អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការសុខភាពពិភពលោកកំពុងបារម្ភខ្លាំងពីវីរុសកូវីដ១៩បំប្លែងខ្លួនឥណ្ឌា « ដែលតា »

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី២ មិថុនា យន្តការ​កូវ៉ាក់​រៀបចំ​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​ផ្តល់ជំនួយ​ដើម្បី​ស្វែង​រក​ថវិកា​បន្ថែម​សម្រាប់​ទិញ​វ៉ាក់សាំង​យក​ទៅ​ចែកចាយ​ឲ្យ​ក្រុម​ប្រទេស​ក្រក្រី។ យន្តការ​កូវ៉ាក់​ជា​យន្តការ​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO និង​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង​ហៅ​កាត់​ហ្កាវី​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០២០។ ដោយឡែក​ក្នុង​ថ្ងៃ​អង្គារ ទី១ មិថុនា WHO បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ប្រើ​វ៉ាក់សាំង​មួយ​ទៀត​របស់​ចិន​ឈ្មោះ​ស៊ីណូវ៉ាក់។ ទាក់ទង​នឹង​មេរោគ​កូវីដ១៩ បំប្លែងខ្លួន WHO កំពុង​សម្តែង​ក្តីបារម្ភ​ខ្លាំង​ជាង​គេ​ចំពោះ​មេរោគ​កូវីដ១៩ បំប្លែង​ខ្លួន​ឥណ្ឌា​ដែល​ហៅ « ដែលតា »។ គួរ​រម្លឹក​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ WHO បាន​ដាក់​ឈ្មោះ​ផ្សេង​គ្នា​លើ​មេរោគ​បំប្លែងខ្លួន​ដែល​កំពុង​មាន​សព្វថ្ងៃ។

អង្គការសុខភាពពិភពលោកកំពុងបារម្ភខ្លាំងពីវីរុសកូវីដ១៩បំប្លែងខ្លួនឥណ្ឌាដែលហៅ « ដែលតា »
អង្គការសុខភាពពិភពលោកកំពុងបារម្ភខ្លាំងពីវីរុសកូវីដ១៩បំប្លែងខ្លួនឥណ្ឌាដែលហៅ « ដែលតា » AP - Martial Trezzina
ផ្សាយពាណិជ្ជកម្ម

គួរ​រម្លឹក​បន្តិច​ថា​មក​ទល់​ពេល​នេះ និង​ក្រៅ​ពី​មេរោគ​កូវីដ១៩ ដែល​ជា​មេរោគ​ដើម អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ពី​វត្តមាន​មេរោគ​កូវីដ១៩​បំប្លែង​ខ្លួន​ចំនួន ៤ប្រភេទ គឺ​មេរោគ​បំប្លែង​ខ្លួន​អង់គ្លេស ប្រេស៊ីល អាហ្រ្វិកខាងត្បូង និង​ឥណ្ឌា។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ មេរោគ​បំប្លែង​ខ្លួន​ទាំង ៤ប្រភេទ​នេះ​ត្រូវ​បាន WHO ដាក់​ឈ្មោះ​ផ្សេងៗ​គ្នា។ ការ​ដាក់​ឈ្មោះ​នេះ​គឺ​ដើម្បី​ចៀសវាង​ការ​ដៀលត្មះ និង​ការ​រើសអើង​ទៅ​លើ​ប្រទេស​ដែល​មេរោគបំប្លែងខ្លួន​នោះ​បាន​ចាប់​កំណើត។ « អាល់ហ្វា » សម្រាប់​មេរោគ​បំប្លែង​ខ្លួន​អង់គ្លេស « បេតា » សម្រាប់​មេរោគ​បំប្លែង​ខ្លួន​អាហ្រ្វិកខាងត្បូង « ហ្កាម៉ា » សម្រាប់​មេរោគ​បំប្លែង​ខ្លួន​ប្រេស៊ីល និង​« ដែលតា » សម្រាប់​មេរោគ​បំប្លែង​ខ្លួន​ឥណ្ឌា​ដែល​មាន​អត្តសញ្ញាណ B.១.៦១៧.២។

តាម​ពិត មេរោគ​បំប្លែង​ខ្លួន​ឥណ្ឌា​ដែល​មាន​អត្តសញ្ញាណ​ដើម B.១.៦១៧ ត្រូវ​បាន​ចែក​ចេញ​ជា ៣អត្តសញ្ញាណ​ទៀត គឺ B.១.៦១៧.១ ឬ​ហៅ « កាប៉ា » B.១.៦១៧.២ ឬ​ហៅ « ដែលតា » និង B.១.៦១៧.៣។ ការ​មិន​ឲ្យ​ឈ្មោះ​សម្រាប់ B.១.៦១៧.៣ ក៏​មក​ពី WHO សង្កេត​ឃើញ​ថា មេរោគ​បំប្លែងខ្លួន​មួយ​នេះ​ឈប់​ឆ្លង និង​លែង​បង្ក​គ្រោះថ្នាក់​ទៀត​ឡើយ។ ក្នុង​ខែ​មេសា​កន្លង​ទៅ WHO បាន​ចាត់​ទុក​មេរោគបំប្លែងខ្លួន​ទាំង​អស់​ជា​មេរោគ​គ្រោះថ្នាក់​ជាង​មេរោគដើម គឺ​អត្រា​ឆ្លង​ខ្ពស់ រហ័ស និង​ស្លាប់​លឿន។ តែ​ឥឡូវ​នេះ មាន​តែ​មេរោគ​បំប្លែង​ខ្លួន​ឥណ្ឌា ឬ​ហៅ « ដែលតា » ដែល WHO កំពុង​បារម្ភ​ខ្លាំង​ជាង​មេរោគបំប្លែង​ខ្លួន​ផ្សេង។

នេះ​ក៏​ដោយសារ « ដែលតា » ដែល​ជា​មេរោគ​បំប្លែងខ្លួន​ទ្វេដង​បាន និង​កំពុង​បន្ត​ឆ្លង​ខ្លាំង និង​សម្លាប់​ពលរដ្ឋ​ឥណ្ឌា​យ៉ាង​ច្រើន។ WHO បារម្ភ​ខ្លាំង ព្រោះ « ដែលតា » ហាក់​កំពុង​បន្ត​ឆ្លង​រាលដាល​ចូល​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ ដែល​គិត​ត្រឹម​ថ្ងៃ​ពុធ ទី២ មិថុនា​មាន​ជាង ៥០ ប្រទេស និង​តំបន់។ អង់គ្លេស​ដែល​ទើប​បាន​ធូរស្រាល​ខ្លាំង និង​កំពុង​ត្រៀម​បើក​ប្រទេស​ទាំង​ស្រុង​នៅ​ថ្ងៃទី២១ មិថុនា​ខាង​មុខ​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ដោយ​មេរោគបំប្លែងខ្លួន « ដែលតា »។ ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ អង់គ្លេស​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​បន្ថែម​ជាង ៣ ០០០ករណី។ អ្នក​វិទ្យាសាស្រ្ត​ខ្លះ​ហ៊ាន​ទាំង​ព្រមាន​ពី​រលកឆ្លងទី៣ ជា​យថាហេតុ​នៅ​អង់គ្លេស។ គួរ​រម្លឹក​ថា​នៅ​អង់គ្លេស មាន​មនុស្ស​ធំ​ជិត ៧៥% បាន​ចាក់​វ៉ាក់សាំង​ដូសទី១ ក្នុង​នោះ មាន​ជិត ៥០% បាន​ចាក់​ដូសទី២។

ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កំពុង​ចោទ​ជា​បញ្ហា?

សម្រាប់​អង្គការ​សុខភាព​ពិភពលោក អ្វីៗ​ហាក់​បន្ត​ស្រពិចស្រពិល និង​នៅ​មាន​ភាព​មិន​ច្បាស់លាស់​ជុំវិញ​លើ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ខ្លួន « ដែលតា »។ សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខ្លះ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ តើ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយ​អាច​ឆ្លង​ឡើង​វិញ​ដែរ ឬ​ទេ។ យ៉ាង​ណា​ក៏​ដោយ WHO បាន​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ថ្មី​ទៀត​ជា​បន្ទាន់។ ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អឺរ៉ុប​បាន​អះអាង​ពី​ការ​គ្មាន​ព័ត៌មាន​ស្តីពី​អាការៈ​ឈឺធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​បំប្លែង​ខ្លួន « ដែលតា »។ តែ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់ WHO វ៉ាក់សាំង​នៅ​តែ​ជា​វិធានការ​តែ​មួយ​គត់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល និង​បង្កើត​ភាព​សុំាំ​រួម។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ថ្ងៃ​ចន្ទ ទី១ មិថុនា និង​ដើម្បី​ផ្តល់​សន្ទុះ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង WHO បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​ប្រើ​វ៉ាក់សាំង​មួយ​ទៀត​របស់​ចិន​ឈ្មោះ​ស៊ីណូវ៉ាក់។ ចាប់​ពី​ពេល​នេះ​ទៅ ស៊ីណូវ៉ាក់​ត្រូវ​បាន WHO ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​វ៉ាក់សាំង​នៅ​ក្នុង​យន្តការ​កូវ៉ាក់​ជាមួយ​វ៉ាក់សាំង​ផ្សេង​ទៀត រួម​មាន Moderna Pfizer AstraZeneca ដែល​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េខាងត្បូង Johnson&Johnson និង​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម។ តាម WHO ស៊ីណូវ៉ាក់​មាន​ប្រសិទ្ធិភាព ៥១% ក្នុង​ការ​ទប់​ស្កាត់​ការ​​ឆ្លង​កូវីដ១៩ និង​មាន​ប្រសិទ្ធិភាព ១០០% ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ គិត​ត្រឹម​ថ្ងៃ​ពុធ ទី២ មិថុនា ស៊ីណូវ៉ាក់​ជា​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី៧ លើ​លោក និង​មាន ២២ប្រទេស​កំពុង​ប្រើប្រាស់។

ស្វែង​រក​ថវិកា ៨ ៣០០លានដុល្លារ​សម្រាប់​ទិញ​វ៉ាក់សាំង ១ ៨០០លានដូស

ថ្ងៃ​ពុធ ទី២ មិថុនា យន្តការ​កូវ៉ាក់​រៀបចំ​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ។ គោលដៅ​នៃ​ជំនួបកំពូល គឺ​ប្រមូល​ថវិកា​ឲ្យ​បាន ៨ ៣០០លានដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​ឲ្យ​បាន ១ ៨០០លានដូស​សម្រាប់​ឆ្នាំ ២០២១ និង​ដើម​ឆ្នាំ ២០២២។WHO គ្រោង​យក​វ៉ាក់សាំង​ទាំង​នេះ​ទៅ​ចែកចាយ​ដល់ ៩២ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ជាង​គេ​ដើម្បី​ចាក់​ឲ្យ​បាន ៣០% នៃ​ចំនួន​ពលរដ្ឋ​សរុប​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។ អគ្គនាយក WHO លោក​ទេដ្រូស​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទោះ​បី​ជា​ចំនួន​ករណី​ឆ្លង​នៅ​តំបន់​ខ្លះ​មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយ ក៏​គេ​មិន​ត្រូវ​ធ្វេសប្រហែស និង​បន្ធូរដៃ​ក្នុង​ការ​ទប់ស្កាត់​ដែរ។ ដោយឡែក​ក្នុង​ថ្ងៃ​អង្គារ ទី១ មិថុនា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចែកចាយ​វ៉ាក់សាំង​ស្មើ​ភាព​ក៏​បាន​ធ្វើ​ឡើង​រួម​គ្នា​រវាង​អង្គការ​អន្តរជាតិ​ចំនួន ៤ គឺ​អង្គការ​សុខភាពពិភពលោក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក។

អង្គការ​អន្តរជាតិ​ទាំង ៤ បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​ឧស្សាហកម្ម G៧ ផ្តល់​លុយ​ចំនួន ៥០ ០០០លានដុល្លារ​ទៅ​ឲ្យ​ផែនការ​ប្រឆាំង​ជំងឺ​ឆ្លង​របស់ WHO។ តាម​អគ្គនាយក WHO លោក​ទេដ្រូស ទឹកប្រាក់​នេះ​នឹង​អនុញ្ញាត​ឲ្យ​បង្កើន​ការ​ផលិត​សម្ភារៈ​ធ្វើ​តេស្ត៍ ថ្នាំព្យាបាល ខ្យល់​អុកស៊ីសែន សម្ភារៈ​បរិក្ខារពេទ្យ និង​វ៉ាក់សាំង។ ក្រុម​អ្នកសង្កេតការណ៍​ជា​ច្រើន​យល់​ថា វិសមភាព​ក្នុង​ការ​ទទួល​វ៉ាក់សាំង​រវាង​ក្រុម​ប្រទេស​អ្នកមាន និង​អ្នក​ក្រ​កំពុង​បង្ក​ការ​លំបាក និង​អូសបន្លាយ​ជំងឺ​ឆ្លង​កូវីដ១៩ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង ៣លានកន្លះ​នាក់​នៅ​ទូទាំងពិភពលោក។ ចំណែក​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​ទាំង ៤ យល់​ឃើញ​ថា វិសមភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​នេះ​កំពុង​បើក​ផ្លូវ​ឲ្យ​មាន​មេរោគ​បំប្លែង​ខ្លួន​ថ្មីៗ​ទៀត និង​បង្ក​ឲ្យ​ផ្ទុះ​ការ​ឆ្លងរាល​ដាល​ថ្មី​បន្ត​ទៀត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ