អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖ហេតុអ្វីបានជាលោកបៃដិនប្រកាសបិទបញ្ចប់សង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១៤ មេសា ប្រធានាធបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ប្រកាស​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ដក​ទ័ពអាមេរិក​ទាំង​អស់​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​មុន​ថ្ងៃទី១១ កញ្ញា​ខាង​មុខ។ តាម​លោក​បៃដិន ពេល​វេលា​បាន​ឈាន​មក​ដល់​ហើយ​ដែល​អាមេរិក​ត្រូវ​បិទបញ្ចប់​សង្រ្គាម​យូរ​អង្វែង​ជាង​គេ​នៃ​ប្រវត្តិ​សង្រ្គាម​របស់​អាមេរិក​នៅ​ក្រៅ​ប្រទេស។ ក្រៅ​ពី​ប្រកាស​ដក​ទ័ពអាមេរិក​ទាំង​អស់ លោក​បៃដិន​ក៏​បាន​បញ្ជាក់​ពី​ការ​ដក​ទ័ព​កម្លាំង​ណាតូ​ទាំង​អស់​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ដែរ។ ចំណែក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហ្កានី​បាន​ថ្លែង​ពី​ការ​គោរព​តាម​សេចក្តីសម្រេច​របស់​លោក​បៃដិន។

ប្រធានាធបតី​អាមេរិក​លោក​ចូ បៃដិន
ប្រធានាធបតី​អាមេរិក​លោក​ចូ បៃដិន AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

កាល​ពី ២០ឆ្នាំ​មុន ពោល​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មហាភេរវកម្ម​វាយប្រហារ​លើ​អាគារ​ពាណិជ្ជកម្ម​ភ្លោះ​ក្នុង​ទីក្រុង​ញូយ៉ក​ក្នុង​ថ្ងៃទី១១ កញ្ញា ២០០១ ប្រធានាធិបតី​អាមេរិក​ពេល​នោះ​លោក George W.Bush បាន​សម្រេច​បើក​ការ​វាយប្រហារ​លើ​អាហ្វហ្កានីស្ថាន​ដោយ​លោក​យល់​ថា មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា​ជា​ស្នាដៃ​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​របស់​មេកើយ​បិនឡាដិន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ សង្រ្គាម​ពេល​នោះ​បាន​ទម្លាក់​ពួក​តាលីបង់​ពី​អំណាច និង​បាន​ធ្វើ​ឲ្យ​ពួក​នេះ​ក្លាយ​ជា​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​មក​ដល់​បច្ចុប្បន្ន។ ទន្ទឹម​នឹង​ការ​ប្រកាស​ដក​ទីព​អាមេរិក​ទាំង​អស់ លោក​បៃដិន​ក៏​បាន​បញ្ជាក់​ពី​ការ​ដក​ទ័ព​របស់​កម្លាំង​អង្គការ​ណាតូ​ដែរ។

គេ​ត្រូវ​រង់ចាំ​ដល់​ខែ​ឧសភា ឆ្នាំ ២០១១ ទើប​អាមេរិក​សម្លាប់​បាន​មេកើយ​អាល់កៃ​បិនឡាដិន​ដែល​បាន​លាក់ខ្លួន​ពួនអាត្មា​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​ក្បែរ​ខាង។ តែ​ទោះ​ជា​សម្លាប់​បាន​បិនឡាដិន​ក៏​ដោយ ក៏​ទ័ពអាមេរិក និង​ទ័ព​អង្គការ​ណាតូ រួម​ទាំង​ទ័ពជាតិ​អាហ្វហ្កានីស្ថាន​បន្ត​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ពី​ពួក​ភេរវជន​អាល់កៃដា និង​ពួក​ឧទ្ទាម​តាលីបង់​សឹង​រាល់ថ្ងៃ។ គួរ​រម្លឹក​ថា ចន្លោះ​ឆ្នាំ ២០១០ និង ២០១១ ចំនួន​ទាហាន​អាមេរិក​នៅ​អាហ្វាហ្កានីស្ថាន​មាន​ដល់​ទៅ ១០០ ០០០នាក់​ឯណោះ។ តែ​ចាប់​ពី​ឆ្នាំ ២០១១ មក អាមេរិក​បាន​ចាប់​ផ្តើម​កាត់​បន្ថយ​ចំនួន​ទ័ព​បន្តិច​ម្តងៗ​តាំង​ពី​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​អូបាម៉ា។ បន្ទាប់​មក អតីត​ប្រធានាអាមេរិក​លោក​ត្រាំ​បាន​ពន្លឿន​ការ​កាត់​បន្ថយ​រឹត​តែ​លឿន​ដែល​សព្វថ្ងៃ​នៅ​សល់​តែ​ប្រមាណ ២ ៥០០នាក់​ប៉ុណ្ណោះ។

កម្មវត្ថុ​ដែល​អាមេរិក​ចង់​បាន គឺ​សម្រេច​ហើយ

គេ​អាច​និយាយ​បាន​ថា ផ្លូវ​ដែល​លោក​បៃដិន​បាន​ជ្រើសរើស​នេះ​ជា​ផ្លូវ​ដែល​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ត្រួសត្រាយ។ ចូរ​កុំ​ភ្លេច​ថា លោក​ត្រាំ​ក៏​បាន​សម្រេច​ដក​ទ័ព​អាមេរិក​ទាំង​អស់​ចេញ​ពី​អាហ្វហ្កានីស្ថាន​នៅ​ត្រឹម​ថ្ងៃទី១ ឧសភា ឆ្នាំ ២០២១។ តែ​ដោយ​មិន​បាន​ជាប់ឆ្នោត​អាណត្តិទី២ លោក​ត្រាំ​មិន​អាច​សម្រេច​គោលដៅ​មួយ​នេះ​បាន​ឡើយ។ ដូច្នេះ​លោក​បៃដិន​ជា​អ្នក​បន្ត​ដោយ​បាន​ប្រកាស​ពី​ការ​ដក​ឲ្យ​អស់​ចាប់​ពី​ពេល​នេះ​នៅ​មុន​ថ្ងៃទី១១ កញ្ញា​ដែល​ជា​ខួប​គម្រប់ ២០ឆ្នាំ​នៃ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១។ អ្វី​ដែល​លោក​បៃដិន​ចង់​បាន និង​ចង់​ឃើញ គឺ​គ្មាន​វត្តមាន​ទាហាន​អាមេរិក​ណា​ម្នាក់​នៅ​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​នា​ខួប​គម្រប់ ២០ឆ្នាំ​នៃ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​អាមេរិក​ទៀត​ទេ។

លោក​បៃដិន​មិន​ភ្លេច​បញ្ជាក់​ទេ​ថា លោក​ជា​ប្រធានាធិបតី​អាមេរិក​ទី៤ ដែល​បាន​ដោះស្រាយ​វត្តមាន​ទាហាន​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​សន្យា​ថា លោក​នឹង​មិន​បន្ត​ទុក​រឿង​មួយ​នេះ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ទី៥ ទៀត​ឡើយ។ មាន​ហេតុផល​មួយ​ចំនួន​ដែល​លោក​បៃដិន​បាន​លើក​យក​ទៅ​ពន្យល់​ដោយ​ផ្តើម​ចេញ​ពី​មូលហេតុ​ដែល​អាមេរិក​បាន​សម្រេចចិត្ត​ធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​កាល​ពី ២០ឆ្នាំ​មុន។ លោក​បៃដិន​យល់​ថា កម្មវត្ថុ​កាល​ណោះ គឺ​ច្បាស់លាស់ និង​មាន​បុព្វហេតុ​ត្រឹមត្រូវ និង​ថា អាមេរិក​សម្រេច​បាន​កម្មវត្ថុ​នោះ​ហើយ​ដោយ​សម្លាប់​បាន​មេកើយ​អាល់កៃដា​បិនឡាដិន។ ហេតុផល​មួយ​ទៀត​លើក​ឡើង​ដោយ​លោក​បៃដិន​គឺ​ថា ក្នុង​រយៈពេល ២០ឆ្នាំ​កន្លង​ទៅ​នេះ អាហ្វហ្កានីស្ថាន​លែង​ត្រូវ​បាន​ពួក​ភេរវជន​ប្រើ​ជា​មូលដ្ឋាន​ដើម្បី​វាយប្រហារ​ជា​ថ្មី​លើ​អាមេរិក​ទៀត​ទេ។

លោក​បៃដិន​បាន​ចោទ​សួរ​ថា តើ​មាន​ហេតុផល​អ្វី​ដែល​អាមេរិក​ត្រូវ​បន្ត​ទុក​ទាហាន​របស់​ខ្លួន​នៅ​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​ទៀត?។

អាហ្វហ្កានីស្ថាន​វិល​រក​ទ្រនំ​ចាស់?

ក្រុម​អ្នក​ជំនាញ​ភាគ​ច្រើន​មិន​បាន​យល់​ឃើញ​ដូច​លោក​បៃដិន​ទេ។ អ្វី​ដែល​ពួក​គេ​ព្រួយបារម្ភ​ខ្លាំង ការ​វិល​ក្រោយ​របស់​អាហ្វហ្កានីស្ថាន​ទៅ​រក​ស្ថានភាព​ដូច​កាល​ពី ២០ឆ្នាំ​មុន មាន​ន័យ​ថា ការ​វិល​ត្រឡប់​ទៅ​កាន់​អំណាច​ឡើង​វិញ​ជា​យថាហេតុ​របស់​ក្រុម​ឧទ្ទាម​តាលីបង់។ ចូរ​កុំ​ភ្លេច​ថា រឿង​អាមេរិក​បាន​សម្រេចចិត្ត​ដក​ទ័ព​របស់​ខ្លួន​បណ្តើរៗ​រហូត​ដល់​ដក​ទាំង​អស់​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កត្តា និង​លក្ខខណ្ឌ​មួយ​ចំនួន ពិសេស​ស្ថានភាព​សន្តិសុខ និង​សុវត្ថិភាព​ផ្ទៃក្នុង​របស់​ប្រទេស និង​ប្រជាជន​អាហ្វហ្កានីស្ថាន។ សំណួរ​ដែល​ចោទ​ឡើង អត់​ពី​កម្លាំង​ទ័ពអាមេរិក និង​ទ័ព​អង្គការ​ណាតូ​ទៅ តើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​មាន​លទ្ធភាព និង​សមត្ថភាព​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ និង​សុវត្តិភាព​ដោយ​ខ្លួន​ឯង​បាន​ឬ​ដែរ ឬ​ទេ ប្រឈម​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដែល​កំពុង​បន្ត​មាន​ឥទ្ធិពល។

គួរ​រម្លឹក​ថា ការ​សម្រេចចិត្ត​របស់​អាមេរិក​ក្នុង​ការ​ដក​ទ័ព​ទាំង​អស់​ចេញ​ពី​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ឡើង​ដោយ​មាន​កិច្ចព្រមព្រៀង​រវាង​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​ត្រាំ និង​ចលនា​ឧទ្ទាម​តាលីបង់។ នៅ​ក្នុង​កិច្ចព្រមព្រៀង អាមេរិក​សន្យា​ដក​ទ័ព​ចេញ​ទាំង​អស់​ចេញ​ពី​អាហ្វហ្កានីស្ថាន ហើយ​ពួក​តាលីបង់​បាន​យល់​ព្រម​ចូល​អង្គុយ​តុ​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ពួក​តាលីបង់​បាន​ព្រមាន​ជា​ថ្មី​ក្នុង​ថ្ងៃ​ពុធ ទី១៤ មេសា​ថា បើ​អាមេរិក​មិន​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ទេ ពួក​គេ​នឹង​មិន​ចូល​តុចរចា​តាម​ការ​កំណត់​ឡើយ។ ចំណែក​លោក​បៃដិន​បាន​ព្រមាន​ពួក​តាលីបង់​ប្រឆាំង​នឹង​គ្រប់​ការ​វាយប្រហារ​របស់​ពួក​គេ​នៅ​ពេល​ដែល​អាមេរិក​ដក​ទ័ព។ យ៉ាង​ណា​ក៏​ដោយ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហ្កានី​ហាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទទួល​យក និង​គោរព​ការ​សម្រេច​របស់​លោក​បៃដិន។

ចំណែក​ក្រុម​អ្នកជំនាញ​ភាគច្រើន​ហាក់​បាន​យល់​ឃើញ​ពី​ភាព​បរាជ័យ​របស់​អាមេរិក​នៅ​ក្នុង​សង្រ្គាម ២០ នៅ​អាហ្វហ្កានីស្ថាន។ បរាជ័យ​ដោយ​ពួក​គេ​មើល​ឃើញ​ថា នៅ ២០ឆ្នាំ​ក្រោយ​មក ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​គ្មាន​ការ​ប្រែប្រួល​ទេ។ ពួក​អាល់កៃដា និង​ពួក​តាលីបង់​មិន​ត្រឹម​កំពុង​បន្ត​មាន​វត្តមាន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅ​មាន​កម្លាំង និង​ឥទ្ធិពល​ខ្លាំង​ដូច​ឆ្នាំ ២០០១។ គួរ​បញ្ជាក់​ថា សង្រ្គាម ២០ឆ្នាំ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អាមេរិក​ជាង ២០០០នាក់ និង​ជនជាតិ​អាហ្វហ្កានីស្ថាន​ជា​ច្រើន​ពាន់​នាក់។ នេះ​ដោយ​មិន​និយាយ​ពី​ការ​ចំណាយ​រាប់សិនពាន់​លាន​ដុល្លារ​របស់​អាមេរិក​នៅ​ក្នុង​សង្រ្គាម​មួយ​រយៈពេល ២០ឆ្នាំ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ