អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបានជាក្រុមហ៊ុនអ៊ីនធ័រនែតធំៗកំពុងបារម្ភពីច្បាប់ស្តីពីការ ការពារជីវិតឯកជនរបស់រដ្ឋអំណាចហុងកុង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ហុងកុង រដ្ឋអំណាច​បាន​បង្ហាញ​ចេញ​នូវ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ការ ការពារ​ជីវិត​ឯកជន។ ក្រុមហ៊ុន​អ៊ីនធ័រនែត​គ្រាក់ៗ ដូច​ជា Google Facebook និង Twitter បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ដោយ​ពួក​គេ​យល់​ថា ខ្លួន​ជា​ផ្ទាំងស៊ីប​របស់​ច្បាប់​មួយ​នេះ។ តែ​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ក្នុង​ថ្ងៃ​អង្គារ ទី៦ កក្កដា ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​ព្យាយាម​រំងាប់​ក្តីបារម្ភ​របស់​ក្រុមហ៊ុន​ទាំង​នោះ។ យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​ទាំង​នោះ​បាន​ព្រមាន​រួច​ហើយ​ថា ពួក​គេ​អាច​ចាកចេញ​ពី​ហុងកុង បើ​ច្បាប់​នោះ​ចូល​ជា​ធរមាន។

ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​។
ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​។ © 麦燕庭 Mak Yin-Ting 提供
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ ការពារ​ជីវិត​ឯកជន​ដែល​រដ្ឋអំណាច​ហុងកុង​បាន​បង្ហាញ គឺ​មាន​គោលដៅ​ប្រឆាំង​នឹង​ការ​ទម្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​នៅ​តាម​អ៊ីនធ័រនែត។ តែ​ក្រុមហ៊ុន​អ៊ីនធ័រនែត​ធំៗ ដូច​ជា Google Facebook និង Twitter បាន​យល់​ឃើញ​ថា ខ្លឹមសារ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​មួយ​នេះ​មាន​លក្ខណៈ​ទូលំទូលាយ និង​បង្កប់​ដោយ​ភាព​ស្រពិចស្រពិល។ ក្រុមហ៊ុន​អ៊ីនធ័រនែត​គ្រាក់ៗ​ទាំង​នេះ​ហាក់​មាន​អារម្មណ៍​ថា ពួក​គេ​កំពុង​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ច្បាប់​មួយ​នេះ។ ពួក​គេ​បាន​ចោទ​សួរ​ដោយ​បារម្ភ​ថា តើ​ក្រុមហ៊ុន​របស់​ពួក​គេ ឬ​មួយ​ក៏​ក្រុមបុគ្គលិក​របស់​ពួក​គេ​ឬ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ស្រប​ច្បាប់​លើ​ខ្លឹមសារ​ដែល​អ្នក​ប្រើ​អ៊ីនធ័រនែត​បាន​ចុះ​ផ្សាយ?។

កាល​ពី​ថ្ងៃទី២៥ មិថុនា អង្គការ Asia Internet Coalition ដែល​ប្រមូល​ផ្តុំ​ដោយ Google Facebook Twitter LinkedIn និង Appel បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​រដ្ឋអំណាច​ហុងកុង​ដើម្បី​សម្តែង​ក្តីបារម្ភ​របស់​ពួក​គេ​ចំពោះ​សេចក្តីព្រាងច្បាប់​មួយ​នេះ។ អ្វី​ដែល​គួរ​បញ្ជាក់ ការ​ដែល​រដ្ឋអំណាច​ហុងកុង​បាន​រៀបចំ​ឲ្យ​មាន​ច្បាប់​ស្តីពី ការ ការពារ​ជីវិត​ឯកជន​នេះ​ឡើង​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ ព្រោះ​នៅ​ក្នុង​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ ២០១៩ ក្រុម​បាតុករ​ជា​ច្រើន​បាន​ប្រើ​វិធីសាស្រ្ត​ទម្លាយ​ទិន្នន័យ​ជា​អាវុធ​ដើម្បី​ផ្សព្វផ្សាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប៉ូលិស ចៅក្រម និង​អ្នក​ទទួល​ខុសត្រូវ​ហុងកុង​នៅ​លើ​អ៊ីនធ័រនែត។

ដូច្នេះ​សម្រាប់​រដ្ឋអំណាច​ហុងកុង មាន​តែ​ការ​ប្រើ​ច្បាប់​ស្តីពី​ការ ការពារ​ជីវិត​ឯកជន​ទេ​ទើប​គេ​អាច​ប្រឆាំង​នឹង​ការ​ទម្លាយ​ទិន្នន័យផ្ទាល់ខ្លួន​បាន៕

ប្រមុខ​ដឹកនាំ​ហុងកុង​ចេញ​មុខ​រំងាប់​ក្តីបារម្ភ​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​ធំៗ

ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​បញ្ជាក់​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ក្រុមហ៊ុន​អ៊ីនធ័រនែត​ណា​មួយ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការ ការពារ​ជីវិត​ឯកជន​មាន​គោលដៅ​វាយប្រហារ​លើ​ការ​ទម្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដោយ​ខុស​ច្បាប់ និង​ថា រដ្ឋអំណាច​បាន​ផ្តល់​សិទ្ធិអំណាច​ឲ្យ​ប៉ូលិស​ជា​អ្នក​តាម​ឃ្លាំ​មើល​ពី​ការ​គោរព​ត្រឹមត្រូវ​នូវ​ជីវិត​ឯកជន ស៊ើបអង្កេត និង​ចាត់​វិធានការ​ចំពោះ​ទង្វើ​ខុស​ច្បាប់។ បន្ទាប់​មក លោកស្រី​ការី ឡាំ​មិន​ញញើត​នឹង​ប្រដូច​សេចក្តីព្រាងច្បាប់​ស្តីពី​ការ ការពារ​ជីវិត​ឯកជន​ពេល​នេះ​ទៅ​នឹង​ច្បាប់​ស្តីពី​សន្តិសុខជាតិ​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោយ​លោកស្រី​យល់​ថា ច្បាប់​ស្តីពី​សន្តិសុខជាតិ​ក៏​ទទួល​បាន​ការ​និយាយ​បង្ខូច មួលបង្កាច់​ខុស​ពី​ការ​ពិត​ដូច​គ្នា​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​ការី ឡាំ​បាន​បន្ថែម​ថា គណៈកម្មការ​ឃ្លាំ​មើល​លើ​ការ​គោរព​ជីវិត​ឯកជន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួប​តំណាង​ក្រុមហ៊ុន​អ៊ីនធ័រនែត​ដែល​កំពុង​បារម្ភ​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​ការ ការពារ​ជីវិត​ឯកជន​របស់​ហុងកុង​ពេល​នេះ។ លោកស្រី​ការី ឡាំ​យល់​ថា វា​ជា​រឿង​ល្អ​បើ​គេ​អាច​ដោះស្រាយ​ក្តីបារម្ភ និង​ជម្រះ​ភាព​មន្ទិលសង្ស័យ​នៅ​ពេល​កំពុង​រៀបចំ​ច្បាប់​នេះ។ តែ​លោកស្រី​មិន​ភ្លេច​បញ្ជាក់​ដោយ​ព្រមាន​ថា រដ្ឋាភិបាល​របស់​លោកស្រី​បាន​ប្តេជ្ញា​នឹង​អនុម័ត​ច្បាប់​មួយ​នេះ​ឲ្យ​ខាន​តែ​បាន​នា​ពេល​ឆាប់ៗ។ ដូច្នេះ​បើ​តាម​មើល​ទៅ ចម្លើយ​ដូច​នេះ​របស់​លោកស្រី​ការី ឡាំ​ប្រហែល​មិន​បាន​រំងាប់​ក្តីបារម្ភ​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​គ្រាក់ៗ​ដែល​កំពុង​មាន​វត្តមាន​នៅ​ហុងកុង​ទេ។

ជម្រើស​ចុង​ក្រោយ គឺ​ចាកចេញ​ពី​ទឹកដី​ហុងកុង

បើ​ចម្លើយ​របស់​លោកស្រី​ការី ឡាំ​នៅ​មិន​ទាន់​អាច​រំងាប់​ក្តីបារម្ភ​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​គ្រាក់ៗ​ទាំង​នោះ​បាន ជម្រើស​ចុងក្រោយ​គឺ​ការ​ចាកចេញ​ពី​ហុងកុង​ដោយ​ទៅ​បោះទុន​រកស៊ី​នៅ​កន្លែង​ផ្សេង។ ក្រុមហ៊ុន​អ៊ីនធ័រនែត​ធំៗ​បាន​ព្រមាន​រួច​ហើយ​ថា បើ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ចូល​ជា​ធរមាន ពួក​គេ​អាច​នឹង​ចាកចេញ​ពី​ហុងកុង។ លិខិត​របស់​អង្គការ Asia Internet Coalition ដែល​ប្រមូល​ផ្តុំ​ដោយ Google Facebook Twitter LinkedIn និង Appel ផ្ញើ​ទៅ​ឲ្យ​រដ្ឋអំណាច​ហុងកុង​កាល​ពី​ថ្ងៃទី២៥ មិថុនា​បាន​បញ្ជាក់​ច្បាស់ៗ​ថា ជម្រើស​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដើម្បី​បញ្ជៀស​ពី​ការ​ដាក់​ទណ្ឌកម្ម​នៅ​ហុងកុង គឺ​បញ្ឈប់​ការ​វិនិយោគ និង​ការ​ផ្តល់​សេវា​នៅ​ហុងកុង។

មែនទែន​ទៅ គេ​អាច​យល់​ពី​ក្តីបារម្ភ និង​ការ​ព្រមាន​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​គ្រាក់ៗ​នៅ​ហុងកុង​ពេល​នេះ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ពួក​គេ​ធ្លាប់​បាន​ទទួល​គំនាប​ម្តង​ហើយ​ជាមួយ​នឹង​ច្បាប់​ស្តីពី​សន្តិសុខជាតិ​ដែល​ចិនដីគោក​បាន​ដាក់​លើ​ហុងកុង។ ខណៈ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ធំៗ ដែល​បោះទុន​រក​ស៊ី​នៅ​ហុងកុង​មាន​ការ​ប្រយ័ត្នប្រយែង​កាន់​តែ​ខ្លាំង​នៅ​ចំពោះ​ការ​ក្រសោប​ក្តាប់​ហុងកុង​បន្តិច​ម្តងៗ​ពី​សំណាក់​រដ្ឋអំណាច​នៅ​ក្រុង​ប៉េកាំង។ ជាក់ស្តែង​កន្លង​មកគម្រោង​ពង្រាយ​ខ្សែកាប​បញ្ចូន​ទិន្នន័យ​តាម​បាត​សមុទ្រ​រវាង​អាមេរិក និង​ហុងកុង​ត្រូវ​បាន​លុបចោល​វិញ ហើយ​មាន​ក្រុមហ៊ុន​បរទេស​គ្រាក់ៗ​ខ្លះ​បាន​ចាប់​ផ្តើម​ដក​ម៉ាស៊ីនផ្ទុកទិន្នន័យ​ចេញ​ពី​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ