អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​​​G20៖ អ.ស.ប.អំពាវនាវ​ឱ្យ​លុប​ចោល​បំណុល​ពីប្រទេស​​ក្រីក្រ​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសោរ៍ ទី២១ វិច្ឆិកា​​ ប្រទេស​មហាសេដ្ឋីប្រេង​​ ​អារ៉ាប៊ីសាអូឌីត ​ធ្វើ​ជា​ម្ចាស់ផ្ទះ លើកទី១ ​រៀបចំ​ជំនួបកំពូល G២០។ កូវីដ១៩ ជា​ប្រធានបទ​ស្នូល​ជំនួបកំពូល​តាម​អនឡាញ​រយៈពេល ២ថ្ងៃ ចុងសប្តាហ៍​នេះ​។ ក្នុង​បរិបទ​ការ​រីករាលដាលជំងឺ​កូវីដ​១៩​ គឺ​​​មាន​ការជំរុញ​​បែង​ចែក​វ៉ាក់​សាំងដោយ​សមធម៌​ និង​ការជំរុញ​ឱ្យ​​ដោះបំណុល​ប្រទេស​ក្រីក្រ ដែល​រងគ្រោះ​សេដ្ឋកិច្ចដោយសារ​វិបត្តិ​កូវីដ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​  Antonio Guterres  អំពាវនាវ​ឱ្យ​ប្រទេស​មហា​អ្នក​មាន​ទាំង​២០ លុប​បំណុល​ពី​ប្រទេស​អ្នក​ក្រីក្រ​។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​  Antonio Guterres  អំពាវនាវ​ឱ្យ​ប្រទេស​មហា​អ្នក​មាន​ទាំង​២០ លុប​បំណុល​ពី​ប្រទេស​អ្នក​ក្រីក្រ​។ © Vivian Oswald
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​  Antonio Guterres  អំពាវនាវ​ឱ្យ​ប្រទេស​មហា​អ្នក​មាន​ទាំង​២០ លុប​បំណុល​ពី​ប្រទេស​អ្នក​ក្រីក្រ​។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ ក៏​ទ្រ​ឱ្យ​បង្កកបំណុល ឬ​លុប​ចោល​បំណុលដែរ​ ហើយ​ក៏គួរ​​លុប​ចោល​រនាំង​ឧបសគ្គ​ផ្សេងៗផ្នែក​ពាណិជ្ជកម្ម​ ដែល​បាន​ដាក់ចេញ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ រនាំងឧបសគ្គ​ពាណិជ្ជកម្ម​ទាំងនោះ​​​រាំងស្ទះ​ដល់​ដំណើរ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ពិភពលោក​។​

​អង្គការសហប្រជាជាតិ  អង្គការសុខភាពពិភពលោក សហភាពអឺរ៉ុប បាន​ឯកភាព​គ្នា នៅក្នុង​គោល​គំនិត​ដែលថា ប្រទេស​ G20 ត្រូវ​បន្ថែម​ជំនួយ​ក្នុង​​កញ្ចប់​ថវិកា​សម្រាប់​ជួយវិស័យ​​រុករក​​វ៉ាក់សាំង បែង​ចែក​វ៉ាក់​សាំង​ ជួយ​ដល់​ប្រទេស​ក្រីក្រ​។​ បើតាមអង្គការសហប្រជាជាតិ រយៈពេល​ ​​៧ ខែចុងក្រោយនេះ គេបានវិនិយោគសម្រាប់ការរុករកវាំងសាក់ ធ្វើតេស្តសាកល្បងវ៉ាក់ គឺត្រូវចាយអស់ជាង១០ពាន់លានដុល្លារ គឺខ្វះលុយជាង២៨ពាន់លានដុល្លារថែមទៀត។ បើគិតពីពេលនេះដល់ដាច់​ឆ្នាំ គឺខ្វះជាង ៤,២ពាន់លានដុល្លារទៀត សម្រាប់​ថវិកា​ប្រចាំឆ្នាំ​។

សំបុត្រ​ចំហ​រួម​គ្នា​មួយ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ G20 ជួយ​ចេញ​ថវិកា​បង្គ្រប់​ការ​ខ្វះខាត​ ​​ក្នុងហឹប​​មូលនិធិ​អង្គការសុខភាពពិភពលោក និង​សម្រាប់​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។​ នេះ​ជា​សំបុត្ររួម ​ចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រី​ស្រី​ស៊ុយអែត Erna Solberg   ប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង Cyril Ramaphosa ប្រធាន​សហភាព​អឺរ៉ុប Ursula von der Leyen និងប្រធាន​អង្គការ​សុខភាព​ពិភព​លោក Tedros Adhanom Ghebreyesus ជាដើម។​

លោក Antonio Guterres បញ្ជាក់ថា វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ​ត្រូវតែជា​ថ្នាំ​វ៉ាក់​សាំង​សាធា​រណៈ​ ដែល​ប្រជាជន​គ្រប់គ្នា​អាច​ទទួល​បាន ហើយ​មានតែ​ការ​ផ្តល់​វ៉ាក់​សាំង​ដល់​គ្រប់ៗគ្នា​ទេ ទើប​អាច​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាត​ត្បាត​សកល​នេះបាន។​

តើ​អាច​មានការ​ឆ្លើយ​តប​បង្ហាញ​ឆន្ទៈ​ជួយ​យ៉ាងណា​​?​

តាម​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ជំនួ​ប​កំពូល គឺប្រទេស​ G20 បាន​ចាយ​លុយ​២១ពាន់​ដុល្លារទៅហើយ​ដើម្បី​ទប់​ទល់​នឹងកូវីដ​១៩។​ ហើយ​ប្រទេស​ G20 ក៏បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ១១ ០០០ ពាន់​​លាន​ ដុល្លារ​សម្រាប់​ស្រោច​ស្រង់​សេដ្ឋកិច្ចពិភពលោក។​​ គេឃើញថា​​ G20 ក៏បាន​ចាយ​លុយ​ច្រើន​មកហើយ​សម្រាប់​រឿង​កូវីដនេះ។​ ទោះយ៉ាងនេះក្តី ​គេ​កំពុង​តែ​រង់​ចាំ​ការបង្ហាញ​ឆន្ទៈ​លះបង់​របស់ប្រទេស​ធំៗ។ ប្រទេស​ដែល​គេ​រង់ចាំ​ខ្លាំង មាន​ដូចជា អាមេរិក ចិន រុស្ស៊ី អង់គ្លេស ជាដើម។

ចំពោះសហរដ្ឋ​អាមេរិក លោក ដូណាល់​ ត្រាំ នឹង​ចូល​រួច​ប្រចាំ​តាម​អ៊ីនធ័រនែតនេះ ក៏ប៉ុន្តែ​​​គេ​មិន​ទាន់​ដឹង​ឆន្ទៈ​គាត់​ប៉ុន្មានទេ។ ​ចំពោះលោកស្រី Ursula von der Leyen ប្រធាន​សហភាព​អឺរ៉ុប​ គឺ​គេ​សង្ឃឹម​តិច​តួច​ណាស់​ពី​រដ្ឋបាល​របស់​លោក ត្រាំ ដែល​ជិត​ផុត​អាណត្តិ​នេះ ព្រោះថា កាលពីឆ្នាំមុន រដ្ឋាបាល​អាមេរិក​ របស់​លោក ត្រាំ ធ្វើ​ឱ្យ​គាំង ​គ្មាន​សេចក្តីសម្រេច​រួម របស់ ​G20 សំណុំ​រឿង​​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​។ ប្រធានសហភាពអឺរ៉ុប មិនសូវ​​រំពឹង​អ្វីច្រើន​ពី អាមេរិក​របស់​លោក ត្រាំ ទេ តែ​​គេ​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ការ​បាន​ច្រើន​ជាង ជាមួយ លោក បៃដិន ដែល​នឹង​មកដល់​ថ្មី។

ចំពោះ​ប្រទេស​ចិន​វិញ គេ​ក៏​មិន​ដឹង​ពី​ចេនាថា​ជួយ​បាន​អ្វីខ្លះដែរ ក៏ប៉ុន្តែ ចិន​ធ្លាប់បាន​បង្ហើម​ថា​នឹង​ជួយ​ជ្រោម​លុយ​កាក់​ខ្លះ ពិសេស​ទៅលើ​ផ្នែក​ស្តារសន្ទុះ​សេដ្ឋកិច្ច តាមរយៈ​ការ​លុប​ចោល​បំណុល និង​ពន្យារពេល​សង​ប្រាក់​។ យើង​ត្រូវ​ដឹង​ថា ចិន​គឺជាម្ចាស់​បំណុល​ មានទំហំ​ប្រមាណ​២០ ទៅ​៤០ ភាគរយ នៅបណ្តាប្រទេស​អ្នក​ក្រ។ ចិន​ក៏ធ្លាប់​បង្ហាញ​ឆន្ទៈ​ជួយ​រឿង​បង្កក​បំណុល ឬ​លុប​បំណុល​ពីប្រទេស​ក្រីក្រ​នេះដែរ។ ក៏ប៉ុន្តែ ចិន​ថា ចិន​មិន​អាច​ធ្វើ​តែម្នាក់​ឯងទេ ត្រូវ​ប្រទេស​អ្នក​មាន​ផ្សេងទៀត ចូលរួម​ដែរ។​

ចំណែក ​អារ៉ាប៊ីសាអូឌីត បាន​ត្រៀម​មហិច្ចតា​ស្រេច​ហើយ​ក្នុងការ​ចូលរួម​ចំណែង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក តែ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប​កំពូល អារ៉ាប៊ីសាអូឌីត រង់ចាំ​មើល​ថ្នាក់ដឹកនាំ​ដដៃ​ផ្សេងទៀត​ដែរ។​

​ជំនួប​កំពូល​ G20  ក្តី​សង្ឃឹម​ដាច់​​ដោយឡែក​របស់ អារ៉ាប៊ីសាអូឌីត ម្ចាស់ផ្ទះ​រៀបចំ​ពីធី​ គឺ​ចង់​អួត​បណ្តា​ប្រទេស​អ្នក​មាននិងពិភពលោក​ ពីការ​រីកចម្រើន​របស់​ អារ៉ាប៊ីសាអូឌីត ហើយ​និង​ចង់​ស្តារ​មុខ​មាត់​ខ្លះ​ឡើងវិញ តែ​ក្តីរំពឹងនេះ ត្រូវ​រាំងស្ទះ​​​។

អារ៉ាប៊ីសាអូឌីត ទី​១ នៅតំបន់​​ដើមបូព៌ា ដែល​បាន​ចូល​ជា​សមាជិក​ G២០ ហើយ​ក៏​ជា​លើកទី១ដែរ ដែល​រាជាណាចក្រអ៊ីស្លាម​ បាន​ធ្វើ​ជា​ប្រធាន​រៀបចំ​ជំនួប​កំពូល​ពិភព​លោក​ នេះ។ ដូច្នេះហើយ ទើប​ អារ៉ាប៊ីសាអូឌីត ចង់​ស្តារ​មុខ​មាត់​តាមរយៈ​វេទិកាអន្តរជាតិ​បែបនេះ ក៏ប៉ុន្តែ ក្តីសង្ឃឹម​ហាក់​មិន​សូវ​សមស្រប​សោះ ព្រោះការ​ធ្វើ​វេទិកា​តាម​អនឡាញ អ៊ិនធ័រនែត គឺ​មិន​ស្រណុកប៉ុន្មាន​​​នោះឡើយ​ ក្នុងការ​បង្ហាញ​ផ្ទាល់​ភ្នែក​នៃការ​ចម្រើន​មុខ​មាត់ពិត​​របស់​ប្រទេស។​

តាំង​ពី​ព្រះ​អង្គ​ម្ចាស់ មហាម៉េត ប៊ិន សាល់​ម៉ាន (Mohammed ben Salmane) ក្លាយ​ជារាជបុត្រ​ស្នងរាជ​នៅ​ឆ្នាំ​២០១៧​មក អារ៉ាប៊ីសាអូឌីត បាន​កែទម្រង់​ច្រើន​លើផ្នែក​នយោបាយ សេដ្ឋកិច្ច ​ និង សង្គម​កិច្ច​។ ​ផ្នែក​សិទ្ធមនុស្ស គឺ​ផ្តល់​សិទ្ធ​ឱ្យ​ស្រីៗ​អាច​បើក​ឡាន​បានដោយខ្លួន​ឯង​ ហើយ​មាន​សិទ្ធ​ចូល​មើល​កុន​មើល​ល្ខោន​បាន​ ជា​ដើម​។

ក៏ប៉ុន្តែ ប្រទេស​អារ៉ាប់​នេះ ត្រូវ​ រង​ការ​រិះគន់​និង​ចង្អុល​មុខ​កាន់​តែខ្លាំងឡើងៗ​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ដោយសារតែ​បង្ក្រាប សំឡេង​ប្រឆាំងក្នុងផ្ទៃ​រាជវង្ស ​និងបង្ក្រាប​ក្រុមបញ្ញវ័ន្ត​  ជាពិសេស​ករណី​​ឃាតកម្មសម្លាប់អ្នកកាសែត Jamal Khashoggi នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល កាលពី​ឆ្នាំ​២០១៨។ ម្យ៉ាងទៀត ការធ្វើ​សង្គ្រាម​នៅ​ប្រទេស​ យ៉េមែន គឺទាំងនេះ ធ្វើ​ឱ្យ​ ​អារ៉ាប៊ីសាអូឌីត ប្រឡាក់​មុខមាត់​កិត្តិយស​ ខ្លាំងណាស់ នៅ​លើ​ឆាក​អន្តរជាតិ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ