អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​រកឃើញ​ករណី​មេរោគ​កូវីដ​​១៩​បំប្លែងខ្លួន ខណៈ​​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ត្រៀម​ចាប់ផ្តើម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅបារាំង អាជ្ញាធរសុខាភិបាល បានប្រកាសនៅថ្ងៃសៅរ៍ ទី​២៦ធ្នូថា គេបានរកឃើញករណីដំបូងគេ ដែល​បុរស​ម្នាក់មានផ្ទុក​មេរោគ​ជំងឺកូវីដ១៩ ទំរង់ថ្មី ដែលវាបានបំប្លែងខ្លួនពីទំរង់ដើម។ កូវីដ១៩បំប្លែងខ្លួនថ្មីនេះ ត្រូវបាន​គេរកឃើញ នៅប្រទេសអង់គ្លេស ហើយ​បានបណ្តាល​ឲ្យ​មានការព្រួយ​បារម្ភយ៉ាងខ្លាំង ដោយគេសង្ស័យថា​ វាមានកម្លាំងឆ្លងរាលដាលខ្លាំងជាងមេរោគដើម។ ទន្ទឹមនឹងនេះដែរ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវបាន​គេ​ដឹកចែកចាយទៅដល់បារាំង និងប្រទេសសហភាព​អឺរ៉ុបផ្សេងទៀតហើយ នៅព្រឹកថ្ងៃសៅរ៍នេះ ដោយ​យុទ្ធនាការចាក់ នឹងចាប់ផ្តើមធ្វើនៅថ្ងៃអាទិត្យ។

លោក Olivier Veran រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបារាំង ឆ្លើយ​សំណួរអ្នកកាសែត ស្តីពីស្តុកទុក និងចែកចាយ​វ៉ាក់សាំងកូវីដ១៩ នៅពីខាងមុខទូបង្កកធំ ដែលត្រៀមចាំ​ទទួល​វ៉ាក់សាំង របស់ Pfizer-BioNTech។ ថ្ងៃទី ២២ ធ្នូ ២០២០
លោក Olivier Veran រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបារាំង ឆ្លើយ​សំណួរអ្នកកាសែត ស្តីពីស្តុកទុក និងចែកចាយ​វ៉ាក់សាំងកូវីដ១៩ នៅពីខាងមុខទូបង្កកធំ ដែលត្រៀមចាំ​ទទួល​វ៉ាក់សាំង របស់ Pfizer-BioNTech។ ថ្ងៃទី ២២ ធ្នូ ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

មានករណីបុរសម្នាក់ នៅទីក្រុង Tours ភាគកណ្តាលប្រទេសបារាំង ​មាន​ផ្ទុកមេរោគជម្ងឺកូវីដ១៩ ដែលមានទំរង់បំប្លែងខ្លួនថ្មី។ នេះបើផ្អែក តាមការជូនដំណឹងផ្លូវការ ពីក្រសួងសុខាភិបាលបារាំង នៅព្រឹកថ្ងៃសៅរ៍នេះ។ ប្រភពដដែលនេះ បញ្ជាក់ថា បុរសនោះគឺជាជនជាតិបារាំង តែរស់នៅប្រទេសអង់គ្លេស។ បុរសនេះ បានធ្វើដំណើរពីទីក្រុងឡុង ត្រលប់មកបារាំងវិញ កាលពីថ្ងៃទី​១៩ធ្នូ។ មកដល់បាន​២ថ្ងៃ ក៏ធ្លាក់ខ្លួនឈឺ ហើយ​ត្រូវបាន​គេយកទៅព្យាបាល និងតាមដាន នៅមន្ទីរពេទ្យ។ បច្ចុប្បន្ន​ បុរសនេះ មិនមានអាការៈជម្ងឺទៀតទេ តែត្រូវបាន​គេតម្រូវ​ឲ្យ​សំងំ ធ្វើចត្តាឡីស័ក​ក្នុងផ្ទះ យ៉ាងម៉ដ្ឋចត់បំផុត។

ឥឡូវនេះ អាជ្ញាធរសុខាភិបាលបារាំង កំពុងតែស្វែងរក បុគ្គលិកពេទ្យ និង​មនុស្សទាំងអស់ ដែលបាន​​ជួប​ប្រាស្រ័យ ប៉ះពាល់ ជាមួយ​បុរសនោះ ដើម្បី​តាមដាន​ធ្វើតេស្ត និងដាក់ឲ្យ​នៅដាច់​ដោយឡែក ធ្វើយ៉ាងណា ទប់​ស្កាត់ឲ្យ​បាន កុំឲ្យ​កូវីដ​១៩ទម្រង់បំប្លែងខ្លួនថ្មីនេះ អាចឆ្លងរាលដាលបាន។

កូវីដ១៩បំប្លែងខ្លួនថ្មីនេះ ត្រូវបាន​អាជ្ញាធរសុខាភិបាលអង់គ្លេស ប្រកាសរកឃើញ នៅថ្ងៃអាទិត្យទី​២០ធ្នូ ហើយភា្លមៗនោះ ប្រទេសអឺរ៉ុបបាននាំគ្នា ប្រកាសបិទព្រំដែន​ជាមួយ​អង់គ្លេសទាំងស្រុងតែម្តង។ កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រីសុខាភិបាលបារាំង បានលើកឡើងថា វាអាចទៅរួច ដែល​ថា កូវីដ១៩​ទំរង់ថ្មី​នេះ វាបានមានវត្តមាន​នៅ​បារាំង តាំងតែពីមុន​ពេល​ គេបិទព្រំដែន​ចេញចូល​ ជាមួយ​អង់គ្លេសទៅទៀត។ ឥឡូវ​ជាក់ស្តែង គឺពិតមែន បុរសករណីទីមួយ​ដែលគេរកឃើញ​នៅបារាំងនេះ គឺបានមកដល់បារាំងនៅថ្ងៃទី​១៩ធ្នូ​។ ដូច្នេះវាអាចមានករណីដូចគ្នានេះផ្សេងទៀត។ ហើយមិនមែននៅតែបារាំងទេ នៅអាល្លឺម៉ង់ គេក៏បានរកឃើញ​​ករណីស្រ្តីម្នាក់ ធ្វើដំណើរមកពីទីក្រុងឡុង មានផ្ទុកមេរោគកូវីដ​១៩ទំរង់បំប្លែងខ្លួននេះដែរ។ ករណីដូចគ្នាមួយទៀត គឺនៅទីក្រុងបេរូត ប្រទេសលីបង់។

កូវីដ​១៩​ទំរង់ថ្មី អាចមានកម្លាំងឆ្លងរាលដាលច្រើន តែមិនប្រាកដអាចធ្វើប៉ះពាល់ដល់ប្រសិទ្ធិភាពវ៉ាក់សាំង

បើនិយាយ​ពីកម្លាំងនៃការឆ្លងរាលដាល យោងតាមអ្នកការសិក្សាមួយចំនួន​ធំនៅអង់គ្លេស គឺ​កូវីដ​​១៩​ទំរង់បំប្លែងខ្លួនថ្មីនេះ មានកម្លាំងឆ្លងរាលដាលខ្លាំងជាងទម្រង់ដើម ខ្ទង់ប្រហែលចន្លោះ​ ពី​​ ៥០% ទៅ​​ ៧៤%។ កម្រិតនេះ គឺខ្លាំងក្រែល ដែលវាអាចធ្វើឲ្យ​ចំនួន​អ្នកឆ្លងតៗគ្នា មានកាន់តែច្រើន ក្នុងពេល​ដ៏ឆាប់រហ័ស។ មនុស្សឆ្លងកាន់តែច្រើន វាមានន័យថា អ្នកជំងឺដែលប្រឈមនឹងការឈឺធ្ងន់ ក៏វាអាចកើនឡើងច្រើនដែរ។ តែយ៉ាងណាក៏ដោយ មិនមាន​ការស្រាវជ្រាវណាមួយ ដែលបញ្ជាក់ឲ្យ​ច្បាស់ ថា​មេរោគកូវីដ​១៩បំប្លែងខ្លួនថ្មីនេះ វាអាចបង្កឲ្យ​អ្នកជំងឺ ធ្លាក់ខ្លួន​ឈឺធ្ងន់ខ្លាំង ជាងអាទំរង់ដើមនោះទេ។

ទាក់ទិនទៅនឹង​ ការប៉ះពាល់ ដល់ប្រសិទ្ធិភាព នៃ​វ៉ាក់សាំងវិញ លោកស្រី Emer Cooke អគ្គនាយក​ទីភ្នាក់ងារឱសថអឺរ៉ុប បាន​លើកឡើងថា ​គិត​មកទល់ពេលនេះ គឺមិនមានអ្នកជំនាញ ឬការស្រាវជ្រាវណាមួយ​ បញ្ជាក់ឲ្យ​​ច្បាស់ប្រាកដនោះទេ។ វាមានតែមតិ​ព្រួយបារម្ភ។

ដោយឡែក អ្នកជំនាញវិទ្យាសាស្រ្ត​ខ្លះ​​អះអាងថា មេរោគវាអាចបំប្លែងខ្លួន ផ្លាស់ប្តូរទំរង់បន្តិចបន្តួច វាជារឿងធម្មតាទេ មេរោគណាក៏​អាចបំប្លែងខ្លួនដែរ នៅពេល​​ណាវាឆ្លងតពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ តែអ្វីដែលសំខាន់ គឺវ៉ាក់សាំងដែល​នឹងទៅជំរុញ បង្កើតប្រព័ន្ធអង់ទីក័រ ដើម្បី​មកទប់នឹង​មេរោគ បើទោះបីជាវាមានទំរងប្រែប្រួលខុសពីមុនបន្តិចក្តី។

យ៉ាងណាមិញ លោក Ugur Sahin អគ្គនាយក​មន្ទីរពិសោធន៍ឱសថ BioNTech បានលើកឡើងថា​ វ៉ាក់សាំងដែលមន្ទីរពិសោធន៍លោក បាន​សហការផលិត​ជាមួយ​មន្ទីរពិសោធន៍ Pfizer គឺមាន​​ទំរង់តាម​បច្ចេកទេស​ ARN ហើយ​មានផ្សំដោយ អាស៊ីដ​អាមីណេ ចំនួន១០០០មុខ ដោយក្នុង​ចំណោម​នេះ​ មានតែ៩តែប៉ុណ្ណោះ ដែលអាចបំប្លែងខ្លួនបាន។ ដូច្នេះមានន័យថា ៩៩% នៃ ប្រូតេអ៊ីន ដែលនៅក្នុងវ៉ាក់សាំង គឺនៅតែមានទំរង់ដូចដើមដដែលទេ។ លោកបានធានាថា វ៉ាក់សាំង​របស់មន្ទីរពិសោធន៍ នឹងនៅតែរក្សា​ប្រសិទ្ធិភាពខ្ពស់ បើទោះបី​ជាមួយ​នឹង​កូវីដ​១៩ទំរង់បំប្លែង​ខ្លួនថ្មីក៏ដោយ។ ហើយ​បើក្នុងករណី​មេរោគនេះ កាន់តែបំប្លែងខ្លួន​ប្លែក​ខ្លាំងឡើង លោកបានធានាថា មន្ទីរពិសោធន៍លោក អាចផលិតវ៉ាក់សាំងថ្មីបាន ដោយត្រូវការពេល​តែ​៦សប្តាហ៍តែ​ប៉ុណ្ណោះ។

បារាំង និងប្រទេសអឺរ៉ុបឯទៀត ទទួល​បានវ៉ាក់សាំង ដើម្បី​បើកយុទ្ធនាការចាក់

វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ BioNTech​ និង Pfizer ចំនួន​១៩៥០០ដូស ដំបូងគេបង្អស់ បានដឹកមកដល់ប្រទេសបារាំងហើយ ចេញ​ពី​ទីតាំងផលិត ដែលស្ថិតនៅក្នុងប្រទេសបែលហ្ស៊ិក។ ​វ៉ាក់សាំង​ត្រូវបាន​គេដឹក​មក​ដល់ មន្ទីរឱសថស្ថានធំរបស់មន្ទីរពេទ្យ​ក្រុង​ប៉ារីស នៅព្រឹកថ្ងៃសៅរ៍នេះ។ ចំណែកចំនួនដូសផ្សេងទៀត កំពុងតែ​បន្តដំណើរ ទៅ​តាមទីក្រុងធំៗផ្សេងទៀត។ ការដឹកជញ្ជូន បានធ្វើទៅ​ដោយ​មានការ​ហែរហម ដោយកងកម្លាំងការពារសន្តិសុខ យ៉ាងម៉ដ្ឋចត់បំផុត ហើយ​វាគឺជា​ការដឹកជញ្ជូន ដែលមានលក្ខណៈបច្ចេកទេសស្មុគស្មាញណាស់ដែរ​ ព្រោះថា ថ្នាំវ៉ាក់សាំងនេះ ត្រូវតែទុកក្នុងទូបង្កកធំៗ ក្នុងសីតុណ្ហភាព -៨០°c។

យុទ្ធនាការចាក់ នឹងចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃអាទិត្យទី​២៧ធ្នូ នៅមន្ទីរពេទ្យ​ René-Muret ក្នុងតំបន់​ Sevran ភាគខាងជើងក្រុងប៉ារីស ដោយចាក់ទៅលើ មនុស្ស​ចាស់ជរាដែលស្នាក់នៅព្យាបាល​នៅទីនោះ និងយ៉ាងហោច ចាក់ទៅលើ​ បុគ្គលិកពេទ្យ​ម្នាក់ ជានិម្មិតរូប។ ទីតាំងចាក់វ៉ាក់សាំងនេះមួយទៀត នៅថ្ងៃអាទិត្យ​ គឺនៅ​មន្ទីរពេទ្យ​ក្រុង Dijon។ ចំណែក មនុស្សចាស់នៅតាមមណ្ឌលចាស់ជរា គឺគេនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់ នៅដើមឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងនេះ ត្រូវការ​តាមការរៀបចំកាលវិភាគ ឲ្យ​បានច្បាស់លាស់ណាាស់ ដោយ​សារទីមួយ គ្រប់ទីតាំងគឺមិនមានទូបង្កកធំៗ ដើម្បីរក្សាសីតុណ្ហភាព-៨០°c ទេ។ ទី២ គឺថា វ៉ាក់សាំងនេះ ក្នុង​មួយ​ដប​ហ្វ្លាកុង គឺមាន​៥ដូស ហើយ​តែកាលណាបើកវាហើយ គឺអាចរក្សាទុកបានតែ​៥ថ្ងៃទេ ក្នុងសីតុណ្ហភាព​ ពី ២ទៅ៨°c។ ផុតពីនេះ គឺសាបលែងមានប្រសិទ្ធិភាពហើយ។ ដូច្នេះ គេត្រូវ​រៀបចំកាលវិភាគ កំណត់ចំនួន​មនុស្ស​ ដែលត្រូវចាក់ ឲ្យ​បានច្បាស់បំផុត ដើម្បីចៀសវៀង កុំឲ្យ​សល់វ៉ាក់សាំងដែលបើកហើយ ទុកឲ្យ​ខូចចោល។ លោក Franck Huet ប្រធានផ្នែកឱសថដ្ឋាននៃ​មន្ទីរពេទ្យ​ក្រុង​ប៉ារីស បានបញ្ជាក់ថា កាលវិភាគចាក់ គឺគេកំណត់នៅរៀងរាល់ចុងសប្តាហ៍ម្តង មុននឹងសម្រេចផ្ញើវ៉ាក់សាំង ចេញពីទីតាំងដែលមានទូបង្កកធំ យកចេញ​ទៅ​ដល់ទីតាំងចាក់ បើកដបហើយរក្សាទុកក្នុងទូទឹកកកធម្មតា រយៈពេល៥ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ