អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនចេញមុខបរិហារចាស់ដៃលើការចោទប្រកាន់របស់អាមេរិក និងក្រុមសម្ព័ន្ធមិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២០ កក្កដា ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​តប​នឹង​ការ​ចោទប្រកាន់​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​នា​ថ្ងៃ​ចន្ទ ទី១៩ កក្កដា​ដែល​ថា ចិន​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត និង​បាន​ការពារ​ក្រុមចោរ​ព័ត៌មានវិទ្យា​ចិន​ដែល​បាន​វាយប្រហារ​ទៅ​លើ​ស្ថាប័ន ក្រុមហ៊ុនរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​លោក។ ប្រតិកម្ម​របស់​ចិន​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ហ្សាវ លីជាំង​នៅ​ក្នុង​សន្និសីទកាសែត​មួយ។ តាម​លោក​លីជាំង ការ​ចោទ​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​ជា​រឿង​មូលបង្កាច់​ដោយ​គ្មាន​ភស្តុតាង និង​ជា​រឿង​ប្រឌិត​ទាំង​ស្រុង។ ទន្ទឹម​គ្នា​នេះ លោក​លីជាំង​បាន​ចោទ​អាមេរិក​វិញ​ថា ជា​ជើងឯក​នៃ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហ្សាវ លីជាំង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហ្សាវ លីជាំង REUTERS - CARLOS GARCIA RAWLINS
ផ្សាយពាណិជ្ជកម្ម

រឿង​អាមេរិក​ចោទ​ចិន​ពី​ការ​វាយប្រហារ​អ៊ីធ័រនែត​ទៅ​លើ​សា្ថប័ន​អាមេរិក លើ​ក្រុមហ៊ុន​រដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន​នៅ​អាមេរិក​មិនមែន​ជា​រឿង​ថ្មី​ទេ។ មួយ​វិញ​ទៀត រឿង​នេះ​គ្រាន់​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​វិវាទ​ផ្សេង​ទៀត​ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​មាន​ជាមួយ​គ្នា ដូច​ជា​ទាក់ទង​នឹង​រឿង​ពាណិជ្ជកម្ម រឿង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei រឿង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​នៅ​តំបន់​ស៊ីនជាំង រឿង​តៃវ៉ាន់ ឬ​មួយ​ក៏​បញ្ហា​នៅ​ហុងកុង​ជា​ដើម។ តែ​បើ​គេ​និយាយ​តែ​រឿង​ការ​វាយប្រហារ​តាម​អ៊ីធ័រនែត​មួយ អាមេរិក​គិត​ថា​ខ្លួន​មិនមែន​ជា​អ្នក​រងគ្រោះ​តែ​ម្នាក់​ឯង​ទេ គឺ​មាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ពិសេស​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

អ៊ីចឹង​ហើយ​បាន​ជា​លើក​នេះ អាមេរិក​បាន​មូលមតិ​ជា​មួយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ដើម្បី​ថ្កោលទោស​ចិន​ដោយ​ចោទ​ចិន​ពី​បទ​នៅ​ពី​ក្រោយ ជួយ​ទំនុកបម្រុង និង​បាន​ការពារ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ជា​ជនជាតិ​ចិន​នៅ​លើ​ទឹកដី​ចិន។ សម្រាប់​ក្រុង​វ៉ាស៊ីនតោន ការ​មូលមតិ​គ្នា​នេះ​ធ្វើ​ឲ្យ​ការ​ចោទ​ប្រកាន់​មាន​ទម្ងន់​កាន់​តែ​ខ្លាំង​ដើម្បី​ដាក់​គំនាប​លើ​ចិន។ ក្រុម​សម្ព័ន្ធមិត្ត​ដែល​បាន​មូលមតិ​ជាមួយ​អាមេរិក​មាន​សហភាពអឺរ៉ុប អង់គ្លេស នូវែលសេឡង់ ជប៉ុន អូស្រា្តលី កាណាដា តួកគី ហូឡង់ ឬ​មួយ​ក៏​អង្គការ​ណាតូ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ និង​ការ​ថ្កោលទោស​ចិន​មិន​ត្រូវ​បាន​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​រួម​ទេ មាន​ន័យ​ថា ម្នាក់ៗ​ចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ មាន​ប្រទេស​ខ្លះ ដូច​យ៉ាង​អាមេរិក​បាន​វាយប្រហារ​ចិន​ចាស់​ដៃ​ដោយ​មិន​សំចៃ​មាត់ និង​ប្រទេស​ខ្លះ​ទៀត​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​បាន​ថ្លឹងថ្លែង​ពាក្យពេចន៍​របស់​ខ្លួន។ កំណត់​សម្គាល់​មួយ​ទៀត សេចក្តីថ្លែងការណ៍​មិន​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ចិន​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ការ​មូលមតិ​រួម​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​ថ្កោលទោស​លើ​សកម្មភាព​ឌីជីថល​របស់​ចិន។

រដ្ឋាភិបាល​ចិន​គាំទ្រ និង​ជួយ​ទំនុកបម្រុង​ដល់​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ចិន

បើ​និយាយ​ជា​លក្ខណៈ​ទូទៅ ការ​ចង្អុល​មុខ និង​ការ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ក្នុង​រឿង​វាយប្រហារ​តាម​អ៊ីនធ័រនែត​នេះ​មិន​ដែល​មាន​ភាគី​ណា​មួយ​ភស្តុតាង​ច្បាស់លាស់​ទេ។ មួយ​វិញ​ទៀត ប្រទេស​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បាន​វាយប្រហារ​តាម​អ៊ីនធ័រនែត​មាន​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ ដូច​ជា​ចិន រុស្ស៊ី កូរ៉េខាងជើង ឬ​មួយ​អ៊ីរ៉ង់។ ប៉ុន្មាន​ប្រទេស​នេះ​តែង​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​របស់​អាមេរិក​នៅ​ពេល​ដែល​មាន​ស្ថាប័ន ក្រុមហ៊ុនរដ្ឋ ក្រុមហ៊ុន​ឯកជន​នៅ​អាមេរិក ឬ​នៅ​ក្នុង​លោក​បាន​រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុង​វ៉ាស៊ីនតោន​មិន​សូវ ឬ​មិន​ដែល​បាន​លើក​យក​ភស្តុតាង​ទៅ​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​ទេ។

សម្រាប់​ក្រុង​វ៉ាស៊ីនតោន ក្រុង​ប៉េកាំង​បាន​រួម​សហការ​ជាមួយ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ចិន​ដើម្បី​វាយប្រហារ​តាម​អ៊ីធ័រនែត​នៅ​លើ​លោក​ដោយ​លួច​ព័ត៌មាន​សម្ងាត់ លួច​ទិន្នន័យ និង​លួច​បច្ចេកវិទ្យា​ពី​ឧស្សាហកម្ម ក្រុមហ៊ុន និង​ស្ថាប័ន​រដ្ឋ។ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​លើក​ឡើង​ពី​ការ​ចោទប្រកាន់​លើ​ក្រុមចោរ​ព័ត៌មានវិទ្យា​ចិន​ចំនួន ៤នាក់ ក្នុង​នោះ​មាន ៣នាក់​ជា​ភ្នាក់ងារ​នៃ​ក្រសួង​សន្តិសុខ​ចិន​ពី​បទ​បាន​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​ប្រព័ន្ធ​ឧស្សាហកម្ម សាកលវិទ្យាល័យ និង​រដ្ឋបាល​អាមេរិក​ក្នុង​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៨ ដើម្បី​លួច​យក​ទិន្នន័យ ឬ​បច្ចេកវិទ្យា។

ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​អាមេរិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថែម​ទាំង​ថ្លែង​ចោទ​ក្រុម​ចោរព័ត៌មានវិទ្យា​ចិន​ថា ក្រៅ​ពី​លួច​យក​ទិន្នន័យ​សម្ងាត់​ឧស្សហកម្ម ពួក​គេ​អាច​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ។ ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​អាមេរិក​រូប​នេះ​ចង់​និយាយ គឺ​ការ​លួច​យក​ទិន្នន័យ ឬ​ព័ត៌មាន​សម្ងាត់​ទុក រួច​ជំរិត​ទារ​លុយ មុន​នឹងប្រគល់​ទិន្នន័យ ឬ​ព័ត៌មាន​សម្ងាត់​នោះ​ត្រឡប់​វិញ។

ទង្វើ​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​ជា​រឿង​ប្រឌិត និង​បង្កប់​ហេតុផល​នយោបាយ

ចិន​មិន​បាន​ឈរ​ឱប​ដៃ​ឈរ​មើល​នឹង​ការ​ចោទ​ប្រកាន់​របស់​អាមេរិក និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទេ។ រូបភាព​ដែល​គេ​បាន​ឃើញ គឺ​ដល់​វេន​ចិន​ម្នាក់​ឯង​ចាត់​ការ​ទល់​នឹង​ប្រទេស​មួយ​ក្រុម​វិញ។ ស្ថានទូត​ចិន​ប្រចាំ​នៅ​ក្នុង​ប្រទេស​ដែល​បាន​រួម​គំនិត​ជា​មួយ​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​វាយ​បក​​វិញ​ម្តង​មួយៗ។ នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​អង្គារ ទី២០ កក្កដា ស្ថានទូត​ចិន​ប្រចាំ​ក្រុង​កង់បេរ៉ា ប្រទេស​អូស្រា្តលី​បាន​វាយប្រហារ​ខ្លាំងៗ​ថា អូស្រ្តាលី​និយាយ​តាម​អាមេរិក​ដូច​សត្វ​សេក និង​វាយ​បក​ដាក់​អាមេរិក​ដោយ​បញ្ជាក់​ថា គឺ​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ជា​ជើង​ឯង​ខាង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​លោក។ តាម​ស្ថានទូត​ចិន​នៅ​អូស្រា្តលី​ដដែល អាមេរិក​បាន​លួច​ស្តាប់​កិច្ចសន្ទនា​របស់​ថ្នាក់ដឹកនាំ​លើ​​លោក ក្នុង​នោះ​មាន​ទាំង​ថ្នាក់ដឹកនាំ​របស់​សម្ព័ន្ធមិត្ត​ខ្លួន​ឯង​ផង។

ពី​ប្រទេស​នូវែលសេឡង់ ស្ថានទូត​ចិន​បាន​ច្រើន​ចោល​លើ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធនមិត្ត និង​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ តែ​ប្រតិកម្ម​ចាស់ដៃ​ជាង​នេះ​មាន​ពី​ក្រុង​ប៉េកាំង​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក​ហ្សាវ លីជាំង​នៅ​ក្នុង​សន្និសីទកាសែត​មួយ។ ទន្ទឹម​នឹង​បរិហារ​លើ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត លោក​លីជាំង​បាន​ចាត់​ទុក​ទង្វើ​របៀប​នេះ​ជា​ទង្វើ​ប្រឌិត​សុទ្ធសាធ និង​មាន​បង្កប់​ដោយ​ហេតុផល​នយោបាយ។ « ការ​ដែល​អ្នក​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ​មិន​អាច​បិទបាំង និង​លាង​កំហុស​របស់​អ្នក​បាន​ទេ » នេះ​ជា​សារ​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ផ្ញើ​ត្រង់​ទៅ​អាមេរិក។

បើ​តាម​មើល​ទៅ សង្រ្គាមពាក្យ​សម្តី និង​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​ដែល​គេ​សង្ឃឹម​ស្ងប់ស្ងាត់​នៅ​ក្នុង​រដ្ឋបាល​អាមេរិក​របស់​លោក​ចូ បៃដិន​អាច​នឹង​ឡើង​ខ្លាំង​ជាង​សម័យ​លោក​ដូណាល់ ត្រាំ​ទៀត​ផង​ក៏​មិន​ដឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ