អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូសូវ៉ូ​ ៖ ​សង្គ្រាមទាមទារ​ឯករាជ្យ និង​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ហាស៊ីម ថាស៊ី Hashim Thaci អតីតប្រធានាធិបតី​កូសូវ៉ូ ដែល​​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ត្រូវ​បង្ហាញមុខ ជា​លើ​ក​ទីមួយ​នៅ​តុលាការ​ ក្រុង​ឡាអេ នា​ថ្ងៃ​ចន្ទទី ៩ វិច្ឆិកា២០២០​នេះ។ ក្នុង​វ័យ​៥២​ឆ្នាំ លោក ថាស៊ី បាន​សម្រេច​លាលែងចេញ​ពី​តំណែង និង​ប្រគល់​ខ្លួន​ឱ្យ​តុលាការ​ពិសេស​ក្រុង​ឡាអេ​ឃុំ​ឃាំង​ជាមួយ​​ជំនិត​បី​នាក់​ផ្សេង​ទៀត នៅ​ថ្ងៃព្រហស្បតិ៍ទី ៥​វិច្ឆិកា ២០២០។ លោក​បាន​ប្រកាសសហការ​ជាមួយ​តុលាការ ព្រោះ​លោក​ជឿជាក់​លើ​ការពិត​ និង​ការ​ផ្សះផ្សា​ជាតិ​ដើម្បី​អនាគត​កូសូវ៉ូ។

អតីតប្រធានាធិបតី​កូសូវ៉ូ នៅ​តុលាការ​ក្រុង​ឡាអេ
អតីតប្រធានាធិបតី​កូសូវ៉ូ នៅ​តុលាការ​ក្រុង​ឡាអេ REUTERS - Eva Plevier
ផ្សាយពាណិជ្ជកម្ម

មុន​សង្គ្រាម

រហូត​មក​ទល់​នឹង​ឆ្នាំ​២០០៨​ កូសូវ៉ូ គ្រាន់​តែ​ជា​ខេត្ត​មួយ​របស់ ស៊ែរប៊ី ហើយ​ស៊ែប៊ី​នេះ​ទៀត​សោត គឺ​ជា​រដ្ឋ​សហព័ន្ធ​មួយ​របស់​ប្រទេស​យូស្គូស្លាវី ដែល​មាន​រដ្ឋ​សហព័ន្ធ​ចំនួន​​សរុប​៦ មកទល់​នឹង​​ឆ្នាំ​១៩៩២។ ប៉ុន្តែយូហ្គោស្លាវី លែង​មាន​ឈ្មោះ​ប្រទេស​​នៅ​លើ​ពិភពលោក ចាប់​តាំង​ពី​ឆ្នាំ​២០០៣មក ដោយ​រដ្ឋ​សហព័ន្ធ​ទាំង​៦​បាន​បំបែក​ទៅ​ជា​ប្រទេស​ឯករាជ្យ ដាច់​ពី​គ្នា គឺ ស្លូវានី ក្រូអាស៊ី បូស្នី ម៉ាសេដាន់ ម៉ុងតេណេហ្ក្រូនិង​ស៊ែប៊ី។ គឺនៅ​ពេល​មាន​ចលនា​បំបែកប្រទេសយូហ្គោស្លាវី​​នោះ​ ចរន្ត​ប៉ះបោរ​​ផ្តាច់​ទឹក​ដី​ក៏​មាន​កើត​ឡើង​ដែរ​ឡើង​កូសូវ៉ូ។

ឧទ្ទាមយោធា​រំដោះ​កូសូវ៉ូ

តាំង​ពីឆ្នាំ​១៩៩០​មក កូសូវ៉ូ​ដែល​ជា​ខេត្តស្វយ័ត​របស់​ស៊ែប៊ី ដែល​មាន​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ខេត្ត​ដាច់​ដោយ​ឡែកស្រាប់​​ ចាប់​មាន​រចនា​សម្ព័ន្ធ​ជា​រដ្ឋាភិបាល​ស្រមោល គាំទ្រ​និង​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក។ ដោយ​ពុំ​សូវ​មាន​ប្រសិទ្ធិភាព ចលនា​ឧទ្ទាម​ប្រដាប់​អាវុធ​ផ្តាច់​ទឹកដី​ បាន​កើត​ជា​រូប​រាង​នៅ​ឆ្នាំ​១៩៩៧​។ តែមិនបានប៉ុន្មាន​ខែ​ផង ពោល​គឺ​នៅ​ខែ​មិនា ១៩៩៨ រដ្ឋាភិបាល​ស៊ែរប៊ី បាន​បើកយុទ្ធនាការប្រឆាំង​នឹង​ក្រុម​​ឧទា្ទម​ប្រដាប់​អាវុធ​កូសូវ៉ូ​នេះ ដោយ​បាន​សម្លាប់​រង្គាលជនស៊ីវិលជាច្រើន​នាក់ និង​​ជា​ដើម​ហេតុ​នាំផ្ទុះ​សង្គ្រាម​ឡើង។

សង្គ្រាមប្រយុទ្ធគ្នា ដោយ​គ្មាន​ត្រាប្រណី រវាងក្រុម​ដើម្បី​ឯករាជ្យ កូសូវ៉ូ ជាមួយ​​កងទ័ព ស៊ែរប៊ី បាន​សម្លាប់ មនុស្ស​ជាង ១៣ ០០០​នាក់ ដែលភាគច្រើន​ជា​ជនជាតិ​អាល់បានីកូសូវ៉ូ។ ហើយ​ដើម្បី​សាកល្បង​បិទបាំង ទំហំ​នៃ​សោកនាដកម្មសង្គ្រាមនេះ ​​ស៊ែរប៊ី បានកប់​ខ្មោច​ក្នុង​រណ្តៅ​រួមជា​ច្រើន ខ្លះ​នៅក្នុង​ទឹកដី​កូសូវ៉ូ​តែម្តងផង។ សង្គ្រាម​អាច​​បិទ​បញ្ចប់បាន​​ដោយ​សារ​មាន​អន្តរាគមន៍​យោធារបស់​អូតង់ ទើប​ទ័ព​ស៊ែរប៊ី​ដកខ្លួន​ចេញ​ពី​កូសូវ៉ូ។ កូសូវ៉ូ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការឃុំគ្រង​របស់​អង្គការ​សហប្រជាជាតិនិង​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ២០០៨ តែ​ស៊ែរប៊ី​មិន​ទទួល​ស្គាល់​ទេ។

ឧក្រិដ្ឋកម្មសង្គ្រាម​

 

នៅ​ឆ្នាំ​២០០០ ក្រោយ​ការ​ធ្លាក់ពី​តំណែង​របស់​លោក Slobodan Milosevic ប្រធានាធិបតី​ស៊ែរប៊ី គេ​បាន​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​ជា​ច្រើន​នៅ​ជិត​រដ្ឋ​ធានី​ប្រទេស​ស៊ែរប៊ី និង​ជា​ង​១០​កន្លែង​ទៀត នៅ​ជិត​មូលដ្ឋាន​ទ័ព​ពិសេស នៅ​ភាគ​ខាងកើត​ប្រទេស និង​រណ្តៅ​មួយ​ទៀត​នៅភាគ​ខាង​លិច​ប្រទេស។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​អតីត​យូហ្កោស្លាវី នៅ​ទីក្រុង​ឡាអេ បាន​ថ្កោល​ទោស​អតីត​នាយករដ្ឋ​មន្ត្រី​ស៊ែប៊ី  ឱ្យ​ជាប់​ពន្ធនាគារ​​១៨​ឆ្នាំ និង​បាន​កាត់​ទោស​​មេប៉ូលិស​និង​យោធា​ស៊ែរប៊ី​ជាន់​ខ្ពស់​៥នាក់ផ្សេង​ទៀត ក្នុងបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​ ដោយ​បានធ្វើ​​ប្រជាជន​ស៊ីវិល​អាល់បានី រាប់ម៉ឺននាក់ ស្លាប់​ រង​ទារុណកម្ម និង​ធ្វើ​ផ្លាស់ទី ចេញពីផ្ទះសម្បែង។

​នៅ​ក្នុង​សវនាការនោះ គ្មានមេដឹកនាំ​ចលនា​ឧទ្ទាម​ប្រដាប់អាវុធ​ដើម្បី​ឯករាជ្យ​កូសូវ៉ូ ណា​ម្នាក់ រង​ការ​ចោទ​ប្រកាន់​និង​កាត់ទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ពិសេស​នេះទេ។

ប៉ុន្តែតុលាការ​អន្តរជាតិ​ក្រុង​ឡាអេ សង្ស័យ​ថា ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​​​នេះ ក៏​មាន​ដៃ​ប្រលាក់​ឈាម ​ដោយ​អាច​មានពាក់​ព័ន្ធ​​នឹង​ការបាត់ខ្លួន​ដោយ​បង្ខំ ឬ​ចាប់​ជំរិត ​​ធ្វើទារុណកម្ម ជនស៊ីវិល​៥០០​នាក់ ដែល​ភាគច្រើន​​ជា​អ្នកប្រឆាំង​អាល់បានី ជនជាតិ​រ៉ូម និង​ស៊ែរប៊ី។ តុលាការ​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ប្រធានាធិបតី​កូសូវ៉ូ និង​ជំនិត​បី​នាក់​ផ្សេង​ ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្មសង្គ្រាម កាលពី​ខែ​កក្កដា​កន្លង​ទៅថ្មីៗនេះ។

លោកថាស៊ី ​ ជា​ឥស្សរជន​ដ៏​សំខាន់​ម្នាក់​របស់​កូសូវ៉ូ  នារយៈ​ពេល​ពីរ​​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​បានកាន់​តួនាទី​ជានាយក​រដ្ឋ​មន្ត្រី​អស់​ជា​ច្រើន​ឆ្នាំ​មុន​នឹង​បាន​​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦។ ហើយ​​ក្នុង​អំឡុង​ពេលសង្គ្រាម​នោះ​ លោកគឺ​ជា​មេ​ដឹកនាំ​នយោបាយ​នៃ​ចលនាឧទ្ទាម​ប្រដាប់​អាវុធដើម្បី​ឯករាជ្យ​កូសូវ៉ូ​។ ​កាល​នៅ​ជា​ប្រធានាធិបតី លោក Thaci ធ្លាប់​បាន​អះអាងថា លោក​គ្មានកំហុសទេ។ តុលាការ​អន្តរជាតិ​កំពុង​ព្យាយាម​សរសេរ កែប្រែ​ប្រវត្តិសាស្ត្រ​កូសូវ៉ូ។ តែ​លោក​ព្រម​សហការ​ជាមួយ​តុលាការ​ព្រោះ​លោក​ជឿ​លើ​ការ​ពិត និងដើម្បី​អនាគត​កូសូវ៉ូ។ ប្រជាពលរដ្ឋ​កូសូវ៉ូ​ភាគ​ច្រើន​​ យល់​ថា​ជម្លោះទល់​នឹង​យោធា​​ស៊ែរប៊ី​ ជា “សង្គ្រាម​ត្រឹមត្រូវ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ