អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​​ធានាថា​នឹងគោរពឲ្យបានតាមការសន្យា​កាត់បន្ថយ​បញ្ចេញឧស្ម័ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយថ្ងៃ ក្រោយពីចេញរបាយការណ៍អាកាសធាតុ របស់អ្នក​ជំនាញ​អន្តររដ្ឋាភិបាល​និងអង្គការ​សហប្រជាជាតិ ដែលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរនៃការឡើងកម្តៅផែនដី គេនាំគ្នាសំឡឹងទៅមើល ចិន ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅថ្ងៃអង្គារ ទី​១០សីហា​ ចិនបានចេញមុខធានាថា ខ្លួននឹងគោរពឲ្យបានទៅតាមការសន្យា ដើម្បី​កាត់បន្ថយការបញ្ចេញឧស្ម័ន។

ផ្សែង​បញ្ចេញ​ពី​ឧស្សហកម្ម​ នៅ​ស្រុក​ចិន​ ខែ​កក្កដា ២០២១។
ផ្សែង​បញ្ចេញ​ពី​ឧស្សហកម្ម​ នៅ​ស្រុក​ចិន​ ខែ​កក្កដា ២០២១។ AP
ផ្សាយពាណិជ្ជកម្ម

តើ​ ​រដ្ឋាភិបាល​ចិន  អះអាង​ ប្រាប់ពិភពលោកយ៉ាងណាខ្លះ?

ពាក្យ​សម្តីធានា ជាបឋម ​ចេញ​ពី​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​ ចិន ដែល​គូស​បញ្ជាក់​ថា « ពិភព​លោក​គួរ​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​សន្យា​របស់មហាប្រទេស​​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ » ​ការទូត​ចិន បញ្ជាក់ទៀត​ថា « ខ្លួន​ប្រកាន់​ខ្ជាប់​ការ​សន្យា​នេះ​ យ៉ាងជាប់លាប់ តាំងតែ​ពី​ពេល​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀងស្តីពី​​អាកាសធាតុ ​ពី​ឆ្នាំ ២០១៥ រហូត​មក​ ហើយ​ នគរ​ចិន​ ក៏​បាន​ និង​កំពុង​បន្ត​អនុវត្ត​ឲ្យ​ចេញជា​សកម្មភាព​ជាក់ស្តែង និង​ ដោយ​ភាព​ស្មោះត្រង់​​។ »​

រដ្ឋអំណាច​ចិន បាន​ឲ្យ​ឧទាហរណ៍​ជាក់ស្តែង ដើម្បីបង្ហាញ​ពី​សកម្មភាព​របស់ខ្លួន។ ​ខែ​កក្កដា​មុននេះ ចិនកំណត់​តម្លៃ​ទីផ្សា​រ​កាបូន​នៅក្នុង​ស្រុក​។ ក្រុម​ហ៊ុន​ឧស្សាហកម្ម​ចិន​ដែល​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​ ត្រូវ​បង់ប្រាក់​ជូន​រដ្ឋ គឺ​ក្នុង​ ១តោន គឺត្រូវបង់ ៥០យ៉ន់ ប្រហែលនិងជាង៦អឺរ៉ូកន្លះ។ ។

ម្យ៉ាងទៀត ​រដ្ឋចិន​​បាន​គាំទ្រ​យន្តការ​ផលិត​និង​លក់​រថយន្ត​ ដែល​ដើរដោយ​ថាមពល​អគ្គិ​សនី​។​ របាយការណ៍​ថ្មីៗនេះ ឲ្យដឹងថា រថយន្ត​ប្រមាណ​៥ភាគរយ​ លក់នៅ​ស្រុក​ចិន គឺ​ដើរ​ដោយ​ថាមពល​អគ្គិសនី ។​

​មិនតែប៉ុណ្ណោះ​​ចិន​​ ជំរុញ​និង​ចូលរួម​ដាំដើមឈើ​។ បើ​គិត​ជាមធ្យម ក្នុង​រយៈពេល​ ៣០ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ដាំដើមឈើ ចំនួន​៤០ពាន់​លាន​ដើម។ ​ដើមឈើ​ជួយ​ស្រូប​យក​ឧស្ម័ន​កាបូនិក និង​ផលិត​អុកស៊ីសែន​ ហើយ​និង​ផ្តល់​ផលប្រយោជន៍​ ​ជាច្រើន​ទៀត​។ ជារួម​ ផ្ទៃ​ដី​ ២២ភាគរយ របស់​ចិន​​ បានត្រូវ​​គ្រប​ដណ្តប់​ដោយព្រៃឈើ​ឡើងវិញ។ ព្រៃ​ស្រុក​ចិន​កើន​ឡើង​ ប្រសិន​បើ​ធៀប​នឹង​ឆ្នាំ ១៩៧៨ ដែល​ចិន​មាន​កម្រាស់​ព្រៃ​តែ​១២ភាគ​រយ​ប៉ុណ្ណោះ។​

​ចិន​សព្វថ្ងៃនេះ កំពុង​ធ្វើ​ត្រូវការ​ប្រភព​អគ្គិសនី​ជាខ្លាំង ហើយថ្មីៗនេះទៀត ចិន​ បាន​អនុញ្ញាត​ឲ្យ​រោគចក្រ​ធ្យូងថ្មបើកដំណើរ​ការ​ឡើងវិញ​បាត់​ទៅហើយ។ ធ្យូងថ្ម​ នេះ ជាប្រភព​បញ្ចេញ​ឧស្ម័ន​កាបូនិក​យ៉ាងច្រើន​បំផុត។ ​តើ​ចិន​អាច​ធានា​ចំពោះ​ការ​សន្យា​របស់ខ្លួន​យ៉ាងដូច​ម្តេច​បាន?

ការ​សន្យា​របស់ចិន​គឺប្រឈម​នឹង​ការ​អនុវត្ត​ជាក់ស្តែង ព្រោះ​ថា មហាយក្ស​​ចិន នៅ​​រំពឹង​ខ្លាំង​លើ​ថាមពល​ធ្យូងថ្ម សម្រាប់​បញ្ឆេះ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ឧស្សាហកម្ម។​ ​ឆ្នាំ​២០២០​ ព្រោះ​តែ​យន្តការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូងថ្ម គឺ​ ចិន​បាន​ជួប​ការ​លំបាក​ ខ្វះខាត​ថាមពល​អគ្គិសនី​។ ដូច្នេះ ចិន​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ។​

កាលពីសប្តាហ៍​មុន រដ្ឋាភិបាល​ចិន បាន​អនុញ្ញាតបើកភ្លើងខៀវ​​ឲ្យ​ដំណើរការ​រោងចក្រ​ឧស្សាហកម្ម​ធ្យូងថ្ម ជាថ្មី ឡើង​វិញ ចំនួន​១៥​ រោងចក្រ នៅតំបន់​ប៉ែក​និរតី​នៃផ្ទៃ​ប្រទេស។ មិន​តែប៉ុណ្ណោះ ក្រុម​ហ៊ុន​ចិន ចំនួន​៣៨ទៀត​ ខាង​ផលិត​ធ្យូងថ្ម នៅជាប់​​ប្រទេស​ម៉ុងហ្គោលី ក៏​ចាប់​ផ្តើម​ស​កម្មភាព​ វិញដែរ។​ ថែមពីនេះ មជ្ឈមណ្ឌល​ចិន ទទួលបន្ទុក​ខាង​អគ្គសនី ​បាន​បញ្ចេញ​ធ្យូងថ្ម​ ១០លាន​តោន ចេញពី​ស្តុក​ របស់​រដ្ឋ។ ​ រដ្ឋាភិបាលចិន​ ក៏គ្រោងនឹងបង្កើន​ការ​បញ្ចេញ​ធ្យូងថ្ម ពីស្តុក​ជាតិ​ ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អគ្គីសនី ចំពោះ​មុខ។​ ដ្បិតថា រដ្ឋ មិនចង់​ឃើញ សេណារីយ៉ូ ខ្វះ​អគ្គីសនី​ ដូច​ឆ្នាំ ២០២០ កន្លងទៅទេ។​ សរុប​មក ចិន​ ច្បាស់ជា​មិន​អាច​គោរព​សន្យា​បាន​ជាប់​លាប់​នោះទេ ដរាបណា ចិន នៅតែ​រំពឹង​លើ​ធ្យូងថ្ម ជាត្រីមុខ។

 

តាម​យោបល់​របស់​អ្នក​ជំនាញ ដើម្បី​អាច​គោរព​សន្យា​ក្នុងការ​កាត់​បន្ថយ​អាកាសធាតុ​បាន តើ​ចិន​នឹងត្រូវ​ធ្វើ​យ៉ាងណា​?

គេ​ត្រូវ​ពិនិត្យ​មើល​យន្ត​ការកន្លង​មក​របស់ចិន​សិន។ ក្រុម​ហ៊ុន​ចិន​ដែលឧស្ម័នកាបូនិន ​ផ្សែង​បំពុល​បរិយាកាស គឺត្រូវ​បង់ពន្ធ​ថែម​ជូនរដ្ឋ។​​  គឺត្រូវបង់ប្រាក់ ១តោន ថ្លៃ៥០យ៉ន់។ អ្នក​តាម​ដាន​ស្ថានការណ៍ រិះគន់ថា​ តម្លៃនេះ​ នៅថោកណាស់។ ​ទី២​ នា​កន្លងទៅ រដ្ឋាភិបាល​ចិន បាន​ឧបត្ថម្ភ​ធន​ច្រើន ទៅលើវិស័យ​ផលិត​ឡានអគ្គិសនី​ ​និង​ផលិត​កន្លែង​សាកអគ្គិសនី។​ ​ ស្រាប់តែ​ឆ្នាំមុន​ គេ​រក​ឃើញ​ថា​មាន​អំពើ​ពុករលួយ ក្នុងការ​អនុវត្ត​គម្រោង​។ ​រដ្ឋ​ចិ​ន​ក៏សម្រេច​ផ្អាក និង​កាត់​បន្ថយ​ជំនួយ​លើផ្នែក​នេះបណ្តើរ​ៗ​​។​ ទី៣ ផ្នែក​ឧស្សាហកម្មដែកថែប ធ្យូងថ្ម និង ​ស៊ីម៉ង់! នេះ​​រឿង​ស្លាប់​រស់​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​និង​ដើម្បីឈាន​ទៅ​សម្រេច​ក្តី​សុបិន​មហិច្ឆតា​​សាង​សង​ហេដ្ឋារចនា​សម្ព័ន្ធ។​ ​រដ្ឋចិន​ច្បាស់ជា​មិនអាច​ឈប់​ ឬ​ផ្អាកសកម្មភាពឧស្សាហកម្ម​​ទាំង​នេះទេ។

ហេតុនេះ ទើបជាដំណោះស្រាយ អ្នក​ជំនាញ​អាកាសធាតុមួយ​ក្រុម​​នៅ​សហរដ្ឋអាមេរិក យល់ថា ចិន​ត្រូវ​បន្ត​សកម្មភាព​ឲ្យខ្លាំងជាងមុន នៅលើផ្នែក​ដាំដើមឈើ, ជំរុញ​ការ​ប្រើប្រាស់រថ​​យន្ត​ដើរ​ដោយ​អគ្គីសនី, ​ត្រូវ​ផលិត​ថាមពលស្អាត ហើយនិង​ថាមពលកកើតឡើងវិញ។ ក្នុងន័យនេះ គឺ​ សំដៅដល់ ការ​ផលិត​ថាមពល​ដើរ​ដោយ​ពន្លឺព្រះ​អាទិត្យ និងខ្យល់​។​ ពោល​គឺផ្ទាំងសូឡា ​និង​ ​​កង្ហាល់​ផលិត​អគ្គិសនី​​ដើរ​ដោយ​កម្លាំង​ខ្យល់។ នៅស្រុក​ចិន វិស័យ​ទាំង​ពីរ​នេះ ​​នៅ​មាន​តិច​នៅឡើយ។ ​វា​មាន​ត្រឹមតែ​១៥ភាគរយ​ប៉ុណ្ណោះ នៃ​តម្រូវ​ការ​អគ្គសនី​បច្ចុប្បន្ន។

លើសពីនេះ អ្នក​ជំនាញ​គិត​ដល់ ថាមពលនុយក្លេអ៊ែរ​ ពីព្រោះថា ប្រសិន​បើ​ចិន​ចង់​កាត់​បន្ថយការ​ផលិត​ឧស្ម័ន​បញ្ចេញទៅបរិយាកាស ឲ្យ​បាន​៩០ភាគរយ ​​គឺ​ច្បាស់​ជាត្រូវ​​រំពឹង​លើ​ថាមពលកកើតឡើងវិញ ហើយ​និង​ថាមពលនុយក្លេអ៊ែរ នេះហើយ។ ចំណុច​នេះ ​រដ្ឋាភិបាល​ចិន បាន​គិត​គូររួច​ស្រេចដែរ ដ្បិតថា ការ​វិនិយោគ​លើ​ថាមពលនុយក្លេអ៊ែរ បាន​កើនខ្លាំង​ប៉ុន្មា​នឆ្នាំចុងក្រោយ​។ ​ចិន​រំពឹង​ថា នៅរវាង​១៥ឆ្នាំទៀត​ គឺ​សមត្ថភាព​ផលិត​ថាមពលនុយក្លែអ៊ែរ​របស់​ចិន គឺស្មើ​នឹង​ សមត្ថភាព​ផលិត​ថាមពលនាពេល​បច្ចុប្បន្ន ​របស់​បារាំង​និងអាមេរិក បូក​បញ្ចូល​គ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ