អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​ទទួល​​ជោគជ័យ​​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ក្នុង​គម្រោង​អាប៉ូឡូ ទីភ្នាក់ងារ​ណាសា ដែល​កញ្ចប់​ថវិកា​ត្រូវ​កាត់បន្ថយ​ច្រើន ក៏​បាន​សម្រេច​បញ្ចប់​គម្រោង​ផលិត​រ៉ុកកែត Saturn V ហើយ​ងាកមក​ផ្តោត​លើ​គម្រោង​ថ្មី គឺ​យាន​ចម្លង​អវកាស (Space Shuttle) ក្នុងគោលដៅ​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូនអវកាសមួយ ដែល​អាច​ប្រើ​បាន​ច្រើន​ដង ហើយ​មាន​តម្លៃ​ថោកជាង​រ៉ុកកែត​ក្នុងគម្រោង​អាប៉ូឡូ។ 

យានចម្លងអវកាស ឈ្មោះ Discovery នៅពេល​បាញ់បង្ហោះ កាល​ពីថ្ងៃទី២៩ កញ្ញា ១៩៨៨
យានចម្លងអវកាស ឈ្មោះ Discovery នៅពេល​បាញ់បង្ហោះ កាល​ពីថ្ងៃទី២៩ កញ្ញា ១៩៨៨ © NASA
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ១៩៦៩ នៅពេលដែល Niel Armstrong និង Buzz Aldrin ​ឈានជើង​ជាន់ដី​ព្រះចន្ទ អាមេរិក​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដែល​ទទួលជោគជ័យ ក្នុង​ការប្រជែង​អវកាស ដោយ​យក​ឈ្នះ​លើ​សហភាព​សូវៀត ហើយ​ក្នុងពេល​ជាមួយគ្នា កម្មវិធី​អាប៉ូឡូ ដែល​ត្រូវ​បាន​គេ​បង្កើតឡើងមក​ក្នុង​គោលដៅចម្បង​ ដើម្បី​​ប្រណាំង​ប្រជែង​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​នេះ ក៏​ត្រូវ​ឈាន​មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយផងដែរ។

ជាមួយនឹង​នឹង​កញ្ចប់​ថវិកា​ដែល​ត្រូវ​កាត់បន្ថយ​ដោយ​សភា​អាមេរិក ទីភ្នាក់ងារ​ណាសា​ក៏​បាន​ងាកចេញ​ពី​រ៉ុកកែត Saturn V នៃ​គម្រោង​អាប៉ូឡូ ទៅបង្កើត​គម្រោង​ថ្មី​មួយទៀត គឺ​យានចម្លងអវកាស (Space Shuttle)។  គោលគំនិត​ចម្បង នៃ​គម្រោង​​យានចម្លង​អវកាស​នេះ គឺ​ចង់​ជំនួស​ការប្រើ​រ៉ុកកែត ដែល​បាញ់បានតែម្តង ហើយ​ត្រូវ​បោះចោល ដែល​ត្រូវ​ចំណាយលុយច្រើន ដោយ​ការប្រើ​​​រ៉ុកកែត និង​យាន​អវកាស ដែល​អាចប្រើ​បានច្រើន​ដង ដើម្បី​​អាច​កាត់បន្ថយ​ការ​ចំណាយ នៅ​ក្នុង​​​ការធ្វើ​ដំណើរ​ទៅក្នុង​ទីអវកាស​។

Space Shuttle នៅ​ក្នុង​គម្រោង​ថ្មី​នេះ មានទម្រង់​ជា​កូនកាត់ គឺ​ពាក់កណ្តាល​ជាយន្តហោះ និង​ពាក់កណ្តាល​ជា​រ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសា​ហៅជាភាសាអង់គ្លេស​ថា « Orbiter » មាន​ស្លាប និង​មាន​កង់ ដែល​អាច​ចុះចត​​ដូច​យន្តហោះ ក៏ប៉ុន្តែ នៅលើ​យាន​នេះ មាន​ម៉ូទ័រ​ចំនួន ៣គ្រឿង ដែល​ជា​ប្រភេទ​ម៉ូទ័ររ៉ុកកែតអវកាស ធុន RS-25 សម្រាប់​ប្រើ​នៅពេល​បាញ់បង្ហោះ​យាន​ចេញ​ពី​ដី។

នៅពេល​បាញ់ចេញ​ពីដី Space Shuttle ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ធុងឥន្ធនៈ​ដ៏ធំមួយ​នៅ​កណ្តាល ដែល​មាន​ផ្ទុក​អុកស៊ីសែន និង​អ៊ីដ្រូសែន​រាវ សម្រាប់​ម៉ូទ័រ RS-25 ទាំង ៣គ្រឿង ហើយ​នៅ​អមសងខាង​ធុងឥន្ធនៈ​នេះ មាន​ភ្ជាប់​​ប៊ូស្ទ័រ​ចំនួន​ពីរ ដែល​​ជា​ប្រភេទ​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈ​រឹង (Solid fuel)។ ម៉ូទ័រ RS-25 ទាំង៣គ្រឿង បូករួម​ជាមួយ​នឹង​​ប៊ូស្ទ័រ​ទាំង​សងខាង​របស់ Space Shuttle នេះ បង្កើត​ជា​កម្លាំងរុញ​សរុប​ជាង ៣០​មេហ្កាញូតុន (កម្លាំងខ្លាំងជាង Falcon Heavy របស់​ក្រុមហ៊ុន SpaceX បច្ចុប្បន្ន​នេះ​ទៅទៀត) ហើយ​អាច​ផ្ទុក​ទម្ងន់​​បាន​ជាង ២៤តោន ទៅ​ដល់​គន្លង​តារាវិថី​ទាប (Low Earth Orbit)។

ក្រោយ​ពី​បាញ់ចេញ​ពីដី ប៊ូស្ទ័រ​ទាំងពីរ អាច​មាន​ដំណើរការ​រយៈពេល ២នាទី ទើប​អស់​ឥន្ធនៈ ហើយ​ត្រូវ​ផ្តាច់ខ្លួន​ចេញ មុននឹង​បើកឆ័ត្រយោង​​ទម្លាក់​ខ្លួនសន្សឹមៗ​​ទៅ​លើ​ទឹកសមុទ្រ ដោយ​មាន​នាវា​នៅ​រង់ចាំ ដើម្បី​ស្រង់​ចេញ​ពី​ទឹក យក​ទៅ​​ជួសជុល​កែលម្អ ទុកប្រើ​នៅពេល​ក្រោយ។

ចំណែក តួយាន ឬ Orbiter ឯណោះវិញ​ ម៉ូទ័រ RS-25 ទាំង ៣គ្រឿង​ អាច​មាន​ដំណើរការ​រហូតដល់​ទៅ ៨​នាទី​​ឯណោះ ពោលគឺ រហូតទាល់តែ​អាច​ធ្វើ​ដំណើរ​ទៅដល់​ក្នុង​គន្លង​តារាវិថី ទើប​ប្រើ​អស់​ឥន្ធនៈ ហើយ​ធុងឥន្ធនៈ​ក៏​ត្រូវ​ផ្តាច់​ចេញ​ពី​​តួយាន។

ក្រោយ​ពី​បញ្ចប់​បេសកកម្ម, តួយាន (Orbiter) ដែល​មាន​ស្រោបជុំវិញ​ទៅ​ដោយ​ខែល​ការពារ​កម្តៅ ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​វិញ ដើម្បី​សំដៅ​ទៅ​ចុះចត​នៅ​ទីតាំងដើមវិញ គឺ​​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​របស់​ណាសា​នៅ Cape Canaveral រដ្ឋ​ផ្លរីដា​។

យានចម្លង​អវកាស​ឈ្មោះ Columbia ត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយ​បាន​ដឹកអវកាស​យានិក​ចំនួន ២រូប ទៅ​ក្នុង​គន្លង​តារាវិថី មុននឹង​វិលត្រឡប់​មក​ចុះចត​លើ​ដីវិញ​ដោយ​សុវត្ថិភាព ពីរថ្ងៃក្រោយ​មក​ទៀត។

រាប់ចាប់តាំង​ពី​ពេលនោះមក រហូត​មកទល់​នឹង​ឆ្នាំ២០១១ Space Shuttle ចំនួន ៥គ្រឿង ត្រូវ​បាន​គេ​ផលិត និង​ដាក់​ឲ្យប្រើប្រាស់ គឺ​ Columbia, Challenger, Discovery, Atlantis និង Endeavour ដោយ​យាន​ទាំង ៥គ្រឿងនេះ បាន​បំពេញ​បេសកកម្ម​ទៅក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី គិត​ជាសរុប​ចំនួន ១៣៥​លើក ក្នុងនោះ រួមមាន​ទាំង​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប បេសកកម្មបង្ហោះ​ និង​ជួសជុលថែទាំ​តេឡេស្កុបអវកាស​ហឺបល បេសកកម្ម​ដំឡើង​ស្ថានីយ៍អវកាសអន្តរជាតិ ក៏​ដូចជា បេសកកម្ម​ដឹកជញ្ជូន​សម្ភារៈ និង​អវកាសយានិក​ទៅមក រវាង​ផែនដី និង​ស្ថានីយ៍អវកាស​អន្តរជាតិ។

ក៏ប៉ុន្តែ ជាមួយនឹង​ជោគជ័យ​នេះ Space Shuttle ​ក៏​បាន​ឆ្លង​កាត់​នូវ​បរាជ័យ​ដ៏​ចម្បង​ចំនួន​ពីរ​លើក​ផងដែរ គឺ​ការផ្ទុះ​ Challenger នៅ​ឆ្នាំ​១៩៨៦ និងការផ្ទុះ Columbia នៅឆ្នាំ២០០៣ ដែលបណ្តាល​ឲ្យ​អវកាសយានិក​សរុប ១៤រូប ត្រូវ​បាត់បង់​ជីវិត។

នៅ​ឆ្នាំ២០០៤ មួយឆ្នាំ​ក្រោយ​ការផ្ទុះ Columbia លោក​ប្រធានាធិបតី​អាមេរិក ចច ដាបិលយូ ប៊ូស ក៏​បាន​សម្រេច​​ថា ​នឹង​ដាក់​ Space Shuttle ​ឲ្យ​ចូល​និវត្តន៍ ​នៅ​ក្រោយ​ពេល​ដែល​បេសកកម្ម​ចុងក្រោយ គឺ​​ការដំឡើង​ស្ថានីយ៍អវកាស​អន្តរជាតិ ត្រូវ​បាន​ធ្វើ​ចប់សព្វគ្រប់។ គម្រោង Space Shuttle ​ត្រូវ​បានប​ញ្ចប់ ជាមួយ​នឹង​ការ​ហោះហើរ​លើកចុងក្រោយ​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១។ ចាប់ពីពេលនោះហើយ ដែល​ទីភ្នាក់ងារ​ណាសា លែងមាន​​រ៉ុកកែត និង​យាន​អវកាស សម្រាប់​ដឹកអវកាសយានិក​ដោយខ្លួនឯង ដោយ​រាល់​ការ​បញ្ជូន​សម្ភារៈ និង​អវកាសយានិក ទៅ​កាន់​ស្ថានីយ៍អវកាស​អន្តរជាតិ ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត និង​យានអវកាស​​ធុន​សូយូស (Soyuz) របស់​រុស្ស៊ី រហូតមកទល់​នឹង​ឆ្នាំ​២០២០​កន្លងទៅ ក្រោយ​ពី​​ការដាក់​ឲ្យ​ដំណើរការយាន Crew Dragon និង​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន​ SpaceX

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ