អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉ាក់សាំងកូវីដ១៩៖ បញ្ហា​​ប្រសិទ្ធិភាព និង​​ការ​យឺតយ៉ាវ​ក្នុង​ការ​ផលិត​ ធ្វើឲ្យ​​អឺរ៉ុប​​កាន់តែ​ឈឺក្បាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសសហភាពអឺរ៉ុប កំពុង​តែ​ជ្រួលច្របល់ ដោយសារតែបញ្ហា​វ៉ាក់សាំងវប្រឆាំងកូវីដ​១៩ ខណៈដែល​​ម្នាក់ៗ បានរំពឹង​សង្ឃឹមយ៉ាងខ្លាំងទៅលើវ៉ាក់សាំង ព្រោះថាវាជាវិធីតែមួយ​គត់ ដើម្បី​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើងវិញ។ តែយ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ មាន​បញ្ហាជាច្រើនបានលេចរូបរាង​ឡើង ជុំវិញ​វ៉ាក់​​​សាំង​​​កូវីដ​១៩ទាំងអស់ ដូចជាការយឺតយ៉ាវក្នុងការផលិត របស់មន្ទីរ​ពិសោធន៍​​​ធំៗ​ទាំង៣ ដែល​ជាម្ចាស់វ៉ាក់សាំង។​ មិនត្រឹមតែប៉ុណ្ណោះ ប្រសិទ្ធិភាព​នៃវ៉ាក់សាំងរបស់​​មន្ទីរពិសោធន៍ AstraZeneca កំពុងតែចោទជាបញ្ហា​ថែមទៀត ទៅលើមនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើង​ទៅ​។

សឺរ៉ាង និងដបវ៉ាក់សាំង ដាក់ពីលើ​រូបផែនទីអឺរ៉ុប ។ កូវីដ​១៩ កំពុងធ្វើ​ឲ្យអឺរ៉ុប​ ពិបាកខ្លាំងឡើងៗ
សឺរ៉ាង និងដបវ៉ាក់សាំង ដាក់ពីលើ​រូបផែនទីអឺរ៉ុប ។ កូវីដ​១៩ កំពុងធ្វើ​ឲ្យអឺរ៉ុប​ ពិបាកខ្លាំងឡើងៗ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំង AstraZeneca មិនមាន​ល្អ​សម្រាប់​មនុស្ស​ចាស់​អាយុ​លើស​​៦៥ឆ្នាំ?

កាលពី​ថ្ងៃព្រហស្បតិ៍ទី​២៨​មករា​ គណកម្មការ​វ៉ាក់សាំងអាល្លឺម៉ង់ បាន​ចេញ​លិខិតជូនដំណឹងថា វ៉ាក់សាំងរបស់​មន្ទីរពិសោធន៍ AstraZeneca គឺអាចយកទៅចាក់បានតែទៅលើមនុស្ស ​អាយុក្រោម​៦៥ឆ្នាំទេ។ អ្នកជំនាញអាល្លឺម៉ង់ អះអាងថា គេសម្រេចបែបនេះ ដោយ​សារ គ្មានតួលេខច្រើនគ្រប់គ្រាន់ គួរឲ្យ​ទុកចិត្ត ស្តីពីប្រសិទ្ធិភាព​របស់វា ទៅលើមនុស្សវ័យចំណាស់  អាយុលើស​៦៥ឆ្នាំ។ តែយ៉ាងណា ខាងមន្ទីរពិសោធន៍ AstraZeneca គេបានប្រកែក ថាគេមានទិន្នន័យគ្រប់គ្រាន់ ធានាថា វ៉ាក់សាំងគេមានប្រសិទ្ធិភាព​ ទៅលើក្រុមមនុស្ស​អាយុលើស​ពី​៦៥ឆ្នាំ។

​វ៉ាក់សាំងរបស់ AstraZeneca ខាង​ទីភ្នាក់ងារឱសថអឺរ៉ុបមិនទាន់ ផ្តល់ភ្លើងខៀវ ឲ្យ​អាជ្ញាបណ្ណចែកចាយ​នៅឡើយទេ។ មន្ទីរពិសោធន៍នេះ បានដាក់ពាក្យសុំកាលពីថ្ងៃទី​១២មករា។ នៅរសៀលថ្ងៃទី​២៩មករា ទីភ្នាក់ងារឱសថអឺរ៉ុប នឹងធ្វើសន្និសីទកាសែត ពីទីក្រុង​អាំស្ទែរដាំ ដើម្បី​សម្រេចថាផ្តល់ ឬមិនផ្តល់អាជ្ញាបណ្ណចែកចាយ។ គិតត្រឹមពេលនេះ មានតែវ៉ាក់សាំង២ទេ គឺ របស់ Pfizer-BioNTech និងរបស់ Moderna ដែលគេបានផ្តល់អាជ្ញាបណ្ណ។

វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca ធ្លាប់ត្រូវគេសង្ឃឹមខ្លាំង ដោយសារតែវាមាន​គុណសម្បត្តិពិសេសមួយ គឺគេអារក្សាស្តុកទុកនៅក្នុងទឹកកកធម្មតា មិនចាំបាច់ដល់ទៅទូបង្កកធំៗ សីតុណ្ណហភាព -៨០°c អីទេ។ សម្រាប់ពេលនេះ យើងមិនអាចសន្និដ្ឋានថា ទីភ្នាក់ងារឱសថអឺរ៉ុប នឹងយល់ស្របតាម​ការយល់ឃើញរបស់​ គណកម្មការវ៉ាក់សាំងអាល្លឺម៉ង់ដែរ ឬ ក៏អត់ទេ។ តែបើតាមការប៉ាន់ស្មាន គឺគេអាច​ផ្តល់អាជ្ញាបណ្ណ តែ​គេអាចបន្ថែមនូវ​អនុសាសន៍រួមពីលើ ថាត្រូវយកវ៉ាក់សាំងនោះទៅប្រើរបៀបណា។

ផលិតមិនទាន់ ប្រគល់វ៉ាក់សាំងមិនគ្រប់ចំនួន​កំណត់

សហភាពអឺរ៉ុប បានបញ្ជាទិញវ៉ាក់សាំងរបស់មន្ទីរពិសោធន៍​AstraZeneca ប្រមាណជា​៤០០លានដូស ដើម្បីយកទៅចែកគ្នាតាមប្រទេសសមាជិក។ តែស្រាប់តែមន្ទីរ​ពិសោធន៍​នេះ បានជូន​ដំណឹង​កាលពីសប្តាហ៍មុនថា គេមិនអាចផលិត​ឲ្យ​គ្រប់ចំនួន​កំណត់ទេ ដោយ​សារតែមានបញ្ហាបច្ចេកទេស ​នៅទីតាំងផលិត​មួយ​កន្លែង ធ្វើ​ឲ្យ​ទិន្នផល​វ៉ាក់សាំងដែលផលិត​បាន មានការធ្លាក់ចុះ។ ពោលគឺក្នុងជំហានដំបូង AstraZeneca អាចប្រគល់វ៉ាក់សាំងមកឲ្យ​អឺរ៉ុប បានត្រឹមតែ​១ភាគ៤ នៃអ្វីដែល​បានកំណត់ទុកប៉ុណ្ណោះ។

សហភាពអឺរ៉ុប មិនសុខចិត្តនឹងការប្រែក្រឡាស់បែបនេះទេ។ ប្រទេសសមាជិកខ្លះ បានចោទថា មន្ទីរពិសោធន៍នេះ កំពុងតែបំពាននឹងខសន្យា ឬអាចចង់លេងខ្សែលើ ជាមួយ​អឺរ៉ុប។ មានមតិខ្លះលើកឡើងថា មន្ទីរពិសោធន៍នេះ អាចយកវ៉ាក់សាំងទៅលក់ឲ្យ​អ្នកផ្សេង ដែលឲ្យ​ថ្លៃជាង​ជាដើម។ សហភាពអឺរ៉ុប បានកោះហៅថ្នាក់ដឹកនាំ​មន្ទីរពិសោធន៍នេះ មក​ប្រជុំបន្ទាន់ភ្លាមៗ ដើម្បី​សួរនាំឲ្យ​ច្បាស់ ទាក់ទិននឹងការយឺតយ៉ាវនេះ។ ធម្មតាទេ មន្ទីរពិសោធន៍ បានធានាថាផលិតបានទំហំប៉ុននេះ ផ្តល់ឲ្យ​នៅកាលបរិច្ឆេទកំណត់មួយ​ តែដល់តែមក​ផ្លាស់ប្តូរវិញ បែបនេះ​ វាជារឿងមិនត្រឹមត្រូវឡើយ។

ដើម្បី​ដោះស្រាយបញ្ហា ខាងសហភាពអឺរ៉ុប បានទាមទារចុះទៅឆែកឆេរ ត្រួតពិនិត្យ នៅ​ទីតាំង​ផលិត​វ៉ាក់សាំងរបស់ AstraZeneca ដែលគេអះអាងថាមានបញ្ហាបច្ចេកទេសនោះ។ យោងតាម​ការជូនដំណឹងពីទីភ្នាក់ងារសហព័ន្ធបែ៊លហ្សិក គឺគេបានដកហូតយកឯកសារ និងទិន្នន័យជាច្រើន ពី​មន្ទីរពិសោធន៍​​AstraZeneca ដើម្បីយក​មក​ស្រាវជ្រាវ ថាពិតជាមានបញ្ហាបច្ចេកទេសមែនឬយ៉ាងណា។ ការងារនេះ កំពុងដំណើរការមិនទាន់ចប់ទេ!

ផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់​ប្រទេសអឺរ៉ុប ត្រូវប្រែប្រួល​

បញ្ហា​ប្រសិទ្ធិភាព និងការយឺតយ៉ាវក្នុងការផ្តល់ឲ្យ​នូវវ៉ាក់សាំងនេះ គឺវវាអាចមានផលប៉ះពាល់ខ្លាំងណាស់ ទៅដល់យុទ្ធនាការ​ចាក់វ៉ាក់សាំង នៅតាមប្រទេសទាំងនេះ។ ដូចយើងដឹង​ហើយ​ ប្រមាណមួយឆ្នាំមកហើយ ដែល​អឺរ៉ុប ជួបបញ្ហាដោយសារកូវីដ១៩ សេដ្ឋកិច្ចត្រូវរាំងស្ទះសឹងតែទាំងស្រុង។ ប្រជាជនអឺរ៉ុប មិនអាចបន្តអត់ទ្រាំ សំងំក្នុងផ្ទះ តទៅទៀតទេ។ ម្លោះហើយគេសង្ឃឹមយ៉ាងខ្លាំងទៅលើវ៉ាក់សាំង។ ប្រជាជន​បានដាក់សំពាធទៅលើរដ្ឋាភិបាល ថាត្រូវតែចាក់វ៉ាក់សាំងឲ្យ​បានលឿនបំផុត ដើម្បីអាចបើកប្រទេស បើកដំណើរការសេដ្ឋកិច្ច​ឡើងវិញ។

ប្រសិនបើវ៉ាក់សាំង របស់​AstraZeneca មិនមានប្រសិទ្ធិភាព ទៅលើមនុស្សចាស់អាយុលើសពី​៦៥ឆ្នាំមែន គឺមានន័យថា ប្រទេសអឺរ៉ុប ត្រូវតែរៀបចំសើរើឡើងវិញទាំងស្រុង នូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ព្រោះថាកន្លងមកនេះ គឺគេបាន​ផ្តោតអាទិភាព ចាក់ទៅលើមនុស្សចាស់មុនគេ ព្រោះគេគិតថា ងាយប្រឈមខ្លាំងនឹងកូវីដ។

បញ្ហាចោទចំបងមួយទៀត គឺ​ថាគេត្រូវចាក់ដូសទី២ នៅចន្លោះ៤ ទៅ ៦សប្តាហ៍ក្រោយ។ បញ្ហានេះ តោងគេរៀបចំ​កាលវិភាគចាក់ ឲ្យ​បានច្បាស់លាស់បំផុត ដើម្បី​គោរពរយៈពេលគំលាតនេះ​។ តែបើក្នុងករណី វ៉ាក់សាំងមានមិនគ្រប់ ផ្តល់ឲ្យ​មិនទាន់ថ្ងៃ​កំណត់ គឺវានឹងធ្វើ​ឲ្យ​ក្រឡាប់ចាក់កាលវិភាគ​ចាក់ដូសទី២។ ការចាក់លើកទី២នេះ បើចាំយូរពេក ក្រ​ចាក់ គឺវាអាចធ្វើឲ្យ​បាត់បង់គុណប្រយោជន៍ នៃវ៉ាក់សាំងដែលចាក់លើកទី១ទាំងស្រុងក៏ថាបានដែរ ពោលគឺវាធ្វើឲ្យ​ប៉ះពាល់ដល់​ប្រសិទ្ធិភាព នៃយុទ្ធនាការចាក់វ៉ាក់សាំងទាំងមូលតែម្តង។

រឿងវ៉ាក់សាំងយឺត ផលិតមិនទាន់នេះ មិនមែនតែ AstraZeneca មួយទេ។ មន្ទីរពិសោធន៍ Pfizer-BioNTech និង Moderna ក៏សុទ្ធតែបាន​ជូនដំណឹងថា នឹងមានការយឺតយ៉ាវដែរ។ ម្លោះហើយ ប្រទេសអឺរ៉ុប កំពុងតែភ័យជ្រួលច្របល់ខ្លាំងណាស់​ ខ្លាចក្រែងគ្មានវ៉ាក់សាំងគ្រប់គ្រាន់។

វ៉ាក់សាំងមិនសូវ​មានប្រសិទ្ធិភាព ជាមួយ​​កូវីដ​១៩ទម្រង់បំប្លែងខ្លួនថ្មីមកពីអាហ្វ្រិកខាងត្បូង

គេបារម្ភខ្លាចថា​ វ៉ាក់សាំងទប់មិនជាប់ជាមួយ​កូវីដ​បំប្លែងខ្លួន​ថ្មី។ មន្ទីរពិសោធន៍ Pfizer-BioNTech អះអាងថា វ៉ាក់សាំង​គេមានប្រសិទ្ធិភាពល្អ ទោះទម្រង់បំប្លែងខ្លួនមួយណាក៏ដោយ។ តែដោយឡែក មន្ទីរពិសោធន៍ Moderna លើកឡើងថា វ៉ាក់សាំងគេចុះអន់ប្រសិទ្ធិភាពបន្តិច ជាមួយ​នឹង​កូវីដទំរង់បំប្លែងខ្លួន​អាហ្វ្រិកខាងត្បូង។ Moderna អះអាងថាគេកំពុងស្រាវជ្រាវធ្វើវ៉ាក់សាំងថ្មីមួយទៀត។

ដោយ​ឡែក​កាលពីថ្ងៃទី​២៨មករា​ មន្ទីរពិសោធន៍នៅអាមេរិកមួយទៀត ឈ្មោះ Novavax បានអះអាងថាវ៉ាក់សាំងកូវីដ១៩របស់គេ មានប្រសិទ្ធិភាព​ប្រមាណ​៨៩.៣% ដោយយោងលើ​លទ្ធផលសាកល្បង​លើកទី​៣។ ក៏ប៉ុន្តែជាមួយ​នឹងកូវីដ​១៩ទម្រង់បំប្លែងខ្លួន​មកពី​អាហ្វ្រិកខាងត្បូងវិញ មន្ទីរពិសោធន៍នេះ លើកឡើងថា ប្រសិទ្ធិភាពចុះថយ។ គេនឹងស្រាវជ្រាវធ្វើវ៉ាក់សាំងថ្មីមួយ​ទៀតដែរ សម្រាប់កូវីដមកពីអាហ្វ្រិកខាងត្បូងនេះ។

ដូច្នេះយើងឃើញថា ការព្រួយបារម្ភនៅតែមានខ្លាំងណាស់ ជាពិសេសជាមួយ​កូវីដ​បំប្លែងខ្លួនថ្មីមកពី​អង់គ្លេស និងអាហ្វ្រិកខាងត្បូងនេះ។ អង្គការសុខភាព​ពិភពលោក ក៏ដូចជា​អាជ្ញាធរប្រទេសនៅអឺរ៉ុប បាន​អំពាវនាវថាត្រូវតែបន្តការប្រុងប្រយ័ត្ន ចាត់វិធានការ​ ទប់កូវីដទំរង់ថ្មីទាំងនេះ កុំឲ្យ​ឆ្លងរាលដាលច្រើនចូលមកអឺរ៉ុប។ បើទប់មិនជាប់ទេ គឺបញ្ហានេះគ្មានថ្ងៃចប់ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ