អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ត្រាំ អះអាង​ថាគ្មាន​វិធានការ​បង្ការអ្វី​ទាំងអស់ ខណៈ​​កូវីដ១៩​ឆ្លងរាលដាល​ខ្លាំង​ឡើងៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិនខុសពីប្រទេស​នៅតាមតំបន់អឺរ៉ុប ការឆ្លងរាលដាលកូវីដ​១៩ កំពុងតែស្ទុះឡើងជាខ្លាំង នៅសហរដ្ឋ​អាេមរិក។ រដ្ឋញូយ៉ក អាចនឹងត្រូវបិទខ្ទប់ឡើងវិញ សា​ជាថ្មី។ ២៤ម៉ោងចុងក្រោយ​ រវាង​ថ្ងៃព្រហស្បតិ៍​ និងថ្ងៃសុក្រ ទី​១៣វិច្ឆិកា នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ចំនួន​​ជិត១៩ម៉ឺននាក់។ តែយ៉ាងណាក៏ដោយ លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានបញ្ជាក់ថា នឹង​គ្មានវិធានការបិទខ្ទប់ប្រទេស ពីសំណាក់រដ្ឋបាលសហព័ន្ធទេ។ លោកបានធានាទៀតថា ថ្នាំវ៉ាក់​សាំង​​ប្រឆាំងកូវីដ​១៩ នឹង​អាចផលិតបាន ក្នុងរវាង​​ខែមេសាឆ្នាំក្រោយ។

លោកដូណាល់ ត្រាំ ក្នុងពេល​ធ្វើសន្និសីទកាសែត នៅថ្ងៃទី​១៣ វិច្ឆិកា ២០២០ នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន។
លោកដូណាល់ ត្រាំ ក្នុងពេល​ធ្វើសន្និសីទកាសែត នៅថ្ងៃទី​១៣ វិច្ឆិកា ២០២០ នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន។ REUTERS - CARLOS BARRIA
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃឆ្លងថ្មីថែម ជិត១៩ម៉ឺននាក់

សន្ទុះឆ្លងរាលដាលខ្លាំង នូវមេរោគជំងឺកូវីដ១៩នេះ កំពុងធ្វើឲ្យ​អ្នកជំនាញបារម្ភខ្លាំងណាស់ នៅសហរដ្ឋ​អាេមរិក។ តួលេខ២៤ម៉ោង ចុងក្រោយ រវាង​ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ទី​១៣វិច្ឆិកា គឺមានអ្នកឆ្លងថ្មីចំនួន ១៨៩០០០នាក់។ អ្នកឆ្លងថ្មីកើនឡើងខ្លាំង ឯអ្នកស្លាប់​ក៏កើនឡើងខ្លាំងដែរ គឺក្នុង២៤ម៉ោងចុងក្រោយ មានស្លាប់ ប្រមាណ​១៦០០នាក់។ នេះបើយោងតាមស្ថិតិស្រង់ដោយ​ សកលវិទ្យាល័យ Johns Hopkins។

គិតមកត្រឹមពេលនេះ ជាសរុប នៅសហរដ្ឋអាមេរិក គឺមានអ្នកឆ្លងកូវីដ​១៩ ចំនួន​១០លាន​៧សែន​នាក់ ដែលក្នុងនោះ មានស្លាប់សរុបទាំងអស់ ២៤៤២០០នាក់។ ទាំងចំនួន​អ្នកឆ្លង និងចំនួន​អ្នក​ស្លាប់ គឺ​អាមេរិក មាន​លើស​​គេ​ទាំងអស់។ នៅតំបន់ខ្លះ គឺកម្រិតអ្នកស្លាប់មានខ្ពស់ខ្លាំងណាស់ បើប្រៀបធៀបទៅចំនួន​អ្នកឆ្លង​ក្នុងតំបន់នោះ ដូចជា ទំបន់ Harris រដ្ឋ Texas ដែលមានស្លាប់ សរុប ២៨៧៧នាក់ ក្នុងចំណោមអ្នកឆ្លង ជាង​១៧ម៉ឺននាក់ និងនៅតំបន់ Maricopa រដ្ឋ Arizona ដែលមានអ្នកស្លាប់សរុប ៣៧៥៩នាក់ ក្នុងចំណោម​អ្នកឆ្លង​​ប្រមាណ​ជាង​១៧ម៉ឺននាក់ដែរ។

បច្ចុប្បន្ននេះ រលកឆ្លងរាលដាលកំពុងស្ទុះឡើងខ្លាំង ប្រហែលជាមកពីសីតុណ្ហភាព​ចុះត្រជាក់ផង និងបណ្តាលមកពីការជួបជុំគ្នា មុននិងក្រោយពេលបោះឆ្នោត​ផង។ នៅរដ្ឋញូយ៉ក ដែលធ្លាប់មានសភាពធ្ងន់ធ្ងរជាងគេ កាលពីរលក់ឆ្លងរាលដាលលើកទី១ កំពុងតែប្រឈមនឹងការបិទខ្ទប់ទាំង​ស្រុង​ឡើងវិញ។ លោក Andrew Cuomo អភិបាលរដ្ឋនេះ បាន​សម្រេច​បិទ បារ ហាងបាយ ហាងកាហ្វេ នៅ​ម៉ោង១០យប់ ចាប់ពី​ថ្ងៃសុក្រទី​១៣វិច្ឆិកា​។ យ៉ាងណា​មិញ លោក Bill de Blasio អភិបាលទីក្រុងញូយ៉ក បានប្រាប់ទៅ​អាណាព្យាបាលសិស្សទាំងអស់ថា ត្រូវត្រៀមខ្លួន ព្រោះចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយ​ទៅ លោក​ប្រហែលជាអាចសម្រេច បិទសាលារៀនទាំងអស់តែម្តង នៅក្រុងញូយ៉ក។

ជាទូទៅ យើងសង្កេតឃើញថា ការឆ្លងរាលដាល បានស្ទុះឡើងខ្លាំងប៉ុន្មានថ្ងៃចុងក្រោយ​នេះ នៅ​តាម​រដ្ឋ ដែលមានទីក្រុងធំៗ ដូចជា ក្រុង​ Los Angeles រដ្ឋ California ក្រុងChicago រដ្ឋ Illinois ក្រុង Miami រដ្ឋFlorida និង នៅញូយ៉កនេះឯង។ នៅទីក្រុង​ញូយ៉ក អត្រាឆ្លងរាលដាល របស់​​អ្នក​ផ្ទុកមេរោគម្នាក់ ទៅអ្នកផ្សេងទៀត កាលពី​ខែ​មេសា ឧសភា មានខ្ទង់ ១% តែពេលនេះ បាន​ឡើងដល់ទៅ​៣%។ ដែលមានន័យថា មនុស្ស​ម្នាក់ អាចឆ្លងទៅ​មនុស្ស​៣នាក់ទៀត ជា​មធ្យម​។

លោកដូណាល់ត្រាំ៖ គ្មានវិធានការបិទខ្ទប់ឡើយ!

កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំ បានធ្វើសន្និសីទកាសែត នៅវេលាម៉ោង៤រសៀល នៅសេតវិមានក្រុង​វ៉ាស៊ីនតោន។ ទាក់ទិននឹងវិវាទ តវ៉ា រឿងលទ្ធផលបោះឆ្នោត គឺលោកត្រាំបាន​ប្រើ​ពាក្យថា « ទុកឲ្យ​ពេលវេលាជាអ្នកសម្រេច »។ ពាក្យ​នេះ ហាក់មានន័យថា​ ដូចជាគាត់ ត្រៀមខ្លួន​ទទួលស្គាល់លទ្ធផល បើសិនជាគាត់ចាញ់ពិតមែន។

ទាក់ទិននឹងបញ្ហាការឆ្លងរាលដាលកូវីដ១៩នេះវិញ លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ដរាបណា រដ្ឋាភិបាល​គាត់ នៅតែគ្រប់គ្រងសហរដ្ឋអាេមរិក គឺនឹងគ្មានវិធានការបិទខ្ទប់សកម្មភាពសេដ្ឋកិច្ច ណាមួយឡើយ។ ដូច្នេះ ក្នុងអំឡុងពេលនេះ រហូតដល់ ពេល​មានរដ្ឋាភិបាលថ្មីចូលមកកាន់តំណែង នៅខែ​មករា គឺរដ្ឋសហព័ន្ធ នឹងមិនដាក់កំហិតណាមួយ ឲ្យ​រិតត្បិត​ការធ្វើដំណើរ ឬ បិទសកម្មភាពសេដ្ឋកិច្ចទេ ទោះកូវីដ១៩ ឡើងឆ្លងខ្លាំងកម្រិតណាក៏ដោយ។

លោកត្រាំ​ បាននិយាយធានាទៀតថា ក្នុងរវាងប៉ុន្មានសប្តាហ៍ខាងមុខ វ៉ាក់សាំងនឹងត្រូវអាចផលិត​ចេញ​បាន បាន​នឹងយកមកចាក់ឲ្យ​អ្នកដែលប្រឈមខ្លាំងមុនគេ មុននឹងបើកយុទ្ធនាការចាក់ ក្នុងទ្រង់ទ្រាយធំ នៅរវាង​ខែ​មេសា។ លោកអះអាងថា រដ្ឋបាលលោក និងផ្តល់អាជ្ញាបណ្ណបន្ទាន់ ដល់វ៉ាក់សាំង របស់មន្ទីរពិសោធន៍ Pfizer។

តែយ៉ាងណាក៏ដោយ វាមិនប្រាកដទេ ថាវ៉ាក់សាំងរបស់ មន្ទីរពិសោធន៍ Pfizer នេះ នឹងអាចផលិតចេញបានក្នុងរវាងប៉ុន្មានសប្តាហ៍ទៀត ដូចលោកដូណាល់ ត្រាំ អះអាង ហើយ​មួយវិញទៀត ដំណាក់កាលដំបូង គឺអាចយកទៅចាក់បាន តែទៅលើក្រុមមនុស្ស​ដែលងាយប្រឈមប៉ុណ្ណោះ ដូចជាបុគ្គលិកពេទ្យ ឬមនុស្សចាស់ជរាជាដើម។ ដូច្នេះ ទំរាំតែមានវ៉ាក់សាំង ចាក់​ឲ្យ​ប្រជាជនជាទូទៅ មិនមែនភ្លាមៗនេះទេ។

លោក Michael Mina អ្នកជំនាញ​ជំងឺឆ្លង នៅសកលវិទ្យាល័យ Havard បានលើកឡើងថា ត្រូវតែ​មានវិធានការបិទខ្ទប់សកម្មភាព​សេដ្ឋកិច្ច និង​ចរាចរណ៍មនុស្ស ឲ្យ​បានតឹងតែងបំផុត ជា​ពិសេស​គឺនៅក្នុង​រយៈពេលបុណ្យ Thanksgiving នៅចុងខែវិច្ឆិកានេះ។ បុណ្យ​នេះសំខាន់ណាស់​នៅអាេមរិក ហើយ​ជាឱកាស​ ដែលប្រជាជនអាេមរិកធ្វើដំណើរទៅ​ជួបជុំគ្នាក្នុងគ្រួសារ។ ដូច្នេះ​ បើមិនចាត់វិធានការឲ្យ​ទាន់ពេលនេះទេ គឺការឆ្លង​រាលដាល នឹងស្ទុះឡើង ទប់មិនឈ្នះទេ។

អ្នកក្រ គ្មានបណ្ណធានារ៉ាប់រងសុខភាព រងគ្រោះខ្លាំងបំផុត

ប្រទេសនីមួយៗ មានប្រព័ន្ធសុខាភិបាលខុសគ្នា ចំណុចល្អចំណុចអាក្រក់ ក៏វាមានខុសៗគ្នាដែរ។ សម្រាប់សហរដ្ឋអាេមរិក ជាមួយ​ជំងឺឆ្លងកូវីដ១៩នេះ គឺយើងអាចនិយាយជារួមថា អ្នកដែលរងគ្រោះខ្លាំងបំផុត គឺប្រជាជនក្រីក្រ។ ដូចយើងដឹងហើយ ថានៅសហរដ្ឋអាមេរិក គឺរដ្ឋពុំធានា​ការពារ​​សុខភាព​ប្រជាជន​ទាំងអស់ ដូច​នៅបារាំងទេ។ នៅអាមេរិក គឺប្រជាជនម្នាក់ៗ ជាអ្នកចុះឈ្មោះទិញធានារ៉ាប់រងសុខភាពរៀងៗខ្លួន ថ្លៃឬថោកទៅតាមលទ្ធភាព ហើយ​ការសងប្រាក់មកវិញ ក៏វាមានតិចឬច្រើនទៅតាមនោះដែរ។ ថ្លៃសេវាសុខភាព នៅសហរដ្ឋអាមេរិក មានតម្លៃ​ថ្លៃណាស់។ ជាក់ស្តែង ការព្យាបាលជំងឺកូវីដ១៩នេះ គឺអាចឡើងដល់ខ្ទប់ម៉ឺនដុល្លារផង។ មន្ទីរពេទ្យទាំង​អស់ ប្រមាណ​៦១៤០​នៅសហរដ្ឋអាមេរិក គឺជាមន្ទីរពេទ្យឯកជន សឹងតែទាំងអស់។

ដូច្នេះ សម្រាប់ប្រជាជនក្រីក្រ ដែលគ្មានបណ្ណធានារ៉ាប់រងសុខភាព គឺពួកគេគ្មានលទ្ធភាពបង់ទេ។ ហើយអ្នកដែលគ្មានបណ្ណធានារ៉ាប់រងសុខភាពនេះ មានកាន់តែច្រើន។ ជាក់ស្តែង នៅរដ្ឋ Georgia អ្នកដែលគ្មានបណ្ណធានារ៉ាប់រងសុខភាព គឺមានដល់ទៅ​៣០%។ បណ្ណធានារ៉ាប់រងសុខភាព ពេលខ្លះ វាភ្ជាប់ជាមួយ​នឹងការងារ។ ពេលណាបាត់បង់ការងារ ក៏បាត់បង់ធានារ៉ាប់រងសុខភាពដែរ។ ជាមួយ​នឹង​វិបត្តិ​កូវីដ​១៩​នេះ មនុស្ស​បាត់បង់ការងារច្រើន​លាន​នាក់ណាស់ នៅអាមេរិក។

បញ្ហាចោទមួយទៀត គឺប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ​ វាខុស​គ្នា ពីរដ្ឋមួយទៅរដ្ឋមួយទៀត។ ត្រង់ចំណុចនេះហើយ ដែលមានអ្នកជំនាញជាច្រើន បានបន្ទោសរដ្ឋបាល​សហព័ន្ធ ដឹកនាំដោយលោក​ ដូណាល់ ត្រាំ ថាគ្មានសមត្ថភាព ក្នុងការរៀបចំ ចាត់វិធាន​សម្របសម្រួលរួមមួយ​ ដើម្បីឲ្យ​ប្រព័ន្ធមន្ទីរពេទ្យ​​តាមរដ្ឋនីមួយៗ អាចធ្វើការសហការជាមួយគ្នា​បាន។ គ្មានវិធានការរួមហើយ លោកដូណាល់ ត្រាំ មិន​អំពាវនាវឲ្យ​ប្រជាជនប្រុងប្រយ័ត្នទេ ហើយថែមទាំងនិយាយផ្ទុយ​ពីអ្នកជំនាញវិទ្យាសាស្ត្រទៀត។

ជាមួយ​នឹងរដ្ឋាភិបាលថ្មីរបស់​លោក ចូ បៃដិន​ ដែលនឹងចាប់ផ្តើមកាន់ការងារចាប់ថ្ងៃទី​២០​មករាទៅ គេសង្ឃឹមថា​ រដ្ឋបាលសហព័ន្ធនឹង​មានវិធានការ​យុទ្ធសាស្ត្ររួម ដើម្បីដោះស្រាយ​វិបត្តិ​កូវីដ​១៩នេះ។ កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ លោកចូ បៃដិនបានប្រកាស បង្កើតក្រុមការងារពិសេស​មួយ ដើម្បីដោះស្រាយ​វិបត្តិកូវីដ១៩។ គេសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងចេញវិធានការជាក់ច្បាស់ ដូចជាដាក់កំហិតឲ្យ​ពាក់ម៉ាសគ្រប់ទីកន្លែង ការធ្វើតេស្ត​ដោយឥតគិតថ្លៃ និងជួយថវិកាដល់សហគ្រាស ដើម្បីកុំឲ្យបិទទ្វារឬបណ្តេញបុគ្គលិកជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ