អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

Orion Nebula៖ ទីចាប់កំណើតផ្កាយ​ដ៏ធំនិងដែល​នៅជិតផែនដីបំផុត

ចុះផ្សាយ​នៅ​ថ្ងៃ៖

Orion Nebula ដែលមានទីតាំងស្ថិត​នៅ​ក្នុង​ផ្កាយ​យាមនង្គ័ល គឺជាណេប៊ុយឡា​ដែល​យើង​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ ដោយ​មិន​ត្រូវការ​តេឡេស្កុប។ រូបភាព​ដែល​ថត​បាន​ដោយ​តេឡេស្កុបអវកាស​ហឺបល (Hubble Space Telescope) និង​ជេមស៍វេប (James Webb Space Telescope) បង្ហាញ​ឲ្យឃើញ​ពី​ផ្កាយ​រាប់ពាន់​ដួង ដែល​ទើបនឹង​ចាប់កំណើតឡើង នៅ​ក្នុង​ Orion Nebula ដែល​ជា​បណ្តុំ​ធូលី និង​ឧស្ម័ន មាន​មុខកាត់​ប្រមាណ​ជា ៣០ឆ្នាំពន្លឺ។

Hubble's sharpest view of the Orion Nebula
Hubble's sharpest view of the Orion Nebula © NASA, ESA
ផ្សាយពាណិជ្ជកម្ម

ស្ថិត​នៅ​ចម្ងាយ​ ១៣៥០០ឆ្នាំពន្លឺ ហើយ​មាន​មុខកាត់​រហូតដល់​ទៅ​ប្រមាណ​ជា ៣០ឆ្នាំពន្លឺ Orion Nebula គឺ​ជា​ទី​ចាប់កំណើត​ផ្កាយ​ដ៏​ធំ និង​ដែល​នៅ​ជិតផែនដី​យើង​បំផុត ហើយ​ក៏​ជា​ណេប៊ុយឡា​ដ៏​ភ្លឺមួយផងដែរ ដែល​អាច​ឲ្យ​យើង​អាច​មើល​ឃើញ​​ដោយ​ភ្នែក​ទទេ​បាន​យ៉ាងងាយ ហើយ​​បើ​មើល​តាមរយៈ​តេឡេស្កុប​​ (ទោះជា​ត្រឹម​ជា​តេឡេស្កុប​ធុន​តូច​មួយ) ក៏​​អាច​ឲ្យ​យើង​​មើល​ឃើញ​យ៉ាងច្បាស់ ជា​ពន្លឺភ្លឺដាស​ក្នុងទម្រង់​ជា​ណេប៊ុយឡា។

រូបភាព​ថត​ដោយ​តេឡេស្កុបអវកាស​ហឺបល នៅ​ឆ្នាំ២០០៦ បង្ហាញ​យ៉ាងច្បាស់ និង​យ៉ាងលម្អិត អំពី​ទម្រង់ និងរចនាសម្ព័ន្ធ ព្រមទាំង​សារធាតុ​គីមី ដែល​ជា​ធាតុផ្សំ​ចម្បងៗ​ នៅ​ក្នុង​បណ្តុំ​ធូលី និង​ឧស្ម័ន​របស់ Orion Nebula ដោយ​នៅ​ក្នុង​រូបភាពនេះ ពណ៌​លឿងទំ គឺ​សារធាតុ​អ៊ីដ្រូសែន, ពណ៌​បៃតង គឺ​អុកស៊ីសែន ចំណែក​ពណ៌​ស្វាយ គឺ​ស៊ុលផួរ។

រូបភាពនេះ​ក៏​បាន​បង្ហាញ​ផងដែរ អំពី​វត្តមាន​ផ្កាយ ដែល​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ៣ពាន់​ដួង ដែល​បាន​ចាប់កំណើតឡើង នៅ​ក្នុង Orion Nebula ដោយ​នៅ​ក្នុង​ចំណោម​នោះ ត្រង់​កន្លែង​ដែល​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ជាងគេ នៅ​ចំកណ្តាល Orion Nebula ​ មាន​ផ្កាយ​ដ៏ភ្លឺ​ចំនួន ៤ដួង ដែល​សុទ្ធសឹង​ជា​ផ្កាយ​ ​​ធំៗ ​មាន​ម៉ាស់​ ក្នុង​ចន្លោះ​ពី ១៥ដង ទៅ ៣០ដង នៃ​ម៉ាស់​ព្រះអាទិត្យ​របស់​យើង ហើយ​សុទ្ធសឹង​ជា​ផ្កាយ​ដែល​ទើប​នឹង​ចាប់កំណើត​ថ្មីៗ មាន​អាយុត្រឹម​ប្រមាណ​ជា ២លាន​ឆ្នាំ​តែ​ប៉ុណ្ណោះ។ ជាការប្រៀបធៀប ព្រះអាទិត្យ​ ដែល​ជា​ផ្កាយ​ស្ថិត​នៅ​ចំកណ្តាល​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នេះ មាន​អាយុ​រហូតដល់​ទៅ ៤ពាន់៥រយលាន​ឆ្នាំ​ឯណោះ។

បន្ថែម​ពីលើ​រូបភាព​ថតដោយ​តេឡេស្កុប​ហឺបល រូបថត​ដោយ​តេឡេស្កុប​អវកាស​កាន់តែ​ទំនើប​មួយទៀត គឺ​តេឡេស្កុប​​ជេមស៍វេប ​ថត​នៅ​ឆ្នាំ២០២២​ បង្ហាញ​កាន់តែ​ច្បាស់ អំពី​ផ្កាយ​មួយចំនួន​ផ្សេងទៀត ដែល​គេ​មិន​អាច​មើល​ឃើញ នៅ​ក្នុង​រូបភាព​ហឺបល ដោយ​ភាគច្រើន​ គឺ​ជាផ្កាយ ដែល​ទើបនឹង​ចាប់កំណើត​ថ្មីៗ។

សម្រាប់​អ្នក​វិទ្យាសាស្រ្ត ការសង្កេត និង​សិក្សា​លម្អិត​ទៅលើ Orion Nebula នេះ វា​មានសារៈសំខាន់​បំផុត ពីព្រោះ​ថា វា​អាច​ឲ្យ​យើង​យល់បាន​កាន់តែ​ច្បាស់ អំពី​យន្តការ​នៃ​ការ​ចាប់កំណើត​របស់​ផ្កាយ... ការចាប់កំណើត​របស់​ផ្កាយនីមួយៗ​ដាច់ពីគ្នា ក៏ដូចជា​ការ​ចាប់កំណើត​ផ្កាយ​ជា​ក្រុម ឬ​ហៅថា “ក្លាស្ទ័រ” (Cluster) ហើយ​ជាពិសេស អាច​យល់​បាន​កាន់តែ​ច្បាស់ អំពី​អ្វី​ដែល​កើតឡើង ចំពោះ​ព្រះអាទិត្យ និង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង នៅ​ពេល​ចាប់កំណើតឡើង កាល​ពី ៤ពាន់៥រយលាន​ឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ