អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតប្រធានាធិបតីអាមេរិក៖តើសេណារីយ៉ូឆ្នាំ ២០០០ អាចនឹងកើតមានជាថ្មី​ក្នុង​ឆ្នាំ ២០២០ ដែរ ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក គេ​នៅ​មិន​អាច​ដឹង​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ថ្ងៃទី៣ វិច្ឆិកា​នៅ​ឡើយ​ទេ។ ការ​រាប់​សន្លឹកឆ្នោត​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​បាន​បិទ​បញ្ចប់ និង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ទៀត​បាន​ផ្អាក។ តែ​លទ្ធផល​បណ្តោះអាសន្ន​ត្រឹម​ថ្ងៃទី ៤ វិច្ឆិកា​ឲ្យ​ដឹង​ថា លោក​បៃដិន​ទទួល​បាន​ចំនួន ២៣៨អង្គបោះឆ្នោត ឬ​អ្នកតំណាង​របស់​អ្នកបោះឆ្នោត ហើយ​លោក​ត្រាំ​ទទួល​បាន​ចំនួន ២១៣អង្គបោះឆ្នោត។ លោក​បៃដិន​បាន​ថ្លែង​ដោយ​មាន​សុទិដ្ឋិនិយម​ថា លោក​នឹង​ឈ្នះ​ឆ្នោត​ដោយ​អំពាវនាវ​ឲ្យ​ក្រុម​សកម្មជន​របស់​លោក​បន្ត​រង់ចាំ​ការ​រាប់សន្លឹក​ឆ្នោត​ទាំង​អស់។ ចំណែក​លោក​ត្រាំ​បាន​ប្រកាស​ពី​ជ័យជំនះ និង​ទាមទារ​ឲ្យ​បិទ​ការ​រាប់​សន្លឹកឆ្នោត។ គួរ​បញ្ជាក់​ថា ដើម្បី​អាច​ក្លាយ​ជា​ប្រធានាធិបតី​បាន បេក្ខជន​ត្រូវ​ទទួល​បាន​អង្គបោះឆ្នោត ឬ​អ្នកតំណាង​របស់​អ្នកបោះឆ្នោត​ចំនួន ២៧០រូប ក្នុង​ចំណោម​អង្គ​បោះឆ្នោត​សរុប ៥៣៨រូប​នៅ​ទូទាំង​ប្រទេស។

លោក​ចូ បៃដិន និង​លោក​ដូណាល់ ត្រាំ
លោក​ចូ បៃដិន និង​លោក​ដូណាល់ ត្រាំ JIM WATSON, SAUL LOEB / AFP
ផ្សាយពាណិជ្ជកម្ម

មិន​ទាន់​អី​ផង ភាព​ចម្រូងចម្រាស​ជុំវិញ​លទ្ធផល​បោះឆ្នោត​បាន​កើត​មាន​យ៉ាង​ផុសផុល​ក្នុង​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី៣ វិច្ឆិកា។ ខណៈ​លោក​ត្រាំ​ប្រកាស​ពី​ជ័យជំនះ និង​ទាមទារ​ឲ្យ​បិទ​ការ​រាប់​សន្លឹកឆ្នោត លោក​បៃដិន​មាន​សុទិដ្ឋនិយម និង​អំពាវនាវ​ឲ្យ​ក្រុមសកម្មជន​បន្ត​រង់​ចាំ​ការ​រាប់សន្លឹក​ឆ្នោត​ទាំង​អស់។ គួរ​បញ្ជាក់​ថា មុន​ឈាន​ដល់​ថ្ងៃ​បោះឆ្នោត​ក្នុង​ថ្ងៃ​អង្គារ ទី៣ វិច្ឆិកា មាន​ពលរដ្ឋ​អាមេរិក​ជិត ១០០លាននាក់​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង ២៣០​លាននាក់​បាន​បោះឆ្នោត​តាម​សំបុត្រ ឬ​មួយ​ទៅ​បោះឆ្នោត​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​បោះឆ្នោត។ លទ្ធផល​ដែល​ទទួល​បាន​តាំង​ពី​ការ​បិទ​មជ្ឈមណ្ឌល​បោះឆ្នោត​មក​ដល់​ថ្ងៃទី៤ វិច្ឆិកា​អាច​ភាគ​ច្រើន​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​រាប់​សន្លឹក​ឆ្នោត​ចេញ​ពី​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត។

ចំណែក​ការ​រាប់សន្លឹកឆ្នោត​ដែល​បោះ​តាម​សំបុត្រ​អាស្រ័យ​ទាំង​ស្រុង​លើ​រដ្ឋ​នីមួយៗ។ មាន​រដ្ឋ​ខ្លះ​ទទួល​បាន​ភ្លាម​យក​ទៅ​ផ្ទៀងផ្ទាត់​ភ្លាម តែ​ចាំ​រាប់​ក្នុង​ថ្ងៃ​បោះឆ្នោត និង​រដ្ឋ​ខ្លះ​ទទួល​បាន​ភ្លាម រួច​ទុក​ដល់​ថ្ងៃ​បោះឆ្នោត​ទើប​ផ្ទៀងផ្ទាត់ និង​រាប់។ យ៉ាង​ណា​ក៏​ដោយ នីតិវិធី​នេះ​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ថែម​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត ព្រោះ​សន្លឹកឆ្នោត​ដែល​បោះ​តាម​សំបុត្រ​កំពុង​បន្ត​មក​ដល់​ជា​បន្តបន្ទាប់​សម្រាប់​រដ្ឋ​ខ្លះ។ អ្វី​ដែល​ច្បាស់ នៅ​មាន​សន្លឹក​ឆ្នោត​រាប់សិបពាន់ ម៉ឺន​សន្លឹក​ទៀត​ដែល​មិន​ទាន់​បាន​រាប់ ពិសេស​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​សំបុត្រ។

មាន​ការ​លើក​ឡើង​ថា សន្លឹក​ឆ្នោត​ដែល​បោះ​តាម​សំបុត្រ​អាច​ច្រើន​ជា​សន្លឹកឆ្នោត​គាំទ្រ​លោក​បៃដិន ព្រោះ​បើ​តាម​ការ​អង្កេត​មួយ​ធ្វើ​ឡើង​ក្នុង​ខែ​សីហា មាន​អ្នកប្រជាធិបតេយ្យ​ជិត ៥០% ចង់​បោះឆ្នោត​តាម​សំបុត្រ និង​មាន​អ្នកសាធារណរដ្ឋ​តែ ២៥%។ ភាព​យឺតយ៉ាវ​ក្នុង​ការ​រាប់សន្លឹក​ឆ្នោត​នេះ​ជា​ហានិភ័យ​មួយ​ដែល​ធ្វើ​ឲ្យ​បេក្ខជន​អាច​ប្រកាស​ពី​ជោគជ័យ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​លទ្ធផល​មិន​ទាន់​ពេញលេញ ដូច​ដែល​លោក​ត្រាំ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃទី៤ វិច្ឆិកា​ដោយ​ទាមទារ​ឲ្យ​ឈប់​រាប់សន្លឹក​ឆ្នោត​ត្រឹម​នេះ។

ចុះ​បើ​មាន​ការ​ប្រទាញប្រទង់​គ្នា​លើ​លទ្ធផល?

បើ​បេក្ខជន​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​លើ​លទ្ធផល គឺ​នឹង​មាន​ការ​ប្តឹងផ្តល់​គ្នា​តាម​ផ្លូវច្បាប់​ទៅ​តុលាការ។ គ្រប់​គ្នា​កំពុង​មើល​ឃើញ​ថា អ្វី​ដែល​ហាក់​កំពុង​លេច​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០ គឺ​ជា​សេណារីយ៉ូ​មួយ​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​ជួប​ប្រទះ​កាល​ពី​ឆ្នាំ ២០០០។ កាល​ណោះ លោក George W.Bush មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ប្រឈម​នឹង​លោក Al Gore មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ គេ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃទី១២ ធ្នូ ឆ្នាំ ពោល​ជាង ១ខែ​ក្រោយ​ការ​បោះឆ្នោត​ទើប​គេ​ដឹង​ឈ្មោះ​ប្រធានាធិបតី​ថ្មី។ កាល​ណោះ តុលាការកំពូល​បាន​សម្រេច​ឲ្យ​លោក Bush ឈ្នះ​លោក Gore។

នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០ លោក​ត្រាំ​អាច​ប្តឹង​ទាមទារ​ឲ្យ​ឈប់​រាប់សន្លឹកឆ្នោត​ត្រឹម​នេះ ហើយ​បើ​មាន​ការ​ឈប់​រាប់​ត្រឹម​នេះ​មែន លោក​ត្រាំ​ឈ្នះ​លោក​បៃដិន​ដោយ​ទទួល​បាន​ចំនួន​អង្គបោះឆ្នោត ២៧០ ដើម្បី​អាច​បន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​ចំនួន ៤ឆ្នាំ​បន្ថែម​ទៀត។ តែ​បើ​តាម​មើល​ទៅ លោក​បៃដិន​ពិត​ជា​មិន​បន្ត​ឈរ​ឱបដៃ​នៅ​ស្ងៀម​ទេ។ លោក​ត្រាំ និង​លោក​បៃដិន​សុទ្ធ​តែ​បាន​ត្រៀម​ក្រុម​មេធាវី​រៀងៗ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​តតាំង​គ្នា​នៅ​តុលាការ ប្រសិន​បើ​មាន​សេណារីយ៉ូ​ដូច​ឆ្នាំ ២០០០ កើត​ឡើង​មែន។ តែ​នៅ​ក្នុង​ករណី​នេះ លោក​ត្រាំ​អាច​មាន​ប្រៀប​លើ​លោក​បៃដិន ព្រោះ​ចូល​កុំ​ភ្លេច​ថា​នៅ​តុលាការកំពូល​សព្វថ្ងៃ​ដែល​មាន​ចៅក្រម​ចំនួន ៩នាក់ មាន ៦នាក់​ជា​ចៅក្រម​ដែល​មាន​និន្នាការ​អភិរក្សនិយម​ដែល​តែង​តាំង​ដោយ​គណបក្សសាធារណរដ្ឋ និង ៣នាក់​តែងតាំង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

ចុះ​បើ​លោក​ត្រាំ និង​លោក​បៃដិន​មាន​ចំនួន​អង្គបោះឆ្នោត​ស្មើ​គ្នា គឺ ២៦៩

ដោយ​សមាជិក​សរុប​នៃ​អង្គបោះឆ្នោត ឬ​អ្នកតំណាង​របស់​អ្នកបោះឆ្នោត​ជា​ចំនួន​គូ គឺ​៥៣៨ បេក្ខជន​ទាំង​ពីរ​នាក់​លោក​ត្រាំ និង​លោក​បៃដិន​អាច​ទទួល​បាន​ចំនួន​អង្គបោះឆ្នោត​ស្មើ​គ្នា គឺ ២៦៩។ ក្នុង​ករណី​នេះ គឺ​គ្មាន​អ្នក​ឈ្នះ និង​ក៏​គ្មាន​អ្នក​ចាញ់ ហើយ​ក្នុង​ករណី​នេះ គឺ​រដ្ឋសភា​ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​ព្រឹទ្ធសភា​ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​អនុប្រធានាធិបតី។ គួរ​បញ្ជាក់​ថា សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​អនុប្រធានាធិបតី​នៅ​ក្នុង​ករណី​សំឡេង​ស្មើ​គ្នា​រវាង​បេក្ខជន​ទាំង​ពីរ​នាក់ គឺ​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្នុង​ថ្ងៃទី៣វិច្ឆិកា ឆ្នាំ ២០២០ និង​ដែល​ត្រូវ​ស្បថចូល​កាន់​តំណែង​នៅ​ថ្ងៃទី៣ មករា ២០២១។

មួយ​វិញ​ទៀត នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​រដ្ឋសភា​នេះ រដ្ឋ​មួយ​មាន​តែ​១សំឡេង​ប៉ុណ្ណោះ ដោយ​មិន​គិត​ថា​រដ្ឋ​នោះ​មាន​ប្រជាជន​ច្រើន​ប៉ុណ្ណា និង​មាន​សមាជិក​សភា​សរុប​ចំនួន​ប៉ុន្មាន​ទេ។ ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ត្រូវ​ធ្វើ​ឡើង​ដោយ​សំឡេង​ភាគច្រើន គឺ ២៦សំឡេង​ពី​ក្នុង​ចំណោម ៥០រដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ