អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ ឥណ្ឌា​មាន​មនុស្ស​ឆ្លងជំងឺកូវីដ​ដ៏ច្រើន​សន្ធឹកសន្ធាប់ ដោយសារ​កំហុស​អ្នកណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួយបន្ទាន់​របស់​អាមេរិក​បាន​ទៅដល់​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅថ្ងៃ​សុក្រទី ៣០​មេសា ក្នុងកាលៈទេសៈ ដែល​ស្ថានភាព​ឆ្លងកូវីដ នៅក្នុង​ប្រទេស​នេះ កាន់តែ​ធ្លាក់​ចុះ​អាក្រក់។ នៅព្រឹកថ្ងៃសុក្រនេះ ឥណ្ឌា​បាន​ប្រកាស​មាន​អ្នកឆ្លងថ្មី ចំនួន ៣សែន ៨ម៉ឺន ៥ពាន់នាក់ និង​មនុស្ស​ស្លាប់ ជិត ៣៥០០នាក់ ក្នុងរយៈពេល​តែ​មួយថ្ងៃ​ម្សិលមិញ។ អ្វីដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​ផងដែរ គឺ មេរោគ​បំប្លែងខ្លួន កូវីដ មកពី​ឥណ្ឌា កំពុង​ចាប់សាយភាយ​ផងដែរ ទៅ​បរទេស។ ករណី​មេរោគបំប្លែងខ្លួន​ឥណ្ឌា​ដែល​កើតចេញ​មក​ពី​មេរោគ បំប្លែង​ខ្លួនទ្វេរដង ត្រូវ​បាន​គេ​រកឃើញ នៅក្នុង​ប្រទេស​ចំនួន ១៩ ហើយ​​ចុងក្រោយ គឺ​នៅប្រទេស​វៀតណាម និង​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

បុគ្គលិកពេទ្យ​សែង​អ្នកជំងឺចេញពីមន្ទីរពេទ្យ​ដែល​ត្រូវ​ភ្លើងឆេះ នៅថ្ងៃទី ២៣​មេសា នៅ​ក្បែរទីក្រុង​ប៉ុមបៃ
បុគ្គលិកពេទ្យ​សែង​អ្នកជំងឺចេញពីមន្ទីរពេទ្យ​ដែល​ត្រូវ​ភ្លើងឆេះ នៅថ្ងៃទី ២៣​មេសា នៅ​ក្បែរទីក្រុង​ប៉ុមបៃ AP - Rajanish Kakade
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​ថា ករណីឆ្លងថ្មី មានចំនួន ៣៨៥ ០០០នាក់ និង​មាន​អ្នកស្លាប់ ជិត ៣៥០០នាក់ ក្នុងរយៈពេលតែ​មួយថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ គិត​មកដល់​ថ្ងៃ​នេះ ឥណ្ឌា មានមនុស្សស្លាប់ដោយសារ​ជំងឺកូវីដ​ជាង ២សែននាក់ និង​​មនុស្សឆ្លងជំងឺកូវីដ ជាង ១៨,៥​លាននាក់ ដែលនៅក្នុងនោះ មាន​៦លាននាក់ បាន​ឆ្លងតែក្នុងមួយខែ​មេសា​នេះ។

ស្ថានភាព​ឆ្លងរាតត្បាត​ជំងឺកូវីដ កាន់តែ​ធ្ងន់ធ្ងរ សព្វថ្ងៃនេះ ដោយសារ តែ​ការគ្រប់គ្រង​មិនបាន​ល្អ ការមើលស្រាល របស់​រដ្ឋាភិបាល ឥណ្ឌា ទៅលើ​ជំងឺកូវីដ​នេះឯង។

នៅ​ដើម​ខែ កុម្ភៈ លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី​បាន​ប្រកាស​ក្តែងៗថា ជាមួយ​ករណី​ឆ្លងថ្មី ធ្លាក់​មកនៅ​ត្រឹម ៩ពាន់​នាក់ ក្នុងមួយថ្ងៃ ឥណ្ឌា​បាន​យកឈ្នះ ជំងឺរាតត្បាត​កូវីដ។ នៅចំពោះមុខ មហាជន​ឥណ្ឌា លោកណារិនដ្រា ម៉ូឌី ដែល​បាន​ធ្វើ​នយោបាយ​ប្រជាភិថុត នៅ​បាន​លើក​តម្កើង​ខ្លួនទៀតថា លោក ជាអ្នកស្រោចស្រង់​ប្រទេស​ឥណ្ឌា។ ឥណ្ឌា​របស់​លោក​ម៉ូឌី ដែល​ជាកន្លែង​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត ក្នុង​លោក បាន តាំងខ្លួន​ជា​ប្រទេស​គំរូ នាំចេញ​វ៉ាក់សាំង សម្រាប់​ជួយប្រទេស​ដទៃ។

ដោយសារ​តែ គិតថា ស្ថានភាព​ជំងឺកូវីដ បាន​ល្អប្រសើរ ហើយ​សង្ឃឹម​លើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង ដើម្បី បង្កើត ប្រព័ន្ធការពារ​ក្នុង​ចំណោម​ប្រជាជន រដ្ឋាភិបាល​ឥណ្ឌា​របស់​លោកណារិនដ្រា ម៉ូឌី ចាប់ផ្តើម​បន្ធូរខ្សែរ លែង​រឹតបន្តឹង បិទខ្ទប់​ប្រទេស ដូច ក្នុងជំនាន់​រលក​ទី១ នៅ​ឆ្នាំ ២០២០។

ដោយគិត​ថា ឥណ្ឌា រួចចាកផុត​ពី​ជំងឺឆ្លងរាតត្បាត កូវីដ រដ្ឋាភិបាល​បាន​អនុញ្ញាត បើកភ្លើងខៀវ ឲ្យ​មាន​ពិធីបុណ្យ​សាសនា ហិណ្ឌូ និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដូច​ធម្មតា។ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ អាជ្ញាធរ​ឥណ្ឌា​នៅ​រដ្ឋ​Bengal Occidental នៅភាគ​ឦសាន​ឥណ្ឌាបានរៀបចំ​ការបោះឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់ខ្លួន សម្រាប់ជ្រើសរើស​អ្នកតំណាងរាស្រ្ត​ប្រចាំរដ្ឋ។ ធ្លាក់​ក្នុង​ស្ថានភាព​កូវីដ​ធ្ងន់ធ្ងរ​បែបនេះ​ទៅហើយ ឥណ្ឌា​នៅតែបន្ត​រៀបចំ​ការបោះឆ្នោត ប្រចាំរដ្ឋ ទៀត កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ដែល​ធ្វើ​ឲ្យ​គេ​បារម្ភថា អាច​ជាកត្តា​ជំរុញ ឲ្យ​មានការឆ្លងរាលដាល កូវីដ​កាន់តែ​ខ្លាំងនៅប្រទេស​ឥណ្ឌា។

គេ​សង្កេតឃើញ ថា នៅក្នុង​ពិធីបុណ្យ​សាសនា ហិណ្ឌូ ក៏ដូចជា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មនុស្ស​រាប់សែននាក់ ដែលបាន​ចូលរួម គឺ​គ្មាន​រក្សា​គម្លាត ពាក់ម៉ាស អ្វីនោះទេ។ គេ​វាយតម្លៃថា ការជួបជុំ​មនុស្ស​ណែនណាន់ តាន់តាប់ ក្នុង​ពិធីបុណ្យ​នៅ​ទន្លេគង្គារ នៅ​តាម​ភូមិឃុំ និង​ការប្រមូលផ្តុំ​ធ្វើមិទ្ទិញ របស់​គណបក្ស​នយោបាយ គឺ​ជា​កត្តា​សំខាន់មួយ ដែល ធ្វើ​ឲ្យ​ចំនួន​ឆ្លងកូវីដ បាន​ហក់ឡើង លឿនស្លេវ ក្នុង​ប្រទេស​ឥណ្ឌា។

ដោយ​នៅតែបន្ត​រៀបចំការបោះឆ្នោត នៅក្នុងកាលៈទេសៈ ដែល​ឥណ្ឌា កំពុង​ផ្ទុះជំងឺកូវីដ​ខ្លាំងក្លារួចហើយនោះ រដ្ឋាភិបាល​ឥណ្ឌា របស់​លោក ម៉ូឌី នៅតែ​មើលងាយ​ស្ថានការណ៍កូវីដ និង ប្រមាថជីវិត​របស់​ប្រជាជន​ឥណ្ឌា គឺ​ដើម្បី​តែ​សំឡេងឆ្នោត របស់គណបក្ស​របស់លោក​តែប៉ុណ្ណោះ។

ដោយសារ​ជំងឺឆ្លងកូវីដ១៩​កាន់តែ​រាតត្បាតខ្លាំង លោកនាយករដ្ឋមន្រ្តី​បានរងការរិះគន់ ខ្លាំង​នៅក្នុងប្រទេស។ នៅតាម​បណ្តាញ​សង្គម​ មាន​សារ Hastag ទាមទារ​ឲ្យ​លោកចុះចេញពីតំណែង។

រដ្ឋាភិបាល ចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

ប្រឈម​នឹង​ស្ថានភាព​ធ្លាក់ដុនដាបយ៉ាងដូច្នេះ រដ្ឋាភិបាល​របស់​លោក​ម៉ូឌី បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់​មនុស្ស​ធំ អាយុ ចាប់ពី​១៨ឆ្នាំ ឡើងទៅ ចាប់​ពី​ថ្ងៃ​សៅរ៍ ទី ១ ឧសភា។

ឥណ្ឌា​ជាប្រទេស​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក។ ប៉ុន្តែ ឥណ្ឌា​មិនប្រាកដ​ថា នឹង​មាន​វ៉ាក់សាំង គ្រប់គ្រាន់​សម្រាប់​ចាក់​ឲ្យ​ប្រជាជន​របស់ខ្លួន ជាពិសេស ដើម្បី ងើបចាករួច​ពី​វិបត្តិ​លើកនេះ​នោះទេ។

ទៅតាម​ផែនការ​របស់​រដ្ឋាភិបាល ឥណ្ឌា យុទ្ធនាការ​ចាក់វ៉ាក់សាំង នឹង​ចាប់ផ្តើម​ចាប់ពីថ្ងៃ​សៅរ៍​ស្អែក ស្រាប់​មនុស្ស​ធំ ចាប់ ពី​១៨ឆ្នាំ​ឡើងទៅនោះ។ ដោយសារ​ឥណ្ឌា​មាន​ប្រជាជន ១ពាន់ ៤រយលាននាក់ នោះ នឹងមាន​មនុស្ស​៦០០​លាននាក់ ដែល​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​បង្ការកូវីដ​ចាប់ពីថ្ងៃសៅរ៍​ស្អែក។ ប៉ុន្តែ ឥណ្ឌា មិនទាន់​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង ក្នុង​ចំនួន​ដ៏ច្រើន​បែប​នេះ​ទេ។ គិតរហូតមកដល់​ថ្ងៃ​នេះ ឥណ្ឌា​បាន​ចាក់វ៉ាក់សាំង ឲ្យ​ប្រជាជន​របស់ខ្លួន​បាន១៥០លាននាក់ ស្មើនឹង ១១,៥%​នៃ​ប្រជាជនសរុប ជាង ១៤០០លាននាក់។ យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំង​របស់​រដ្ឋាភិបាល​ឥណ្ឌា​មិនសូវ​ជោគជ័យ ដោយសារ​តែ​រដ្ឋាភិបាល មាន​តែ​មហិច្ឆតា ប៉ុន្តែ មិនបាន​មើល​ដឹង​ពី​សមត្ថភាព​រោងចក្រ​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេសនោះទេ។

នៅពេល​រដ្ឋាភិបាល​ប្រកាស​បើក​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស អាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ មណ្ឌល​ចាក់វ៉ាក់សាំង នៅតាម​រដ្ឋ​មួយចំនួន​បាន​ប្រកាស​ផ្អាក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ទៅវិញ ដោយហេតុថា ពួកគេ​ដាច់ស្តុក គ្មាន​បានទទួល​វ៉ាក់សាំង ពីក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ឥណ្ឌា​នោះទេ។

ឥណ្ឌា ដែល​ជា​មហារោងចក្រ ផលិត​វ៉ាក់សាំង គ្មាន​វ៉ាក់សាំង សម្រាប់​ចាក់ឲ្យ​គ្រប់​ប្រជាជន​របស់ខ្លួន ដើម្បី​ងើបចាកផុត​ពីរលកស៊ូណាមី​កូវីដលើកនេះទេ។ ប្រឈម​នឹង​ស្ថានភាពកូវីដ ធ្ងន់ធ្ងរ នៅ​ឥណ្ឌា សហគមន៍​អន្តរជាតិ ដែលមាន​ជាង ៤០ប្រទេស​បាន​បញ្ជូន​ជំនួយបន្ទាន់ ទៅ​ឥណ្ឌា ជាពិសេស គឺ​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ឧបករណ៍ ជំនួយផ្លូវដង្ហើម ដែល​ខ្វះខាតខ្លាំងជាងគេ​បំផុត​នៅឥណ្ឌា។

ជំនួយ​របស់​អាមេរិក ដែលមាន​តម្លៃ ១០០លាន​ដុល្លារ ដែល​​មាន​តាំង​ពី​ម៉ាស៊ីន ផលិត​អុកស៊ីសែន វ៉ាក់សាំង និង​វត្ថុធាតុ សម្រាប់ ផលិត​វ៉ាក់សាំង នៅ​ឥណ្ឌា បានទៅដល់​ប្រទេស​ឥណ្ឌាហើយ នៅ​ថ្ងៃ​សុក្រនេះ។ ចំណែក​ជប៉ុន​ឯណោះវិញ បាន​ប្រកាស​ថា ខ្លួន​នឹង​ជួយ​ឥណ្ឌា​តាមរយៈ ការបញ្ជូន ឧបករណ៍​សម្រាប់​ជំនួយផ្លូវដង្ហើម ៣០០​និង ធុង អុកស៊ីសែន ចំនួន ៣០០ដែរ។ តាម​សេតវិមាន ជំនួយ​របស់អាមេរិក​សម្រាប់​ឥណ្ឌា ជាពិសេស វ៉ាក់សាំង បង្ការកូវីដ នោះ គឺ តិចតួច មិនអាច ដោះស្រាយ បញ្ហា​ខ្វះខាត ដែលឥណ្ឌា​កំពុង​ជួបប្រទះ​នោះទេ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​នៅតែ បន្ត​ជួយ​ឥណ្ឌា​ជានិច្ច។

ហេតុអ្វីបានជា​គេ​ត្រូវបារម្ភ​ពី​ការផ្ទុះរាតត្បាត​នៃ​ជំងឺកូវីដ ១៩ នៅប្រទេស​ឥណ្ឌា?

សហគមន៍​អន្តរជាតិ​ត្រូវ​ខ្នះខ្នែង​ជួយ​ឥណ្ឌា មក​ពី​គេ​បារម្ភ​ខ្លាច​ឥណ្ឌា ធ្លាក់ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​វិបត្តិជំងឺរាតត្បាតលើកនេះ។ បើឥណ្ឌា ផុងខ្លួន កាន់តែជ្រៅ គ្មានអ្នកណា​រួចខ្លួននោះទេ។ ប្រទេស​កាន់តែច្រើន​បាន​ចាប់បិទព្រំដែន អាកាស​ជាមួយ​ឥណ្ឌា ដោយសារ​តែ​គេ​បារម្ភ​ខ្លាច មេរោគកូវីដ​បំប្លែងខ្លួន ចូល​ទឹកដី​របស់ខ្លួន​របស់ខ្លួន ប៉ុន្តែ វិធានការ​យឺតបន្តិចហើយ ព្រោះថា រហូតមកដល់​ពេលនេះ មានប្រទេស ចំនួន ១៩ ដែល​ចុងក្រោយ គឺ​វៀតណាម និង​បារាំង ដែល​តេស្តរកឃើញ​មានករណី​មេរោគកូវីដ បំប្លែងខ្លួន​មកពី​ឥណ្ឌា។ បើសិន​គេ​មិនជួយ​ឥណ្ឌា បង្ក្រាប​ជំងឺរាតត្បាត​កូវីដ ក្នុង​ប្រទេស​ទេ នោះ ជំងឺកូវីដ នឹង​កាន់តែ​រីកសាយភាយ​ចេញ​ទៅកន្លែងដទៃទៀត។  មេរោគកូវីដ​ឆ្លងរាលដាល  គ្មាន​ស្គាល់​ព្រំដែន​អ្វីនោះទេ។

គេ​ព្រួយបារម្ភខ្លាច​ខ្លាំង​មេរោគកូវីដបំប្លែងខ្លួន​ថ្មី មកពី​ឥណ្ឌា​ក៏ដោយសារ គេ​មិនដឹង មិនបាន​ស្គាល់​មេរោគហ្នឹងថា តើ​វា​ឆ្លងលឿន​ខ្លាំង ឬ​កាចសាហាវ សម្លាប់​មនុស្ស​ខ្លាំង ជាង​មេរោគកូវីដ ដើម ចេញមកពីក្រុង​វូហាន​របស់​ប្រទេស​ចិន​ដែរ​ឬទេ។

តាមការរៀបរាប់​របស់​អ្នកជំនាញ​ឥណ្ឌា ​ខាង​ជំងឺឆ្លង ក្នុង​ស្រុក​ឥណ្ឌា មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី​នៅ​ឥណ្ឌា​បាន​ឆ្លង​ទៅ​អ្នកចាក់វ៉ាក់សាំង​រួចហើយ ឬ​អ្នកដែលធ្លាប់កើតកូវីដ ដែលមានប្រព័ន្ធការពារ​ខ្លួនហើយ នៅតែ​អាច​ឆ្លងមេរោគបំប្លែងខ្លួន​ថ្មី របស់​ឥណ្ឌា​នេះទៀត។

រឿង​មេរោគ យកឈ្នះលើ​វ៉ាក់សាំង នេះ​គឺ​ជា​បញ្ហាចោទ​មួយ​ធំណាស់ ព្រោះវា​នឹង​ធ្វើ​ឲ្យ​ការប្រឹងប្រែង ចាក់វ៉ាក់សាំង​បង្ការកូវីដ​កន្លងមក ត្រូវ បរាជ័យ​ធ្លាក់ទឹក។ មួយវិញទៀត ស្ថានភាព​នៅ​ឥណ្ឌា សព្វថ្ងៃ ធ្វើ​ឲ្យ​គេ​បារម្ភ​ផងដែរ​ទៅ​ដល់​អនាគត ប្រទេស​ក្រីក្រ ផ្សេងទៀត នៅអាស៊ី ឬ​នៅ​អាហ្វ្រិក ព្រោះថា ប្រទេស​ទាំងនោះ ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សត់ខ្សោយ​ដូច​ឥណ្ឌា​ដែរនោះ នឹងអាច ជួបវិបត្តិធ្ងន់ធ្ងរ ដូចឥណ្ឌា បើសិន មេរោគ​បំប្លែងខ្លួនថ្មី មកពី​ឥណ្ឌា អាច​ឆ្លងរាលដាល​ទៅ​ដល់។

អង្គការ​សុខភាព​ពិភពលោក​ធ្លាប់​បាន​ព្រមាន​ហើយថា ស្ថានភាព​នៅ​ឥណ្ឌា គឺ​អាច​ផ្ទុះកើតឡើង​នៅ​កន្លែងផ្សេង នៅ​ប្រទេស​ដទៃទៀត បើសិន​គេ​ធ្វេសប្រហែស មើលងាយ ​ជំងឺកូវីដ ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ