អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកំពុងផុយស្រួយ និងកំពុងទទួលរងការគំរាមកំហែង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ថ្ងៃ​ទី៦ មករា ឆ្នាំ ២០២១ អាច​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​អាមេរិក​គ្រប់រូប និង​គ្រប់​និន្នាការ​នយោបាយ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្រ្ត។ រូបភាព​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង គឺ​ការ​សម្រុក​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋសភា​របស់​ក្រុម​សកម្មជន​គាំទ្រ​ប្រធានាធិបតី​ចាញ់ឆ្នោត​លោក​ដូណាល់ ត្រាំ។ រឿងរ៉ាវ​មួយ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​សមាជិក​សភា​កំពុង​ពិនិត្យ និង​បោះឆ្នោត​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោក​ចូ បៃដិន​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ២០២០។ ហេតុការណ៍​នៅ​ក្នុង​វិមាន​រដ្ឋសភា​ក្នុង​ថ្ងៃទី៦ មករា​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ព្រោងព្រាត​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទូទាំង​ពិភពលោក។ មាន​ការ​កត់សម្គាល់​ចំនួន ២ចំណុច​នៅ​ក្រោយ​ហេតុការណ៍​នោះ ទី១ ភាព​ឯកោ​កាន់​តែ​ខ្លាំង​ឡើង​របស់​លោក​ត្រាំ និង​ភាព​ផុយស្រួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​វ័យ ២០០ឆ្នាំ​របស់​សហរដ្ឋអាមេរិក។

ក្រុម​អ្នកនាំគាំទ្រ​លោក​ដូណាល់​ ត្រាំ​ចូល​លុកលុយ​ចូល​វិមាន​រដ្ឋសភា​ថ្ងៃទី៦ មករា ២០២១
ក្រុម​អ្នកនាំគាំទ្រ​លោក​ដូណាល់​ ត្រាំ​ចូល​លុកលុយ​ចូល​វិមាន​រដ្ឋសភា​ថ្ងៃទី៦ មករា ២០២១ Alex Edelman AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រោយ​ហេតុការណ៍​ថ្ងៃទី៦ មករា លោក​ដូណាល់ ត្រាំ​ដែល​កំពុង​ឯកោ​ស្រាប់​កាន់​តែ​ឯកោ​ថែម​ទៀត។ ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​រូប​នេះ​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន ទោះ​បី​សភា​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ជ័យជម្នះ​ផ្លូវការ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​លោក​ចូ បៃដិន​ក៏​ដោយ។ អ្វី​ដែល​លោកត្រាំ​បាន​បញ្ជាក់​នៅ​ក្រោយ​ការ​បញ្ជាក់​របស់​សភា​ទាំង​ពីរ​ពី​ជ័យជម្នះ​ផ្លូវការ​របស់​លោក​ចូ បៃដិន គឺ​លោក​យល់ព្រម​ឲ្យ​មាន​ការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ។ នៅ​មុន​ហេតុការណ៍​ថ្ងៃទី៦ មករា ក្រុម​អ្នកសាធារណរដ្ឋ​ខ្លះ និយាយ​ជា​រួម និង​ក្រុម​មនុស្សជំនិត​ខ្លះ​របស់​លោក​ត្រាំ និយាយ​ដោយ​ឡែក​ហាក់​បាន​បន្ត​គាំទ្រ​លោក​ត្រាំ​ផ្កាប់មុខ ពិសេស​ក្នុង​រឿង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដែល​លោក​ត្រាំ​ថា​មាន​ការ​លួចបន្លំ​សន្លឹក​ឆ្នោត។

តែ​នៅ​ក្រោយ​ហេតុការណ៍​ថ្ងៃទី៦ មករា ពួក​គេ​បាន​ដោះដៃ​ចោល​លោក​ត្រាំ​ម្តង​ម្នាក់ៗ​ដោយ​ពួក​គេ​យល់​ថា អ្វី​ដែល​លោក​ត្រាំ​បាន​អំពាវនាវ​ឲ្យ​ក្រុម​សកម្មជន​របស់​លោក​ចុះ​ផ្លូវ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​រហូត​ចូលលុកលុយ​ប្រើ​អំពើហិង្សា​នៅ​ខាង​ក្នុង​វិមាន​រដ្ឋសភា គឺ​ជា​រឿង​ជ្រុលហួសហេតុ។ អ្នក​ដោះដៃ​ចោល​លោក​ត្រាំ​មុន​គេ គឺ​អនុប្រធានាធិបតី​លោក Mike Pence។ គឺ​លោក Pence ជា​អ្នក​បញ្ជា​ឲ្យ​ដាក់​កម្លាំងឆ្មាំជាតិ​ដើម្បី​ការពារ​វិមាន​រដ្ឋសភា ព្រោះ​តាម​ធម្មតា គឺ​លោក​ត្រាំ​ទេ​ដែល​ត្រូវ​បញ្ជា​ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​កងទ័ព។ បន្ទាប់​មក លោក Pence មិន​បាន​ស្តាប់​លោក​ត្រាំ​ដោយ​បាន​ប្រកាស​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​ចូ បៃដិន។

នៅ​ផ្ទៃក្នុង​រដ្ឋបាល​លោក​ត្រាំ មាន​មន្រ្តី​មួយ​ចំនួន​បាន​ប្រកាស​លា​ចុះ​ពី​តំណែង និង​ខ្លះ​ទៀត​កំពុង​ពិចារណា​ពី​ការ​ចុះ​ចេញ​ពី​តំណែង​នៅ​ក្រោយ​ហេតុការណ៍​ថ្ងៃទី៦ មករា។ ជាក់ស្តែង ទីប្រឹក្សា​ចំនួន ២នាក់​របស់​ប្រពន្ធ​លោក​ត្រាំ​បាន​លា​ពី​តំណែង​ក្នុង​ថ្ងៃ​ពុធ ទី៦ មករា ហើយ​បើ​តាម​សារព័ត៌មាន​អាមេរិក ទីប្រឹក្សាសន្តិសុខជាតិ​លោក Robert O’Brien និង​លោក Matt Pottinger ដែល​ជា​ទីប្រឹក្សាសន្តិសុខជាតិ​រង​កំពុង​ពិចារណា​ពី​ការ​លា​ចេញ​ពី​តំណែង។ ទន្ទឹម​គ្នា​នេះ មន្រ្តី​ផ្សេង​ទៀត​សឹង​តែ​ទាំង​អស់​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​បរិហារ និង​ថ្កោលទោស​លើ​អំពើ​ហិង្សា​នៅ​ក្នុង​វិមាន​រដ្ឋសភា។

អ្វី​ទៅ​ជា​វិសោធនកម្មទី២៥ ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក?

នៅ​ក្នុង​ករណី​ដែល​ប្រធានាធិបតី​កំពុង​កាន់​អំណាច​គ្មាន​កាយសម្បទា និង​គ្មាន​សមត្ថភាព​ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេស គេ​ប្រើ​វិសោធនកម្មទី២៥ ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​អំណាច​ពី​ប្រធានាធិបតី និង​ប្រគល់​អំណាច​នេះ​ទៅ​ឲ្យ​អនុប្រធានាធិបតី។ បើ​យោង​តាម​កាណាល់ទូរទស្សន៍​មួយ​ចំនួន​ដូច​ជា CNN CBS និង ABC ក្រុម​រដ្ឋមន្រ្តី​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ​កំពុង​ជជែក​ពី​លទ្ធភាព​ដក​អំណាច​ពី​លោក​ត្រាំ​ដោយ​ប្រើ​វិសោធនកម្មទី២៥ ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក។ តែ​បើ​តាម​ទូរទស្សន៍ CBS នៅ​មិន​ទាន់​មាន​សំណើ​ណា​មួយ​បាន​ផ្ញើ​ទៅ​កាន់​អនុប្រធានាធិបតី​លោក Mike Pence នៅ​ឡើយ​ទេ។

ចំណែក​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៃ​គណៈកម្មការ​ច្បាប់​នៅ​ក្នុង​សភា​ក៏​បាន​លើក​ឡើង​ពី​វិសោធនកម្មទី២៥ ក្នុង​រដ្ឋធម្មនុញ្ញ​ដោយ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក Mike Pence ដើម្បី​ស្នើ​ឲ្យ​លោក Pence ប្រើ​វិសោធនកម្មទី២៥ ក្នុង​រដ្ឋធម្មនុញ្ញ​ក្នុង​ប្រយោជន៍​លទ្ធិប្រជាធិបតេយ្យ។ នៅ​ក្នុង​លិខិត ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៃ​គណៈកម្មការ​ច្បាប់​នៅ​ក្នុង​សភា​បាន​លើក​ឡើង​ពី​ជំងឺ​ផ្លូវចិត្ត និង​អសមត្ថភាព​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេស ទោះបី​ជា​លោក​ត្រាំ​ត្រូវ​គ្រប់គ្រង​តែ ១៣ថ្ងៃ​ទៀត​ក៏​ដោយ។ ទន្ទឹម​គ្នា​នេះ មាន​ការ​អំពាវនាវ​កាន់​តែ​ច្រើន​ឡើងៗ​ឲ្យ​លោក​ត្រាំ​លា​ចុះ​ចេញ​ពី​តំណែង។

ប្រធានាធិបតី​ថ្មី​លោក​ចូ បៃដិន​ត្រូវ​ស្រោចស្រង់​ស្ថានការណ៍​ជា​បន្ទាន់

តិច ឬ​ច្រើន ហេតុការណ៍​នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី៦ មករា​នឹង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​អាមេរិក​ផុយស្រួយ និង​រង​ការ​គំរាមកំហែង។ មែនទែន​ទៅ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​វិមាន​រដ្ឋសភា​គ្រាន់​ជា​ហេតុការណ៍​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​ជា​ច្រើន​ផ្សេង​ទៀត​នៃ​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ។ ក្នុង​អាណត្តិ ៤ឆ្នាំ​របស់​លោក​ត្រាំ សហរដ្ឋអាមេរិក​បាន​បាត់បង់​កេរ្តិ៍ឈ្មោះ និង​ឥទ្ធិពល​មិន​តិច​ទេ​នៅ​លើ​ឆាកអន្តរជាតិ។ ចំណែក​នៅ​ក្នុង​ស្រុក​វិញ ការ​បែកបាក់ និង​ការ​ប្រេះឆារ​ផ្ទៃក្នុង​មាន​យ៉ាង​ជ្រៅ​ជាង​ពេល​ណាៗ​ទាំង​អស់។ លោក​ត្រាំ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានាធិបតី​អាមេរិក​ដែល​ញុះញង់ និង​ចាប់​ពលរដ្ឋ​អាមេរិក​ឲ្យ​ប្រឈម​មុខ​ដាក់​គ្នា។

ការ​វាយលុក​ចូល​វិមាន​រដ្ឋសភា​របស់​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គេ​ធ្លាប់​ឃើញ​កើត​មាន​នៅ​ក្នុង​ប្រទេស​កាន់​អំណាច​ផ្តាច់ការ​មួយ​ចំនួន។ តែ​គ្មាន​អ្នក​ណា​ជឿ​ឡើយ​ថា ព្រឹត្តិការណ៍​មួយ​នេះ​អាច​កើត​មាន​នៅ​សហរដ្ឋអាមេរិក​ដែល​ជា​បិតា និង​ជា​គំរូ​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ពិភពលោក។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្រោយ​ហេតុការណ៍​នោះ​មក មាន​ប្រតិកម្ម​បរិហារ ថ្កោលទោស​ផង និង​ប្រតិកម្ម​ឌឺដង​ផង។ ប្រតិកម្ម​បរិហារ និង​ថ្កោលទោស​មាន​ពី​ក្រុម​ប្រទេស​បស្ចិមលោក​ដែល​នៅ​តែ​មាន​ជំនឿ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​អាមេរិក ដូច​ជា​អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អូស្រា្តលី រួម​ទាំង​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ និង​អង្គការ​អូតង់។

ចំណែក​ប្រតិកម្ម​ឌឺដង​មាន​ពិសេស​ពី​សត្រូវ និង​គូប្រជែង​របស់​សហរដ្ឋអាមេរិក។ ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​ថា លទ្ធិប្រជាធិបតេយ្យ​បស្ចិមលោក​កំពុង​ផុយស្រួយ និង​ងាយ​រងគ្រោះ។ ចំណែក​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​រុស្ស៊ី​នៅ​ព្រឹទ្ធសភា​បាន​ថ្លែង​ថា ទិវា​ប្រជាធិបតេយ្យ​បាន​បិទបញ្ចប់ ព្រោះ​វា​បាន​ឡើង​ទល់​ដំបូល​ហើយ។ ចង់​ឬ មិន​ចង់ លទ្ធិប្រជាធិបតេយ្យ​វ័យ ២០០ឆ្នាំ​របស់​សហរដ្ឋអាមេរិក​កំពុង​ផុយស្រួយ​ដែល​ប្រធានាធិបតី​ថ្មី​លោក​ចូ បៃដិន​ត្រូវ​ស្រោចស្រង់​ជា​បន្ទាន់។ បើ​មិន​ដូច្នេះ​ទេ សម្តី​របស់​បិតា និង​គំរូ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក​នឹង​លែង​មាន​អ្នក​ណា​ស្តាប់ លែង​មាន​អ្នក​ណា​យក​ធ្វើ​ជា​មេរៀន និង​មិន​អាច​បង្ខំ​អ្នក​ណា​មួយ​ឲ្យ​យក​ធ្វើ​គំរូ​តាម​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ