អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេសបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍ AstraZeneca/Oxford

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៣០ ធ្នូ​នេះ រដ្ឋាភិបាល​អង់គ្លេស​បាន​យល់ព្រម​តាម​អនុសាសន៍​របស់​ទីភ្នាក់ងារ​ឱសថ​ឲ្យ​ប្រើ​វ៉ាក់សាំងបង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍ AstraZeneca/Oxford។ ការ​យល់ព្រម​នេះ​បាន​ធ្វើ​ឲ្យ​អង់គ្លេស​ក្លាយ​ជា​ប្រទេស​ប្រើ​វ៉ាក់សាំងបង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍ AstraZeneca/Oxford ដំបូង​គេ បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer/BioNTech។ ដោយឡែក ក្នុង​ថ្ងៃ​ដែល​អង់គ្លេស​បាន​យល់ព្រម​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​AstraZeneca/Oxford មន្ទីរពិសោធន៍​មួយ​របស់​ចិន​ឈ្មោះ Sinopharm បាន​ប្រកាស​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ខ្លួន​មាន​ប្រសិទ្ធិភាព​ជាង ៧៩%។

អង់គ្លេសបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍ AstraZeneca/Oxford
អង់គ្លេសបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍ AstraZeneca/Oxford AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរ AstraZeneca/Oxford មាន​ភាព​ងាយស្រួល​ទុក​ដាក់ និង​មាន​តម្លៃ​ថោក​សមរម្យ។ ងាយស្រួល​ទុក​ដាក់ ព្រោះ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ AstraZeneca/Oxfordអាច​រក្សា​ទុក​នៅ​ក្នុង​ទូរទឹកកក​ធម្មតា​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី ២ ទៅ ៨អង្សារ។ គឺ​ខុស​ឆ្ងាយ​ពី​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer/BioNTechដែល​គេ​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ទូរបង្កក​ដែល​មាន​សីតុណ្ហភាព​ដល់​ទៅ -៧០អង្សារ​ក្រោម​សូន្យ និង -២០អង្សារ​ក្រោម​សូន្យ​សម្រាប់​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Moderna។ និយាយ​ពី​តម្លៃ​វិញ វ៉ាក់សាំង​របស់ AstraZeneca/Oxfordមាន​តម្លៃ​ក្នុង​រង្វង់​តែ ២អឺរ៉ូ​កន្លះ​ប៉ុណ្ណោះ​ក្នុង​មួយ​ដូស។ ចំណែក​វ៉ាក់សាំង​របស់​ Pfizer/BioNTechមាន​តម្លៃ​ប្រមាណ ១៧អឺរ៉ូ​ក្នុង​មួយ​ដូស និង​មាន​តម្លៃ​ដល់​ទៅ​ជាង ៣០អឺរ៉ូ​ក្នុង​មួយ​ដូស​សម្រាប់​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Moderna។

ទាក់ទង​នឹង​ប្រសិទ្ធិភាព។ ខណៈ​ដែល​មន្ទីរពិសោធន៍ Pfizer/BioNTechបាន​ប្រកាស​ពី​ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ខ្លួន​ចំនួន ៩៥% និង ៩៤,១% សម្រាប់​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Modernaមន្ទីរពិសោធន៍ AstraZeneca/Oxford បាន​ប្រកាស​ត្រឹម ៧០%។ តែ​បាន​បញ្ជាក់​ថា ប្រសិទ្ធិភាព​របស់​វា​អាច​ឡើង​ដល់ ១០០% ជាមួយ​នឹង​ការ​ចាក់​ចំនួន ២ដូស។ ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់ AstraZeneca/Oxford នេះ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ទស្សនាវដ្តី​វិទ្យសាស្រ្ត The Lancet ដែរ។ លើស​ពី​នេះ AstraZeneca/Oxford បាន​ប្រកាស​ថា វ៉ាក់សាំង​របស់​ខ្លួន​មិន​ត្រឹម​បង្ការ​មេរោគ​កូវីដ១៩ ធម្មតា​មួយ​គត់​ទេ តែ​ក៏​​អាច​បង្ការ​មេរោគ​កូវីដ១៩ បំប្លែងខ្លួន​ដែរ។

មេរោគកូវីដ១៩ បំប្លែង​ខ្លួន​ដែល​មាន​ប្រភព​ក្នុង​ប្រទេស​អង់គ្លេស និង​កំពុង​ឆ្លង​រាលដាល​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប អាស៊ី និង​នៅ​អាមេរិក។ រដ្ឋាភិបាល​អង់គ្លេស​បាន​កម្ម៉ង់ទិញ​វ៉ាក់សាំង​របស់ AstraZeneca/Oxfordចំនួន ១០០លានដូស ក្នុង​នោះ​មាន ៤០លានដូស​នឹង​ទទួល​បាន​ពី​ពេល​នេះ​ទៅ​ខែ​មីនា ឆ្នាំ ២០២១។ មន្ទីរពិសោធន៍ AstraZeneca/Oxfordបាន​ធានា​ថា ខ្លួន​អាច​ផលិត​វ៉ាក់សាំង​បាន​ប្រមាណ ៣ ០០០លានដូស​សម្រាប់​តម្រូវការ​ពិភពលោក​នៅ​ឆ្នាំ ២០២១។

វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផលិត​ដោយ​ចិន​មាន​ប្រសិទ្ធិភាព ៧៩,៣៤%

បន្ទាប់​ពី​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​នៅ​បស្ចិមលោក មន្ទីរពិសោធន៍​ចិន​ឈ្មោះ Sinopharm បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី៣០ ធ្នូ​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ខ្លួន​មាន​ប្រសិទ្ធិភាព ៧៩,៣៤%។ គួរ​បញ្ជាក់​ថា ចិន​បាន​ខ្នះខ្នែង ស្រាវជ្រាវ​ស្វែង​រក​វ៉ាក់សាំង​បង្ការ​កូវីដ១៩ តាំង​ពី​ដំបូង​ទី​ដោយ​បាន​ចាយ​លុយ​យ៉ាង​ច្រើន​សម្បើម។ មាន​មន្ទីរពិសោធន៍​ចិន​ប្រមាណ​ជា ១៥មន្ទីរពិសោធន៍​បាន​ចូលរួម​ប្រកួតប្រជែង​រក​វ៉ាក់សាំង។ តែ​មក​ទល់​ពេល​នេះ មាន​តែ​មន្ទីរពិសោធន៍​ចំនួន ៥ គត់​ដែល​បាន​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ក្នុង​ដំណាក់ការ​ចុង​ក្រោយ​ដោយ​ចាក់​លើ​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់។

Sinopharm ជា​មន្ទីរពិសោធន៍​ទី១ របស់​ចិន​ដែល​បាន​ប្រកាស​ពី​ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​កម្រិត ៧៩,៣៤%។ អត្រា​ប្រសិទ្ធិភាព​នេះ​នៅ​ទាប បើ​ធៀប​នឹង​វ៉ាក់សាំង​របស់​Pfizer/BioNTechឬ Moderna។ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ចិន​ណា​មួយ​ត្រូវ​បាន​ទីភ្នាក់ងារ​ឱសថ​ចិន​អនុញ្ញាត​ឲ្យ​ប្រើ និង​ដាក់​លក់​ជា​សាធារណៈ​ទេ។ តែ​នា​រដូវ​ក្រៅ​កន្លង​ទៅ រដ្ឋអំណាច​ក្រុង​ប៉េកាំង​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ចិន​នៅ​ក្នុង​ករណី​បន្ទាន់​ចាំ​បាច់ ដូច​ជា​ចាក់​លើ​បុគ្គលិក​សុខាភិបាល អ្នក​ប្រកប​មុខរបរ​មាន​ហានិភ័យ ឬ​មួយ​ក៏​សិស្ស និស្សិត និង​មន្រ្តី​ការទូត​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បរទេស។ គិត​ជា​សរុប​មក​ទល់​ពេល​នេះ ចិន​បាន​ប្រើ​វ៉ាក់សាំង​ខ្លួន​ចាក់​ទៅ​លើ​ពលរដ្ឋ​ខ្លួន​យ៉ាង​តិច ១លាននាក់។

ចិន​​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ខ្លួន​ជា​ទ្រព្យ​សាធារណៈ

បេក្ខជន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ប្រទេស​ណា​ក៏​ចង់​ចេញ​វ៉ាក់សាំង​របស់​ខ្លួន​ឲ្យ​បាន​មុន​គេ មុន​ឯង​ដែរ។ តែ​បើ​ចេញ​មក​ហើយ​ស្រាប់​តែ​ប្រើ​មិន​កើត មាន​បញ្ហា និង​គ្មាន​ប្រសិទ្ធិភាព​ដូច​ដែល​បាន​សង្ឃឹម​ទុក​ក៏​វា​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ លោក Zheng Zhongwei មន្រ្តី​ក្រសួង​សុខាភិបាល​ចិន​ទទួល​បន្ទុក​វ៉ាក់សាំង​ដែល​គេ​ដាក់​នាម​ជា​លោក​វ៉ាក់សាំង​បាន​គូសបញ្ជាក់​ថា ចិន​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដោយ​គោរព​វិធានការ​វិទ្យាសាស្រ្ត និង​ធានា​ថា លទ្ធផល​តេស្តិ៍​របស់​វ៉ាក់សាំង​នីមួយៗ​ពិត​ជា​បាន​ឆ្លើយ​តប​តាម​ស្តង់ដារ​ត្រឹមត្រូវ។ តាម​លោក Zheng បញ្ហា​មិនមែន​ស្ថិត​នៅ​លើ​រឿង​យឺត ឬ​លឿន​ទេ។

មែនទែន​ទៅ ចិន​ហាក់​ដូច​ជា​មិន​ត្រូវ​ការ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ យ៉ាង​តក់ក្រហល់​ដូច​ប្រទេស​មួយ​ចំនួន​ទេ ព្រោះ​ថា​សព្វថ្ងៃ​នេះ រដ្ឋអំណាច​ក្រុង​ប៉េកាំង​កំចាត់​បាន និង​គ្រប់គ្រង​ជំងឺ​កូវីដ១៩ បាន​ល្អ។ ចិន​ក៏​នៅ​មិន​ទាន់​មាន​គម្រោង​នាំ​ចេញ​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​បស្ចិមលោក​ដែរ។ គឺ​នៅ​អាស៊ី អាហ្រ្វិក និង​នៅ​អាមេរិកខាងជើង​ដែល​ចិន​អាច​នាំ​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​មុន​គេ។ រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​សន្យា​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ផលិត​ដោយ​មន្ទីរពិសោធន៍​ចិន​ជា​ទ្រព្យ​សាធារណៈ​ដែល​ចិន​នឹង​លក់​ក្នុង​តម្លៃ​ថោក និង​អាច​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ