អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ​អ្វីទៅជា​បាតុភូត​ "ស៊ូពើណូវ៉ា"?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ចក្រវាល​របស់​យើង​នេះ ក្រៅតែ​ពី​បន្ទុះប៊ីកប៊ែង (Big Bang) មានតែ​បាតុភូត​ពីរ​ទៀតប៉ុណ្ណោះ ដែល​មាន​កម្លាំងផ្ទុះ​ដ៏ខ្លាំងមហិមា​បំផុត គឺ​ការផ្ទុះ​កាំរស្មី​ហ្កាម៉ា (Gamma-ray burst) និង​បាតុភូត "ស៊ូពើណូវ៉ា" (Supernova)។ តើ​បាតុភូត "ស៊ូពើណូវ៉ា" នេះ​គឺ​ជាអ្វី? តើ​វា​កើតឡើង​ដោយ​របៀបណា? ហេតុអ្វីបាន​ជា​គេ​ឲ្យឈ្មោះ​បាតុភូត​នេះ​ថា "ស៊ូពើណូវ៉ា"?

What is supernova
What is supernova © NASA
ផ្សាយពាណិជ្ជកម្ម

យប់មួយ នៅក្នុងឆ្នាំ១៦០៤ តារាវិទូអាល្លឺម៉ង់ យ៉ូហាណេស កេព្ល័រ (Johannes Kepler) បានសង្កេតឃើញ​ផ្កាយដ៏ចម្លែកមួយដួង នៅចន្លោះ​ផ្កាយ​វិច្ឆិកា (Scorpius) និងផ្កាយធ្នូ (Sagittarius) ជាផ្កាយ​ថ្មីមួយ ​ដែល​គេ​មិន​ធ្លាប់ឃើញ​មានសោះ​កាល​ពីមុន ក៏ស្រាប់តែ​លេចមុខឡើង ហើយ​ពីយប់មួយទៅយប់មួយ វា​មាន​ពន្លឺ​កាន់តែភ្លឺខ្លាំងឡើងៗ រហូត​កើនឡើង​ហួស​កម្រិត​ពន្លឺ​របស់​ផ្កាយ​ព្រហស្បតិ៍​ ​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មានយប់​តែ​ប៉ុណ្ណោះ។

កាលពី​ប្រមាណ​ជា ៣០ឆ្នាំ​មុន យ៉ូហាណេស កេព្ល័រ ​តារាវិទូ​​ដ៏ល្បីល្បាញ​មួយរូបទៀត គឺ​តារាវិទូដាណឺម៉ាក ទីកូ ប្រាហេ (Tycho Brahe) ក៏ធ្លាប់​សង្កេតឃើញ​បាតុភូតស្រដៀងគ្នា​នេះ​ដែរ នៅ​ក្នុងបណ្តុំផ្កាយ “កាស្យូពេ” (Cassiopeia)។ ទាំង​ កេព្ល័រ និង ទាំង ទីកូ ប្រាហេ សុទ្ធតែ​នាំគ្នា​កំណត់​ថា ផ្កាយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​សោះ ហើយ​ក៏​ស្រាប់តែ​លេចមុខឡើង ក្នុងពន្លឺ​ចែងចាំងភ្លាមៗ​បែបនេះ គឺ​ប្រាកដ​ជា​ផ្កាយ ដែល​ទើបនឹង​ចាប់កំណើត​ឡើងថ្មី ហើយ​បាន​ហៅ​ផ្កាយ​ទាំងនេះ​ថា « Stella Nova »។ តាមភាសា​ឡាតាំង « Stella » គឺ “ផ្កាយ” ហើយ « Nova » គឺ​មានន័យថា “ថ្មី”។

ជាច្រើន​ឆ្នាំក្រោយៗ​មក​ទៀត អ្នកវិទ្យាសាស្រ្ត​បានរកឃើញ​ថា បាតុភូត ដែល​យ៉ូហាណេស កេព្ល័រ និងទីកូ ​ប្រាហេ ហៅថា​ « Stella Nova » នេះ តាមការពិត​ទៅ មិនមែន​ជា​ការ​ចាប់កំណើត​​ផ្កាយ​ថ្មី នោះទេ ផ្ទុយទៅវិញ គឺជា​ការស្លាប់​របស់ផ្កាយ នៅក្នុង​ហេតុការណ៍ផ្ទុះ​ដ៏​សម្បើម​បំផុត​មួយ​នៅក្នុងចក្រវាល។ មកទល់​នឹង​ពេលនេះ បាតុភូត​នេះ​នៅតែបន្ត​ជាប់ឈ្មោះ​​ថា « Nova » ដដែល ​គឺ “ស៊ូពើណូវ៉ា” (Supernova)។

ផ្កាយ គឺ​ជា​ដុំស៊្វែរ​ឧស្ម័ន ដែល​មាន​ម៉ាស់​យ៉ាងសម្បើមៗ​ រហូត​បង្កើត​ជា​សម្ពាធ និង​សីតុណ្ហភាព​រាប់លាន​អង្សា នាំ​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ (ហ្វុយស្យុងនុយក្លេអ៊ែរ) នៅ​ក្នុង​ស្នូល​របស់​ផ្កាយ។ ហ្វុយស្យុងនុយក្លេអ៊ែរ​នេះហើយ ដែល​ធ្វើ​ឲ្យ​ផ្កាយ​ ដូចជា​ព្រះអាទិត្យ​របស់​យើង​ជាដើម ​អាច​បញ្ចេញថាមពល និង​ពន្លឺ​ជាប់ជាប់ជាប្រចាំឥតដាច់ ក្នុងរយៈពេល​រហូត​ដល់​ទៅ​រាប់ពាន់លាន​ឆ្នាំ។ ថាមពល​ដែល​ចេញ​ពី​ប្រតិកម្ម​នុយក្លេអ៊ែរ​ក្នុងស្នូល​នេះ វា​ក៏បង្កើត​ឲ្យ​មាន​ផងដែរ​នូវ​កម្លាំង​រុញ​ចេញ​ពី​ស្នូល​សំដៅទៅ​ស្រទាប់​ខាងក្រៅ​របស់​ផ្កាយ។

នៅក្នុង​ដំណាក់កាលធម្មតា​នៃ​ជីវិត​របស់​ផ្កាយ ដែល​គេ​ហៅជាភាសាអង់គ្លេស​ថា « Main sequence star » ផ្កាយ​ស្ថិត​នៅ​ក្នុង​ស្ថានភាពលំនឹងមួយ គឺ​ថាមពល​ដែល​ចេញ​ពី​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ក្នុង​ស្នូល​របស់​ផ្កាយ​បង្កើត​បាន​ជា​​កម្លាំង​រុញ​ទៅ​ខាង​ក្រៅ ក្នុងកម្រិតមួយ​ល្មមគ្រប់គ្រាន់​អាច​ទប់​ជាមួយ​នឹង​​កម្លាំងទំនាញ ដែល​ទាញ​សារធាតុ​សំដៅ​ទៅ​កាន់​ស្នូល​។

នៅពេលដែល​ប្រតិកម្ម​នុយក្លេអ៊ែរ​នេះ​ប្រើ​អស់​សារធាតុ​អ៊ីដ្រូសែន ផ្កាយ​ត្រូវ​ចូល​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត ដោយ​ដំបូង​ត្រូវ​រីកប៉ោង​ក្លាយ​ជា​ "ផ្កាយយក្សក្រហម" ហើយ​បន្ទាប់មក​ទៀត សម្រាប់​ផ្កាយ​ដែល​មាន​ម៉ាស់​ក្នុងចន្លោះ​ ពី ៨ដង ទៅ ១៥ដង​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ វានឹង​ត្រូវ​ផ្ទុះជា​ស៊ូពើណូវ៉ា រួចហើយ​បន្សល់ទុក​តែ​ស្នូល​ខាងក្នុង ដែល​ត្រូវ​ក្លាយ​ទៅជា​ផ្កាយ​ដែល​ផ្សំឡើង​ដោយ​ណឺត្រុង​សុទ្ធសាធ ហើយដែល​គេ​ឲ្យឈ្មោះ​ថា "ផ្កាយណឺត្រុង" (Neutron star)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ