អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន៖អាមេរិកបោះជំហានទៅមុខជាថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​ថ្លែង​សុន្ទរកថា​លើកទី១ នៅ​ក្នុង​សភា​នា​ថ្ងៃ​ពុធ ទី២៨ មេសា។ គឺ​ជា​សុន្ទរកថា​ស្តីពី​តុល្យការ​នៃ​ការ​កាន់​អំណាច​រយៈពេល ១០០ថ្ងៃ​របស់​លោក។ នៅ​ក្នុង​សុន្ទរកថា លោក​បៃដិន​បាន​លើក​ឡើង​ដោយ​មោទនភាព​ពី​ជោគជ័យ​ដែល​រដ្ឋបាល​របស់​លោក​សម្រេច​បាន​ក្នុង​រយៈពេល ១០០ថ្ងៃ ដូច​យ៉ាង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឬ​មួយ​ក៏​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជា​ដើម។ « ១០០ថ្ងៃ​ក្រោយ​ការ​កាន់​អំណាច ខ្ញុំ​អាច​និយាយ​ទៅ​កាន់​ប្រទេស​ថា អាមេរិក​​បោះជំហាន​ទៅ​មុខ​ជា​ថ្មី » នេះ​ជា​ការ​ថ្លែង​របស់​លោក​បៃដិន។

ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន
ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន Melina Mara POOL/AFP
ផ្សាយពាណិជ្ជកម្ម

តាម​ធម្មតា​នៅ​ក្នុង​បទអន្តរាគមន៍ ប្រធានាធិបតី​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​វត្តមាន​អ្នក​ចូលរួម​ជាង ១ ៦០០នាក់​ដែល​ជា​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា។ តែ​ស្ថានភាព​ជំងឺ​កូវីដ១៩ បាន​តម្រូវ​ឲ្យ​កាត់​បន្ថយ​អ្នក​ចូលរួម​ផ្ទាល់ ពោល​មាន​អ្នក​ចូល​រួម​ផ្ទាល់​ប្រមាណ​តែ ២០០នាក់។ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ចៅក្រម​ម្នាក់​នៃ​តុលាការកំពូល​លោក​ចន រ៉ូប៊ែរ ប្រមុខ​ការទូត​លោក​អង់តូនី ប្ល៊ីងកិន ឬ​មួយ​ក៏​រដ្ឋមន្រ្តី​ការពារជាតិ​លោក​ឡយដ៍ អូស្ទីន។ ចំណែក​អ្នក​ផ្សេង​ត្រូវ​នៅ​ផ្ទះ និង​ស្តាប់​សុន្ទរកថា​លោក​បៃដិន​តាម​កញ្ចក់​ទូរទស្សន៍​ដូច​ពលរដ្ឋ​អាមេរិក​ផ្សេង​ទៀត។

នេះ​ជា​កំណត់​សម្គាល់​ទី១។ ចំណែក​កំណត់​សម្គាល់​ទី២ ដែល​ទើប​មាន​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក គឺ​វត្តមាន​ស្រ្តី ២រូប​នៅ​ពី​ក្រោយ​លោក​បៃដិន គឺ​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​ដែល​ជា​ប្រធាន​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោកស្រី​កាម៉ាឡា ហារីស​ដែល​ក្នុង​ខែ​មករា ឆ្នាំ ២០២១ បាន​ក្លាយ​ជា​ស្រ្តីទី១ ចូល​កាន់​តំណែង​អនុប្រធានាធិបតី។ កំណត់​សម្គាល់​ចុង​ក្រោយ និង​បើ​ធៀប​នឹង​បទអន្តរាគមន៍​របស់​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ គឺ​បរិយាកាស​នៃ​បទអន្តរាគមន៍​របស់​លោក​បៃដិន​មាន​លក្ខណៈ​ធូរស្រាល​ច្រើន។

ធូរស្រាល​នៅ​ត្រង់​ថា​មុន​នឹង​ថ្លែង​សុន្ទរកថា លោក​បៃដិន និង​លោកស្រី​ប៉េឡូស៊ី​បាន​ជម្រាប​សួរ​គ្នា​ដោយ​ជល់​កែងដៃ ព្រោះ​វិធានការ​ប្រឆាំង​កូវីដ១៩ មិន​អនុញ្ញាត​ឲ្យ​ចាប់​ដៃ​គ្នា។ តែ​ជាមួយ​លោក​ត្រាំ​វិញ លោក​ត្រាំ​បាន​បដិសេធ​មិន​ចាប់​ដៃ​ជាមួយ​លោកស្រី​ប៉េឡូស៊ី ទោះ​បី​ជា​លោកស្រី​បាន​ហុច​ដៃ​មក​ក៏​ដោយ។ ដើម្បី​ជា​ការ​បញ្ឈឺ​ចិត្ត​ដាក់​លោក​ត្រាំ​វិញ លោកស្រី​ប៉េឡូស៊ី​បាន​ហែក​ក្រដាស​សុន្ទរកថា​លោក​ត្រាំ​ចោល​នៅ​ពេល​លោកត្រាំ​ថ្លែង​សុន្ទរកថា​ចប់។

ពលរដ្ឋ​អាមេរិក​ចំនួន ២២០លាននាក់​បាន​ទទួល​វ៉ាក់សាំង​ដូសទី១

សុន្ទរកថា​របស់​លោក​បៃដិន​ជា​សុន្ទរកថា​ស្តីពី​តុល្យការ​នៃ​ការ​កាន់​អំណាច​ប្រធានាធិបតី​រយៈពេល ១០០ថ្ងៃ​របស់​លោក។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ លោក​បៃដិន​បាន​រៀបរាប់​ពី​ស្ថានការណ៍​ប្រទេស​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ពិសេស​វិបត្តិ​សុខភាព និង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពេល​ដែល​លោក​ទើប​ចូល​កាន់​តំណែង​ប្រធានាធិបតី។ តែ​បន្ទាប់​ពី​បាន​កាច់​ចង្កូត​ប្រទេស​អស់​រយៈពេល ១០០ថ្ងៃ​មក លោក​បៃដិន​បាន​ថ្លែង​ដោយ​អំណួត និង​មាន​មោទនភាព​ពី​ការ​ដែល​អាមេរិក​បាន​រក​ឃើញ​ឡើង​វិញ​នូវ​កន្លែង​របស់​ខ្លួន ហើយ​អាមេរិក​នឹង​បោះជំហាន​ទៅ​មុខ​ជា​ថ្មី។

មាន​សមិទ្ធិផល​សំខាន់​ចំនួន ២ ដែល​លោក​បៃដិន​បាន​លើក​ឡើង គឺ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ និង​ផែនការ​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។ រឿង​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពិត​ជា​ជោគជ័យ​មួយ​មិន​អាច​ប្រកែក​បាន ព្រោះ​ពី​ដំបូង លោក​បៃដិន​បាន​សន្យា​ចាក់​ឲ្យ​បាន​ពលរដ្ឋ​អាមេរិក​ចំនួន ១០០លាន​នាក់​នៅ​ក្នុង ១០០ថ្ងៃ​នៃ​ការ​កាន់​អំណាច​របស់​លោក។ តែ​ជាក់ស្តែង​ពេល​នេះ គឺ​មាន​ពលរដ្ឋ​ដល់​ទៅ ២២០លាននាក់​ដែល​បាន​ទទួល​ដូសទី១ ក្នុង​នោះ មាន​ជាង ៩៦លាននាក់ ឬ​ស្មើ​នឹង​ជិត ៣០% នៃ​ពលរដ្ឋ​សរុប​បាន​ចាក់​ទាំង​ពីរ​ដូស​រួច​ហើយ។

លោក​បៃដិន​តាំង​ខ្លួន​ជា​អ្នក​គិតគូរ និង​ការពារ​ពលរដ្ឋ​ថ្នាក់​មធ្យម

ក្នុង​រយៈពេល ១០០ថ្ងៃ លោក​បៃដិន​បាន​ចាយ​លុយ​ចំនួន ៦ ០០០ ០០០ដុល្លារ​ដើម្បី​ស្តារ​ប្រទេស​ឡើង​វិញ ពិសេស​ស្តារ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ១៩។ នៅ​ក្នុង​ខ្ទង់​ចំណាយ​នេះ​ក៏​មាន​ការ​ជួយ​ពលរដ្ឋ​ដែល​បាន​បាត់​បង់​ការងារ និង​កំពុង​ត្រូវ​ការ​ខ្លាំង​ដោយ​ឲ្យ​ម្នាក់ៗ​ចំនួន ១ ៤០០ដុល្លារ។ លោក​បៃដិន​យល់​មិន​ខុស​ទេ​ថា លុយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ ហើយ​ការ​ចាយ​វាយ​របស់​ពលរដ្ឋ​នឹង​ផ្តល់​ឲ្យ​មាន​ឡើង​វិញ​នូវ​សង្វាក់​សេដ្ឋកិច្ច​ជាតិ។ « ឥឡូវនេះ អាមេរិក​ត្រៀម​ខ្លួន​ដើម្បី​ហោះ​ឡើង​វិញ​ជាមួយ​នឹង​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច ៦% » នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​បៃដិន។

បន្ទាប់​មក លោក​បៃដិន​បាន​សន្យា​កាត់​បន្ថយ​ចំនួន​អ្នកក្រីក្រ​ឲ្យ​បាន​ពាក់កណ្តាល និង​ចង់​ឲ្យ​មាន​ប្រព័ន្ធ​សុខាភិបាល​ប្រសើរ​ចំពោះ​ក្រុម​មនុស្ស​ដែល​ងាយរង​គ្រោះ​ខ្លាំង។ អ្វី​ជា​ការ​កត់សម្គាល់ លោក​បៃដិន​បាន​តាំង​ខ្លួន​ជា​អ្នក​គិតគូរ និង​ការពារ​ពលរដ្ឋ​អាមេរិក​ថ្នាក់​មធ្យម។ នៅ​ក្នុង​ន័យ​នេះ លោក​បៃដិន​បាន​លើក​ឡើង​ពី​មហា​ផែនការ​វិនិយោគ​ក្នុង​ទឹកប្រាក់ ១ ០០០ ០០០លានដុល្លារ និង​កាត់​បន្ថយ​ការ​បង់ពន្ធ​របស់​ពលរដ្ឋ​ថ្នាក់​មធ្យម​ក្នុង​ទឹកប្រាក់​សរុប ៨០០ ០០០លានដុល្លារ។ មហាផែនការ​វិនិយោគ ពិសេស​ក្នុង​វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​បង្កើត​ការងារ​រាប់លាន​ការងារ​សម្រាប់​ពលរដ្ឋ​បាន​បាត់បង់​ការងារ និង​ពលរដ្ឋ​ដែល​ត្រូវ​បាន​សង្គម​បំភ្លេច​ចោល។

សង្កត់ ក អ្នក​មាន​យក​ទៅ​ជួយ​អ្នក​ក្រ និង​អ្នក​មធ្យម

ដើម្បី​មាន​លុយ​សម្រាប់​ចំណាយ​នៅ​ក្នុង​ផែនការ​ស្តារ​សេដ្ឋកិច្ច លោក​បៃដិន​បាន​ប្រើ​នយោបាយ​របស់​ក្រុម​អ្នក​ឆ្វេងនិយម​ដោយ​សង្កត់ ក យក​លុយ​ពី​អ្នក​មាន​ទៅ​ជួយ​អ្នក​ក្រ និង​អ្នក​មធ្យម។ លោក​បៃដិន​មាន​ការ​សោកស្តាយ​ថា ខណៈ​ដែល​មាន​ពលរដ្ឋ​អាមេរិក​ចំនួន ២០លាននាក់​បាន​បាត់បង់​ការងារ​ក្នុង​សម័យ​កូវីដ១៩ បែរ​ជា​មហាសេដ្ឋី​ដែល​មាន​លុយ​រាប់​ពាន់លាន​ទទួល​បាន​លុយ​កាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​វិញ។ ដូច្នេះ​វា​ល្មម​ដល់​ពេល​ដែល​មហាសេដ្ឋី​គ្រាក់ៗ និង​ក្រុមហ៊ុន​អាមេរិក​ធំៗ​ទម្លាក់​លុយ​បន្ថែម​ដើម្បី​ជួយ​អ្នក​ក្រ និង​អ្នក​មធ្យម។

ផែនការ​ដែល​លោក​បៃដិន​គ្រោង​អនុវត្តន៍ គឺ​លុបចោល​វិញ​នូវ​ការ​បន្ធូរបន្ធយ​ពន្ធ​ចំពោះ​អ្នក​មាន​ជាង​គេ​ដែល​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​អនុវត្ត និង​ដំឡើង​ពន្ធ​លើ​ប្រាក់ចំណូល​របស់​មហាសេដ្ឋី​ធំៗ។ តែ​លោក​បៃដិន​បាន​សន្យា​ថា គ្មាន​ការ​ដំឡើង​ពន្ធ​ចំពោះ​ពលរដ្ឋ​អាមេរិក​ណា​ដែល​មាន​ប្រាក់​ចំណូល​តិច​ជាង ៤០០ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទេ។

អាមេរិក​មិន​ស្វែង​រក​ការ​ប្រឈម​មុខ​ជាមួយ​រុស្ស៊ី និង​ជាមួយ​ចិន​ទេ

ក្រៅ​ពី​នយោបាយ​ផ្ទៃក្នុង លោក​បៃដិន​មិន​ភ្លេច​និយាយ​ពី​នយោបាយ​ការបរទេស​ដោយ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ជាមួយ​ចិន និង​រុស្ស៊ី។ ជាមួយ​រុស្ស៊ី​ត្រូវ​បាន​លោក​បៃដិន​បញ្ជាក់​ថា លោក​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ត្រង់ៗ​ពី​ការ​ដែល​អាមេរិក​មិន​ស្វែង​រក​ភាព​ប្រទូស្រ្តាយ និង​ព្រមាន​ថា ទង្វើ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក និង​ការ​វាយប្រហារ​តាម​អ៊ីធ័រនែត​លើ​ស្ថាប័ន និង​ក្រុមហ៊ុន​អាមេរិក​នឹង​ទទួល​ផលវិបាក។

ជាមួយ​ចិន​វិញ លោក​បៃដិន​​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ពី​ការ​ដែល​អាមេរិក​មិន​ស្វែង​រក​ជម្លោះ និង​ថា អាមេរិក​ការពារ​ផលប្រយោជន៍​អាមេរិក​នៅ​លើ​គ្រប់​វិស័យ​ទាំង​អស់។ តាម​លោក​បៃដិន អាមេរិក​មិន​ជំទាស់​នឹង​ការ​ប្រកួតប្រជែង​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ទេ តែ​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ប្រកួតប្រជែង​ដែល​មិន​ស្មើ​ភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ