំពុង​សម្ពាធ និង​ច្រិប​យក​ដោយ​ពួក​តាលីបង់​ជា​បណ្តើរៗ​ហើយ។ តាលីបង់​បាន​ព័ទ្ធ​ គ្រប់​ច្រក​ និង​ផ្លូវ​មក​កាន់​អាកាសយានដ្ឋាន ដោយ​បើក​ឱ្យ​តែ​ឡាន​ដែល​មាន​បណ្ណ​អនុញ្ញាត​ចូលប៉ុណ្ណោះ។ ​មេបញ្ជា​ការ​របស់​ពួកតាលីបង់ បាន​ប្រកាស​ថា​នឹង​​កាន់​កាប់​ អាកាសយានដ្ឋាន​ទាំងមូល​ក្នុង​ពេល​ឆាប់ៗ។ ប៉ុន្តែ​ដោយ​ហេតុ​ពួក​តាលីបង់​គ្មាន​​អ្នក​បើក​បរ​យន្តហោះ គ្មាន​អ្នក​ត្រួត​ពិនិត្យ​ផ្លូវ​អាកាស តាលីបង់​កំពុង​ចរចាជាមួយ​តួកគី និង​កាតា ដើម្បីសុំ​ជំនួយ​​​ឃុំ​គ្រង​អាកាសយានដ្ឋាន ដោយ​តាលីបង់​ជា​អ្នក​​ធានា​ការពារ​​សន្តិសុខ​ ឯ​តួកគី​ជា​អ្នក​គ្រប់​គ្រងកិច្ចការ​រដ្ឋបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ