អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតសភាអ៊ីស្រាអែល៖គណបក្សលោកនេតាន់យ៉ាហ៊ូនាំមុខ តែគ្មានសំឡេងភាគច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​អង្គារ ទី២៣ មីនា​ឲ្យ​ដឹង​ថា គណបក្ស​ស្តាំនិយម​លីគូដ​របស់​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ​ទទួល​បាន​សំឡេង​នាំ​មុខ។ តែ​ខណៈ​នេះ លោក​នេតាន់យ៉ាហ៊ូ​គ្មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​មា្នក់​ឯង​ទេ មាន​ន័យ​ថា លោក​ត្រូវ​ការ​ចាប់​ដៃ​ជាមួយ​គណបក្ស​ដៃគូ​ផ្សេង។ ទោះ​ជា​យ៉ាង​នេះ​ក្តី និង​ដោយ​រង់ចាំ​លទ្ធផល​ផ្លូវការ​នា​ចុង​សប្តាហ៍​នេះ លោក​នេតាន់យ៉ាហ៊ូ​បាន​ចេញ​មុខ​ប្រកាស​រួច​ហើយ​ពី​មហា​ជ័យជម្នះ​របស់​គណបក្សស្តាំនិយម។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលផុតអាណត្តិ លោកបេនយ៉ាមីន នេតាន់យ៉ាហ៊ូ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលផុតអាណត្តិ លោកបេនយ៉ាមីន នេតាន់យ៉ាហ៊ូ AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​អ៊ីស្រាអែល​លើក​នេះ​ជា​ការ​បោះឆ្នោត​លើកទី៤ ក្នុង​រយៈពេល​មិន​ដល់ ២ឆ្នាំ​ពេញលេញ​ផង។ ចំណែក​តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​នេតាន់យ៉ាហ៊ូ​ក្តាប់​ជាប់​ក្នុង​ដៃ​តាំង​ពី​ឆ្នាំ ២០០៩។ នេះ​ជា​កំណត់​សម្គាល់​ទី១។ កំណត់​សម្គាល់​ទី២ ការ​រៀបចំ​បោះឆ្នោត​លើក​នេះ​ហាក់​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​គ្របដណ្តប់​ដោយ​ប្លុក​ពីរ គឺ​ប្លុក​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ និង​ប្លុក​ប្រឆាំង​លោក​នេតាន់យ៉ាហ៊ូ។ សម្រាប់​ប្លុក​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ ពួក​គេ​ចង់​ឃើញ​នាយករដ្ឋមន្រ្តី​ចាស់វស្សា​រូប​នេះ​បន្ត​កាច់​ចង្កូត​ប្រទេស​មួយ​អាណត្តិ​ថ្មី។

ចំណែក​ប្លុក​ប្រឆាំង​លោក​នេតាន់យ៉ាហ៊ូ ពួក​គេ​ចង់​កំចាត់​លោក​នេតាន់យ៉ាហ៊ូ​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី។ ចូរ​កុំ​ភ្លេច​ថា លោក​នេតាន់យ៉ាហ៊ូ​កំពុង​ជាប់​ចោទ​ក្នុង​បទ​ពុករលួយ និង​ការ​រំលោភអំណាច។ តែ​លោក​កំពុង​ត្រូវ​បាន​ការពារ​ដោយ​អភ័យឯកសិទ្ធិ​នាយករដ្ឋមន្រ្តី។ កំណត់សម្គាល់​ទី៣​សម្រាប់​ការ​បោះឆ្នោត​ពេល​នេះ គឺ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត បើ​ធៀប​នឹង​ការ​បោះឆ្នោត​ចំនួន ៣លើក​ចុង​ក្រោយ។ បើ​ប្រៀបធៀប​តែ​រវាង​ការ​បោះឆ្នោត​ក្នុង​ខែ​មីនា ឆ្នាំ ២០២០ និង​ការ​បោះឆ្នោត​លើក​នេះ គឺ​មាន​ការ​ធ្លាក់​ចុះ​ជាង ៤ពិន្ទុ។

ក្រុម​អ្នកវិភាគ​បាន​ហៅ​ព្រឹត្តិការណ៍​មួយ​នេះ​ថា​ជា « ភាព​អស់​កម្លាំង​នៃ​ការ​បោះឆ្នោត » ដែល​អ្នក​បោះឆ្នោត​ធុញទ្រាន់​នឹង​វិបត្តិនយោបាយ​ច្រំដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិបត្តិ​នយោបាយ​ច្រំដែល​នោះ គឺ​ការ​ជាប់គាំង​នយោបាយ​ដែល​បាន​រុញ​ប្រទេស​ឲ្យ​រៀបចំ​បោះឆ្នោត​ឡើង​វិញ​មិន​ចេះ​ចប់។

សេណារីយ៉ូ​ច្រំដែល​នឹង​កើត​មាន​ជា​ថ្មី?

បើ​ផ្អែក​តាម​លទ្ធផល​បឋម​នៅ​យប់​ថ្ងៃ​អង្គារ ទី២៣ មីនា គណបក្សស្តាំនិយម​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​សំឡេង​នាំ​មុខ​គេ​ដោយ​អាច​ទទួល​បាន​ចំនួន​អសនៈ​នៅ​ក្នុង​រដ្ឋសភា​ចន្លោះ​ពី ៣១ ទៅ ៣៣អសនៈ និង​បន្ត​ដោយ​គណបក្សកណ្តាលនិយម Yesh Atid របស់​លោក​យ៉ាអៀរ ឡាពីដ​ដែល​អាច​ទទួល​បាន​អសនៈ​ក្នុង​ចន្លោះ​ពី​១៦ ទៅ ១៨អសនៈ។ ចំណែក​អសនៈ​ដែល​នៅ​សល់​នឹង​ធ្លាក់​ទៅ​ក្នុង​គណបក្ស​តូចតាច​ផ្សេង​ទៀត ពិសេស​គណបក្ស​ស្តាំនិយម​យ៉ាមីណា​របស់​លោក​ណាហ្វតាលី បេននែត​ដែល​អាច​ទទួល​បាន​ក្នុង​ចន្លោះ​ពី ៧ ទៅ ៨អសនៈ។ គួរ​បញ្ជាក់​ថា រដ្ឋសភា​អ៊ីស្រាអែល​មាន​អសនៈ​សរុប​ចំនួន ១២០អសនៈ។

ដូច្នេះ​ឃើញ​ថា ចំនួន​អសនៈ​ដែល​គណបក្ស​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​អាច​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​ម្នាក់​ឯង​បាន​ទេ ព្រោះ​លោក​ត្រូវ​ការ​ដល់​ទៅ ៦១អសនៈ។ ពិត​ណាស់​នៅ​យប់​ថ្ងៃ​អង្គារ ទី២៣ មីនា លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រកាស​រួច​ជា​ស្រេច​ពី​ជ័យជម្នះ​ធំធេង​របស់​គណបក្ស​ស្តាំនិយម។ តែ​ក្នុង​ពេល​ជាមួយ​គ្នា លោក​ក៏​មាន​ការ​ប្រយ័ត្នប្រយែង ព្រោះ​ការ​រាប់សន្លឹក​ឆ្នោត​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ នៅ​សល់​សន្លឹកឆ្នោត​ចំនួន ៤០០ ០០០សន្លឹក​ទៀត​ដែល​នៅ​មិន​ទាន់​រាប់បញ្ចូល។ សន្លឹកឆ្នោត​ទាំង ៤០០ ០០០សន្លឹក​នោះ​ជា​សន្លឹកឆ្នោត​របស់​កងទ័ព មន្រ្តីការទូត អ្នកទោស និង​ក្រុមបុគ្គលិកពេទ្យ រួម​ទាំង​អ្នក​កំពុង​មាន​កូវីដ១៩។

ដូច្នេះ​លទ្ធផល​ចុង​ក្រោយ​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​តិច ឬ​ច្រើន​នៅ​ក្រោយ​ការ​រាប់​បញ្ចូល​សន្លឹកឆ្នោត​ទាំង ៤០០ ០០០សន្លឹក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ដែល​ច្បាស់ គ្មាន​គណបក្ស​ណា​មួយ​ទទួល​បាន​សំឡេង​ភាគច្រើន ហើយ​ល្បែង​នៃ​ការ​ចងសម្ព័ន្ធ​នឹង​វិល​ត្រឡប់​ជា​ថ្មី​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ថ្មី។

សេណារីយ៉ូ​នៃ​ការ​ចងសម្ព័ន្ធ

មាន​និន្នាការ​ចំនួន​ពីរ​ដែល​កំពុង​ប្រជែង​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ គឺ​ការ​ប្រជែង​គ្នា​រវាង​គណបក្ស​ស្តាំនិយម​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ និង​គណបក្ស​កណ្តាលនិយម Yesh Atid របស់​លោក​យ៉ាអៀរ ឡាពីដ​ដែល​ទទួល​បាន​សំឡេង​លំដាប់ទី១ និង​លំដាប់​ទី២។ សម្រាប់​លោក​នេតាន់យ៉ាហ៊ូ លោក​បាន​ប្រកាស​ពី​ការ​ត្រៀម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ស្តាំនិយម​ដែល​មាន​ស្ថិរភាព និង​ខ្លាំង។ នៅ​ក្នុង​ន័យ​នេះ លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រាប់​ពី​ការ​បាន​ទាក់ទង​ជាមួយ​គ្រប់គណបក្សស្តាំនិយម​ទាំង​អស់​ដែល​ទទួល​បាន​អសនៈ​តិច ឬ​ច្រើន​នៅ​ក្នុង​សភា។ បន្ទាប់​មក លោក​ក៏​អាច​ពឹង​លើ​គណបក្ស​សាសនា និង​គណបក្សស្តាំនិយម​ជ្រុល។

ចំណែក​លោក​ឡាពីដ​វិញ លោក​ត្រៀម​ចាប់ដៃ​ជាមួយ​ក្រុម​គណបក្ស​ឆ្វេងនិយម និង​កណ្តាលនិយម ព្រម​ទាំង​ត្រៀម​ទាញ​យក​គណបក្សស្តាំនិយម​មួយ​ចំនួន​ដែល​ខកចិត្ត និង​មិន​សប្បាយចិត្ត​នឹង​លោក​នេតាន់យ៉ាហ៊ូ។ ក៏​ប៉ុន្តែ គ្រប់​គ្នា​កំពុង​ផ្តោត​ចក្ខុ​លើ​គណបក្សស្តាំនិយម​យ៉ាមីណា​របស់​លោក​ណាហ្វតាលី បេននែត​ដែល​អាច​ទទួល​បាន​អសនៈ​ក្នុង​ចន្លោះ​ពី ៧ ទៅ ៨អសនៈ​នៅ​ក្នុង​សភា។ បើ​លោក​បេននែត​ងាក​ទៅ​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ រដ្ឋាភិបាល​ថ្មី​ជា​រដ្ឋាភិបាល​ចម្រុះ​ស្តាំនិយម​ដឹក​នាំ​ដោយ​លោក​នេតាន់យ៉ាហ៊ូ។ ផ្ទុយ​ទៅ​វិញ បើ​លោក​បេននែត​ងាក​ទៅ​គាំទ្រ​លោក​ឡាពីដ រដ្ឋាភិបាល​ថ្មី​ជា​រដ្ឋាភិបាល​ចម្រុះ​ឆ្វេងនិយម​ដឹក​នាំ​ដោយ​លោក​ឡាពីដ។

តែ​មក​ទល់​ពេល​នេះ លោក​បេននែត​នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​របស់​ខ្លួន​នៅ​ឡើយ​ទេ។ លោក​បេននែត​បាន​ថ្លែង​នៅ​យប់​ថ្ងៃ​អង្គារ ទី២៣ មីនា​ថា លោក​នឹង​ប្រើ​សិទ្ធិ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ដោយ​ផ្អែក​លើ​គោលការណ៍​តែ​មួយ​គត់ គឺ​អ្វី​ដែល​ល្អ​សម្រាប់​ប្រទេស និង​ប្រជាជន​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា លោក​បេននែត​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​នេតាន់យ៉ាហ៊ូ មុន​នឹង​ផ្តាច់​ខ្លួន​ទៅ​បង្កើត​គណបក្ស​ខ្លួន​ឯង។ បើ​អ្វីៗ​នឹង​មាន​ដំណើរការ​ដោយ​រលូន អ៊ីស្រាអែល​នឹង​មាន​រដ្ឋាភិបាល​ថ្មី​ដែល​បន្ត​ជា​រដ្ឋាភិបាល​ចម្រុះ។ បើ​មិន​ដូច្នោះ​ទេ អ៊ីស្រាអែល​អាច​ស្គាល់​វិបត្តិ​នយោបាយ​ច្រំដែល​ជា​ថ្មី​ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​សារ​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ