អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖ មួយ​សប្តាហ៍​មុន​​ថ្ងៃ​បោះឆ្នោត បណ្តាញសង្គម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅបាំងតែ៦ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាេមរិក។ មិនថានៅសហរដ្ឋអាេមរិក ឬនៅប្រទេសណាទេ បណ្តាញសង្គម ដូចជា Facebook Youtube Twitter ជាដើម បានដើរតួនាទីសំខាន់ណាស់ នៅក្នុង​ការបញ្ចេញមតិ ​ឃោសនាសារនយោបាយ និង​ផ្សព្វផ្សាយ​ដំណឹងនានា ទាក់ទិននឹងការគាំទ្រ ឬរិះគន់បេក្ខជន​ឈរឈ្មោះនីមួយៗ។ គេនៅចាំបាន ថាកាលពីពេលបោះឆ្នោតឆ្នាំ២០១៦នៅសហរដ្ឋអាមេរិក បណ្តាញFacebook ត្រូវបានគេចោទប្រកាន់ ថា​បានធ្វើឲ្យ​រីកសាយភាព​នូវ​ដំណឹងកុហក ព័ត៌មានមិនពិត « Fack News » ដែលប្រការ​នេះ បានជះឥទ្ធិពល​ ទៅលើការសម្រេចចិត្ត របស់ម្ចាស់សន្លឹកឆ្នោត។

ក្នុងសម័យបច្ចេកវិទ្យាបណ្តាញសង្គម ​វាជារឿងដ៏លំបាកណាស់ ក្នុង​ការ​បញ្ចៀសមិនឲ្យ​មនុស្ស​ ទទួលឥទ្ធិពល ពីសារនយោបាយ និងដំណឹងនានា នៅលើបណ្តាញសង្គម។
ក្នុងសម័យបច្ចេកវិទ្យាបណ្តាញសង្គម ​វាជារឿងដ៏លំបាកណាស់ ក្នុង​ការ​បញ្ចៀសមិនឲ្យ​មនុស្ស​ ទទួលឥទ្ធិពល ពីសារនយោបាយ និងដំណឹងនានា នៅលើបណ្តាញសង្គម។ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

បណ្តាញសង្គមទាំងអស់ បានប្រកាសថាខ្លួន បាន​ប្រឹងប្រែងប្រយុទ្ធប្រឆាំងខ្លាំងណាស់ នឹងក្រុមចោរព័ត៌មានវិទ្យា និងការផ្សព្វផ្សាយព័ត៌មានមិនពិតនានា ដែលសំដៅ​ជះឥទ្ធិពល មក​លើការសម្រេចចិត្តរបស់អ្នកបោះឆ្នោត នៅសហរដ្ឋអាេមរិក។

កាលពីថ្ងៃអង្គារទី​២៧តុលា​ Facebook បានអះអាងថា មាន​សកម្មភាព​រំខានការបោះឆ្នោត ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា បានកំពុងកើនសន្ទុះជាខ្លាំង ហើយ​បាន​អះអាងទៀតថាខ្លួន បាន​ចាត់វិធានការ ទប់ស្កាត់សកម្មភាពទាំងនោះបានទាន់ពេលវេលា។ វាគឺជាសកម្មភាពផ្សព្វផ្សាយ​បំប៉ោង នូវ​ព័ត៌មាន​ដែលបង្កើតឲ្យ​មានការជ្រួលច្របល់ ឬព្រួយបារម្ភ ពីសំណាក់ប្រជាជនទូទៅ។

យុទ្ធសាស្ត្របំប៉ោងដំណឹង ថាមានចោរព័ត៌មានវិទ្យាធ្វើសកម្មភាពច្រើន

បើផ្អែកតាម លោក Nathanael Gleicher អ្នកជំនាញ ទទួលបន្ទុកសន្តិសុខព័ត៌មានវិទ្យារបស់ Facebook បានលើកឡើងថា ក្រុមចោរព័ត៌មានវិទ្យា បានប្រើយុទ្ធសាស្រ្តថ្មី​ គឺបំប៉ោងដំណឹង ឬក៏តួលេខ ថាមាន​ក្រុមចោរព័ត៌មានវិទ្យា​វាយលុកច្រើន ក្នុងពេលបច្ចុប្បន្ននេះ។ នេះគឺជាយុទ្ធសាស្ត្រ​ដែលពួកវាធ្លាប់ប្រើ កាលពីពេលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ​២០១៨ ដែល​ពួកវា​បាន​ធ្វើឲ្យ​សាយភាពដំណឹងភូតកុហកមួយថា មានក្រុមចោរព័ត៌មានវិទ្យារុស្ស៊ីច្រើនណាស់ កំពុងធ្វើសកម្មភាព​​លើបណ្តាញសង្គម។

ជាក់ស្តែង កាលពីសប្តាហ៍មុននេះទៀត មានដំណឹង​លាន់ឮ ព្រោងព្រាតថា ក្រុមចោរព័ត៌មានវិទ្យា​រុស្ស៊ី និងអ៊ីរ៉ង់ បានចូលទៅលួចទិន្នន័យអ្នកបោះឆ្នោតនៅអាេមរិក ជាច្រើនលាននាក់។ តែធាតុពិត ក្រោយ​ការស៊ើបអង្កេតស៊ីជំរៅ របស់FBI គឺពុំមាន​ទេ។ Facebook បានចាត់វិធានការបិទគណនី Facebook Instagram ដែលក្លែងក្លាយ ប្រមាណតែជាងជាង​២០ប៉ុណ្ណោះ។ និយាយឲ្យ​ខ្លី គឺថា ពួកចោរព័ត៌មានវិទ្យា បង្កើតគណនីក្លែងក្លាយ ដើម្បី​ផ្សព្វផ្សាយដំណឹងបោកប្រាស់ ហើយ​បន្ទាប់​មកទៀត ប្រើគណនីក្លែងក្លាយ​ផ្សេងទៀត ផ្សព្វផ្សាយថាសំបូរដំណឹងបោកប្រាស់ណាស់ ត្រូវប្រុងប្រយ័ត្ន។ នេះគឺជាយុទ្ធសាស្ត្រ ធ្វើឲ្យ​មនុស្សវង្វេង លែងដឹងថាមួយ​ណា​ជាការពិត។

Facebook ខំប្រឹងកែខ្លួន

Facebook បានអះអាងថាខ្លួន បានចេញវិធានការច្រើនណាស់ ដើម្បីជួយធ្វើ​យ៉ាងណា ការពារការបោះឆ្នោតលើកនេះ កុំឲ្យ​មានបញ្ហា​ដូចកាលពី​លើកមុន។ ជាបឋម Facebook បានអួតខ្លួនឯងថា បានជួយជំរុញ ឲ្យ​មនុស្ស ប្រមាណ​ជាង​៤លាននាក់ នៅសហរដ្ឋអាេមរិក ទៅចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។

Facebook បានអះអាងថា ខ្លួននឹង​លុបចោលនូវសារផ្សព្វផ្សាយ​ទាំងឡាយណា ដែល​លើកឡើងថា ទៅបោះឆ្នោត នឹងនាំឲ្យ​ឆ្លងកូវីដ១៩។ ទាក់ទិននឹងបញ្ហានេះ ដូចរចនាដឹងហើយ គឺមានការខ្វែងគំនិតគ្នាខ្លាំងណាស់ រវាងក្រុម​អ្នកគាំទ្រលោកដូណាល់ ត្រាំ និងក្រុមអ្នកគាំទ្រលោក​ចូ បៃដិន។ ក្រុមលោក​ដូណាល់ ត្រាំ បានប្រើយុទ្ធសាស្ត្រ ជំរុញឲ្យ​មនុស្សមកបោះឆ្នោតឲ្យ​បានច្រើន កុំខ្លាចឆ្លងកូវីដឲ្យសោះ។ ចំណែកក្រុម​លោកចូ បៃដិនវិញ បានជំរុញឲ្យ​មនុស្ស​ បោះឆ្នោតតាមរយៈការ​ផ្ញើសំបុត្រ។

Facebook បានដាក់នូវ​កំណត់សំគាល់ពិសេស ដើម្បីផ្ទៀងផ្ទាត់ « ប្រចក្សភាព »​ ​នៃដំណឹង ឬសារ​នីមួយៗ ដោយមានការ​ចូលរួម ពីសំណាក់បណ្តាញព័ត៌មានផ្លូវការជាង​៦០ នៅទូទាំងពិភពលោក ក្នុងនោះក៏មានទីភ្នាក់ងារព័ត៌មានបារាំង AFP ដែរ។ ក្នុងករណីដែលទីភ្នាក់ងារព័ត៌មានផ្លូវការមួយ ចុចសំគាល់ថា ព័ត៌មានណាមួយ​ ជាព័ត៌មានក្លែងក្លាយ គឺអត្ថបទនោះ នឹងមិនលោតមកលើទំព័រ Facebook របស់អ្នកប្រើប្រាស់ទេ។

ដោយឡែក បណ្តាញព័ត៌មាន ដែលស្ថិតក្រោមការបញ្ជារបស់រដ្ឋាភិបាលប្រទេសណាមួយ គឺត្រូវ Facebook ធ្វើកំណត់សំគាល់ប្រាប់អ្នកប្រើប្រាស់។ សម្រាប់​បណ្តាញ​ព័ត៌មានរបៀបនេះ ការចំណាយ​ប្រាក់ដើម្បីផ្សព្វផ្សាយ​លើ Facebook សំដៅទៅជនជាតិអាមេរិក គឺត្រូវបានហាមឃាត់។Facebook ក៏បានផ្តោតការយកចិត្តទុកដាក់ លើ​ការការពារ​គណនីរបស់បេក្ខជនឈ្មោះដែរ ដើម្បីកុំឲ្យ​មានរឿងកើតឡើង ដូចករណី​គណនីលោកស្រី  ហ៊ីឡារី គ្លីនតុន។ នៅថ្ងៃ៣ វិច្ឆិកា ដែលជាថ្ងៃបោះឆ្នោត រាល់ការផ្សព្វផ្សាយ ទាក់ទិននឹងបញ្ហាសង្គម បញ្ហានយោបាយ នឹង​ត្រូវហាមឃាត់ ដើម្បីចៀសវាង កុំឲ្យ​មានការភ័ន្តច្រឡំ និងចលាចល។

ទប់ស្កាត់​ចលាចល ក្នុងពេល​លទ្ធផលឆ្នោត​​មិនទាន់ចេញ

ការប្រកាសលទ្ធផលឆ្នោតនៅលើកនេះ អាចត្រូវការពេលវេលាយូរ ព្រោះថាត្រូវចំណាយពេល​រាប់សន្លឹកឆ្នោត ដែលផ្ញើរមក​តាមសំបុត្រ។ សំបុត្រដែលផ្ញើមក ឲ្យ​តែដាក់ផ្ញើនៅថ្ងៃទី​៣ វិច្ឆិកា គឺអាចយកជាសន្លឹកឆ្នោតបានការ ទោះមកដល់ដៃ​គណកម្មការរាប់សន្លឹកឆ្នោត ២ថ្ងៃក្រោយ​ក៏ដោយ។

ប្រការនេះ គឺមានន័យថា លទ្ធផលផ្លូវការ គឺយើងមិនអាចដឹងភ្លាមៗ នៅយប់ថ្ងៃទី​​៣វិច្ឆិកាទេ។ ដូច្នេះក្នុងពេលរងចាំនេះ​ វាអាចមាន​ដំណឹង​ ពាក្យ​ចចាមអារ៉ាមផ្សេងៗ ស្តីពីលទ្ធផលឆ្នោត ហើយ​វាអាចធ្វើឲ្យ​មានចលាចល និង​អំពើបាតុកម្ម ហឹង្សាជាដើម។ មិនត្រឹមតែប៉ុណ្ណោះទៀត លោកដូណាល់ ត្រាំ ធ្លាប់បានគំរាមទៀតថា ក្រុមលោកមិនទុកចិត្តសន្លឹកឆ្នោតដែលផ្ញើមកតាមសំបុត្រទេ។

ដើម្បីទប់ស្កាត់ការប្រកាសលទ្ធផល ដែលលឿនរហ័សជ្រុល ដោយភាគី​បក្សនយោបាយណាមួយ​នេះ Facebook បាន​កំណត់ថា នឹងដាក់កំណត់សំគាល់ ដើម្បីបញ្ជាក់ថា ការរាប់សន្លឹកឆ្នោត មិនទាន់ចប់រួចរាល់ទេ ហើយអ្នកឈ្នះពិតប្រាកដ ក៏មិនទាន់ដឹងថាជានរណាដែរ។ ក្នុងករណីដែល ​បញ្ហាទៅជារីកធំ ទប់មិនឈ្នះ ក្លាយ​ជាចលាចល ហិង្សា Facebook បានបញ្ជាក់ថា នឹងប្រើនីតិវិធីអាសន្ន តាមរយៈការ​កាត់បន្ថយចរន្តនៃការលោតចេញ នៃដំណឹងនិងសារទាំងអស់ នៅ​លើ Facebook។ នេះ បើផ្អែកតាមការអះអាង របស់​លោក Nick Clegg អ្នកទទួលបន្ទុកកិច្ចការសារធារណៈរបស់ Facebook ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ