អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមហ៊ុន​SpaceX​ បាន​ផ្តើម​ដោយ​ជោគ​ជ័យ​នូវ​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​ SpaceX​ បាន​បាញ់បង្ហោះ​ដោយ​ជោគជ័យ​ នូវ​យាន​ដឹក​បញ្ជូន​អវកាស​យានិក​ចំនួន​៤​ រូប​ ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ​។ នេះ​ រាប់ចាត់​ទុកថា​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់មួយ​ ក្នុង​វិស័យ​អវកាស​របស់​អាមេរិក ពីព្រោះថា​វា​គឺ​ជា​លើកទី១ ដែល​អាមេរិកអាច​​បញ្ជូន​អវកាសយានិក​ទៅកាន់​ទីអវកាស​ដោយ​ខ្លួនឯង​ ចេញ​ពី​ទឹកដី​ខ្លួនឯង​ ក្រោយ​ខកខានរយៈពេល​ប្រមាណ​ជា​ជិត១ទសវត្សរ៍​មកនេះ​។

ក្រុមហ៊ុន SpaceX បាញ់​បង្ហោះ​យាន​បញ្ជូន​អវកាសយានិក​ ៤រូប ទៅកាន់​ស្ថានីយអវកាស​អន្តរជាតិ។
ក្រុមហ៊ុន SpaceX បាញ់​បង្ហោះ​យាន​បញ្ជូន​អវកាសយានិក​ ៤រូប ទៅកាន់​ស្ថានីយអវកាស​អន្តរជាតិ។ AP - Joel Kowsky
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​បង្ហោះ​យាន​ដឹក​អវកាសយានិក​៤រូប​ទៅស្ថានីយ​អវកាស​អន្តរជាតិ​របស់​ក្រុមហ៊ុន​SpaceX

វិស័យ​អវកាស​របស់​អាមេរិក​មាន​ការវិវត្តន៍​ខ្លាំង​គួរឲ្យ​កត់សម្គាល់​នៅមួយ​រយៈពេល​ចុងក្រោយនេះ​។ ជាក់ស្តែង​ ក្រោយពី​បានបាញ់បង្ហោះ​សាកល្បង​កាលពី​ខែ​ឧសភា​និង​បាន​នាំ​យក​អវកាសយានិក​ត្រលប់​មក​ផែនដីវិញ​ដោយ​ជោគជ័យ​នៅខែ​សីហា​ ក្រុមហ៊ុន​ SpaceX​ កាលពី​ថ្ងៃអាទិត្យ​ ទី១៥​ វិច្ឆិកា​ម្សិលមិញ​នេះ​ បានបាញ់​បង្ហោះ​យាន​បញ្ជូន​អវកាសយានិក​៤រូប ទៅកាន់​ស្ថានីយអវកាស​អន្តរជាតិ​ជាថ្មី​ម្តងទៀត​។

ការបាញ់​បង្ហោះ​យាន​បញ្ជូន​អវកាសយានិក​ ៤រូប​របស់​ទីភ្នាក់ងារ​ណាសា​ ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នេះ​ គឺជា​បេសកកម្ម​ផ្លូវការ​ជាលើកទី១​ហើយរបស់​សហរដ្ឋអាមេរិក​ ក្រោយ​ការ​ចុះកិច្ច​សន្យា​រវាងណាសា និង​ ក្រុមហ៊ុនឯកជន​ SpaceX របស់​មហាសេដ្ឋី​ Elon Musk​។

ក្នុង​ចំណោម​អវកាសយានិក​ទាំង​៤ រូប​ មាន​ ៣នាក់​ជាជនជាតិ​អាមេរិកាំង​ និង​ម្នាក់ទៀត​ គឺជាជន​ជាតិជប៉ុន​ ហើយ​ពួកគេនឹង​ត្រូវស្នាក់នៅ​ក៏ដូចជា​បំពេញ​បេសកកម្ម​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​ រយៈពេល៦ខែ​។

យាន​អវកាស​ Crew Dragon ដែល​ទើបតែ​ត្រូវ​បាន​រចនាថ្មី​ឡើងដោយ​ក្រុមហ៊ុន​ SpaceX ត្រូវបានគេ​បាញ់​បង្ហោះទៅ​កាន់ស្ថានីយ​អវកាសអន្តរជាតិ​ (ISS) កាលពី​វេលា​ ម៉ោង​៧​ និង ២៧​នាទីល្ងាច​ ម៉ោងនៅ​ស្ថានីយ​បាញ់បង្ហោះ​កេណេឌី​រដ្ឋ​ហ្វ្ល័ររីដា​។

នាខណៈពេលនេះ​ អ្នក​អវកាស​ទាំង៤​ នាក់​របស់​ណាសា កំពុង​ធ្វើដំណើរ​នៅក្នុង​គន្លង​តារាវិថី​ដែល​មានចម្ងាយ​ជាង​ ៤០០គីឡូ​ម៉ែត្រ​ពី​ផែនដីយើងនេះ​។ គេ​រំពឹង​ថា​ យាន​ Crew Dragon  នឹង​ចូល​ចតទៅ​ភ្ជាប់ខ្លួន​នឹង​ស្ថានីយអវកាស​អន្តរជាតិ​នៅថ្ងៃចន្ទនេះ​វេលា​ម៉ោង​ប្រមាណ ១១ យប់​ (eastern time) ម៉ោងនៅតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក។ នេះមាន​ន័យថា​ ក្រុម​អវកាសយានិក​ នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ ២៧ ម៉ោង​ នៅក្នុង​គន្លងតារាវិថី​ដើម្បី​ឆ្ពោះដល់​គោលដៅ​របស់ពួកគេ​។

ការ​បង្ហោះ​យាន​ Crew Dragon ​ប្រៀបបី​ដូច​ជា​មោទនភាព​ជាតិ​មួយ​សម្រាប់​អាមេរិក​

ជាការពិតណាស់​ ការ​បាញ់បង្ហោះយាន​ បញ្ជូន​អវយាកាសនិក​ ទៅ​កាន់ស្ថានីយ​អវកាស​អន្តរជាតិ​ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ និងគួរជាទីមោទនៈ​មួយ​សម្រាប់​ប្រជាជាតិ​អាមេរិក​។

ហេតុអ្វី?​ មូលហេតុនោះ​ គឺដោយសារ​វាជា​បេសកកម្ម​ផ្លូវការ​លើកទី១​ ដែល​ទី​ភ្នាក់ងារ​សាណា​អាមេរិក​ អាចធ្វើឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុនឯកជនអាមេរិក​ SpaceX ។

កាលពីឆ្នាំ ២០១១អាមេរិក​ បាន​បញ្ឈប់​កម្មវិធី​បង្ហោះយាន​ដោយខ្លួនឯង​ ដើម្បី​បញ្ជូន​មនុស្ស​ទៅកាន់​អវកាសដោយសារ​ការ​បង្ហោះ​ធ្លាប់​បាន​ជួបគ្រោះថ្នាក់​ផ្ទុះយាន​រហូតដល់​ពីរដង​ និង​បាន​សម្លាប់​អវកាសយានិក​ចំនួន​ ១៤ រូប​ កាលពីច្រើនឆ្នាំមុននេះដែលម្តងនៅ​កើតឡើងនៅឆ្នាំ ១៩៨៦ និងចុងក្រោយនៅ​ឆ្នាំ ២០០៣។

អស់រយៈពេល​ប្រមាណ​ជា​ ១០ ឆ្នាំ​ ដែល​អាមេរិក​គ្មាន​មធ្យោបាយ​ និង​ធនធាន​ប្រើប្រាស់​ដើម្បី​ធ្វើដំណើរ​ទៅកាន់ទី​អវកាស​ដោ​យខ្លួនឯង​បាន​ ហើយ​ក៏​អស់រយៈពេល​ជាច្រើន​ដែរ​ដែល​អាមេរិក​ ត្រូវ​ចំណាយលុយជា​ច្រើន​រយ​លាន​ដុល្លា​ទៅឲ្យរុស្ស៊ី​សម្រាប់​ការ​ធ្វើដំណើរ​ទៅមក ម្តង​ របស់​អវកាសយានិក​របស់ខ្លួន​។ ជាក់ស្តែង​ អាមេរិក​ត្រូវ​បង់ប្រាក់​រហូត​ដល់ ៨០​លាន​ដុល្លារ ទៅ​ឲ្យ​រុស្ស៊ី សម្រាប់​សេវាដឹក​បញ្ជូន​ទៅយក​ម្តង​សម្រាប់​អវយានិក​អាមេរិកាំង​ម្នាក់​។

ក៏ប៉ុន្តែ​ ទន្ទឹម​ពេលនឹង​ពឹងរ៉ុកែត​របស់​រុស្ស៊ី​ដើម្បី​បញ្ជូនយាន​ដឹក​មនុស្ស​ទៅទី​អវកាស​ រយៈពេល​ប្រមាណ​ជា​ ១ ទសវត្សរ៍មកនេះ​ សហរដ្ឋអាមេរិក​ ក៏​បាន​ខិតខំប្រឹងប្រែង​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ដើម្បី​ដឹក​មនុស្ស​ទៅទី​អវកាស​បានដោយឯងឯងដែរ​ជាមួយ​នឹង​បច្ចេកវិទ្យា​ដែល​ទំនើប​ មានសុវត្ថិភាព និង​មាន​តម្លៃ​ទាបជាងមុន​។

នៅទីបំផុតទៅ​ សេចក្តី​ប៉ងប្រាថ្នា​របស់​អាមេរិក​ ពិតជា​បានសម្រេច​ដូចការ​ចង់បាន​មែន​។ ដូចឃើញជាក់ស្តែង​ស្រាប់​ ក្រុមហ៊ុន​ SpaceX​ បានដឹក​អវយានិក​ណាសា​ចំនួន ៤ រូប​ ប្រកប​ដោយ​ជោគជ័យ​ ក្នុង​បេសកកម្ម​ទៅកាន់ស្ថានីយ​អវកាសអន្តរជាតិ​ កាលពី​ម្សិលមិញ​នេះ​ក្រោយ​ខកខាន​អស់រយៈពេល​ប្រមាណ ១០ ឆ្នាំ​រួចមក​។

គួរគូសញ្ជាក់ឡើងវិញថា​ ការ​បាញ់បង្ហោះ​សម្រាប់​បេសកកម្មទី១ ​នេះ អ្វីៗ​ធ្វើឡើង​ដោយ​អាមេរិក​ខ្លួនឯង​ទាំងអស់​ ពោល​គឺ​បាញ់ចេញពី​ទឹកដីអាមេរិក​ និង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុនឯកជន​អាមេរិក​ គឺក្រុមហ៊ុន SpaceX សុទ្ធសាធ​ ពោល​គឺ​លែង​ត្រូវការ​ពឹង​ផ្អែក​លើ​រុស្ស៊ី​ដូចពីមុន​ទៀតឡើយ​។ ហេតុដូចនេះ​ ហើយ​ទើបមានជា​ការលើកឡើង​ថា​ការបាញ់​បង្ហោះ​យានក្រុមហ៊ុន SpaceX ​បញ្ជូន​អវកាសយានិក​ ៤រូប ទៅកាន់​ស្ថានីយអវកាស​អន្តរជាតិ គឺជាមោទនភាពជាតិ​មួយ​សម្រាប់​សហរដ្ឋអាមេរិក​។

ថ្នាក់​ដឹកនាំ​អាមេរិក​ សាទរ​ចំពោះ​បេសកកម្ម​ទៅកាន់​អវកាស​របស់​ទីភ្នាក់ងារ​ណាសា

ការ​បាញ់​បង្ហោះយាន​ របស់ក្រុមហ៊ុន​ SpaceX កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​គឺជាបេសកកម្ម​ដំបូង​ក្នុង​ចំណោម​បេសកកម្ម​ប្រតិបត្តិការ​ចំនួន​ ៦ របស់​ទីភ្នាក់​ងារណាសា​។ ហើយជាការពិតណាស់​ ការ​បង្ហោះយាន​ដឹក​មនុស្សទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ តែងតែ​នៅស្ថិតនៅក្រោម​ក្រសែភ្នែក​តាមដាន ដោយយកចិត្តទុកដាក់​ពី​ថ្នាក់​ដឹកនាំ​អាមេរិក​។

លោកអនុ​ប្រធានាធិបតី​អាមេរិក​ Mike Pence កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ បាន​អញ្ជើញ​ទៅ​ចូលរួម​ដោយផ្ទាល់​នៅក្នុង​ពិធី​បាញ់​បង្ហោះនេះ​ ហើយ​បាន​ឆ្លៀត​និយាយ​ជាមុនថាក្រោម​ការ​ដឹកនាំ​របស់​លោកប្រធានាធិបតី​ដូណាល់​ ត្រាំ​ សហរដ្ឋ​អាមេរិក​បាន ​“ប្តេជ្ញាចិត្ត​ជាថ្មី​ដើម្បី​ដឹកនាំ​ការរុករកស្រាវជ្រាវ​របស់់​មនុស្ស​នៅក្នុងទី​អវកាស​”។

ដោយឡែក​ បើទោះបីជា​មិន​បាន​អញ្ជើញទៅ​ចូលរួម​ពិធី​ដោយផ្ទាល់ក៏ដោយ​ លោក​ដូណាល់ ត្រាំ​ បាន​បង្ហោះសារ​ធ្វីតទ័រ​ ដោយ​បាន​កោតសរសើរ​ចំពោះ​បេសកកម្ម​ទៅកាន់​អវកាស​របស់​ណាសា និង​ ក្រុមហ៊ុន​ SpaceX​។ លោក​និយាយ​ថា​ នេះ​គឺជា​ការ​ចាប់ផ្តើម​ដ៏អស្ចារ្យមួយ​ជាមួយនឹង​បច្ចេកវិទ្យា​ដែលត្រូវបាន​អភិវឌ្ឍឡើង​យ៉ាង​ទំនើបបំផុត​។

មិនខុសពី​លោកត្រាំ ឡើយ​ គីមហុង​ ប្រធានាធិបតីទើប​ជាប់ឆ្នោត​អាមេរិក​ លោកចូ បៃដិន​ បាន​ប្រកាស​ការ​អបអរសាទរ​របស់លោក​ ដោយ​លើកឡើងថា​ ការ​បាញ់បង្ហោះយាន​ Crew Dragon​ គឺជា​សក្ខីភាព​នៃ​អំណាច​វិទ្យាសាស្ត្រ​។

លោក​បាន​បញ្ជាក់បន្ថែមទៀតថា​ លោក​ចូលរួម​ជាមួយ​ជនជាតិអាមេរិក​ទាំងអស់​ហើយ​និង​ប្រជាជន​ជប៉ុនទាំងមូល​ក្នុងការ​ជូនពរ​ដល់​អវកាសយានិក​ក្នុង​ដំណើរ​បេសកកម្ម​ទៅកាន់ស្ថានីយ​អវកាសអន្តរជាតិ​របស់​ពួកគេនាពេលនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ