អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈម​នឹង​ដែលតា ពិភពលោក​រឹត​បន្តឹង​វិធានការ​សាជា​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដែលតា​ កំពុង​ធ្វើ​ឱ្យ​ពិភពលោក​នៅ​មិន​សុខ​​ជា​ថ្មី។ ក្តីសង្ឃឹមថា​នឹង​បាន​ដើរ​ចេញពីវិបត្តិកូវីដឆាប់ៗ កាន់តែ​ឃ្លាត​ចេញឆ្ងាយ ដោយហេតុ​តែ​​ការរីករាលដាល​នៃ​មេរោគបំប្លែងខ្លួនប្រភេទ​ដែលតា។​ ចំនួន​អ្នក​ឆ្លង​ថ្មី​ហក់ឡើងខ្លាំង នៅស្ទើរតែ​គ្រប់ទីកន្លែង មិន​ថា​នៅ​អាស៊ី ដើមបូព៌ា អឺរ៉ុប​ឬ​សហរដ្ឋ​អាមេរិក​ទេ។ ​សូម្បី​តែ​អាហ្វ្រិក​ដែល​រួច​ខ្លួន​រហូត​មក ក៏​កំពុង​ចាប់​ផ្តើម​មាន​សន្ទុះ​ចម្លង​ខ្លាំង ដូច​ជា​នៅ​សេណេហ្កាល់ ទុយនីស៊ី  អាល់ហ្សេរី ... មន្ទីរ​ពេទ្យ​ចាប់​ផ្តើម​ចាល់​ណែន ខ្វះ​អុក​ស៊ីហ្សែន​បណ្តើរៗ​ហើយ។ ប្រទេស​ជាច្រើន​នៅទូទាំង​ពិភពលោក មានអាទិ៍​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្តើម​ចាត់វិធានការ​រឹតបន្តឹង​សាជាថ្មី។

លោកប្រធានាធីបតី​អាមេរិក ចូ បៃដិន ប្រកាស​ចាត់វិធានការ​រឹត​បន្តឹង ពាក់​ម៉ាស់ វិញ ដើម្បី​ប្រឈ​មនឹង​ដែលតា
លោកប្រធានាធីបតី​អាមេរិក ចូ បៃដិន ប្រកាស​ចាត់វិធានការ​រឹត​បន្តឹង ពាក់​ម៉ាស់ វិញ ដើម្បី​ប្រឈ​មនឹង​ដែលតា SAUL LOEB AFP
ផ្សាយពាណិជ្ជកម្ម

ដោយមាន​លេច​ករណី​វិជ្ជមានដែល​តា ​ចិនបាន​បិទខ្ទប់​ ​តំបន់មួយ​ចំនួន​​ ក្នុង​ខេត្ត​ចំនួន​៥​និង​​បេកាំង។ ជប៉ុន​សម្រេច​បន្ត​ដាក់​តូក្យូ​ក្នុង​ភាព​អាសន្ន​បន្ត​ទៀត រហូត​ដល់​ចុង​ខែ​សីហា។ ក្រុង​ម៉ានីល និង​ប្រជាជន​១៣​លាន​នាក់​ត្រូវ​បិទ​ខ្ទប់​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ។​

នៅ​អូស្ត្រាលី​ រដ្ឋាភិបាល​ទាំង​បញ្ចេញ​ទាហាន​ ៣០០នាក់ មក​ជួយប៉ូលិស​ក្នុង​ការ​គ្រប់គ្រង​ពលរដ្ឋ​ជាង​៦​លាន​នាក់ នៅ​ក្រុង​ស៊ីននី ឱ្យ​គោរព​ការ​បិទ​ខ្ទប់​ក្រុង និង​បន្ត​ការ​បិទ​ខ្ទប់​មួយ​ខែ​ទៀត គិត​ចាប់​ពី​ថ្ងៃ​ពុធ​ទី ២៨​កក្កដា​ទៅ ព្រោះ​ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើន​ឡើង​ដល់​កំពូល​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ៖ ២៣៩​ករណី និង​ស្លាប់​សរុប​៩២១នាក់ហើយ។

អាមេរិក​​ ត្រលប់​មក​ពាក់​ម៉ាស់វិញ

ចំណែក​នៅ​ សហរដ្ឋអាមេរិក​ ​​​ដែល​ជាប់​ឈ្មោះ​ជា​ប្រទេស​​ចាក់​ថ្នាំ​បង្ការ​បាន​ច្រើន ហើយ​លឿន​​ជាង​គេ និងមាន​ស្ថានភាព​ប្រសើរ​ឡើង​តាំង​ពី​មុន​គេវិញ កាលពី​ដើម​ខែ​កក្កដា ក្នុង​ថ្ងៃ​បុណ្យ​ជាតិ លោកប្រធានាធិបតី​ ចូបៃដិន បាន​ថែម​ទាំង​សន្យា នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ ថារដូវ​ក្តៅ​ឆ្នាំ​២០២១ ជា​រដូវ​​សេរីភាព​។ ប៉ុន្តែ​មិន​បានមួយ​ខែ​ផង ពោល​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កក្កដា​ម្សិលមិញ លោក​ប្រធានាធិបតី បានចេញ​មក​ប្រកាស​ចាត់​វិធានការ​រឹត​បន្តឹង​ ដើម្បី​ទប់​ស្កាត់​​ការ​រីករាលដាល​នៃ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ប្រភេទ​ដែល​តា ដោយ​តម្រូវ​ឱ្យ​ ពលរដ្ឋ​អាមេរិក​ទាំ​ងអស់ ទោះ​បី​ជា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ពេញ​លេញ​ក៏​ដោយ ត្រូវ​តែ​ពាក់​ម៉ាស់វិញ​ ជាពិសេស​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​ឆ្លង​ខ្លាំង។ ​ការ​វិល​ត្រលប់​នៃ​ម៉ាស់ជា​​វិធានការ​ទី​មួយ។​

ទីពីរ ​ អ្នក​រដ្ឋការ​ បុគ្គលិករដ្ឋ​ទាំង​អស់ (ជាង​បួន​លាននាក់) ​ត្រូវ​តែចាក់​ថ្នាំ​បង្ការ​។ អ្នក​មិនព្រមចាក់​ ត្រូវ​តេស្ត​កូវីដ​ជា​ញឹកញយ យ៉ាង​ហោច​ ម្តង​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ និង​ត្រូវ​ពាក់​ម៉ាស់​ជាប់​រហូត​នៅ​កន្លែង​ធ្វើការ ហើយ​ត្រូវ​កំរិត​ការ​ធ្វើ​បម្លាស់​ទី​​ទៀត។ លោក​ បៃដិន ក៏​តម្រូវ​ឱ្យ​​ទាហាន​និង​បុគ្គលិក​យោធា​ទាំង​អស់ ត្រូវ​តែ​ចាក់​វ៉ាក់សាំងដែរ។ ​មិនដល់​ថ្នាក់​​ប្រកាស​ដាក់​ថ្នាំ​បង្ការ​កូវីដ​ជា​វ៉ាក់សាំង​ចាំបាច់​ត្រូវ​តែ​ចាក់​  លោក​ប្រធានាធិបតីអាមេរិក​បាន​សង្កត់​ធ្ងន់​ អំពី​ ​សេរីភាព​និង​​​ទំនួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​។

ជាង​នេះ​ទៅ​ទៀត ដើម្បីពន្លឿន​យុទ្ធ​នាការ​ចាក់​ថ្នាំបង្ការ​ឡើង​វិញ លោក​ប្រធានាធិបតី​បៃ​ដិន បានអំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ផ្តល់​ប្រាក់​រង្វាន់​១០០​ដុល្លារ​ ដល់​គ្រប់​អ្នក​ដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង។ ​ ​

អ៊ីស្រាអែល​ចាក់​ដូស​ទីបី លើ​មនុស្ស​វ័យ​លើស​៦០​ឆ្នាំ​

ដោយ​សារ​មាន​យុទ្ធសាស្ត្រ​សម្រុក​ចាក់​ថ្នាំ​បង្ការ​មុន​គេ ហើយ​លឿន​ខ្លាំង អ៊ីស្រាអែលចាក់​ជូន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​បំផុត ដល់​ទៅ​ជាង​៥៥%​ និង​បាន​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ​១៩ មុន​គេ​ ប៉ុន្តែ​ពេល​នេះ​អ៊ីស្រាអែល​ក៏​ដូច​ជា​បណ្តា​ប្រទេស​ដទៃ​ផ្សេង​ទៀត កំពុង​រង​ការ​គំរាមកំហែង​នៃ​មេរោគកូវីដ​បំប្លែង​ប្រភេទ​ដែលតា។ ករណី​ឆ្លង​ថ្មី​បាន​កើន​ឡើង​ជា​ថ្មី​វិញ ជាង​១៤០០​នាក់ ក្នុង​មួយ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ជា​ចំនួន​ដ៏​ច្រើន​ខ្លាំងមិនធ្លាប់​មាន​ទេ បើ​ប្រៀប​ទៅ​នឹង​ខែ​មិថុនា​ដែល​មានអ្ន​ក​ឆ្លង​មិន​ដល់​​១០០នាក់​ផង​ក្នុង​មួយ​ថ្ងៃ។

ប្រឈម​នឹង​ការ​សន្ទុះ​ករណី​វិជ្ជមាន​នេះ​ នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអែល ប្រកាស​ចាត់​វិធានការ​រឹតបន្តឹង​សាជា​ថ្មី និង​ផ្តល់​សន្ទុះ​ដល់​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ ដោយ​ តម្រូវ​ឱ្យពលរដ្ឋ​បង្ហាញ​​បណ្ណ​សុខភាព បញ្ជាក់​ថា​បាន​ចាក់ថ្នាំ​បង្ការ​ពីរ​ដូស​រួច​ហើយ ឬ​មាន​លទ្ធផល​តេស្ត​កូវីដ​ដោយ​ប្រើ​ម៉ាស៊ីន​PCR អវិជ្ជមាន ក្រោម​៧២​ម៉ោង ទើបអាច​ចូល​ក្នុង​ទីកន្លែង​មាន​មនុស្ស​ច្រើន​លើស​ពី​១០០នាក់ មិនថា​នៅ​ទី​បិទ​ជិត​​ឬទី​​វាល​ខាង​ក្រៅទេ។ ចំណែក​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ ដែល​បានចាក់​ដូស​ទីពីររួច​រាល់​ហើយ​កាលពី​ជាង​​៥​ខែ​មុន​ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ម្ជុល​ទី​បី ដើម្បី​ការពារ​ជីវិត​ពី​មេរោគ​ដែលតា។

បើ​តាម​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ Pfizer ម្ជុល​ទី​បី​អាច​ មាន​ប្រសិទ្ធភាព​អាច​កម្ចាត់​មេរោគបំប្លែង​ដែល​តា បាន​៥​ដង​ខ្លាំង​ជាង​ពី​រ​ម្ជុល​ចំពោះ​ក្មេង និង​ដល់​ទៅ ជាង​១១​ដង​សម្រាប់​មនុស្ស​ចាស់។ ម្យ៉ាង​វិញ​ទៀត មេរោគ​កូវីដ ក៏​ដូច​ជា​មេរោគ​ផ្តាសាយ​ធំ ត្រូវ​តែ​ចាក់​រំលឹក​ជា​រឿយៗ។​

បារាំងបិទ​ខ្ទប់​ដែនដី​ឯនាយ​សមុទ្ទ

នៅអឺរ៉ុប និង​ជាក់ស្តែង​នៅ​​បារាំង​ ករណី​វិជ្ជមាន​មាន​កំណើន​ខ្លាំង​ណាស់ ! មាន​ករណី​វិជ្ជមាន​ថ្មី ជាង​២​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃៗ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ នៅ​ប្រទេស​បារាំង ជា​ពិសេស​នៅ​តំបន់​ដែ​លមាន​ទេសចរ​ទៅ​កំសាន្ត​ច្រើន​ដូច​ជា​តំបន់​មាត់​សមុទ្ទ និង​តំបន់​ភ្នំ ដែល​ទេសចរ​មាន​កាតព្វកិច្ច​ត្រូវ​ពាក់​ម៉ាស់​វិញ។

មន្ទីរ​ពេទ្យ​ចាប់​ផ្តើម​បំពេញ​ដោយ​អ្នក​ជំងឺ​កូវីដ​ជា​បណ្តើរៗ តែ​ដោយ​សារ​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​មាន​ល្បឿន​ខ្លាំង បាន​ជាង​៥០%​បន្តិច ករណី​ឈឺ​ធ្ងន់ធ្ងរ​មិន​សូវ​កើន​លឿន​ខ្លាំង​​ នៅ​ក្នុង​ផ្ទៃ​នៃ​ប្រទេស​ ប៉ុន្តែ​នៅ​ដែន​ដី​បារាំង​ឯនាយ​សមុទ្ទ ទី​ដែល​ប្រជាពលរដ្ឋ​ព្រងើយ​កន្តើយ​មិន​ព្រម​ចាក់​ថ្នាំ​បង្ការ​ និង​មាន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​ទាប​ខ្លាំង មិន​ដល់​២០%​ផង​នោះ ករណី​ឆ្លង​ថ្មី​បាន​ស្ទុះ​ឡើង​ខ្លាំង​រហូត​ជំរុញ​ឱ្យ​អាជ្ញាធរ ចេញ​វិធានការ​បិទ​ខ្ទប់​តំបន់​កោះ​​ La Réunion La Matinique យ៉ាង​ហោច​ពីរ​សប្តាហ៍ ព្រមទាំង​បាន​បញ្ចេញ​កងកម្លាំង​យោធា ផ្នែក​វេជ្ជសាស្ត្រ​មក​ជួយ​មន្ទីរ​ពេទ្យស៊ីវិល​ផង។ ចំនួន​អ្នក​ឈឺធ្ងន់​កើន​ឡើង​ខ្លាំង​រហូត​ត្រូវ​ដឹកជញ្ជូន​មក​ព្យាបាល​នៅ​រដ្ឋធានី​ប៉ារីស ចម្ងាយ​៧-៨​ម៉ោង​យន្តហោះ​ផង។

អ្នក​ជំនាញ​ និយាយ​គ្រប់​មាត់​អំពី​លទ្ធភាព​នៃ​រលក​ចម្លង​ទីបួន​នៅក្នុង​ប្រទេស​ និង​ជំរុញ​កាន់​តែខ្លាំង​ឡើងៗ មិន​ឱ្យ​បង្អង់​​​​ល្បឿន​នៃ​ការ​ចាក់​ថ្នាំបង្ការទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ